« ពររបស់លោកអយ្យកោ » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១១១–១១៣
« ពររបស់លោកអយ្យកោ » ពិតចំពោះសេចក្តីជំនឿ ទំព័រ ១១១–១១៣
ពររបស់លោកអយ្យកោ
ពររបស់លោកអយ្យកោត្រូវបានប្រទានឲ្យសមាជិកដែលមានភាពសក្តិសមក្នុងសាសនាចក្រ តាមរយៈលោកអយ្យកោដែលត្រូវបានតែងតាំង ។ ពររបស់លោកអយ្យកោប្រាប់ពីពូជអំបូររបស់អ្នក នៅក្នុងវង្សអ៊ីស្រាអែល និងមាននូវព្រះឱវាទពីព្រះអម្ចាស់ផ្ទាល់ ។
នៅពេលអ្នកសិក្សាពររបស់លោកអយ្យកោអ្នក ហើយធ្វើតាមពាក្យដំបូន្មានដែលមាននៅក្នុងនោះ នោះវានឹងផ្តល់ការដឹកនាំ ការលួងលោមចិត្ត និងការការពារ ។ ដើម្បីស្វែងយល់អំពីរបៀបទទួលបានពររបស់លោកអយ្យកោ ចូរពិភាក្សាជាមួយនឹងប៊ីស្សព ឬប្រធានសាខារបស់អ្នក ។
ការប្រាប់ពីពូជអំបូរ
ពររបស់លោកអយ្យកោរបស់អ្នក បូករួមទាំងការប្រាប់ពីពូជអំបូររបស់អ្នក ប្រកាសថា អ្នកជាវង្សអ៊ីស្រាអែល—ជាកូនចៅរបស់អ័ប្រាហាំ ដែលស្ថិតនៅក្នុងកុលសម្ព័ន្ធជាក់លាក់មួយរបស់យ៉ាកុប ។ ពួកបរិសុទ្ធជាច្រើនជាកុលសម្ព័ន្ធរបស់អេប្រាអិម ជាកុលសម្ព័ន្ធដែលមានការទទួលខុសត្រូវចម្បង ដើម្បីដឹកនាំកិច្ចការនៃព្រះអម្ចាស់នៅថ្ងៃចុងក្រោយ ។
ដោយសារយើងម្នាក់ៗជាប់សាច់ឈាមជាច្រើននៅក្នុងខ្លួនយើង នោះសមាជិកពីរនាក់នៃក្រុមគ្រួសារតែមួយអាចត្រូវបានប្រាប់ថា នៅក្នុងកុលសម្ព័ន្ធនៃអ៊ីស្រាអែលខុសគ្នា ។
វាមិនមែនជាបញ្ហាទេ ប្រសិនបើខ្សែស្រឡាយអ្នកក្នុងវង្សអ៊ីស្រាអែលជាប់សាច់ឈាម ឬជាកូនចិញ្ចឹមនោះ ។ ក្នុងនាមជាសមាជិកនៃសាសនាចក្រ អ្នកត្រូវបានរាប់ជាកូនចៅនៃអ័ប្រាហាំ និងទទួលមរតកនៃការសន្យាទាំងអស់ និងពរជ័យដែលមាននៅក្នុងសេចក្តីសញ្ញាអ័ប្រាហាំ ( សូមមើល « សេចក្តីសញ្ញាអ័ប្រាហាំ » ទំព័រ ៥–៦ ) ។
ការរៀនសូត្រចេញពីពររបស់លោកអយ្យកោ
នៅពេលអ្នកបានទទួលពររបស់លោកអយ្យកោហើយ អ្នកគួរតែអានវាដោយរាបសា ដោយការអធិស្ឋាន និងជាញឹកញាប់ ។ វាគឺជាវិវរណៈផ្ទាល់ខ្លួនមកពីព្រះវរបិតាសួគ៌ ដែលទ្រង់ជ្រាបពីភាពខ្លាំង ភាពទន់ខ្សោយ និងសក្តានុពលដ៏នៅអស់កល្បជានិច្ចរបស់អ្នក ។ តាមរយៈពររបស់លោកអយ្យកោ ទ្រង់នឹងជួយអ្នកឲ្យដឹងពីអ្វីដែលទ្រង់រំពឹងពីអ្នក ។ ពរជ័យរបស់អ្នកអាចនឹងមាននូវការសន្យា ពាក្យទូន្មាន និងការព្រមាន ។ កាលវេលាចេះតែកន្លងទៅ នោះអ្នកនឹងដឹងពីអំណាចនៃវិវរណៈនៅក្នុងពររបស់លោកអយ្យកោនេះ ។
នៅពេលអ្នកធ្វើតាមដំបូន្មាននៅក្នុងពររបស់លោកអយ្យកោ នោះអ្នកនឹងមិនជំពប់ដួល ឬត្រូវបានបោកបញ្ឆោតទេ ។ ប្រសិនបើអ្នកមិនធ្វើតាមដំបូន្មានទេ នោះអ្នកនឹងមិនអាចទទួលបានពរជ័យដែលបានសន្យាឡើយ ។
ខណៈពេលដែលពររបស់លោកអយ្យកោអ្នក មាននូវដំបូន្មានដ៏បំផុសគំនិត និងការសន្យា នោះអ្នកមិនត្រូវសង្ឃឹមទុកថា ពររបស់លោកអយ្យកោឆ្លើយតបរាល់ សំណួរដែលអ្នកមាន ឬប្រាប់យ៉ាងលម្អិតពីអ្វីដែលនឹងកើតឡើងក្នុងជីវិតរបស់អ្នកឡើយ ។ ប្រសិនបើពររបស់លោកអយ្យកោ មិនបានប្រាប់ពីព្រឹត្តិការណ៍សំខាន់ៗ ដូចជាបេសកកម្មពេញម៉ោង ឬអាពាហ៍ពិពាហ៍ទេនោះ អ្នកមិនគួរសន្មតថា អ្នកនឹងមិនទទួលបានឱកាសទាំងនោះទេ ។
ស្រដៀងគ្នានេះដែរ អ្នកមិនគួរសន្មតថា គ្រប់អ្វីទាំងអស់ដែលមានថ្លែងនៅក្នុងពររបស់លោកអយ្យកោអ្នកនឹងត្រូវបានបំពេញនៅក្នុងជីវិតនេះឡើយ ។ ពររបស់លោកអយ្យកោមានភាពអស់កល្បជានិច្ច ហើយការសន្យារបស់វាបន្តដល់ភាពអស់កល្បជានិច្ច ។ ចូរធ្វើឲ្យប្រាកដថា ប្រសិនបើអ្នកមានភាពសក្ដិសម នោះរាល់ការសន្យានឹងត្រូវបានបំពេញនៅក្នុងកាលវេលារបស់ព្រះអម្ចាស់ ។ អ្នកទាំងឡាយណាដែលមិនបានទទួលបាននៅក្នុងជីវិតនេះនឹងត្រូវបានបំពេញនៅក្នុងជីវិតបន្ទាប់ ។
ពររបស់លោកអយ្យកោអ្នក គឺពិសិដ្ឋ និងផ្ទាល់ខ្លួន ។ អ្នកអាចចែកចាយវាជាមួយនឹងសមាជិកគ្រួសារដែលជិតស្និទ្ធ តែអ្នកមិនគួរអានវាឮៗនៅក្នុងទីសាធារណៈ ឬអនុញ្ញាតឲ្យនរណាម្នាក់អានវា ឬបកស្រាយវាទេ ។ ទោះជាលោកអយ្យកោ ឬប៊ីស្សព ឬប្រធានសាខារបស់អ្នកក្ដីក៏ពុំគួរបកស្រាយវាដែរ ។
ចូរឲ្យតម្លៃខ្ពស់នៅក្នុងចិត្តរបស់អ្នកនូវពាក្យពេចន៍ដ៏មានតម្លៃ ក្នុងពររបស់លោកអយ្យកោអ្នក ។ ចូរពិចារណា ហើយរស់នៅតាមពាក្យពេចន៍ទាំងនោះ ដើម្បីឲ្យអ្នកនឹងមានភាពសក្ដិសមដើម្បីបានពរជ័យ ដែលបានសន្យាទុកនៅក្នុងជីវិតនេះ និងក្នុងជិវិតបន្ទាប់ ។