ធនធាន​ផ្សេង​ទៀត
អាពាហ៍ពិពាហ៍


« អាពាហ៍ពិពាហ៍ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ៩៧–១០១

« អាពាហ៍ពិពាហ៍ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ៩៧–១០១

អាពាហ៍ពិពាហ៍

នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃនេះ មាន​មនុស្ស​ជា​ច្រើន​បំភ្លេច​ចោល និង​សើចចំអក​ដល់​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ ។ នៅ​ក្នុង​ចំណោម​គំនិត​ដ៏​ភាន់ច្រឡំ និង​ដ៏​មហន្តរាយ​នេះ គណៈប្រធាន​ទី​មួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ផ្តល់​នូវ​គំនិត​នៃ​សេចក្ដីពិត​ដ៏​មិន​ផ្លាស់ប្ដូរ​មួយ ។ ពួក​លោក « បាន​ប្រកាស​ដោយ​ឧឡារិក​ថា អាពាហ៍ពិពាហ៍​រវាង​បុរស និង ស្ត្រីគឺ​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ ហើយ​ថា​គ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្កបង្កើត​សម្រាប់​គោលដៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃកូនចៅ​របស់​ទ្រង់ » ( សូម​មើល « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក ទំព័រ ៥៩ នៅ​ក្នុង​សៀវភៅ​នេះ ) ។

អំណរ​ធំ​ជាងគេ​បំផុត​នៅ​ក្នុង​ជីវិត​កើត​មាន​នៅ​ក្នុង​ក្រុមគ្រួសារ ។ ទំនាក់់ទំនង​គ្រួសារ​ដ៏​រឹងមាំ​មួយ​តម្រូវ​ឲ្យ​មាន​កិច្ចខិតខំ ហើយ​កិច្ចខិតខំ​បែប​នោះ​នាំ​មក​នូវ​សុភមង្គល​ដ៏​អស្ចារ្យ​នៅ​ក្នុង​ជីវិត​នេះ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ទោះបីជា​អ្នក​គ្មាន​ក្រុមគ្រួសារ​ដែល​សប្បាយ​រីករាយ​នៅ​អតីតកាល​ក៏​ដោយ ក៏អ្នក​អាច​ស្វែងរក​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច និង​ដ៏​រីករាយ​មួយ ព្រមទាំង​ទំនាក់ទំនង​នៃ​ក្ដីស្រឡាញ់​ជាមួយ​សមាជិក​គ្រួសារ​បាន​ដែរ ។

សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​នៃ​អាពាហ៍ពិពាហ៍

នៅ​ក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌​របស់​យើង បុរស និង​ស្ត្រី​អាច​ផ្សារភ្ជាប់​ជាមួយ​គ្នា​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។ អ្នក​ទាំងឡាយ​ណា​ដែល​បាន​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ មាន​ការធានាអះអាង​ថា ទំនាក់ទំនង​របស់​ពួកគេ​នឹង​បន្ត​ជារៀងរហូត ប្រសិនបើ​ពួកគេ​ស្មោះត្រង់​ចំពោះ​សេចក្តីសញ្ញា​របស់​ពួកគេ ។ ពួកគេ​ដឹង​ថា គ្មាន​អ្វី​ណាមួយ សូម្បី​តែ​សេចក្ដី​ស្លាប់​ក្ដី​ក៏​មិន​អាច​បំបែក​ពួកគេ​ចេញពី​គ្នា​ជា​រៀង​រហូត​បាន​ឡើយ ។

សេចក្តីសញ្ញា​នៃ​អាពាហ៍ពិពាហ៍​អស់កល្ប​អស់កាល​ជានិច្ច មាន​ភាពចាំបាច់​ចំពោះ​ភាពតម្កើងឡើង ។ ព្រះអម្ចាស់​បាន​បើកសម្ដែង​តាមរយៈ យ៉ូសែប ស៊្មីធ ថា « នៅ​ក្នុង​សិរី​ល្អ​ខាង​សេឡេស្ទាល​នោះ​មាន​ស្ថាន​សួគ៌ ឬ​លំដាប់​បី ហើយ​ដើម្បី​ឲ្យ​បាន​លំដាប់​ខ្ពស់​បំផុត នោះ​មនុស្ស​ត្រូវ​ចូល​ក្នុង​របៀប​នៃ​បព្វជិតភាព​នេះ [ មាន​ន័យ​ដល់​សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់​កល្ប​អស់​កាល​ជានិច្ច​ខាង​អាពាហ៍ពិពាហ៍ ] ហើយ​បើ​សិន​ជា​គេ​ពុំ​ចូល​ទេ នោះ​គេ​ពុំ​អាច​បាន​លំដាប់​នោះ​ឡើយ ។ គេ​អាច​ចូល​លំដាប់​ផ្សេង​ទៀត​បាន ប៉ុន្តែ​នោះ​ហើយ​ជាទី​បញ្ចប់​នៃ​នគរ​របស់​គេ គេ​ពុំ​អាច​បាន​ភាព​ចម្រើន​ឡើយ » ( គ. និង ស. ១៣១:១–៤ ) ។

បន្ទាប់​ពី​បាន​ទទួល​ពិធីបរិសុទ្ធ​ផ្សារភ្ជាប់ និង​ការធ្វើ​សេចក្តីសញ្ញា​ពិសិដ្ឋ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​ហើយ គូស្វាមីភរិយា​ត្រូវតែ​បន្ត​ស្មោះត្រង់ ដើម្បី​ទទួលបាន​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍​អស់កល្ប​អស់កាល​ជានិច្ច និង​ភាពតម្កើង​ឡើង ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ដូចនេះ ៖

« បើ​សិន​ជា​បុរស​ណា​មួយ​រៀបការ​ប្រពន្ធ ដោយ​ព្រះ​បន្ទូល​យើង ដែល​ជា​ក្រឹត្យ​វិន័យ​របស់​យើង និង​ដោយ​សេចក្ដី​សញ្ញា​ថ្មី និង​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច ហើយ​សេចក្ដី​សញ្ញា​នោះ​បាន​ភ្ជាប់​ដល់​ពួក​គេ ដោយ​ព្រះ វិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា ដោយ​អ្នក​ណា​ដែល​ត្រូវ​បាន​លាប ដែល​យើង​បាន​តែងតាំង​ឡើង​ចំពោះ​អំណាច​នេះ និង​កូន​សោ​ទាំង​ឡាយ​នៃ​បព្វជិតភាព​នេះ … ហើយ​បើ​សិន​ជា [ ពួកគេ ] នៅ​ជាប់​ក្នុង​សេចក្ដី​សញ្ញា​របស់​យើង … នោះ​នឹង​បាន​សម្រេច​ដល់​ពួក​គេ​ចំពោះ​គ្រប់​ការណ៍​ទាំង​អស់ ដែល​អ្នក​បម្រើ​របស់​យើង​បាន​ភ្ជាប់​ទៅ​លើ​ពួក​គេ ក្នុង​កាល​វេលា និង​រហូត​ដល់​អស់​ទាំង​ភាព​អស់​កល្ប​ជានិច្ច​ផង ហើយ​នឹង​មាន​ប្រសិទ្ធិភាព​ពេញ​លេញ​កាល ពួក​គេ​ចាក​ចេញ​ពី​លោកិយ​ទៅ » ( គ. និង ស. ១៣២:១៩ ដើម្បី​មើល​ការពន្យល់​អំពី​ព្រះវិញ្ញាណបរិសុទ្ធ​នៃ​សេចក្ដីសន្យា សូម​មើល ទំព័រ ៨២ ) ។

ការរៀបចំខ្លួន​សម្រាប់​អាពាហ៍ពិពាហ៍

ប្រសិនបើ​អ្នក​នៅ​លីវ ចូរ​រៀបចំ​ខ្លួន​របស់​អ្នក​ដោយ​ប្រុងប្រយ័ត្ន​សម្រាប់​អាពាហ៍ពិពាហ៍ ។ ចូរ​ចងចាំ​ថា គ្មាន​អ្វី​ជំនួស​ឲ្យ​ការរៀប​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​បាន​ទេ ។ ចូរ​រៀបចំ​ខ្លួន​ដើម្បី​រៀបការ​ជាមួយ​នឹង​មនុស្ស​ដែល​សក្តិសម​នឹង​អ្នក​ក្នុង​កន្លែង​ដែល​សមរម្យ និង​​តាម​ពេល​វេលា​ដ៏​សក្ដិសម ។ ចូរ​រស់នៅ​ដោយ​មាន​ភាពសក្តិសម​ឥឡូវនេះ តាម​របៀប​នៃ​ប្រភេទ​មនុស្ស ដែល​អ្នក​សង្ឃឹម​ថា​នឹង​រៀបការ​ជាមួយ ។

ចូរ​ដើរលេង​ជា​គូ​តែ​ជាមួយ​អ្នក​ទាំងឡាយ​ណា ដែល​មាន​បទដ្ឋាន​សីលធម៌​ខ្ពស់ និង​នៅ​ក្នុង​ក្រុម ដែល​អ្នក​អាច​រក្សា​បាន​នូវ​បទដ្ឋាន​របស់​អ្នក​បាន ។ ចូរ​ដាក់​ផែនការ​ធ្វើ​កម្មវិធី​ល្អៗ និង​មាន​ប្រយោជន៍ ដើម្បី​កុំ​ឲ្យ​អ្នក និង​ដៃគូ​ដើរ​លេង​របស់​អ្នក គ្មាន​ការងារ​ធ្វើ ហើយ​នៅ​តែ​ពីរ​នាក់ ។ ចូរ​នៅ​ទីកន្លែង​ណា​ដែល​មាន​សុវត្ថិភាព ជា​កន្លែង​ដែល​អ្នក​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​យ៉ាង​ងាយ ។ ចូរ​កុំ​ចូលរួម​ក្នុង​កិច្ចសន្ទនា ឬ​សកម្មភាព​ទាំងឡាយ ដែល​ដាស់​អារម្មណ៍​ខាង​ផ្លូវ​ភេទ ។

ចូរ​ស្វែងរក​ដៃគូ​ដែល​មាន​សេចក្តីជំនឿ​ដូចអ្នក ។ ចូរ​ស្វែងរក​នរណា​ម្នាក់​ដែល​ជានិច្ចជាកាល អ្នក​អាច​ផ្តល់​នូវ​កិត្តិយស និង​ការគោរព ជា​បុគ្គល​ដែល​នឹង​លើកស្ទួយ​អ្នក​នៅ​ក្នុង​ជីវិត ។ ពីមុន​អ្នក​រៀបការ ចូរ​ប្រាកដថា អ្នក​បាន​រកឃើញ​នរណា​ម្នាក់ ដែល​អ្នក​អាច​ប្រគល់​បេះដូង​ទាំងមូល សេចក្ដីស្រឡាញ់​ទាំងស្រុង ភក្តីភាព​ទាំងអស់ និង​ភាពស្មោះត្រង់​ទាំងអស់​របស់​អ្នក ។

ដំបូន្មាន​សម្រាប់​អ្នក​ទាំងឡាយណា​ដែល​មិន​ទាន់​រៀបការ

សមាជិក​ខ្លះ​នៃ​សាសនាចក្រ​នៅ​តែ​បន្ត​នៅ​លីវ​ដោយ​ពួកគេ​គ្មាន​កំហុស​សោះ ទោះបីជា​ពួកគេ​ចង់​រៀបការ​ក៏​ដោយ ។ ប្រសិនបើ​អ្នក​ឃើញ​ខ្លួន​អ្នក​ស្ថិតនៅ​ក្នុង​ស្ថានភាព​នេះ សូម​ប្រាកដ​ថា « គ្រប់ការណ៍​ទាំងអស់​ផ្សំគ្នា​សម្រាប់​សេចក្តីល្អ ដល់​ពួកអ្នក​ដែល​ស្រឡាញ់​ព្រះ » ( រ៉ូម ៨:២៨ ) ។ នៅ​ពេល​អ្នក​បន្ដ​មាន​ភាពសក្ដិសម នោះ​នៅ​ថ្ងៃ​ណា​មួយ នៅក្នុង​ជីវិត​នេះ ឬ​ជីវិត​បន្ទាប់ អ្នក​នឹង​បាន​ពរជ័យ​ទាំងឡាយ​នៃ​ទំនាក់ទំនង​គ្រួសារ​ដ៏​អស់កល្ប ។ ព្រះអម្ចាស់​បាន​ប្រទាន​សេចក្តីសន្យា​នេះ​ម្តងហើយ​ម្តងទៀត តាមរយៈ​ពួក​ព្យាការី​ថ្ងៃចុងក្រោយ​របស់​ទ្រង់ ។

ប្រសិនបើ​អ្នក​នៅ​លីវ ហើយ​មាន​បំណង​រៀបការ ចូរ​កុំ​បោះបង់​ចោល​សេចក្តីសង្ឃឹម ។ នៅ​គ្រា​នោះ​ដែរ ចូរ​កុំ​បណ្តោយ​ខ្លួន​អ្នក​ជាប់​រវល់​ខ្លាំង​ពេក​ជាមួយ​នឹង​គោលដៅ​របស់​អ្នក ។ ផ្ទុយទៅវិញ អ្នក​ត្រូវ​ឧស្សាហ៍​ចូលរួម​នៅ​ក្នុង​សកម្មភាព​ដែល​មាន​ប្រយោជន៍​វិញ ។ ចូរ​ស្វែងរក​វិធី​ដើម្បី​បម្រើ​ដល់​សាច់ញាតិ​ជិតឆ្ងាយ​របស់​អ្នក និង​ក្នុង​សហគមន៍​របស់​អ្នក ។ ចូរ​ទទួល​យក ហើយ​តម្កើង​ការហៅ​បម្រើ​នៅ​ក្នុង​សាសនាចក្រ ។ ចូរ​រក្សា​ខ្លួន​អ្នក​ឲ្យ​បាន​ស្អាតស្អំ ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ។ ចូរ​បន្ត​រៀន អភិវឌ្ឍ ហើយ​រីកចម្រើន​នៅ​ក្នុង​ជីវិត​ផ្ទាល់ខ្លួន ។

ការសម្រេច​បាន​អាពាហ៍ពិពាហ៍​ដ៏​រីករាយ​មួយ

ប្រសិនបើ​អ្នក​រៀបការ​រួច​ហើយ ចូរ​ចងចាំ​ថា មិត្តភាព និង​សេចក្តីស្រឡាញ់​រវាង​អ្នក និង​ស្វាមី/ភរិយា​អ្នក គួរតែ​ជា​ទំនាក់ទំនង ជា​ទី​ថ្នាក់ថ្នម​បំផុត​លើ​ផែនដី ។ ស្វាមី/ភរិយា​របស់​អ្នក​គឺ​ជា​មនុស្ស​ដែល​ក្រៅ​ពី​ព្រះអម្ចាស់ ដែល​អ្នក​ត្រូវបាន​ត្រាស់បង្គាប់​ឲ្យ​ស្រឡាញ់​អស់​ពី​ដួងចិត្ត​របស់​អ្នក ( សូម​មើល គ. និង ស. ៤២:២២ ) ។

ចូរ​ចងចាំ​ថា ក្នុង​ន័យ​ដ៏​ត្រឹមត្រូវ​បំផុត អាពាហ៍ពិពាហ៍​គឺ​ភាពជាដៃគូ​ស្មើ​គ្នា ដោយ​គ្មាន​នរណាម្នាក់​អនុវត្ត​អំណាច​ទៅ​លើ​នរណាម្នាក់​ទៀត​ឡើយ ប៉ុន្តែ​ជា​ការលើកទឹកចិត្ត ការលួងលោមចិត្ត និង​ការជួយ​គ្នា​ទៅវិញទៅមក​វិញ ។

ដោយសារ​​អាពាហ៍ពិពាហ៍​គឺជា​ទំនាក់ទំនង​សំខាន់​ដល់​ម៉្លេះ​នៅ​ក្នុង​ជីវិត ទើប​អាពាហ៍ពិពាហ៍​ត្រូវការ​ពេលវេលា ។ ចូរ​កុំ​ដាក់​អាទិភាព​ខ្ពស់​ទៅ​ការតាំងចិត្ត​ដែល​មិន​សូវ​សំខាន់ ។ ចូរ​ចំណាយ​ពេល​និយាយ​ជាមួយគ្នា ហើយ​ស្តាប់​គ្នា​ទៅ​វិញទៅមក ។ ចូរ​គិតគូរ​ឲ្យ​បាន​វែងឆ្ងាយ និង​គោរព​គ្នា ។ ចូរ​បង្ហាញ​អារម្មណ៍​ទន់ភ្លន់ និង​សេចក្តីស្រឡាញ់​ជា​ញឹកញាប់ ។

ចូរ​ប្តេជ្ញាចិត្ត​កុំ​ឲ្យ​មាន​អ្វី​មក​ជ្រៀតជ្រែក​អ្នក និង​ស្វាមី/ភរិយា​របស់‏​អ្នក ដើម្បី​បង្អាក់​អាពាហ៍ពិពាហ៍​របស់​អ្នក​ឡើយ ។ ចូរ​ដោះស្រាយ​បញ្ហា ដើម្បី​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​របស់​អ្នក​បាន​ជោគជ័យ ថ្វីបើ​មាន​ឧបសគ្គ​អាច​កើត​មាន​ឡើង​ក៏​ដោយ ។

ចូរ​មាន​ភាពស្មោះត្រង់​ចំពោះ​គ្នា​ទៅវិញទៅមក ។ ចូរ​មាន​សេចក្តីស្មោះត្រង់​ចំពោះ​សេចក្តីសញ្ញា​អាពាហ៍ពិពាហ៍​របស់​អ្នក​នៅ​ក្នុង​គំនិត ក្នុង​ពាក្យសម្ដី និង​ក្នុង​ទង្វើ ។ ចូរ​ចងចាំ​បន្ទូល​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « អ្នក​ត្រូវ​ស្រឡាញ់​ប្រពន្ធ​របស់ខ្លួន ឲ្យ​អស់​អំពី​ចិត្ត ហើយ​ត្រូវ​នៅ​ជាប់​នឹង​នាង ហើយ​គ្មាននរណា​ទៀត​ឡើយ » ( គ. និង ស. ៤២:២២ ) ។ ឃ្លា « គ្មាន​នរណា​ទៀត » បង្រៀន​ថា គ្មាន​បុគ្គល សកម្មភាព ឬ​កម្មសិទ្ធ​ណា ដែល​នឹង​មាន​អាទិភាព​ខ្លាំង​ជាង​ទំនាក់ទំនង​ជាមួយ​ស្វាមី/ភរិយា​របស់​អ្នក​ឡើយ ។

ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្វី​ដែល​អាច​ដឹកនាំ​អ្នក​មិន​ឲ្យ​មាន​សេចក្តីស្មោះត្រង់ ទោះជា​នៅ​ក្នុង​របៀប​ណា​ក៏​ដោយ ។ ការណ៍អាសគ្រាម គំនិត​រវើរវាយ​មិន​សមរម្យ ព្រមទាំង​ការចែចង់​នឹង​ធ្វើ​ឲ្យ​បុគ្គលិកលក្ខណៈ​ខូចខាត និង​បំផ្លាញ​បន្តិចម្តងៗ នូវ​គ្រឹះ​នៃ​អាពាហ៍ពិពាហ៍​របស់​អ្នក ។

ចូរ​ធ្វើការ​ជាមួយគ្នា​ដើម្បី​គ្រប់គ្រង​ប្រាក់កាស​របស់​អ្នក ។ ចូរ​ពួតដៃ​គ្នា​ក្នុង​ការស្ថាបនា និង​ធ្វើតាម​គម្រោង​​ថវិកា​ដែល​បាន​ចាត់ចែង​នោះ ។ ចូរ​មាន​វិន័យ​ផ្ទាល់ខ្លួន​ក្នុង​ការចំណាយ និង​ចៀសវាង​សេវកភាព​នៃ​បំណុល ។ ការគ្រប់គ្រង​ប្រាក់​ដ៏​ឆ្លាតវៃ និង​ការមិន​ជាប់​បំណុល​នាំ​ឲ្យ​មាន​សេចក្តីសុខសាន្ត​នៅ​ក្នុង​ផ្ទះ ។

ចូរ​ដាក់​ខ្លួន​របស់​អ្នក​នៅ​ត្រង់​ចំណុចកណ្តាល​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ចូរ​ជួយ​គ្នាទៅវិញទៅមក​ឲ្យ​រក្សា​សេចក្តីសញ្ញា​ដែល​អ្នក​បាន​ធ្វើ ។ ចូរ​ទៅ​ព្រះវិហារ និង​ចូល​ព្រះវិហារបរិសុទ្ធ​ជាមួយ​គ្នា ។ ចូរ​សិក្សា​ព្រះគម្ពីរ​ជាមួយ​គ្នា ។ ចូរ​លុត​ជង្គង់​ចុះ​ក្នុង​ការអធិស្ឋាន​នៅ​ពេល​ចាប់ផ្តើម និង​នៅ​ទីបញ្ចប់​នៃ​ថ្ងៃ​នីមួយៗ ដើម្បី​ថ្លែងអំណរគុណ​ដល់​ព្រះវរបិតាសួគ៌​សម្រាប់​គ្នាទៅវិញទៅមក និង​សាមគ្គីភាព​ក្នុង ការទូលសូម​ពរជ័យ​ពី​ទ្រង់​នៅ​ក្នុង​ជីវិត​របស់​អ្នក គេហដ្ឋាន​របស់​អ្នក មនុស្ស​ដែល​អ្នក​ស្រឡាញ់ និង​បំណងប្រាថ្នា​ដ៏​សុចរិត​របស់​អ្នក ។ បន្ទាប់មក ព្រះ​នឹង​ដឹកនាំ​អ្នក រីឯ​ការសន្ទនា​ជា​រៀងរាល់ថ្ងៃ​ជាមួយ​ទ្រង់​នឹង​នាំ​មក​នូវ​ភាពសុខសាន្ត និង​អំណរ​ដែល​គ្មាន​ប្រភព​ណា​ផ្សេង​ទៀត​​អាច​ផ្ដល់​បាន​ឡើយ ។ ភាពជាស្វាមី/ភរិយា​របស់​អ្នក​នឹង​កាន់តែ​មាន​ភាពផ្អែមល្ហែម​ឡើង​ឆ្លងកាត់​រាប់​ឆ្នាំ ហើយ​សេចក្ដីស្រឡាញ់​របស់​អ្នក​នឹង​មាន​កាន់តែ​ច្រើន ។ អំណរគុណ​របស់​អ្នក​ចំពោះ​គ្នា​ទៅវិញទៅមក​នឹង​កើនឡើង ។