ធនធាន​ផ្សេង​ទៀត
រាត្រី​ជួបជុំ​ក្រុមគ្រួសារ


« រាត្រី​ជួបជុំ​ក្រុមគ្រួសារ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៦៥–៦៦

« រាត្រី​ជួបជុំ​ក្រុមគ្រួសារ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ៦៥–៦៦

រាត្រី​ជួបជុំ​ក្រុមគ្រួសារ

គេហដ្ឋាន​គឺជា​កន្លែង​ដ៏​សំខាន់​បំផុត​សម្រាប់​ការរៀន​អំពី​ដំណឹងល្អ ។ គ្មាន​អង្គការ​ណា​ផ្សេង​ទៀត ដែល​អាច​ជំនួស​ឲ្យ​ក្រុមគ្រួសារ​បាន​ឡើយ ។ ពួក​ព្យាការី​ថ្ងៃ​ចុងក្រោយ​បាន​អំពាវនាវ​ដល់​ឪពុកម្តាយ​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​ចិញ្ចឹមបីបាច់​កូន​របស់​ខ្លួន​ដោយ​នូវ​សេចក្តីស្រឡាញ់ និង​ការបង្រៀន​​ដំណឹងល្អ ។

ក្នុង​ឆ្នាំ ១៩១៥ ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ ព្រមទាំង​ទីប្រឹក្សា​របស់​លោក​ក្នុង​គណៈប្រធាន​ទី​មួយ បាន​ចាប់ផ្ដើម​កិច្ចខិតខំ​ទូទាំង​សាសនាចក្រ​មួយ​ដើម្បី​ពង្រឹង​ក្រុម​គ្រួសារ ។ ពួកលោក​បាន​អំពាវនាវ​ដល់​ឪពុកម្តាយ​ទាំងអស់​នៅ​ក្នុង​សាសនាចក្រ ឲ្យ​ប្រមូល​កូនៗ​របស់​ពួកគេ​មួយ​សប្តាហ៍​ម្តង​ដើម្បី​ធ្វើ « រាត្រី​ជួបជុំ​ក្រុមគ្រួសារ » ។ ក្រុមគ្រួសារ​ត្រូវ​ចំណាយ​ពេល​អធិស្ឋាន និង​ច្រៀង​ជាមួយ​គ្នា អាន​ព្រះគម្ពីរ បង្រៀន​ដំណឹងល្អ​ដល់​គ្នា​ទៅវិញទៅមក និង​ចូលរួម​សកម្មភាព​ផ្សេងៗ ដែល​អាច​សាង​សាមគ្គីភាព​ក្នុង​ក្រុមគ្រួសារ ។

នៅ​ឆ្នាំ ១៩៧០ ប្រធាន យ៉ូសែប ហ្វីលឌីង ស៊្មីធ ជាមួយ​ទីប្រឹក្សា​របស់​លោក​ក្នុង​គណៈប្រធាន​ទី​មួយ បាន​ចាត់​តាំង​រាត្រី​ថ្ងៃ​ចន្ទ ជា​ពេល​វេលា​សម្រាប់​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ។ ចាប់​តាំង​ពី​មាន​សេចក្តីប្រកាស​នោះ​មក សាសនាចក្រ​បាន​រក្សា​រាត្រី​ថ្ងៃ​ចន្ទ​ឲ្យ​ទំនេរ​ពី​កម្មវិធី​​​សាសនាចក្រ ដើម្បី​ឲ្យ​ក្រុមគ្រួសារ​អាច​មាន​ពេល​នេះ​ជាមួយ​គ្នា ។

ពួក​ព្យាការី​ថ្ងៃ​ចុងក្រោយ​បន្ត​ជំរុញ​សមាជិក​សាសនាចក្រ​ឲ្យ​ផ្តល់​អាទិភាព​ខ្ពស់​បំផុត​ដល់​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ។ ពួកលោក​បាន​សន្យា​ថា ការលះបង់​របស់​ពួក​យើង​ចំពោះ​កម្មវិធី​នេះ​នឹង​ជួយ​ការពារ​ក្រុមគ្រួសារ​យើង ឲ្យ​ប្រឆាំង​នឹង​អារក្ស​នៅ​ក្នុង​ជំនាន់​របស់​យើង ហើយ​នាំ​មក​ឲ្យ​យើង​នូវ​អំណរ​ដ៏​លើសលប់​ក្នុង​ពេល​ឥឡូវនេះ និង​ពេញ​មួយ​ភាពអស់កល្ប​ជានិច្ច ។

សមាជិក​ទាំងអស់​នៃ​សាសនាចក្រ​គួរតែ​ធ្វើ​ឲ្យ​ពេល​រាត្រី​ថ្ងៃ​ចន្ទ ជា​ពេលវេលា​ដ៏​ពិសិដ្ឋ​មួយ ដោយ​រក្សា​ទុក​សម្រាប់​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ។ ប្រសិនបើ​អ្នក​រៀបការ ចូរ​ធ្វើ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ជាមួយ​ស្វាមី/ភរិយា​របស់​អ្នក ។ នៅ​ពេល​អ្នក​មាន​កូន ចូរ​ឲ្យ​ពួកគេ​ចូលរួម​ក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ។ ចូរ​កែប្រែ​កម្មវិធី​ឲ្យ​ត្រូវ​ទៅ​នឹង​សេចក្តីត្រូវការ និង​ចំណាប់​អារម្មណ៍​របស់​ពួកគេ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​ចូលរួម​ដែរ ។ បន្ទាប់​ពី​កូនៗ​របស់​អ្នក​ធំ ហើយ​ផ្លាស់​ទី​លំនៅ​ថ្មី ចូរ​បន្ត​ធ្វើ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ជាមួយ​ស្វាមី/ភរិយា​របស់​អ្នក ។

ប្រសិនបើ​អ្នក​នៅ​លីវ ចូរ​ពិចារណា​ដល់​ការស្នើ​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​អ្នក​ដើម្បី​រៀបចំ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ជា​ក្រុម​សម្រាប់​អ្នក ព្រមទាំង​អ្នក​នៅ​លីវ​ដទៃទៀត​ក្នុង​វួដ ឬ​សាខា​របស់​អ្នក ។ គាត់​ប្រហែលជា​ហៅ​នរណា​ម្នាក់​ឲ្យ​ធ្វើ​ជា​អ្នកដឹកនាំ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ជា​អ្នក​ទទួលខុសត្រូវ​រៀបចំ​កម្មវិធី​នេះ ហើយ​ពិនិត្យ​មើល​ថា​កម្មវិធី​នេះ​ត្រូវបាន​​ធ្វើ​ឡើង​ជា​ទៀងទាត់ ។

យោបល់​អំពី​គម្រោង​សម្រាប់​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​មាន​ដូច​ខាង​ក្រោម ៖

  • ចម្រៀង​បើក

  • ការអធិស្ឋាន​បើក

  • ការអាន​ព្រះគម្ពីរ

  • មេរៀន

  • សកម្មភាព

  • ចម្រៀង​បិទ

  • ការអធិស្ឋាន​បិទ

  • អាហារ

នៅ​ពេល​អ្នក​រៀបចំ​មេរៀន​សម្រាប់​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ចូរ​ចាំ​ថា​មេរៀន​ទាំងនោះ​ផ្អែក​លើ​ព្រះគម្ពីរ ការបង្រៀន​របស់​ពួក​ព្យាការី​ថ្ងៃចុង​ក្រោយ ព្រមទាំង​បទពិសោធន៍ និង ទីបន្ទាល់​ផ្ទាល់ខ្លួន ។ សៀវភៅ​នេះ​អាច​ជួយ​អ្នក​ឲ្យ​ជ្រើសរើស​ប្រធានបទ​ដើម្បី​បង្រៀន ។ បន្ថែម​ពី​លើ​នេះ​ទៀត អ្នក​អាច​យោង​ទៅ​ឯកសារ​បោះពុម្ព​ផ្សេង​ទៀត​របស់​សាសនាចក្រ​មាន​ដូចជា Family Home Evening Resource Book ( លេខ​កូដ ៣១១០៦ ) គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ( ០៦១៩៥ ) សៀវភៅណែនាំ​ក្នុង​គ្រួសារ (31180) និង​ទស្សនាវដ្ដី​សាសនាចក្រ ។