ធនធាន​ផ្សេង​ទៀត
ពរ​របស់​លោក​អយ្យកោ


« ពរ​របស់​លោក​អយ្យកោ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១១១–១១៣

« ពរ​របស់​លោក​អយ្យកោ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១១១–១១៣

ពរ​របស់​លោក​អយ្យកោ

ពរ​របស់​លោក​អយ្យកោ​ត្រូវបាន​ប្រទាន​ឲ្យ​សមាជិក​ដែល​មាន​ភាពសក្តិសម​ក្នុង​សាសនាចក្រ តាមរយៈ​លោក​អយ្យកោ​ដែល​ត្រូវបាន​តែងតាំង ។ ពរ​របស់​លោក​អយ្យកោ​ប្រាប់​ពី​ពូជអំបូរ​របស់​អ្នក នៅ​ក្នុង​វង្ស​អ៊ីស្រាអែល និង​មាន​នូវ​ព្រះឱវាទ​ពី​ព្រះអម្ចាស់​ផ្ទាល់ ។

នៅ​ពេល​អ្នក​សិក្សា​ពរ​របស់​លោក​អយ្យកោ​អ្នក ហើយ​ធ្វើតាម​ពាក្យ​ដំបូន្មាន​ដែល​មាន​នៅ​ក្នុង​នោះ នោះ​វា​នឹង​ផ្តល់​ការដឹកនាំ ការលួងលោមចិត្ត និង​ការការពារ ។ ដើម្បី​ស្វែងយល់​អំពី​របៀប​ទទួលបាន​ពរ​របស់​លោក​អយ្យកោ ចូរ​ពិភាក្សា​ជាមួយ​នឹង​ប៊ីស្សព ឬ​ប្រធានសាខា​របស់​អ្នក ។

ការប្រាប់​ពី​ពូជអំបូរ

ពរ​របស់​លោក​អយ្យកោ​របស់​អ្នក បូករួម​ទាំង​ការប្រាប់​ពី​ពូជអំបូរ​របស់​អ្នក ប្រកាស​ថា អ្នក​ជា​វង្ស​អ៊ីស្រាអែល—ជា​កូនចៅ​របស់​អ័ប្រាហាំ ដែល​ស្ថិត​នៅ​ក្នុង​កុលសម្ព័ន្ធ​ជាក់លាក់​មួយ​របស់​យ៉ាកុប ។ ពួកបរិសុទ្ធ​ជា​ច្រើន​ជា​កុលសម្ព័ន្ធ​របស់​អេប្រាអិម ជា​កុលសម្ព័ន្ធ​ដែល​មាន​ការទទួលខុសត្រូវ​ចម្បង ដើម្បី​ដឹកនាំ​កិច្ចការ​នៃ​ព្រះអម្ចាស់​នៅ​ថ្ងៃ​ចុងក្រោយ ។

ដោយសារ​យើង​ម្នាក់ៗ​ជាប់​សាច់ឈាម​ជាច្រើន​នៅ​ក្នុង​ខ្លួន​យើង នោះ​សមាជិក​ពីរ​នាក់​នៃ​ក្រុមគ្រួសារ​តែ​មួយ​អាច​ត្រូវបាន​ប្រាប់​ថា នៅ​ក្នុង​កុលសម្ព័ន្ធ​នៃ​អ៊ីស្រាអែល​ខុស​គ្នា ។

វា​មិនមែន​ជា​បញ្ហា​ទេ ប្រសិនបើ​ខ្សែស្រឡាយ​អ្នក​ក្នុង​វង្សអ៊ីស្រាអែល​​​ជាប់សាច់ឈាម ឬ​ជា​កូន​ចិញ្ចឹម​នោះ ។ ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ អ្នក​ត្រូវ​បាន​រាប់​ជា​កូនចៅ​នៃ​អ័ប្រាហាំ និង​ទទួល​មរតក​នៃ​ការសន្យា​ទាំងអស់ និង​ពរជ័យ​ដែល​មាន​នៅ​ក្នុង​សេចក្តីសញ្ញា​អ័ប្រាហាំ ( សូម​មើល « សេចក្តីសញ្ញា​អ័ប្រាហាំ » ទំព័រ ៥–៦ ) ។

ការរៀនសូត្រ​ចេញ​ពី​ពរ​របស់​លោក​អយ្យកោ

នៅ​ពេល​អ្នក​បាន​ទទួល​ពរ​របស់​លោកអយ្យកោ​ហើយ អ្នក​គួរតែ​អាន​វា​ដោយ​រាបសា ដោយ​ការអធិស្ឋាន និង​ជា​ញឹកញាប់ ។ វា​គឺ​ជា​វិវរណៈ​ផ្ទាល់ខ្លួន​មក​ពី​ព្រះវរបិតាសួគ៌ ដែល​ទ្រង់​ជ្រាប​ពី​ភាពខ្លាំង ភាពទន់ខ្សោយ និង​សក្តានុពល​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​អ្នក ។ តាមរយៈ​ពរ​របស់​លោក​អយ្យកោ ទ្រង់​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ពី​អ្វី​ដែល​ទ្រង់​រំពឹង​ពី​អ្នក ។ ពរជ័យ​របស់​អ្នក​អាច​នឹង​មាន​នូវ​ការសន្យា ពាក្យទូន្មាន និង​ការព្រមាន ។ កាល​វេលា​ចេះ​តែ​កន្លង​ទៅ នោះ​អ្នក​នឹង​ដឹង​ពី​អំណាច​នៃ​វិវរណៈ​នៅ​ក្នុង​ពរ​របស់​លោក​អយ្យកោ​នេះ ។

នៅ​ពេល​អ្នក​ធ្វើតាម​ដំបូន្មាន​នៅ​ក្នុង​ពរ​របស់​លោក​អយ្យកោ នោះ​អ្នក​នឹង​មិន​ជំពប់​ដួល ឬ​ត្រូវបាន​បោក​បញ្ឆោត​ទេ ។ ប្រសិនបើ​អ្នក​មិន​ធ្វើតាម​ដំបូន្មាន​ទេ នោះ​អ្នក​នឹង​មិន​អាច​ទទួលបាន​ពរជ័យ​ដែល​បាន​សន្យា​ឡើយ ។

ខណៈ​ពេល​ដែល​ពរ​របស់​លោក​អយ្យកោ​អ្នក មាន​នូវ​ដំបូន្មាន​ដ៏​បំផុសគំនិត និង​ការសន្យា នោះ​អ្នក​មិន​ត្រូវ​សង្ឃឹម​ទុក​ថា ពរ​របស់​លោកអយ្យកោ​ឆ្លើយ​តប​រាល់ សំណួរ​ដែល​អ្នក​មាន ឬ​ប្រាប់​យ៉ាង​លម្អិត​ពី​អ្វី​ដែល​នឹង​កើតឡើង​ក្នុង​ជីវិត​របស់​អ្នក​ឡើយ ។ ប្រសិនបើ​ពរ​របស់​លោក​អយ្យកោ មិន​បាន​ប្រាប់​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដូចជា​បេសកកម្ម​ពេញ​ម៉ោង ឬ​អាពាហ៍ពិពាហ៍​ទេ​នោះ អ្នក​មិន​គួរ​សន្មត​ថា អ្នក​នឹង​មិន​ទទួលបាន​ឱកាស​ទាំងនោះ​ទេ ។

ស្រដៀងគ្នា​នេះ​ដែរ អ្នក​មិនគួរ​សន្មត​ថា គ្រប់​អ្វី​ទាំងអស់​ដែល​មាន​ថ្លែង​នៅ​ក្នុង​ពរ​របស់​លោក​អយ្យកោ​អ្នក​នឹង​ត្រូវបាន​បំពេញ​នៅ​ក្នុង​ជីវិត​នេះ​ឡើយ ។ ពរ​របស់​លោក​អយ្យកោ​មាន​ភាពអស់កល្ប​ជានិច្ច ហើយ​ការសន្យា​របស់​វា​បន្ត​ដល់​ភាពអស់កល្ប​ជានិច្ច ។ ចូរ​ធ្វើ​ឲ្យ​ប្រាកដ​ថា ប្រសិនបើ​អ្នក​មាន​ភាពសក្ដិសម នោះ​រាល់​ការសន្យា​នឹង​ត្រូវបាន​បំពេញ​នៅ​ក្នុង​កាលវេលា​របស់​ព្រះអម្ចាស់ ។ អ្នក​ទាំងឡាយ​ណា​ដែល​មិន​បាន​ទទួល​បាន​នៅ​ក្នុង​ជីវិត​នេះ​នឹង​ត្រូវបាន​បំពេញ​នៅ​ក្នុង​ជីវិត​បន្ទាប់ ។

ពរ​របស់​លោក​អយ្យកោ​អ្នក គឺ​ពិសិដ្ឋ និង​ផ្ទាល់ខ្លួន ។ អ្នក​អាច​ចែកចាយ​វា​ជាមួយ​នឹង​សមាជិក​គ្រួសារ​ដែល​ជិតស្និទ្ធ តែ​អ្នក​មិន​គួរ​អាន​វា​ឮៗ​នៅ​ក្នុង​ទីសាធារណៈ ឬ​អនុញ្ញាត​ឲ្យ​នរណាម្នាក់​អាន​វា ឬ​បកស្រាយ​វា​ទេ ។ ទោះជា​លោក​អយ្យកោ ឬ​ប៊ីស្សព ឬ​ប្រធានសាខា​របស់​អ្នក​ក្ដី​ក៏​ពុំ​គួរ​បកស្រាយ​វា​ដែរ ។

ចូរ​ឲ្យ​តម្លៃ​ខ្ពស់​នៅ​ក្នុង​ចិត្ត​របស់​អ្នក​នូវ​ពាក្យពេចន៍​ដ៏​មាន​តម្លៃ ក្នុង​ពរ​របស់​លោក​អយ្យកោ​អ្នក ។ ចូរ​ពិចារណា ហើយ​រស់នៅ​តាម​ពាក្យពេចន៍​ទាំងនោះ ដើម្បី​ឲ្យ​អ្នក​នឹង​មាន​ភាពសក្ដិសម​ដើម្បី​បាន​ពរជ័យ ដែល​បាន​សន្យា​ទុក​នៅ​ក្នុង​ជីវិត​នេះ និង​ក្នុង​ជិវិត​បន្ទាប់ ។