ធនធាន​ផ្សេង​ទៀត
យ៉ូសែប ស៊្មីធ


« យ៉ូសែប ស៊្មីធ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៨៩–៩០

« យ៉ូសែប ស៊្មីធ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ៨៩–៩០

យ៉ូសែប ស៊្មីធ

ក្នុង​និទាឃរដូវ​ឆ្នាំ ១៨២០ ក្នុង​វ័យ ១៤​ឆ្នាំ យ៉ូសែប ស្ម៊ីធ បាន​ស្វែងរក​សាសនាចក្រ​ព្រះយេស៊ូវគ្រីស្ទ​ដ៏​ពិត ជា​ពេល​ដែល​លោក​បាន​អាន​វគ្គបទគម្ពីរ​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប ៖ « តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំងអស់​ដោយ​សទ្ធា ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ » ( យ៉ាកុប ១:៥, សូម​មើល​ផងដែរ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១–១២ ) ។ ដោយ​មាន​សេចក្ដីជំនឿ​សាមញ្ញ មិន​ងាករេ នោះ​យុវជន យ៉ូសែប បាន​ធ្វើតាម​ដំបូន្មាន​នៅ​ក្នុង​វគ្គបទគម្ពីរ​នេះ ។ លោក​បាន​ដើរ​ចូល​ក្នុង​ព្រៃ​តែ​ឯង ជា​កន្លែង​ដែល​លោក​បាន​អធិស្ឋាន​ដើម្បី​ដឹង​ថា​សាសនាចក្រ​ណា​មួយ​ដែល​លោក​គួរតែ​ចូលរួម ។ នៅក្នុង​ចម្លើយ​ចំពោះការ​អធិស្ឋាន​របស់​លោក ព្រះជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ បាន​យាង​មក​ជួប​លោក ។ ក្នុង​ចំណោម​សេចក្ដី​ទាំងអម្បាលម៉ាន ទ្រង់​ទាំង​ពីរ​អង្គ​ក៏​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់​លោក​ថា លោក​មិន​គួរ​ចូលរួម​សាសនាចក្រ​ណា​មួយ​ឡើយ ។ ( សូម​មើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៣–២០ ) ។

នៅ​ពេល យ៉ូសែប ស៊្មីធ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​លោក​មាន​ភាពសក្ដិសម នោះ​លោក​បាន​ទទួល​បេសកកម្ម​ដ៏​ទេវភាព​មួយដើម្បី​ធ្វើ​ជា​ព្យាការី​របស់​ព្រះ ។ តាមរយៈ​រូប​លោក ព្រះអម្ចាស់​បាន​សម្រេច​កិច្ចការ​ដ៏​មហិមា និង​អស្ចារ្យ រួមមាន​ការនាំ​មក​នូវ​ព្រះគម្ពីរមរមន ការស្ដារ​បព្វជិតភាព​ឡើង​វិញ ការបើកសម្ដែង​សេចក្ដីពិត​នៃ​ដំណឹងល្អ​ឡើង​វិញ ការរៀបចំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដ៏​ពិត និង ការស្ថាបនា​កិច្ចការ​ព្រះវិហារបរិសុទ្ធ ។ នៅ​ថ្ងៃ​ទី ២៧ ខែ មិថុនា ឆ្នាំ ១៨៤៤ យ៉ូសែប ស្ម៊ីធ និង បងប្រុស​របស់​លោក​គឺ ហៃរុម ត្រូវបាន​គេ​ធ្វើ​ឃាត​នៅ​ក្នុង​ការវាយប្រហារ​មួយ​ដោយ​ក្រុម​ចោរ​ប្រដាប់​អាវុធ​មួយ​ក្រុម ។ ពួក​លោក​បាន​បញ្ចប់​ទីបន្ទាល់​ជាមួយ​នឹង​លោហិត​របស់​ពួក​លោក ។

ដើម្បី​ឲ្យ​ទីបន្ទាល់​របស់​អ្នក​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​មាន​ភាពពេញលេញ វា​ត្រូវតែ​បញ្ចូល​ទីបន្ទាល់​មួយ​អំពី​បេសកកម្ម​ដ៏​ទេវភាព​របស់ យ៉ូសែប ស៊្មីធ ។ ភាពពេញលេញ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ឈរ​នៅ​លើ​ភាពពេញលេញ​នៃ​ការនិមិត្ត​ដំបូង និង វិវរណៈ​ដទៃទៀត​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ព្យាការី យ៉ូសែប ។ ប្រធាន យ៉ូហាន ថេលើរ ជា​ប្រធាន​ទី​បី​នៃ​សាសនាចក្រ​បាន​សរសេរ​ថា « យ៉ូសែប ស៊្មីធ ដែល​ជា​ព្យាការី និង អ្នកមើលឆុត​របស់​ព្រះអម្ចាស់​បាន​ធ្វើ​កិច្ចការ​ជា​ច្រើន ដើម្បី​នាំ​ឲ្យ​មាន​សេចក្ដីសង្គ្រោះ​ដល់​មនុស្ស​ជាង​នរណាៗ​ទាំងអស់​ដែល​ធ្លាប់​រស់នៅ​លើ​ផែនដី​នេះ លើកលែង​តែ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ » ( គ. និង ស. ១៣៥:៣ ) ។