ធនធាន​ផ្សេង​ទៀត
ព្រះគុណ


« ព្រះគុណ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៧៧–៧៨

« ព្រះគុណ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ៧៧–៧៨

ព្រះគុណ

ពាក្យ ព្រះគុណ ដូច​ដែល​បាន​ប្រើ​នៅ​ក្នុង​ព្រះគម្ពីរ​សំដៅ​ជា​ចម្បង​​ទៅ​លើ​ជំនួយ និង​កម្លាំង​មក​ពី​ព្រះ​ដែល​យើង​ទទួលបាន​តាមរយៈ​ដង្វាយធួន​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ សាវក​ពេត្រុស​បាន​បង្រៀន​ថា យើង​គួរតែ « ចម្រើន​ឡើង​ក្នុង​ព្រះគុណ ហើយ​ក្នុង​ការស្គាល់​ដល់​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអម្ចាស់ ជា​ព្រះអង្គសង្គ្រោះ​នៃ​យើង​រាល់​គ្នា » ( ពេត្រុស ទី២ ៣:១៨ ) ។

សេចក្តីសង្គ្រោះ​ដោយសារ​ព្រះគុណ

ដោយសារតែ​ការធ្លាក់ នោះ​យើង​ទាំងអស់គ្នា​នឹង​ទទួល​បទពិសោធន៍​នៃ​ការស្លាប់​ខាង​សាច់ឈាម ។ តាមរយៈ​ព្រះគុណ​ដែល​អាច​មាន​តាមរយៈ​ពលិកម្មដ៏ធួន​របស់​ព្រះអង្គសង្គ្រោះ នោះ​មនុស្ស​ទាំងអស់​នឹង​បាន​រស់ឡើងវិញ ហើយ​ទទួលបាន​ជីវិត​អមតៈ ( សូម​មើល នីហ្វៃទី ២ ៩:៦–១៣ ) ។ ប៉ុន្តែ​ការរស់ឡើងវិញ​តែ​ម៉្យាង ពុំ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ សម្រាប់​ជីវិត​អស់កល្ប​ជានិច្ច​នៅ​ក្នុង​វត្តមាន​របស់​ព្រះ​បាន​ឡើយ ។ អំពើបាប​របស់​យើង​ធ្វើ​ឲ្យ​យើង​មិន​ស្អាតស្អំ និង​មិន​សក្តិសម​ស្ថិត​នៅ​ក្នុង​វត្តមាន​របស់​ព្រះ​បាន​ទេ ហើយ​យើង​ត្រូវការ​ព្រះគុណ​របស់​ទ្រង់ ដើម្បី​យើង​អាច​បាន​បរិសុទ្ធ និង​ល្អឥតខ្ចោះ « បន្ទាប់ពី​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន » ( នីហ្វៃទី ២ ២៥:២៣ ) ។

ឃ្លា « បន្ទាប់ពី​អ្វីៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន » បង្រៀន​ថា កិច្ចខិតខំ​គឺ​តម្រូវ​ឲ្យ​មាន​ក្នុង​ចំណែក​របស់​យើង ដើម្បី​ទទួលបាន​ភាពពេញលេញ​នៃ​ព្រះគុណ​របស់​ព្រះអម្ចាស់ ហើយ​ធ្វើ​ឲ្យ​មាន​ភាពសក្តិសម​ដើម្បី​រស់នៅ​ជាមួយ​ទ្រង់ ។ ព្រះអម្ចាស់​បាន​ត្រាស់បង្គាប់​ឲ្យ​យើង​គោរពប្រតិបត្តិតាម​ដំណឹងល្អ​របស់​ទ្រង់ ដែល​រួម​បញ្ចូល​ទាំង​សេចក្តីជំនឿ​លើ​ទ្រង់ ការប្រែចិត្ត​ពី​អំពើបាប​របស់​យើង ការទទួល​ពិធីបុណ្យជ្រមុជទឹក ការទទួល​អំណោយទាន​ជា​ព្រះវិញ្ញាណបរិសុទ្ធ និង​ការកាន់ខ្ជាប់​ដរាប​ដល់​ទីបំផុត ( សូម​មើល យ៉ូហាន ៣:៣–៥, នីហ្វៃទី ៣ ២៧:១៦–២០, មាត្រា​នៃ​សេចក្ដីជំនឿ ១:៣–៤ ) ។ ព្យាការី​មរ៉ូណៃ​បាន​សរសេរ​អំពី​ព្រះគុណ ដែល​យើង​ទទួលបាន​នៅ​ពេល​ដែល​យើង​មក​រក​ព្រះអង្គ​សង្គ្រោះ ហើយ​គោរព​តាម​ការបង្រៀន​របស់​ទ្រង់​ដូចនេះ ៖

« ចូរ​មក​រក​ព្រះ​គ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ទ្រង់ ហើយ​ចូរ​លះបង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ​ចុះ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​នឹង​លះបង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ ហើយ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​សមត្ថ​ភាព អស់​ពី​គំនិត និង​អស់​ពី​កម្លាំង​របស់​អ្នក នោះ​ព្រះ​គុណ​របស់​ទ្រង់​ល្មម​ដល់​អ្នក​ហើយ ដោយ​សារ​ព្រះ​គុណ​នៃ​ព្រះ នោះ​អ្នក​រាល់​គ្នា​អាច​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះ​គ្រីស្ទ ហើយ​បើ​សិន​ជា​ដោយ​សារ​ព្រះ​គុណ​នៃ​ព្រះ ដែល​អ្នក​រាល់​គ្នា​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះ​គ្រីស្ទ នោះ​អ្នក​រាល់​គ្នា​នឹង​ពុំ​អាច​បដិសេធ​ព្រះ​ចេស្ដា​នៃ​ព្រះ​បាន​ឡើយ ។

ហើយ​ម្យ៉ាង​ទៀត បើ​សិន​ជា​ដោយ​សារ​ព្រះ​គុណ​នៃ​ព្រះ ដែល​អ្នក​រាល់​គ្នា​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះ​គ្រីស្ទ ហើយ​ពុំ​បាន​បដិសេធ​ព្រះ​ចេស្ដា​របស់​ទ្រង់​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ​នៅ​ក្នុង​ព្រះ​គ្រីស្ទ ដោយ​សារ​ព្រះ​គុណ​នៃ​ព្រះ ដោយ​ការច្រួច ព្រះ​លោហិត​នៃ​ព្រះ​គ្រីស្ទ ដែល​មាន​នៅ​ក្នុង​សេចក្ដី​សញ្ញា​នៃ​ព្រះ​វរបិតា ចំពោះ​ការ​ផ្ដាច់​បាប​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ​ដោយ​គ្មាន​ប្រឡាក់​អ្វី​សោះឡើយ » ( មរ៉ូណៃ ១០:៣២–៣៣ ) ។

ការទទួលបាន​ព្រះគុណ​ពេញ​មួយ​ជីវិត​របស់​អ្នក

បន្ថែម​ពី​លើ​សេចក្តីត្រូវការ​ឲ្យ​មាន​ព្រះគុណ​ដើម្បី​ឲ្យ​មាន​សេចក្តីសង្គ្រោះ​ដ៏​គ្មាន​ព្រំដែន​របស់​អ្នក នោះ​អ្នក​ត្រូវការ​ព្រះចេស្តា​ដ៏​មាន​ប្រសិទ្ធិភាព​នេះ ជា​រៀងរាល់ថ្ងៃ​ក្នុង​ជីវិត​របស់​អ្នក ។ នៅ​ពេល​អ្នក​ខិត​ទៅ​ជិត​ព្រះវរបិតាសួគ៌​ដោយ​សេចក្តីឧស្សាហ៍ ភាពរាបសា និង​ឱនលំទោន នោះ​ទ្រង់​នឹង​លើក​អ្នក​ឡើង ព្រមទាំង​ពង្រឹង​អ្នក​តាមរយៈ​ព្រះគុណ​របស់​ទ្រង់ ( សូម​មើល សុភាសិត ៣:៣៤, ពេត្រុស ទី១ ៥:៥, គ. និង ស. ៨៨:៧៨, ១០៦:៧–៨ ) ។ ការពឹងផ្អែក​លើ​ព្រះគុណ​របស់​ទ្រង់​អាច​ជួយ​អ្នក​ឲ្យ​រីកចម្រើន ហើយ​វិវឌ្ឍ​ទៅ​មុខ​នៅ​ក្នុង​ភាពសុចរិត ។ ព្រះយេស៊ូវ​ទ្រង់​ផ្ទាល់ « បាន​ទទួល​នូវ​ភាពពោរពេញ ប៉ុន្តែ​បាន​ព្រះគុណ​ថែម​លើ​ព្រះ​គុណ​ជា​បន្ត​បន្ទាប់​មក រហូត​ដល់​ទ្រង់​បាន​ទទួល​នូវ​ភាពពោរពេញ » ( គ. និង ស. ៩៣:១៣ ) ។ ព្រះគុណ​អាច​ជួយ​យើង​ឲ្យ​សាង​នគរ​របស់​ព្រះ ជា​ការបម្រើ​មួយ​ដែល​អ្នក​មិន​អាច​ធ្វើ​បាន​ដោយសារ​កម្លាំង ឬ​មធ្យោបាយ​របស់​អ្នក​តែ​ម្យ៉ាង​បាន​ឡើយ ( សូម​មើល យ៉ូហាន ១៥:៥, ភីលីព ៤:១៣, ហេព្រើរ ១២:២៨, យ៉ាកុប ៤:៦–៧ ) ។

ប្រសិនបើ​អ្នក​បាក់ទឹកចិត្ត ឬ​មាន​អារម្មណ៍​ទន់ខ្សោយ​ពេក​ក្នុង​ការបន្ត​រស់នៅ​តាម​ដំណឹងល្អ ចូរ​ចងចាំ​ពី​កម្លាំង​ដែល​អ្នក​អាច​ទទួលបាន​តាមរយៈ​ព្រះចេស្តា​នៃ​ព្រះគុណ ។ អ្នក​អាច​ស្វែងរក​ការលួងលោមចិត្ត និង​ការអះអាង​នៅ​ក្នុង​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ដែល​ថា « គុណ​របស់​យើង​មាន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ទាំងអស់ ដែល​បន្ទាប​ខ្លួន​នៅ​ចំពោះ​យើង ដ្បិត​បើ​សិន​ជា​ពួកគេ​បន្ទាប​ខ្លួន​នៅ​ចំពោះ​យើង ហើយ​មាន​សេចក្ដីជំនឿ​ជឿ​ដល់​យើង លំដាប់​នោះ យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​ចំពោះ​ពួកគេ​វិញ » ( អេធើរ ១២:២៧ ) ។