ធនធាន​ផ្សេង​ទៀត
ការដឹងគុណ


« ការដឹងគុណ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៧៨–៧៩

« ការដឹងគុណ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ៧៨–៧៩

ការដឹងគុណ

ព្រះអម្ចាស់​បាន​មាន​បន្ទូល​សន្យា​ថា « អ្នក​ណា​ដែល​ទទួល​គ្រប់​ទាំងអស់​ដោយ​អំណរ​អរគុណ នោះ​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​រុងរឿង » ( គ. និង ស. ៧៨:១៩ ) ។ ការដឹងគុណ​គឺ​ជា​អាកប្បកិរិយា​លើក​តម្កើង និង​ស្អាងឡើង ។ អ្នក​ប្រហែលជា​អាច​និយាយ​បាន​ចេញ​ពី​បទពិសោធន៍​ថា អ្នក​មាន​ភាពរីករាយ​ជាង​មុន នៅ​ពេល​អ្នក​មាន ការដឹងគុណ​នៅ​ក្នុង​ចិត្ត ។ អ្នក​មិន​អាច​មាន​ភាពល្វីងជូរចត់ អាក់អន់ចិត្ត ឬ​មាន​វិញ្ញាណ​អាក្រក់​បាន​ទេ នៅ​ពេល​អ្នក​មាន​អំណរគុណ​នោះ ។

ចូរ​ថ្លែង​អំណរគុណ​ចំពោះ​ពរជ័យ​ដ៏​អស្ចារ្យ​ទាំងឡាយ​ដែល​ជា​របស់​អ្នក ។ ចូរ​ថ្លែង​អំណរគុណ​ចំពោះ​ឱកាស​ដ៏​មហិមា​ដែល​អ្នក​មាន ។ ចូរ​ថ្លែងអំណរគុណ​ចំពោះ​ឪពុកម្តាយ​របស់​អ្នក ។ ចូរ​ធ្វើ​ឲ្យ​ពួកលោក​ដឹង​ថា អ្នក​មាន​អំណរគុណ ។ ចូរ​ថ្លែង​អំណរគុណ​ដល់​មិត្តភក្ដិ និង​គ្រូបង្រៀន​របស់​អ្នក ។ ចូរ​បង្ហាញ​អំណរគុណ​ដល់​មនុស្ស​គ្រប់​គ្នា ដែល​ជួយ​អ្នក ឬ​សង្គ្រោះ​អ្នក​ដោយ​ប្រការ​ណា​មួយ ។

ចូរ​ថ្លែង​អំណរគុណ​ដល់​ព្រះវរបិតាសួគ៌​ចំពោះ​អំពើល្អ​របស់​ទ្រង់​មាន​សម្រាប់​អ្នក ។ អ្នក​អាច​បង្ហាញ​ការដឹងគុណ​របស់​អ្នក​ដល់​ព្រះ ដោយ​ទទួលស្គាល់​ព្រះហស្ត​ទ្រង់​ក្នុង​គ្រប់​សេចក្ដី​ទាំងអស់ ដោយ​ថ្លែង​អំណរគុណ​ដល់​ទ្រង់​ចំពោះ​អ្វី​គ្រប់​យ៉ាង​ដែល​ទ្រង់​ប្រទាន​ដល់​អ្នក ដោយ​ការរក្សា​ព្រះបញ្ញត្តិ​របស់​ទ្រង់ ហើយ​បម្រើ​មនុស្សដទៃ ។ ចូរ​ថ្លែង​អំណរគុណ​ដល់​ទ្រង់​ចំពោះ​ព្រះរាជបុត្រា​ស្ងួនភ្ងា​របស់​ទ្រង់​គឺ ព្រះយេស៊ូវគ្រីស្ទ ។ ចូរ​បង្ហាញ​អំណរគុណ​ចំពោះ​គំរូ​ល្អ​អស្ចារ្យ​របស់​ព្រះអង្គ​សង្គ្រោះ សម្រាប់​ការបង្រៀន​របស់​ទ្រង់ សម្រាប់​ការលូក​ព្រះហស្ត​របស់​ទ្រង់​មក​លើក ហើយ​ជួយ​អ្នក និង​សម្រាប់​ដង្វាយធួន​ដ៏​និរន្តរ៍​របស់​ទ្រង់ ។

ចូរ​ថ្លែង​អំណរគុណ​ដល់​ព្រះអម្ចាស់​ចំពោះ​ការស្តារ​សាសនាចក្រ​ឡើង​វិញ ។ ចូរ​ថ្លែង​អំណរគុណ​ដល់​ទ្រង់​ចំពោះ​អ្វី​គ្រប់​យ៉ាង​ដែល​ទ្រង់​ប្រទាន​ដល់​អ្នក ។ ចូរ​ថ្លែង​អំណរគុណ​ដល់​ទ្រង់​ចំពោះ​មិត្តភក្ដិ និង ក្រុមគ្រួសារ ។ ចូរ​ឲ្យ​ស្មារតី​នៃ​ការថ្លែងអំណរគុណ​ដឹកនាំ​អ្នក ហើយ​ផ្ដល់​ពរ​ដល់​អ្នក​ទាំង​យប់​ទាំង​ថ្ងៃ ។ ចូរ​ចាប់ផ្តើម​មាន​អំណរគុណ ។ អ្នក​នឹង​ឃើញ​ថា វា​នាំ​មក​នូវ​លទ្ធផល​យ៉ាង​អស្ចារ្យ ។

បោះពុម្ព