« ព្រះជាព្រះវរបិតា » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៧៤–៧៦
« ព្រះជាព្រះវរបិតា » ពិតចំពោះសេចក្តីជំនឿ ទំព័រ ៧៤–៧៦
ព្រះជាព្រះវរបិតា
ព្រះជាព្រះវរបិតាជាតួអង្គដ៏ខ្ពស់បំផុតដែលយើងជឿ និងថ្វាយបង្គំ ។ ទ្រង់ជាអង្គបង្កបង្កើត ជាអ្នកគ្រប់គ្រង និងអង្គសង្កេតគ្មានទីបញ្ចាប់លើកិច្ចការគ្រប់យ៉ាង ។ ទ្រង់ល្អឥតខ្ចោះ មានព្រះចេស្ដាលើគ្រប់ទាំងអស់ ទាំងជ្រាបរឿងទាំងអស់ ។ ទ្រង់ « មានព្រះកាយជាសាច់ និងឆ្អឹង ដែលជាក់ស្ដែងដូចជារូបកាយមនុស្ស » ( គ. និង ស. ១៣០:២២ ) ។
ព្រះវរបិតាសួគ៌របស់យើងគឺជាព្រះនៃការជំនុំជម្រះ ជាកម្លាំង ជាចំណេះដឹង និងជាអំណាច ប៉ុន្តែទ្រង់ក៏ជាព្រះដែលមានសេចក្ដីមេត្តាករុណា ព្រះទ័យសន្ដោស និងមានសប្បុរសធម៌ដ៏ឥតខ្ចោះដែរ ។ ទោះជាយើង « មិនយល់ន័យនៃរឿងទាំងអស់នោះទេ » យើងរកឃើញភាពសុខសាន្តនៅក្នុងចំណេះដឹងដែលថា ទ្រង់ស្រឡាញ់យើង ( សូមមើល នីហ្វៃទី ១ ១១:១៧ ) ។
ព្រះវរបិតាខាងវិញ្ញាណរបស់យើង
សំណួរមួយដ៏សំខាន់នៅក្នុងជីវិតគឺ « តើខ្ញុំជានរណា ? » ចម្រៀងកុមារជាទីពេញចិត្តមួយអាចជួយបាន សូម្បីតែកុមារតូចៗក៏អាចឆ្លើយនឹងសំណួរនេះបានដែរ ។ យើងច្រៀងថា « ខ្ញុំជាកូនរបស់ព្រះ ហើយទ្រង់បានចាត់ខ្ញុំមក » ។ ការដែលដឹងថា យើងជាកូនរបស់ព្រះផ្តល់ឲ្យយើងនូវកម្លាំងនៃការលួងលោមចិត្ត និងសេចក្តីសង្ឃឹម ។
អ្នកទាំងអស់គ្នាជាកូនរបស់ព្រះពិតប្រាកដមែន ជាបុត្រាបុត្រីសំណព្វខាងវិញ្ញាណនៅក្នុងជីវិតមុនឆាកជីវិតនេះ ។ ក្នុងនាមជាបុត្ររបស់ទ្រង់ អ្នកត្រូវបានអះអាងថា អ្នកមានសក្ដានុពលដ៏ទេវភាព និងអស់កល្បជានិច្ច ហើយថាទ្រង់នឹងជួយអ្នកនៅក្នុងកិច្ចខិតខំដ៏ស្មោះត្រង់របស់អ្នក ដើម្បីសម្រេចបានសក្ដានុពលនោះ ។
អង្គបង្កបង្កើតដ៏មហិមា
ព្រះវរបិតាសួគ៌គឺជាអង្គបង្កបង្កើតដ៏មហិមា ។ តាមរយៈព្រះយេស៊ូវគ្រីស្ទ ទ្រង់បានបង្កើតស្ថានសួគ៌ និងផែនដី ព្រមទាំងវត្ថុសព្វសារពើនៅលើនោះផង ( សូមមើល ម៉ូសេ ២:១ ) ។ អាលម៉ាបានមានប្រសាសន៍ថា « គ្រប់ការណ៍ទាំងអស់បង្ហាញថា មានព្រះមួយអង្គមែន មែនហើយ ហើយសូម្បីតែផែនដី និងរបស់សព្វសារពើដែលនៅលើផ្ទៃផែនដី មែនហើយ និងចលនារបស់ផែនដី មែនហើយ ព្រមទាំងពិភពទាំងអស់ ដែលធ្វើចលនាតាមទម្រង់ធម្មតារបស់គេ ក៏ធ្វើជាសាក្សីថា មានព្រះបង្កបង្កើតដ៏មហិមាមួយអង្គ » ( អាលម៉ា ៣០:៤៤ ) ។
ពីពេលមួយទៅពេលមួយទៀត ចូរពិចារណាអំពីសោភណ្ឌភាពនៃការបង្កបង្កើតមានដូចជា ៖ ដើមឈើ ផ្កា សត្វពាហនៈ ភ្នំ រលកទឹកសមុទ្រ និងទារកទើបចាប់កំណើត ។ ចូរឆ្លៀតពេលសម្លឹងមើលផ្ទៃមេឃ ដំណើរនៃដួងតារា និងភពទាំងឡាយ វាគឺជាភស្ភុតាងនៃ « ព្រះអង្គទ្រង់ចលនាដោយនូវឫទ្ធានុភាព និងព្រះចេស្ដារបស់ទ្រង់ » ( សូមមើល គ. និង ស. ៨៨:៤១–៤៧ ) ។
អង្គតាក់តែងផែនការនៃសេចក្ដីសង្គ្រោះ
ព្រះវរបិតាសួគ៌របស់យើងសព្វព្រះទ័យឲ្យយើងរស់នៅជាមួយទ្រង់អស់កល្បជានិច្ច ។ កិច្ចការ និងសិរីល្អរបស់ទ្រង់គឺ « នាំឲ្យមានអមតភាព និង ជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ ដើម្បីធ្វើឲ្យកិច្ចការនេះអាចសម្រេចទៅបាន ទ្រង់បានរៀបចំផែនការណ៍នៃសេចក្តីសង្គ្រោះ ។ ទ្រង់បានបញ្ជូនព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ដើម្បីស្រាយចំណងនៃសេចក្តីស្លាប់ ហើយធ្វើឲ្យធួននឹងអំពើបាបរបស់ពិភពលោក ៖ « ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ » ( យ៉ូហាន ៣:១៦ ) ។ ពលិកម្មនេះគឺជាការបង្ហាញដ៏អស្ចារ្យអំពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាដែលមានចំពោះយើង ។
ការមកស្គាល់ព្រះជាព្រះវរបិតា
ក្នុងនាមជាកូនរបស់ព្រះ យើងមានទំនាក់ទំនងពិសេសជាមួយទ្រង់ ដោយបានដាក់យើងនៅផ្សេងពីការបង្កបង្កើតដទៃទៀតរបស់ទ្រង់ ។ ចូរស្វែងយល់អំពីព្រះវរបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌ ។ ទ្រង់ស្រឡាញ់អ្នក ហើយទ្រង់បានប្រទានឱកាសដ៏មានតម្លៃ ដើម្បីយើងអាចខិតទៅជិតទ្រង់ពេលអ្នកអធិស្ឋាន ។ ការអធិស្ឋានរបស់អ្នកដោយរាបសា និងស្មោះត្រង់ ត្រូវបានទ្រង់ព្រះសណ្ដាប់ ហើយឆ្លើយតប ។
អ្នកក៏អាចស្គាល់ព្រះវរបិតារបស់អ្នកដោយការរៀនអំពីព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់ទ្រង់ និងដោយការអនុវត្តតាមដំណឹងល្អនៅក្នុងជីវិតរបស់អ្នក ។ ព្រះអង្គសង្គ្រោះបានត្រាស់បង្រៀនពួកសិស្សទ្រង់ដូចនេះ ៖ « បើអ្នករាល់គ្នាបានស្គាល់ខ្ញុំ នោះបានស្គាល់ព្រះវរបិតាដែរ ។ … អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ » ( យ៉ូហាន ១៤:៧, ៩ ) ។
អ្នកខិតទៅជិតព្រះជាព្រះវរបិតា នៅពេលអ្នកសិក្សាព្រះគម្ពីរ និងប្រសាសន៍របស់ព្យាការីថ្ងៃចុងក្រោយ និងនៅពេលអ្នកផ្ដល់ ការបម្រើ ។ នៅពេលដែលអ្នកធ្វើតាមព្រះឆន្ទៈរបស់ព្រះ ហើយរស់នៅតាមអ្វីដែលទ្រង់សព្វព្រះទ័យឲ្យអ្នករស់នៅ នោះអ្នកប្រែក្លាយកាន់តែដូចទ្រង់ និងព្រះរាជបុត្រារបស់ទ្រង់ ។ អ្នករៀបចំខ្លួនរបស់អ្នកដើម្បីត្រឡប់ទៅកាន់វត្តមានរបស់ទ្រង់ទាំងទ្វេវិញ ។