ធនធាន​ផ្សេង​ទៀត
នគរ​នៃ​សិរីល្អ


« នគរ​នៃ​សិរីល្អ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៩២–៩៥

« នគរ​នៃ​សិរីល្អ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ៩២–៩៥

នគរ​នៃ​សិរីល្អ

តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ មនុស្ស​ទាំងអស់​នឹង​រស់ឡើងវិញ ( សូម​មើល អាលម៉ា ១១:៤២–៤៥ ) ។ បន្ទាប់​ពី​យើង​រស់ឡើងវិញ យើង​នឹង​ឈរ​នៅ​ចំពោះ​ព្រះអម្ចាស់ ដើម្បី​ទទួល​ការជំនុំជម្រះ ( សូម​មើល វិវរណៈ ២០:១២, នីហ្វៃទី ៣ ២៧:១៤ ) ។ យើង​ម្នាក់ៗ​នឹង​ត្រូវបាន​ចាត់​ឲ្យ​ទៅ​រស់នៅ​ឯ​ទីលំនៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​ក្នុង​នគរ​នៃ​សិរីល្អ​ដ៏​ជាក់លាក់​មួយ ។ ព្រះអម្ចាស់​បាន​ត្រាស់បង្រៀន​អំពី​គោលការណ៍​នេះ​ថា « នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន » ( យ៉ូហាន ១៤:២ ) ។

មាន​នគរ​នៃ​សិរីល្អ​ចំនួន​បី ៖ នគរសេឡេស្ទាល នគរទេរេសទ្រាល និង​នគរទេឡេស្ទាល ។ សិរីល្អ​ដែល​អ្នក​នឹង​ទទួលបាន​អាស្រ័យ​ទៅ​លើ​ជម្រៅ​នៃ​ការប្រែចិត្តជឿ​របស់​អ្នក ដែល​បាន​បង្ហាញ​តាមរយៈ​ការគោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។ វា​នឹង​អាស្រ័យ​ទៅ​លើ​របៀប​ដែល​អ្នក​បាន « ទទួល​ទីបន្ទាល់​ពី​ព្រះយេស៊ូវ » ( គ. និង ស. ៧៦:៥១, សូម​មើល​ផងដែរ ៧៦:៧៤, ៧៩, ១០១ ) ។

នគរ​សេឡេស្ទាល

នគរសេឡេស្ទាល​គឺ​ជា​នគរ ដែល​ខ្ពស់​ជាង​គេ​ក្នុង​ចំណោម​នគរ​នៃ​សិរីល្អ​ទាំង​បី ។ អ្នក​ទាំងឡាយ​ណា​ដែល​នៅ​ក្នុង​នគរ​នេះ​នឹង​រស់នៅ​ជា​រៀងរហូត​ក្នុង​ទីវត្តមាន​របស់​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។ នេះ​គួរតែ​ជា​គោលដៅ​របស់​អ្នក ៖ ដើម្បី​ទទួលបាន​សិរីល្អ​ខាង​សេឡេស្ទាល និង​ដើម្បី​ជួយ​មនុស្សដទៃ​ឲ្យ​ទទួលបាន​ពរជ័យ​ដ៏​អស្ចារ្យ​នោះ​ដែរ ។ គោលដៅ​បែប​នោះ​មិនមែន​សម្រេច​បាន​ក្នុង​ពេល​ភ្លាមៗ​នោះ​ទេ វា​ជា​លទ្ធផល​នៃ​សេចក្តីសុចរិត​ពេញ​មួយ​ជីវិត និង​គោលបំណង​ដ៏​ខ្ជាប់ខ្ជួន ។

នគរ​សេឡេស្ទាល​គឺ​ជា​ទីកន្លែង​ដែល​បាន​រៀបចំ​សម្រាប់​អ្នក​ទាំងឡាយ​ដែល « បាន​ទទួល​ទីបន្ទាល់​ពី​ព្រះយេស៊ូវ » និង​បាន « ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ​តាមរយៈ​ព្រះយេស៊ូវ​ដ៏​ជា​អ្នក​កណ្ដាល​នៃ​សេចក្ដីសញ្ញា​ថ្មី ដែល​បាន​នាំ​មក​នូវ​ដង្វាយធួន​ដ៏​ល្អ​ឥត​ខ្ចោះ​នេះ តាមរយៈ​ការច្រួច​ព្រះ​លោហិត​របស់​ព្រះអង្គ​ផ្ទាល់ » ( គ. និង ស. ៧៦:៥១, ៦៩ ) ។ ដើម្បី​ទទួលបាន​អំណោយ​នេះ យើង​ត្រូវតែ​ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្គ្រោះ គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ និង​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ។ សម្រាប់​ការពន្យល់​បញ្ជាក់​បន្ថែម​អំពី​អ្នក​ទាំងឡាយ​ណា​ដែល​នឹង​ទទួល​សិរីល្អ​ខាង​សេឡេស្ទាល សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥០–៧០, ៩២–៩៦ ។

ក្នុង​ខែ​ មករា ឆ្នាំ ១៨៣៦ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​មួយ​ដែល​ពង្រីក​ការយល់ដឹង​របស់​លោក​អំពី​តម្រូវការ​ដើម្បី​ទទួលបាន​សិរីល្អ​ខាង​សេឡេស្ទាល ។ ស្ថានសួគ៌​បាន​បើក​ចំពោះ​លោក ហើយ​លោក​បាន​ឃើញ​នគរសេឡេស្ទាល ។ លោក​បាន​មាន​សេចក្តីស្ញប់ស្ញែង​ពេល​ដែល​លោក​បាន​ឃើញ​បងប្រុស​របស់​លោក​គឺ អាលវិន​នៅ​ទីនោះ ទោះ​បី​ជា​អាលវិន​បាន​ស្លាប់​ពី​មុន​បាន​ទទួល​ពិធីបរិសុទ្ធ​នៃ​បុណ្យជ្រមុជទឹក​ក៏​ដោយ ។ ( សូម​មើល គ. និង ស. ១៣៧:១–៦ ) ។ បន្ទាប់មក ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់​ព្យាការី​យ៉ូសែប​ថា

« មនុស្ស​ទាំងអស់​ដែល​បាន​ស្លាប់​ទៅ ដោយ​គ្មាន​ការចេះដឹង​អំពី​ដំណឹងល្អ​នេះ គឺជា​ពួក​អ្នក​ដែល​នឹង​ទទួល​ដំណឹងល្អ បើសិនជា​ពួកគេ​ត្រូវបាន​អនុញ្ញាត​ឲ្យ​នៅ នោះ​នឹង​ទៅ​ជា​ពួក​អ្នក​គ្រង​នគរ​សេឡេស្ទាល​នៃ​ព្រះ​ទុក​ជា​មរតក

ព្រមទាំង​មនុស្ស​ទាំងអស់​ដែល​នឹង​ស្លាប់​ពី​អំណឹះ​ត​ទៅ ដោយ​គ្មាន​ការចេះដឹង​អំពី​ដំណឹងល្អ គឺជា​ពួក​អ្នក​ដែល​ប្រាកដជា​នឹង​ទទួល​ដំណឹងល្អ​ដោយ​អស់​ពី​ចិត្ត នោះ​នឹង​ទៅ​ជា​ពួក​អ្នក​គ្រង​នគរ​នោះ​ទុកជា​មរតក​ដែរ​

ដ្បិត​យើង​ជា​ព្រះ​អម្ចាស់ នឹង​ជំនុំជម្រះ​មនុស្ស​លោក​ទាំងអស់ ស្របតាម​កិច្ចការ​របស់​ពួកគេ គឺ​ស្រប​តាម​សេចក្ដី​ប៉ងប្រាថ្នា​នៃ​ដួងចិត្ត​របស់​ពួកគេ » ( គ. និង ស. ១៣៧:៧–៩ ) ។

ព្យាការី​យ៉ូសែប​បាន​មាន​ប្រសាសន៍​អំពី​វិវរណៈ​នេះ​ថា « ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​កូន​ក្មេង​ទាំងអស់​ដែល​បាន​ស្លាប់​មុន​គ្រប់​អាយុ​ទទួល​ខុសត្រូវ នោះ​ត្រូវ​បាន​សង្គ្រោះ​នៅ​ក្នុង​នគរសេឡេស្ទាល​នៅ​ស្ថានសួគ៌​ដែរ » ( គ. និង ស. ១៣៧:១០ ) ។

យើង​បាន​រៀន​ចេញ​ពី​វិវរណៈ​មួយ​ទៀត​ដល់​ព្យាការី​យ៉ូសែប ស៊្មីធ ថា មាន​លំដាប់​ចំនួន​បី​នៅ​ក្នុង​នគរសេឡេស្ទាល ។ ដើម្បី​ទទួល​បាន​ភាពតម្កើងឡើង​នៅ​ក្នុង​លំដាប់​ដ៏​ខ្ពស់​បំផុត និង​បន្ត​នៅ​ក្នុង​ទំនាក់ទំនង​​ក្រុមគ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច​បាន នោះ​យើង​ត្រូវតែ​ចូល​ទៅ​ក្នុង « សេចក្ដីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​ខាង​អាពាហ៍ពិពាហ៍ » ហើយ​មាន​ភាពស្មោះត្រង់​ទៅ​នឹង​សេចក្ដីសញ្ញា​នោះ ។ និយាយ​បាន​ម្យ៉ាង​ទៀត អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារបរិសុទ្ធ​គឺ​ជា​តម្រូវការ​មួយ ដើម្បី​ទទួលបាន​លំដាប់​ដ៏​ខ្ពស់​ជាង​គេ​នៅ​ក្នុង​សិរីល្អ​ខាង​សេឡេស្ទាល ។ ( សូម​មើល គ. និង ស. ១៣១:១–៤ ) ។ អស់​អ្នក​ទាំងឡាយ​ណា ដែល​មាន​ភាពសក្តិសម​ចូល​ទៅ​ក្នុង​សេចក្តីសញ្ញាថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​ខាង​អាពាហ៍ពិពាហ៍​នឹង​មាន​ឱកាស​នោះ ទោះបីជា​ក្នុង​ជីវិត​នេះ ឬ​ជីវិត​បន្ទាប់​ក៏​ដោយ ។

នគរ​ទេរេសទ្រាល

អ្នក​ទាំងឡាយ​ណា​ដែល​ទទួលបាន​សិរីល្អ​ខាង​ទេរេសទ្រាល​នឹង « ទទួល​វត្តមាន​នៃ​ព្រះ​រាជ​បុត្រា ប៉ុន្តែ​ពុំ​មែន​ភាពពោរពេញ​នៃ​ព្រះវរបិតា​ឡើយ ។ ហេតុដូច្នោះហើយ ពួកគេ​ជា​រូបកាយ​ខាង​ទេរេសទ្រាល ហើយ​ពុំ​មែន​ជា​រូបកាយ​ខាង​សេឡេស្ទាល​ទេ ហើយ​មាន​សិរីល្អ​ទីទៃ​ពី​គ្នា ដូច​ជា​ព្រះចន្ទ​ខុស​គ្នា​ពី​ព្រះអាទិត្យ​ដែរ ( គ. និង ស. ៧៦:៧៧–៧៨ ) ។ ពោល​គឺ​បុគ្គល​ណា​ដែល​នៅ​ក្នុង​នគរទេរេសទ្រាល ជា​មនុស្ស​ដែល​មាន​កិត្តិយស​នៅ​លើ​ផែនដី « ​ដែល​ខ្វាក់​ដោយសារ​ឧបាយកល​នៃ​មនុស្ស » ( ៧៦:៧៥ ) ។ ក្រុម​នេះ​នឹង​ដាក់​បញ្ចូល​សមាជិក​សាសនាចក្រ ដែល « ពុំ​ក្លាហាន​ក្នុង​ទី​បន្ទាល់​ពី​ព្រះយេស៊ូវ » ( គ. និង ស. ៧៦:៧៩ ) ។ ក្រុម​នេះ​ក៏​នឹង​បូករួម​ទាំង​អ្នក​ទាំងឡាយណា ដែល​បាន​បដិសេធ​ឱកាស​ទទួលយក​ដំណឹងល្អ​នៅ​ក្នុង​ជីវិត​រមែងស្លាប់ ប៉ុន្តែ​ក្រោយ​មក​បាន​ទទួលយក​ដំណឹងល្អ​វិញ​នៅ​ក្នុង​ស្ថានភាព​ជីវិត​ពិភព​វិញ្ញាណ​ក្រោយ​ផែនដី ( សូម​មើល គ. និង ស. ៧៦:៧៣–៧៤ ) ។ សម្រាប់​ការពន្យល់​បញ្ជាក់​បន្ថែម​អំពី​អ្នក​ទាំងឡាយ​ណា​ដែល​នឹង​ទទួល​សិរីល្អ​ខាងទេរេសទ្រាល សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៧១–៨០, ៩១, ៩៧ ។

នគរ​ទេឡេស្ទាល

សិរីល្អ​ខាង​ទេឡេស្ទាល​នឹង​ត្រូវបាន​រក្សា​សម្រាប់​បុគ្គល​ទាំងឡាយ ដែល « ពុំ​បាន​ទទួល​ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ ឬ​ក៏​ទីបន្ទាល់​ពី​ព្រះយេស៊ូវ​ដែរ » ( គ. និង ស. ៧៦:៨២ ) ។ បុគ្គល​ទាំងនេះ​នឹង​ទទួលបាន​សិរីល្អ​របស់​ពួកគេ បន្ទាប់​ពី​ត្រូវបាន​ប្រោសលោះ​ចេញ​ពី​ស្ថាន​ឃុំវិញ្ញាណ ដែល​ពេលខ្លះ ត្រូវបាន​ហៅ​ថា ស្ថាន​នរក ( សូម​មើល គ. និង ស. ៧៦:៨៤, ១០៦ ) ។ ការពន្យល់​បញ្ជាក់​បន្ថែម​អំពី​អ្នក​ទាំងឡាយ​ណា ដែល​នឹង​ទទួល​សិរីល្អ​ខាង​ទេឡេស្ទាល មាន​ចែង​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៨១–៩០, ៩៨–១០៦, ១០៩–១១២ ។

អន្ដរធាន

មនុស្ស​ខ្លះ​នឹង​គ្មាន​ភាពសក្តិសម​ដើម្បី​រស់នៅ​ក្នុង​នគរ​នៃ​សិរីល្អ​ណា​ទាំងអស់ ។ ពួកគេ​នឹង​ត្រូវបាន​ហៅ​ថា « ពួក​កូន​អន្តរធាន » ហើយ​នឹង​ត្រូវ « នៅ​ក្នុង​នគរ​ដែល​ពុំ​មែន​ជា​នគរ​នៃ​សិរីល្អ​ទៅ​វិញ » ( គ. និង ស. ៧៦:៣២, ៨៨:២៤ ) ។ នេះ​គឺ​ជា​ស្ថានភាព​នៃ « អស់​អ្នក​ទាំង​នោះ​ដែល​ស្គាល់​ព្រះចេស្ដា [ របស់​ព្រះ ] ហើយ​ដែល​បាន​ធ្វើ​ជា​អ្នក​ទទួល​ទាន​ព្រះចេស្ដា​នោះ ហើយ បាន​បណ្ដោយ​ខ្លួន​តាម​អំណាច​នៃ​អារក្ស ដើម្បី​ឲ្យវា​បាន​ឈ្នះ ហើយ​បដិសេធ​សេចក្ដី​ពិត ហើយ​បន្ថោក​បន្ទាប​ព្រះ​ចេស្ដា [ របស់​ព្រះ ] ( គ. និង ស. ៧៦:៣១, សូម​មើល​ផងដែរ ខទី ៣០, ៣២–៤៩ ) ។

បោះពុម្ព