« សេចក្ដីមេត្តាករុណា » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១០២–១០៣
« សេចក្ដីមេត្តាករុណា » ពិតចំពោះសេចក្តីជំនឿ ទំព័រ ១០២–១០៣
សេចក្ដីមេត្តាករុណា
ព្រះវរបិតាសួគ៌របស់យើងជ្រាបពីភាពខ្សោយ និងអំពើបាបរបស់យើង ។ ទ្រង់បង្ហាញសេចក្តីមេត្តាករុណា នៅពេលទ្រង់អភ័យទោសយើងពីអំពើបាបទាំងឡាយរបស់យើង ហើយជួយយើងឲ្យត្រឡប់ទៅរស់នៅក្នុងវត្តមានរបស់ទ្រង់វិញ ។
សេចក្តីអាណិតអាសូរប្រភេទនេះ ហាក់បីដូចជាប៉ះទង្គិចជាមួយនឹងក្រឹត្យវិន័យនៃយុត្តិធម៌ ដែលតម្រូវថា គ្មានវត្ថុពុំស្អាតឯណាអាចត្រូវបានអនុញ្ញាតឲ្យទៅនៅជាមួយព្រះបានឡើយ ( សូមមើល នីហ្វៃទី ១ ១០:២១ ) ។ ប៉ុន្តែដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទបានធ្វើឲ្យព្រះក្លាយជា « ព្រះដ៏ល្អឥតខ្ចោះ ហើយត្រឹមត្រូវ និងជាព្រះដែលប្រកបដោយសេចក្ដីមេត្តាករុណាផង » ( អាលម៉ា ៤២:១៥ ) ។
ការទទួលបានសេចក្តីមេត្តាករុណារបស់ព្រះ
ព្រះអង្គសង្គ្រោះបានគាប់ព្រះទ័យនឹងការទាមទារនៃសេចក្តីយុត្តិធម៌ ពេលដែលទ្រង់បានឈរនៅទីកន្លែងរបស់យើង ហើយបានរងទារុណកម្មជំនួសអំពើបាបរបស់យើង ។ ដោយសារតែទង្វើដែលមិនគិតពីព្រះអង្គផ្ទាល់នេះហើយ ទើបព្រះវរបិតាអាចដកយកទារុណកម្មចេញពីយើង ហើយស្វាគមន៍យើងឲ្យចូលទៅក្នុងវត្តមានរបស់ទ្រង់បាន ។ ដើម្បីទទួលបានការអភ័យទោសពីព្រះអម្ចាស់ យើងត្រូវតែប្រែចិត្តដោយចិត្តស្មោះពីអំពើបាបរបស់យើង ។ ព្យាការីអាលម៉ាបានបង្រៀនថា « សេចក្ដីយុត្តិធម៌អនុវត្តនូវ សេចក្ដីទាមទារទាំងអស់របស់វា ឯសេចក្ដីមេត្តាករុណាក៏ទាមទារនូវអ្វីៗដែលនៅក្នុងអំណាចរបស់វាដែរ ម្ល៉ោះហើយ គ្មាននរណាឡើយក្រៅពីជនដែលប្រែចិត្ត ដែលនឹងបានសង្គ្រោះ » ( អាលម៉ា ៤២:២៤, សូមមើលផងដែរ ខទី ២២–២៣, ២៥ ) ។
ការអភ័យទោសពីអំពើបាបមិនមែនគ្រាន់តែជាអំណោយនៃសេចក្តីមេត្តាករុណា ដែលបានមកពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះទេ ។ រាល់ពរជ័យដែលអ្នកទទួលបានគឺជាទង្វើនៃសេចក្តីមេត្តាករុណា ច្រើនជាងសមត្ថភាពដែលអ្នកអាចធ្វើបានដោយខ្លួនឯងទៅទៀត ។ មរមនបានបង្រៀនថា « គ្រប់អស់ទាំងការណ៍ណាដែលល្អ នោះចេញមកពីព្រះគ្រីស្ទ បើពុំនោះសោតទេ មនុស្សលោកត្រូវបានធ្លាក់ ហើយនឹងពុំអាចមានការណ៍ល្អណាកើតឡើងដល់គេបានឡើយ » ( មរ៉ូណៃ ៧:២៤ ) ។ ឧទារហណ៍ អ្នកគឺជាអ្នកទទួលបានសេចក្តីមេត្តាករុណាដ៏ទេវភាព ពេលដែលព្រះវរបិតាសួគ៌ព្រះសណ្ដាប់ ហើយឆ្លើយតបការអធិស្ឋានរបស់អ្នក ពេលដែលអ្នកទទួលបានការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ និងពេលដែលអ្នកបានជាសះស្បើយពីជំងឺតាមរយៈអំណាចបព្វជិតភាព ។ ទោះបីជាពរជ័យទាំងនោះ ជាលទ្ធផលមកពីការគោរពប្រតិបត្តិរបស់អ្នកក៏ដោយ ក៏អ្នកមិនដែលទទួលបានពរជ័យទាំងនោះបានដោយគ្រាន់តែមានកិច្ចខិតខំពីខ្លួនអ្នកតែម្យ៉ាងនោះដែរ ។ ពរជ័យទាំងនោះគឺជាអំណោយពេញដោយសេចក្តីមេត្តាករុណាមកពីសេចក្តីស្រឡាញ់ និងសេចក្តីអាណិតអាសូរពីព្រះវរបិតា ។
ការបង្ហាញសេចក្តីមេត្តាករុណាដល់អ្នកដទៃ
នៅពេលមានបន្ទូលជាមួយពួកសិស្សទ្រង់ នោះព្រះអង្គសង្គ្រោះបានត្រាស់បង្គាប់ថា « ចូរអ្នករាល់គ្នា … មានចិត្តមេត្តាករុណា ដូចជាព្រះវរបិតានៃអ្នក ទ្រង់មានព្រះហឫទ័យមេត្តាករុណាដែរ » ( លូកា ៦:៣៦ ) ។ អ្នកអាចធ្វើតាមគំរូរបស់ព្រះវរបិតាសួគ៌របស់អ្នក អំពីសេចក្តីមេត្តាករុណាក្នុងទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃ ។ ចូរព្យាយាមលុបបំបាត់ជីវិតនៃភាពក្រអឺតក្រទម អំនួត និងការប្រកាន់ខ្លួន ។ ចូរស្វែងរកវិធីដើម្បីក្លាយជាមនុស្សមានសេចក្តីអាណិតអាសូរ ការគោរព ការអភ័យទោស ភាពសុភាពរាបសា និងមានការអត់ធ្មត់ ទោះបីជាពេលដែលអ្នកដឹងពីកំហុសរបស់មនុស្សដទៃក៏ដោយ ។ នៅពេលអ្នកធ្វើដូចនោះ គំរូរបស់អ្នកនឹងដឹកនាំមនុស្សដទៃឲ្យកាន់តែមានសេចក្តីមេត្តាករុណា ហើយអ្នកនឹងទទួលបានសេចក្ដីមេត្តាករុណាកាន់តែច្រើនមកពីព្រះ ។