ធនធាន​ផ្សេង​ទៀត
ស្ថាន​បរមសុខ


« ស្ថាន​បរមសុខ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១១១

« ស្ថាន​បរមសុខ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១១១

ស្ថាន​បរមសុខ

នៅ​ក្នុង​ព្រះគម្ពីរ ពាក្យ ស្ថានបរមសុខ ត្រូវបាន​ប្រើ​តាម​របៀប​ផ្សេងៗ​គ្នា ។ ទីមួយ វា​សម្គាល់​ថា​ជា​កន្លែង​នៃ​ភាពសុខសាន្ដ និង​សុភមង្គល​នៅ​ក្នុង​ពិភពវិញ្ញាណ​បន្ទាប់​ពី​ជីវិត​រមែងស្លាប់ ដែល​រក្សា​ទុក​សម្រាប់​អ្នកទាំងឡាយ​ដែល​បាន​ទទួលបុណ្យជ្រមុជឹក ហើយ​ដែល​បាន​បន្ដ​នៅ​ស្មោះត្រង់ ( សូម​មើល អាលម៉ា ៤០:១២, មរ៉ូណៃ ១០:៣៤ ) ។ អ្នក​ទាំងឡាយណា​ដែល​នៅ​ក្នុង​ស្ថាន​ឃុំ​វិញ្ញាណ​មាន​ឱកាស​ដើម្បី​រៀន​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ប្រែចិត្ត​ពី​អំពើបាប និង​ទទួល​ពិធីបរិសុទ្ធ​នៃ​បុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់ តាមរយៈ​កិច្ចការ​ដែល​យើង​ធ្វើ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ( សូម​មើល គ. និង ស. ១៣៨:៣០–៣៥ ) ។ នៅ​ពេល​ពួកគេ​ធ្វើ​ដូច្នេះ ពួកគេ​អាច​ចូល​ទៅ​ក្នុង​ស្ថាន​បរមសុខ​បាន ។

ទី​ពីរ ការប្រើ​ពាក្យ ស្ថានបរមសុខ មាន​នៅ​ក្នុង​ដំណើររឿង​នៃ​ការឆ្កាង​របស់​ព្រះអង្គសង្គ្រោះ​ក្នុង​គម្ពីរ​លូកា ។ នៅ​ពេល​ព្រះយេស៊ូវ​ជាប់​លើ​ឈើឆ្កាង ចោរ​ម្នាក់​ដែល​ត្រូវបាន​ឆ្កាង​ជាមួយ​ទ្រង់​ដែរ បាន​ពោល​ថា « ព្រះអម្ចាស់​អើយ កាល​ណា​ចូល​ទៅ​ក្នុង​នគរ​ទ្រង់ សូម​នឹក​ចាំ​ពី​ទូលបង្គំ​ផង » ( លូកា ២៣:៤២ ) ។ យោងតាម លូកា ២៣:៤៣ ព្រះអម្ចាស់​បាន​មាន​បន្ទូល​តប​ថា « ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង​ស្ថានបរមសុខ​ជា​មួយ​នឹង​ខ្ញុំ​ដែរ » ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ពន្យល់​ថា នេះ​គឺ​ជា​ការបកប្រែ​ខុស តាមពិត​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ចោរ​ម្នាក់​នោះ​នឹង​នៅ​ជាមួយ​ទ្រង់​ក្នុង​ពិភព​វិញ្ញាណ ។

ពាក្យ ស្ថានបរមសុខ ក៏​មាន​ចែង​នៅ​ក្នុង កូរិនថូស ទី២ ១២:៤ ដែល​ប្រហែល​ជា​សំដៅ​ទៅ​លើ​នគរ​សេឡេស្ទាល ។ នៅ​ក្នុង​មាត្រា​ទី​ដប់​នៃ​សេចក្ដីជំនឿ ពាក្យ ប្រកប​ដោយ​ភាពបរមសុខ ពិពណ៌នា​អំពី​សិរីល្អ​របស់​ផែនដី​អំឡុង​ពេល​សហសវត្សរ៍ ។