« ការតមអាហារ និង ដង្វាយតមអហារ » ពិតចំពោះសេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៦៦–៦៩
« ការតមអាហារ និង ដង្វាយតមអហារ » ពិតចំពោះសេចក្ដីជំនឿ ទំព័រ ៦៦–៦៩
ការតមអាហារ និង ដង្វាយតមអាហារ
ការតមអាហារគឺការមិនបរិភោគអាហារ និងទឹកដោយស្ម័គ្រចិត្តក្នុងរយៈពេលមួយដ៏ច្បាស់លាស់ ។ ការតមអាហាររួមផ្សំជាមួយនឹងការអធិស្ឋានដោយស្មោះត្រង់អាចជួយរៀបចំអ្នក និងអ្នកដទៃឲ្យទទួលបានពរជ័យពីព្រះ ។
គោលបំណងនៃការតមអាហារ
នៅគ្រាមួយ ព្រះអង្គសង្គ្រោះបានបណ្ដេញអារក្សចេញពីកុមារម្នាក់ ហើយបានប្រើបទពិសោធន៍នេះទៅបង្រៀនពួកសិស្សរបស់ទ្រង់ អំពីអំណាចនៃការអធិស្ឋាន និង ការតមអាហារ ។ ពួកសិស្សរបស់ទ្រង់ បានទូលសួរទ្រង់ថា « ហេតុអ្វី បានជាយើងខ្ញុំ ដេញអារក្សនោះមិនបាន ? » ព្រះយេស៊ូវបានមានបន្ទូលតបថា ៖ « គឺដោយព្រោះតែអ្នករាល់គ្នាមានសេចក្តីជំនឿតិចពេកប៉ុណ្ណោះ ដ្បិតខ្ញុំប្រាប់ជាប្រាកដថា បើមានសេចក្តីជំនឿ ដូចគ្រាប់ពូជ១យ៉ាងល្អិត នោះអ្នករាល់គ្នាអាចនឹងនិយាយទៅភ្នំនេះថា ចូររើចេញពីទីនេះទៅទីនោះចុះ នោះនឹងបានដូច្នោះហើយ ក៏គ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតនោះទេ ។ តែអារក្សបែបយ៉ាងនេះ វាចេញទៅដោយសារតែអធិស្ឋាន ហើយនិងតមអត់ប៉ុណ្ណោះ » ។ ( សូមមើល ម៉ាថាយ ១៧:១៤–២១ ) ។
ដំណើររឿងនេះបង្រៀនថា ការអធិស្ឋាន និងការតមអាហារអាចផ្ដល់នូវកម្លាំងបន្ថែមដល់អ្នកទាំងឡាយដែលនឹងផ្ដល់ ហើយទទួលពរជ័យនៃបព្វជិតភាព ។ ដំណើររឿងនេះក៏អាចអនុវត្តចំពោះការខិតខំផ្ទាល់ខ្លួនរបស់អ្នកដើម្បីរស់នៅតាមដំណឹងល្អដែរ ។ ប្រសិនបើអ្នកមានភាពទន់ខ្សោយ ឬអំពើបាបមួយដែលអ្នកបានពុះពារដើម្បីយកឈ្នះ នោះអ្នកអាចចាំបាច់ត្រូវតមអាហារ ហើយអធិស្ឋានដើម្បីទទួលបានជំនួយ ឬការអភ័យទោសដែលអ្នកប៉ងប្រាថ្នា ។ ដូចជាអារក្សអសោចដែលព្រះគ្រីស្ទបានបណ្ដេញចេញដែរ នោះការលំបាករបស់អ្នកអាចនឹងជាប្រភេទការលំបាកដែលនឹងបណ្ដេញចេញតែតាមរយៈការអធិស្ឋាន និងការតមអាហារប៉ុណ្ណោះ ។
អ្នកអាចតមអាហារសម្រាប់គោលបំណងជាច្រើន ។ ការតមអាហារគឺជារបៀបមួយនៃការថ្វាយបង្គំព្រះ និង ការបង្ហាញកតវេទិតាដល់ទ្រង់ ( សូមមើល លូកា ២:៣៧, អាលម៉ា ៤៥:១ ) ។ អ្នកអាចតមអាហារនៅពេលអ្នកទូលសូមព្រះវរបិតាសួគ៌ឲ្យប្រទានពរដល់អ្នកឈឺ ឬអ្នកមានទុក្ខលំបាក ( សូមមើល ម៉ាថាយ ១៧:១៤–២១ ) ។ ការតមអាហារអាចជួយអ្នក និងមនុស្សដែលអ្នកស្រឡាញ់ឲ្យទទួលបានវិវរណៈផ្ទាល់ខ្លួន ហើយប្រែចិត្តជឿលើសេចក្ដីពិត ( សូមមើល អាលម៉ា ៥:៤៦, ៦:៦ ) ។ តាមរយៈការតមអាហារ អ្នកអាចទទួលបានកម្លាំងដើម្បីតទល់នឹងការល្បួង ( សូមមើល អេសាយ ៥៨:៦ ) ។ អ្នកអាចតមអាហារនៅពេលអ្នកព្យាយាមមានភាពរាបសាចំពោះព្រះ និងពេលអ្នកអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ( សូមមើល អោមណៃ ១:២៦, ហេលេមិន ៣:៣៥ ) ។ អ្នកអាចតមអាហារដើម្បីទទួលបានការដឹកនាំក្នុងការចែកចាយដំណឹងល្អ និង ក្នុងការតម្កើងការហៅបម្រើរបស់អ្នក ( សូមមើល កិច្ចការ ១៣:២–៣, អាលម៉ា ១៧:៣, ៩, នីហ្វៃទី ៣ ២៧:១–២ ) ។ ការតមអាហារអាចធ្វើឡើងដោយមានទុក្ខព្រួយ និងការទួញសោកដ៏សុចរិត ( សូមមើល អាលម៉ា ២៨:៤–៦, ៣០:១–២ ) ។
ថ្ងៃអាទិត្យនៃការតមអាហារ
សាសនាចក្ររៀបចំថ្ងៃអាទិត្យមួយក្នុងខែនីមួយៗ ជាធម្មតា ជាថ្ងៃអាទិត្យទីមួយ ទុកជាថ្ងៃសម្រាប់ការតមអាហារ ។ ការគោរពប្រតិបត្តិតាមថ្ងៃអាទិត្យនៃការតមអាហារដ៏ត្រឹមត្រូវរួមមាននូវការមិនបរិភោគអាហារ និងទឹករយៈពេលពីរពេល ការចូលរួមការប្រជុំតមអាហារ និងថ្លែងទីបន្ទាល់ និងការថ្វាយដង្វាយតមអាហារដើម្បីជួយមើលថែដល់ជនខ្វះខាត ។
យ៉ាងហោចណាស់ ដង្វាយតមអាហាររបស់អ្នកគួរតែមានតម្លៃស្មើនឹងអាហារពីរពេលដែលអ្នកមិនបានបរិភោគ ។ បើអាចធ្វើទៅបាន ចូរមានចិត្តសទ្ធាផ្តល់ឲ្យបានច្រើនជាងតម្លៃនោះ ។
បន្ថែមពីលើការប្រតិបត្តិថ្ងៃនៃការតមអាហារដែលបានញែកចេញដោយថ្នាក់ដឹកនាំសាសនាចក្រ អ្នកអាចតមអាហារនៅថ្ងៃណាផ្សេងទៀតក៏បាន ស្របតាមសេចក្ដីត្រូវការរបស់អ្នក និងរបស់អ្នកដទៃ ។ យ៉ាងណាក៏ដោយ អ្នកមិនគួរតមអាហារញឹកញាប់ពេក ឬតមក្នុងរយៈពេលលើសកំណត់នោះទេ ។
ការតមអាហារដ៏ស្មោះត្រង់
នៅក្នុងទេសនកថានៅលើភ្នំ ព្រះយេស៊ូវបានត្រាស់បង្រៀនអំពីបែបបទដ៏ត្រឹមត្រូវនៃការតមអាហារ ។ ទ្រង់មានបន្ទូលទាស់នឹងមនុស្សលាក់ពុតថា ពេលពួកគេតមអាហារ « គេក្លែងទឹកមុខស្រងូត ឲ្យមនុស្សឃើញគេតម » ។ ជាជាងបង្ហាញមនុស្សដទៃឲ្យឃើញសេចក្តីសុចរិត អ្នកគួរតែតមអាហារដើម្បីឲ្យ « ព្រះវរបិតានៃអ្នក ដែលគង់នៅទីលាក់កំបាំង បានឃើញវិញ នោះព្រះវរបិតានៃអ្នក ដែលទ្រង់ទតឃើញនៅទីលាក់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នក នៅទីប្រចក្សច្បាស់ » ( ម៉ាថាយ ៦:១៦–១៨ ) ។
ព្យាការីអេសាយក៏បានបង្រៀនអំពីស្មារតីនៃការតមអាហារដូចនេះថា « តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង ? តើមិនមែនឲ្យឯងបានចែកអាហារដល់អ្នកដែលឃ្លាន ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះឯងទេឬអី ឬបើកាលណាឯងឃើញមនុស្សឥតមានសំលៀកបំពាក់ នោះតើមិនមែនឲ្យឯងបិទបាំងឲ្យគេ ឥតដែលពួនខ្លួននឹងសាច់ញាតិរបស់ឯងទេឬអី ?» ( អេសាយ ៥៨:៦–៧ ) ។
អេសាយក៏បានថ្លែងទីបន្ទាល់អំពីពរជ័យនានា ដែលបានកើតឡើងនៅពេលយើងគោរពប្រតិបត្តិតាមក្រឹត្យវិន័យនៃការតមអាហារថា « យ៉ាងនោះ ទើបពន្លឺរបស់ឯងនឹងលេចមក ដូចជារស្មីអរុណ ហើយសេចក្តីសុខស្រួលរបស់ឯង នឹងលេចឡើងជាយ៉ាងឆាប់ ឯសេចក្តីសុចរិតរបស់ឯង នោះនឹងនាំមុខឯង ហើយសិរីល្អនៃព្រះយេហូវ៉ានឹងការពារពីក្រោយឯង ។ គ្រានេះ បើឯងអំពាវនាវ ព្រះយេហូវ៉ាទ្រង់នឹងតបឆ្លើយ បើឯងស្រែករក នោះទ្រង់នឹងមានព្រះបន្ទូលថា អញនៅឯណេះហើយ ។ … ហើយបើឯងផ្តល់សេចក្តីសប្បុរស ដល់មនុស្សស្រេកឃ្លាន ទាំងចំអែតចិត្តនៃអ្នកដែលមានទុក្ខវេទនា នោះពន្លឺរបស់ឯងនឹងភ្លឺឡើងក្នុងទីងងឹត ហើយសេចក្តីងងឹតរបស់ឯងនឹងបានភ្លឺ ដូចជាវេលាថ្ងៃត្រង់ ៖ ព្រះយេហូវ៉ាទ្រង់នឹងនាំផ្លូវឯងជានិច្ច ហើយនឹងចំអែតព្រលឹងឯងនៅក្នុងទីហួតហែង ទ្រង់នឹងធ្វើឲ្យឆ្អឹងឯងបានមាំមួន ៖ ឯងនឹងបានដូចជាសួនច្បារដែលគេស្រោចទឹក ហើយ ដូចជាក្បាលទឹកដែលមិនខានហូរឡើយ » ( អេសាយ ៥៨:៨–១១ ) ។