ធនធាន​ផ្សេង​ទៀត
ការតែងតាំង​ពី​មុន​កំណើត​លោកិយ


« ការតែងតាំង​ពី​មុន​កំណើត​លោកិយ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៦៩–៧០

« ការតែងតាំង​ពី​មុន​កំណើត​លោកិយ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ៦៩–៧០

ការតែងតាំង​ពី​មុន​កំណើត​លោកិយ

នៅ​ពិភព​វិញ្ញាណ​នៃ​ជីវិត​មុន​ផែនដី​នេះ ព្រះ​បាន​តែងតាំង​វិញ្ញាណ​មួយ​ចំនួន​ឲ្យ​បំពេញ​តាម​បេសកកម្ម​ពិសេស​នានា​អំឡុងពេល​ជីវិត​រមែងស្លាប់​របស់​ពួកគេ ។ នេះ​ហៅ​ថា ការតែងតាំង​ពី​មុន​កំណើត​លោកិយ ។

ការតែងតាំង​ពី​មុន​កំណើត​លោកិយ​មិន​បាន​ធានា​ថា បុគ្គល​ទាំងឡាយ​នឹង​ទទួល​បាន​នូវ​ការហៅ​បម្រើ​ជាក់លាក់ ឬ ការទទួលខុសត្រូវ​ឡើយ ។ ឱកាស​បែបនោះ​ចូល​មក​ក្នុង​ជីវិត​ជា​លទ្ធផល​មួយ​នៃ​ការអនុវត្ត​យ៉ាង​សុចរិត​នូវ​សិទ្ធិ​ជ្រើសរើស គឺ​ដូច​ជា​ការតែងតាំង​ជា​មុន​បាន​មក ជា​លទ្ធផល​មួយ​នៃ​ភាពសុចរិត​ដែល​នៅក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ​ដែរ ។

ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​តែងតាំង ឲ្យ​ធ្វើ​ដង្វាយធួន ដោយ​ក្លាយ​ជា « កូន​ចៀម​ដែល​ត្រូវគេ​សម្លាប់ តាំង​ពី​កំណើត​លោកីយ៍​មក » ( វិវរណៈ ១៣:៨, សូម​មើល​ផងដែរ ពេត្រុស ទី១ ១:១៩–២១ ) ។ ព្រះគម្ពីរ​ប្រាប់​អំពី​មនុស្សដទៃ​ទៀត ដែល​ត្រូវបាន​តែងតាំង​ពី​មុន​កំណើត​ផែនដី ។ ព្យាការី អ័ប្រាហាំ បាន​ដឹង​អំពី​ការតែងតាំង​ពី​មុន​កំណើត​ផែនដី នៅ​ពេល​លោក​ទទួលបាន​ការនិមិត្ត​មួយ ដែល​លោក​បាន​ឃើញ « អ្នក​ដែល​មាន​ត្រកូល​ខ្ពស់ និង​ធំៗ​ជា​ច្រើន » ក្នុង​ចំណោម​វិញ្ញាណ​ទាំងឡាយ​នៅ​ឯ​ពិភព​វិញ្ញាណ​នៃ​ជីវិត​មុន​ផែនដី ។ លោក​បាន​មាន​ប្រសាសន៍​ថា « ព្រះ​ទ្រង់​បាន​ទត​ឃើញ​ព្រលឹង​ទាំងឡាយ​នេះ​ថា​សុទ្ធ​តែ​ល្អ ហើយ​ទ្រង់​បាន​ឈរ​នៅ​កណ្ដាល​ពួកគេ ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ពួក​អ្នក​ទាំងនេះ យើង​នឹង​ធ្វើ​ទៅ​ជា​ពួក​អ្នក​គ្រប់គ្រង​របស់​យើង ដ្បិត​ទ្រង់​បាន​ឈរ​ក្នុង​ចំណោម​អស់​អ្នក​ដែល​ជា​វិញ្ញាណ ហើយ​ទ្រង់​បាន​ទត​ឃើញ​ថា​ពួក​គេ​សុទ្ធ​តែ​ល្អ ហើយ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា អ័ប្រាហាំ​អើយ អ្នក​នៅ​ក្នុង​ពួកគេ​ដែរ អ្នក​ត្រូវ​បាន​រើស​តាំង​ពី​មុន​អ្នក​ចាប់​កំណើត​មក​ម៉្លេះ » ( អ័ប្រាហាំ ៣:២២–២៣ ) ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​កាន់​យេរេមា​ថា « មុន​ដែល​អញ​បាន​ជប​បង្កើត​ឯង​នៅ​ក្នុង​ពោះ​ម្តាយ នោះ​អញ​ស្គាល់​ឯង​ហើយ កាល​មុន​ដែល​ឯង​សម្រាល​ចេញ​ពី​ផ្ទៃ​មក​នោះ​អញ​បាន​ញែក​ឯង​ជា​បរិសុទ្ធ​ផង ក៏​បាន​តាំង​ឯង​ឡើង​ជា​ហោរា ដល់​អស់​ទាំង​សាសន៍ » ( យេរេមា ១:៥ ) ។ យ៉ូហាន បាទីស្ទ ត្រូវបាន​តែងតាំង​ពី​មុន​កំណើត​លោកិយ ដើម្បី​រៀបចំ​មនុស្ស​ឲ្យ​ព្រះអង្គសង្គ្រោះ​ធ្វើ​ការងារ​បម្រើ​នៅ​ក្នុង​ជីវិត​រមែងស្លាប់​របស់​ទ្រង់ ( សូម​មើល អេសាយ ៤០:៣, លូកា ១:១៣–១៧, នីហ្វៃទី ១ ១០:៧–១០ ) ។

គោលលទ្ធិ​នៃ​ការតែងតាំង​ពី​មុន​កំណើត​លោកិយ អនុវត្ត​ដល់​សមាជិក​ទាំងអស់​ក្នុង​សាសនាចក្រ មិនមែន​តែ​សម្រាប់​ព្រះអង្គសង្គ្រោះ និង ព្យាការី​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ ។ មុន​ពេល​ការកកើត​នៃ​ផែនដី​នេះ ស្ដ្រី​ដ៏​ស្មោះត្រង់​ត្រូវបាន​ផ្ដល់​នូវ​ការទទួល​ខុសត្រូវ​មួយ​ចំនួន ហើយ​បុរស​ដ៏​ស្មោះត្រង់​ត្រូវបាន​តែងតាំង​ពី​មុន​កំណើត​លោកិយ​ចំពោះ​កាតព្វកិច្ច​បព្វជិតភាព​មួយ​ចំនួន ។ ទោះបីជា​អ្នក​មិន​បាន​ចាំ​ពី​ពេល​នោះ​ក្ដី ក៏​អ្នក​បាន​យល់​ព្រម​ជាប្រាកដ​ថា​នឹង​បំពេញ​កាតព្វកិច្ច​ដ៏​សំខាន់​ទាំងនោះ​នៅក្នុង​ការបម្រើ​ដល់​ព្រះវរបិតា​របស់​អ្នក ។ នៅ​ពេល​អ្នក​បង្ហាញ​ភស្ដុតាង​ថា​អ្នក​សក្ដិសម អ្នក​នឹង​ទទួល​បាន​ឱកាស​បំពេញ​ការចាត់តាំង​ដែល​អ្នក​បាន​ទទួល ។

បោះពុម្ព