ធនធាន​ផ្សេង​ទៀត
សេចក្តីសង្ឃឹម


« សេចក្តីសង្ឃឹម » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៨៥–៨៦

« សេចក្តីសង្ឃឹម » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ៨៥–៨៦

សេចក្តីសង្ឃឹម

ពេល​ខ្លះ​ពាក្យ សេចក្ដីសង្ឃឹម ត្រូវគេ​យល់ច្រឡំ ។ ក្នុង​ភាសា​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ជា​ញឹកញាប់ ជា​ការប្រើប្រាស់​ក្នុង​ភាពមិន​ច្បាស់លាស់ ។ ឧទាហរណ៍ យើង​ប្រហែលជា​និយាយ​ថា យើង​សង្ឃឹម​ថា​អាកាសធាតុ​នឹង​ផ្លាស់ប្តូរ ឬ​ថា​មិត្តភក្ដិ​ម្នាក់​នឹង​មក​សួរ​សុខ​ទុក្ខ ។ ទោះជាយ៉ាងណាដ៏ដោយ នៅ​ក្នុង​ភាសា​ដំណឹងល្អ ពាក្យ​ថា សេចក្ដីសង្ឃឹម មាន​ភាពប្រាកដប្រជា មិន​រេរា និង​មាន​ភាពសកម្ម ។ ព្យាការី​មាន​ប្រសាសន៍​អំពី​ការមាន « សេចក្ដីសង្ឃឹម​យ៉ាង​មាំមួន » ( អាលម៉ា ៣៤:៤១ ) និង « សេចក្តីសង្ឃឹម​ដ៏​រស់ » ( ពេត្រុស ទី១ ១:៣ ) ។ ព្យាការី មរ៉ូណៃ បាន​បង្រៀន​ថា « អស់​អ្នក​ណា​ជឿ​ដល់​ព្រះ អាច​សង្ឃឹម​ជា​ប្រាកដ​ថា នឹង​បាន​ពិភពលោក​មួយ​ដ៏​ប្រសើរ​លើសលែង​ទៅ​ទៀត មែន​ហើយ គឺ​កន្លែង​មួយ​ដែល​នៅ​ខាង​ស្ដាំ​ព្រះហស្ត​នៃ​ព្រះ ឯ​សេចក្ដីសង្ឃឹម​នោះ​កើត​មក​ពី​សេចក្ដី​ជំនឿ ធ្វើ​ជា​យុថ្កា​មួយ​ដល់​ព្រលឹង​មនុស្ស ដែល​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ស្ថិតស្ថេរ​នៅ​នឹង​ធឹង ហើយ​ខ្ជាប់​ខ្ជួន គឺ​នៅ​ក្នុង​កិច្ចការ​ល្អ​ដ៏​បរិបូរ​ជា​ដរាប ដែល​នាំ​ឲ្យ​សរសើរ​តម្កើង​ដល់​ព្រះ » ( អេធើរ ១២:៤ ) ។

នៅ​ពេល​យើង​មាន​សេចក្តីសង្ឃឹម យើង​ទុកចិត្ត​លើ​បន្ទូល​សន្យា​របស់​ព្រះ ។ យើង​មាន​ការអះអាង​ទន់ភ្លន់​មួយ​ថា ប្រសិនបើ​យើង​ធ្វើ « កិច្ចការ​ទាំងឡាយ​ដោយ​សេចក្ដីសុចរិត » នោះ​យើង « នឹង​បាន​ទទួល​រង្វាន់ [ របស់​យើង ] គឺ​សេចក្ដី​សុខសាន្ត​នៅ​នា​លោកិយ​នេះ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅ​បរលោក » ( គ. និង ស. ៥៩:២៣ ) ។ ព្យាការី មរមន បាន​បង្រៀន​ថា សេចក្ដីសង្ឃឹម​ប្រភេទ​នេះ កើត​មាន​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ថា « ហើយ​តើ​អ្វី​ទៅ​ដែល​អ្នក​រាល់​គ្នា​សង្ឃឹម​ចង់​បាន ? មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា អ្នក​រាល់​គ្នា​នឹង​មាន​សេចក្ដីសង្ឃឹម ដោយ​រយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ និង​អំណាច​នៃ​ដំណើរ​រស់ឡើងវិញ​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ប្រោស​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​នេះ​ក៏​មក​ពី​សេចក្ដីជំនឿ​របស់​អ្នក​ដល់​ទ្រង់ ស្រប​តាម​ពាក្យ​សន្យា » ( មរ៉ូណៃ ៧:៤១ ) ។

នៅ​ពេល​អ្នក​ខិតខំ​រស់នៅ​តាម​ដំណឹងល្អ អ្នក​អាច​រីកចម្រើន​ក្នុង​សមត្ថភាព​របស់​អ្នក​ទៅ​ដល់ « បាន​សេចក្តីសង្ឃឹម​ជា​បរិបូរ ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ » ( រ៉ូម ១៥:១៣ ) ។ សេចក្តីសង្ឃឹម​របស់​អ្នក​កើនឡើង ពេល​អ្នក​អធិស្ឋាន និង​ស្វែងរក​ការអភ័យទោស​ពី​ព្រះ ។ នៅ​ក្នុង​ព្រះគម្ពីរមរមន អ្នកផ្សព្វផ្សាយសាសនា​ឈ្មោះ អើរ៉ុន បាន​អះអាង​ដល់​ស្តេច​ឡាម៉ូណៃ​ថា « បើ​សិន​ជា​ទ្រង់​មាន​បំណង​ចង់​បាន​ការណ៍​នេះ បើ​សិន​ជា​ទ្រង់​ក្រាប​ចំពោះ​ព្រះ មែន​ហើយ បើ​សិន​ជា​ទ្រង់​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទាំង​អស់​របស់​ទ្រង់ ហើយ​ក្រាប​ចំពោះ​ព្រះ ហើយ​អំពាវនាវ​ដល់​ព្រះ​នាម​ទ្រង់​ដោយ​នូវ​សេចក្ដី​ជំនឿ ដោយ​ជឿ​ថា ទ្រង់​នឹង​ទទួល ពេល​នោះ​ទ្រង់​នឹង​ទទួល​នូវ​សេចក្ដី​សង្ឃឹម​ដែល​ទ្រង់​ប៉ងប្រាថ្នា » ( អាលម៉ា ២២:១៦ ) ។ អ្នក​ក៏​នឹង​មាន​សេចក្ដីជំនឿ​ផងដែរ នៅ​ពេល​អ្នក​សិក្សា​ព្រះគម្ពីរ ហើយ​ធ្វើតាម​ការបង្រៀន​នៅ​ក្នុង​នោះ ។ សាវក​ប៉ុល​បាន​បង្រៀន​ថា « អស់​ទាំង​សេចក្តី​ដែល​បាន​ចែង​ទុក​មក​ជា​មុន នោះ​បាន​ចែង​សម្រាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​យើង​បាន​សេចក្តីសង្ឃឹម » ( រ៉ូម ១៥:៤ ) ។

គោលការណ៍​នៃ​សេចក្តីសង្ឃឹម​មាន​រហូត​ដល់​អស់កល្បជានិច្ច ប៉ុន្តែ​វា​ក៏​អាច​ជួយ​ទ្រទ្រង់​អ្នក​ឲ្យ​ឆ្លង​ផុត​ឧបសគ្គ​ក្នុង​ជីវិត​ជា​រៀង​រាល់​ថ្ងៃ​ដែរ ។ កវី​និពន្ធ​ទំនុកតម្កើង​បាន​សរសេរ​ថា « សប្បាយ​ហើយ អ្នក​ណា​ដែល​មាន​ព្រះ​នៃ​យ៉ាកុប ជា​ជំនួយ​របស់​ខ្លួន ជា​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន » ( ទំនុកតម្កើង ១៤៦:៥ ) ។ ដោយ​មាន​សេចក្តីសង្ឃឹម នោះ​អ្នក​អាច​រកឃើញ​អំណរ​ក្នុង​ជីវិត ។ អ្នក​អាច « មាន​ចិត្ត​អត់ធន់ ហើយ​រង​នូវ … សេចក្ដី​ទុក្ខ​វេទនា​ទាំងនោះ ដោយ​មាន​សេចក្ដីសង្ឃឹម​យ៉ាង​មាំមួន​ថា នៅ​ថ្ងៃ​ណាមួយ អ្នក​រាល់​គ្នា​នឹង​បាន​សម្រាក​ពី​គ្រប់​អស់​ទាំង​សេចក្ដី​ទុក្ខ​វេទនា​របស់​អ្នក » ( អាលម៉ា ៣៤:៤១ ) ។ អ្នក​អាច « ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការភ្លឺថ្លា​នៃ​សេចក្ដីសង្ឃឹម​ដ៏​ឥត​ខ្ចោះ ហើយ​ដោយ​មានចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប ។ ហេតុដូច្នោះ​ហើយ បើសិន​ជា​អ្នក​រាល់​គ្នា​ខិតខំ​ជឿន​ទៅ​មុខ ដោយ​ទទួល​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត មើល​ចុះ នោះ​ព្រះវរបិតា​ទ្រង់​មាន​ព្រះបន្ទូល​ថា អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( នីហ្វៃទី ២ ៣១:២០ ) ។

បោះពុម្ព