ធនធាន​ផ្សេង​ទៀត
ការអធិស្ឋាន


« ការអធិស្ឋាន » ពិត​ចំពោះ​សេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១១៨–១២៣

« ការអធិស្ឋាន » ពិត​ចំពោះ​សេចក្ដីជំនឿ ទំព័រ ១១៨–១២៣

ការអធិស្ឋាន

អ្នក​គឺជា​កូន​របស់​ព្រះ ។ ព្រះវរបិតាសួគ៌​របស់​អ្នក​ទ្រង់​ស្រឡាញ់​អ្នក ព្រមទាំង​ជ្រាបពី​សេចក្តីត្រូវការ​របស់​អ្នក ហើយ​ទ្រង់​សព្វព្រះទ័យ​ឲ្យ​អ្នក​ទាក់ទង​ទៅ​ទ្រង់​តាមរយៈ​ការអធិស្ឋាន ។ ចូរ​អធិស្ឋាន​ទៅ​កាន់​ទ្រង់ មិនមែន​ទៅ​កាន់​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ ។ ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​បាន​ត្រាស់​បង្គាប់​ថា « អ្នករាល់គ្នា​ត្រូវ​អធិស្ឋាន​ដល់​ព្រះវរបិតា ដោយ​នូវ​នាម​យើង​ជានិច្ច » ( នីហ្វៃទី ៣ ១៨:១៩ ) ។

នៅ​ពេល​អ្នក​បង្កើត​ទម្លាប់​នៃ​ការខិត​ទៅ​ជិត​ព្រះ​ក្នុង​ការអធិស្ឋាន នោះ​អ្នក​នឹង​​​ស្គាល់​ទ្រង់ ថែមទាំង​ខិត​កាន់តែ​ជិត​ទ្រង់ ។ បំណងប្រាថ្នា​របស់​យើង​នឹង​កាន់តែ​ក្លាយ​ដូចជា​ព្រះរាជបំណង​របស់​ទ្រង់ ។ អ្នក​នឹង​អាច​មាន​ការការពារ​ចំពោះ​ខ្លួន​អ្នក និង​ចំពោះ​ពរជ័យ​ផ្សេង​ទៀត ដែល​ទ្រង់​បាន​ត្រៀម​រួច​ជាស្រេច ដើម្បី​ប្រទាន​ឲ្យ​អ្នក ប្រសិនបើ​អ្នក​ទូល​សូម​ទ្រង់​ក្នុង​សេចក្តីជំនឿ ។

គោលការណ៍​នៃ​ការអធិស្ឋាន

ព្រះវរបិតាសួគ៌​របស់​អ្នក​តែងតែ​ត្រៀម​ព្រះអង្គ​ទ្រង់​ជា​ស្រេច ដើម្បី​ព្រះសណ្ដាប់ ហើយ​ឆ្លើយ​តប​ចំពោះ​ការអធិស្ឋាន​របស់​អ្នក ។ អំណាច​នៃ​ការអធិស្ឋាន​អាស្រ័យ​ទៅ​លើ​អ្នក​ផ្ទាល់ ។ នៅ​ពេល​អ្នក​ព្យាយាម​ធ្វើ​ឲ្យ​ការអធិស្ឋាន​ទៅ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​អ្នក ចូរ​ចងចាំ​ដំបូន្មាន​នេះ ៖

ចូរ​ធ្វើ​ឲ្យ​ការអធិស្ឋាន​របស់​អ្នក​ប្រកប​ដោយ​អត្ថន័យ ។

ព្យាការី​មរមន​បាន​ព្រមាន​ថា ប្រសិនបើ​នរណាម្នាក់ « មិន​អធិស្ឋាន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ … នោះ​ពុំ​មាន​ផល​ប្រយោជន៍​អ្វី​ដល់​ជន​នោះ​ឡើយ » ( មរ៉ូណៃ ៧:៩ ) ។ ដើម្បី​ធ្វើ​ឲ្យ​ការអធិស្ឋាន​របស់​អ្នក​ប្រកប​ដោយ​អត្ថន័យ អ្នក​ត្រូវតែ​អធិស្ឋាន​ដោយ​ចិត្តស្មោះស និង « អស់​ពី​កម្លាំង​ចិត្ត » ( មរ៉ូណៃ ៧:៤៨ ) ។ ចូរ​ប្រុងប្រយ័ត្ន​ចៀងវាង « ពោល​ពាក្យ​ឥត​ប្រយោជន៍​ផ្ទួនៗ » នៅ​ពេល​អ្នក​អធិស្ឋាន ( សូម​មើល ម៉ាថាយ ៦:៧ ) ។ ចូរ​គិត​ឲ្យ​បាន​ដិតដល់​ចំពោះ​ឥរិយាបថ និង​ពាក្យសម្ដី​ដែល​អ្នក​ថ្លែង ។

ចូរ​ប្រើ​ភាសា​ដែល​បង្ហាញ​សេចក្តីស្រឡាញ់ ការគោរព និង​ភាពជិតស្និទ្ធ ។

ការអនុវត្ត​តាម​គោលការណ៍​នេះ​នឹង​ប្រែប្រួល​ទៅ​តាម​ភាសា​ដែល​អ្នក​និយាយ ។ ឧទាហរណ៍ ប្រសិនបើ​អ្នក​អធិស្ឋាន​ជា​ភាសា​អង់គ្លេស អ្នក​គួរតែ​ប្រើ​សព្វនាម​នៅ​ក្នុង​ព្រះគម្ពីរ នៅ​ពេល​អ្នក​ទាក់ទង​ទៅ​កាន់​ព្រះ​មាន​ដូចជា​ពាក្យ—ទ្រង់ និង របស់​ទ្រង់ ប្រសើរ​ជាង​ប្រើ​សព្វនាម​ទូទៅ​មាន​ដូចជា គាត់ និង របស់​គាត់ ។ ទោះជា​ភាសា​ណា​ក៏​ដោយ គោលការណ៍​នៅ​តែ​ដូចគ្នា​ដដែល​ថា នៅ​ពេល​អ្នក​អធិស្ឋាន អ្នក​គួរតែ​ប្រើ​វាក្សសព្ទ​សមរម្យ​ដែល​បង្កើត​ជា​ទំនាក់ទំនង​ពេញ​ដោយ​ក្ដីស្រឡាញ់ និង​ការគោរព​ជាមួយ​ព្រះ ។ អ្នក​ប្រហែលជា​មាន​ការពិបាក​ខ្លះៗ ក្នុង​ការរៀន​ភាសា​នៃ​ការអធិស្ឋាន ប៉ុន្តែ​អ្នក​នឹង​កាន់តែ​មាន​ភាពងាយស្រួល​បន្តិច​ម្ដងៗ នៅ​ពេល​អ្នក​អធិស្ឋាន ហើយ​អាន​ព្រះគម្ពីរ ។

ចូរ​ថ្លែង​អំណរគុណ​ដល់​ព្រះវរបិតាសួគ៌​របស់​អ្នក​ជានិច្ច ។

អ្នក​គួរតែ « រស់នៅ​ក្នុង​អំណរគុណ​ជា​រៀងរាល់​ថ្ងៃ​ចំពោះ​សេចក្ដីមេត្តាករុណា និង​ព្រះ​ពរ​ដ៏​ច្រើន ដែល​ទ្រង់​ប្រទាន​ដល់​អ្នក » ( អាលម៉ា ៣៤:៣៨ ) ។ នៅ​ពេល​អ្នក ចំណាយ​ពេល​ដើម្បី​ចងចាំ​អំពី​ពរជ័យ​របស់​អ្នក នោះ​អ្នក​នឹង​ដឹង​ថា ព្រះវរបិតាសួគ៌​របស់​អ្នក​បាន​ប្រទានពរ​ដល់​អ្នក​ច្រើន​ប៉ុណ្ណា ។ ចូរ​សម្ដែង​អំណរគុណ​របស់​អ្នក​ដល់​ទ្រង់ ។

ចូរ​ស្វែងរក​ការដឹកនាំ និង​កម្លាំង​ពី​ព្រះវរបិតាសួគ៌ ក្នុង​រាល់​កិច្ចការ​ដែល​អ្នក​ធ្វើ ។

អាលម៉ា​បាន​ទូន្មាន​ដល់​កូនប្រុស​របស់​លោក​គឺ​ហេលេមិន​ថា « ចូរ​អំពាវនាវ​ដល់​ព្រះ​នូវ​អស់​ទាំង​ការគាំទ្រ​របស់​កូន មែនហើយ ចូរ​ធ្វើ​អ្វីៗ​ទាំងអស់​ចំពោះ​ព្រះអម្ចាស់ ហើយ​ទោះ​ជាទី​ណា​ដែល​កូន​ទៅ គឺ​កូន​ទៅ​ក្នុង​ព្រះអម្ចាស់ មែនហើយ ចូរ​បំបែរ​មនោសញ្ចេតនា​ទាំងអស់​របស់​កូន ឆ្ពោះ​ទៅ​រក​ព្រះអម្ចាស់​វិញ មែន​ហើយ ចូរ​ដាក់​ចិត្ត​មេត្រី​របស់​កូន​ទៅ​លើ​ព្រះអម្ចាស់​ដរាប​ត​ទៅ ។ ចូរ​ប្រឹក្សា​ជាមួយ​នឹង​ព្រះ​អម្ចាស់​នូវ​គ្រប់​កិច្ចការ​របស់​កូន ហើយ​ទ្រង់​នឹង​ដឹកនាំ​កូន​ទៅ​រក​ការ​ល្អ មែន​ហើយ កាលណា​កូន​ដេក​ចុះ​នៅ​ពេល​យប់ ចូរ​ដេក​នៅ​ក្នុង​ព្រះ​អម្ចាស់ ដើម្បី​ឲ្យ​ទ្រង់​មើល​ថែទាំ​កូន​ពេល​កូន​ដេក ហើយ​ពេល​កូន​ក្រោក​ឡើង​នៅ​ពេល​ព្រឹក ចូរ​ចិត្ត​កូន​ពោរពេញ​ទៅ​ដោយ​អំណរគុណ​ដល់​ព្រះ ហើយ​បើ​សិន​ជា​កូន​ធ្វើការ​ទាំង​នេះ នោះ​កូន​នឹង​ត្រូវបាន​លើក​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ » ( អាលម៉ា ៣៧:៣៦–៣៧, សូម​មើល​ផងដែរ អាលម៉ា ៣៤:១៧–២៦ ) ។

ចូរ​ចងចាំ​ពី​សេចក្តីត្រូវការ​របស់​មនុស្សដទៃ នៅ​ពេល​អ្នក​អធិស្ឋាន ។

ចូរ​អធិស្ឋាន « ដើម្បី​សុខុមាលភាព​របស់​អ្នក និង​ដើម្បី​សុខុមាលភាព​ដល់​ជន​ទាំង​ឡាយ ដែល​នៅ​ជុំវិញ​អ្នក​ផង » ( អាលម៉ា ៣៤:២៧ ) ។ ចូរ​ទូល​សូម​ដល់​ព្រះវរបិតាសួគ៌​របស់​អ្នក ឲ្យ​ប្រទានពរ និង​លួងលោមចិត្ត​ដល់​អ្នក​ដែល​ខ្វះខាត ។ ចូរ​ទូល​សូម​ទ្រង់​ឲ្យ​បំផុសគំនិត និង​ពង្រឹង​ដល់​ប្រធាន​សាសនាចក្រ អ្នក​មាន​សិទ្ធិអំណាច​ទូទៅ និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ក្នុង​មូលដ្ឋាន ។ ចូរ​អធិស្ឋាន​ដើម្បី​សុខុមាលភាព​សមាជិក​គ្រួសារ និង​មិត្តភក្ដិ ។ ចូរ​អធិស្ឋាន​សម្រាប់​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល ។ ចូរ​ទូល​សូម​ព្រះអម្ចាស់​ឲ្យ​បំផុសគំនិត ហើយ​ការពារ​អ្នកផ្សព្វផ្សាយសាសនា និង​មនុស្ស​ដែល​ពួកគេ​កំពុង​បង្រៀន ។

ចូរ​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណបរិសុទ្ធ ដើម្បី​អ្នក​នឹង​ដឹង​ពី​អ្វី​ដែល​អាច​បញ្ចូល​នៅ​ក្នុង​ការអធិស្ឋាន​របស់​អ្នក ។

ព្រះវិញ្ញាណបរិសុទ្ធ​អាច​បង្រៀន​អ្នក​ឲ្យ​ចេះ​អធិស្ឋាន ហើយ​ដឹកនាំ​អ្នក​ក្នុង​អ្វីៗ​ដែល​អ្នក​ពោល​ចេញ​មក ( សូម​មើល រ៉ូម ៨:២៦, នីហ្វៃទី ២ ៣២:៨ ) ។ ព្រះវិញ្ញាណ​អាច​ជួយ​អ្នក​ឲ្យ​អធិស្ឋាន « តាម​ព្រះ​ហឫទ័យ​របស់​ព្រះ » ( គ. និង ស. ៤៦:៣០ ) ។

នៅ​ពេល​អ្នក​ធ្វើការ​ស្នើសុំ​តាមរយៈ​ការអធិស្ឋាន ចូរ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​អ្នក ដើម្បី​សម្រេច​បាន​នូវ​អ្វី​ដែល​នឹង​ត្រូវបាន​ប្រទាន​ឲ្យ ។

ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​រំពឹង​ឲ្យ​អ្នក​ធ្វើ ច្រើន​ជាង​ការទូល​សូម​ព្រះពរ​ពី​ទ្រង់ ។ នៅ​ពេល​អ្នក​មាន​ការសម្រេចចិត្ត​សំខាន់ៗ​ដែល​ត្រូវ​ធ្វើ​ឡើង ជា​ញឹកញាប់​ទ្រង់​តម្រូវ​ឲ្យ​អ្នក « សិក្សា​ក្នុង​គំនិត​របស់​អ្នក » ពី​មុន​ទ្រង់​ប្រទាន​ចម្លើយ ( សូម​មើល គ. និង ស. ៩:៧–៨ ) ។ ការអធិស្ឋាន​ទូល​សូម​ការដឹកនាំ​នឹង មាន​ប្រសិទ្ធភាព​ តែ​នៅ​ពេល​ដែល​ការខិតខំ​របស់​អ្នក​រហ័ស​នឹង​ទទួល​យក​ការខ្សឹបប្រាប់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ ។ ការអធិស្ឋាន​សម្រាប់​សុខុមាលភាព​របស់​អ្នក និង​សម្រាប់​សុខុមាលភាព​របស់​មនុស្សដទៃ​នឹង​គ្មាន​ប្រយោជន៍​ទេ ប្រសិនបើ​អ្នក « បែរ​ចេញ​ពី​មនុស្ស​ដែល​ខ្វះខាត និង​មនុស្ស​ដែល អាក្រាត ហើយ​ពុំ​ទៅ​សាកសួរ​ដល់​អ្នក​ដែល​ឈឺ និង​អ្នក​ដែល​មាន​ទុក្ខ​វេទនា ហើយ​ពុំ​ចែករំលែក​ទ្រព្យ​របស់​ខ្លួន បើ​សិន​ជា​អ្នក​រាល់​គ្នា​មាន ចូរ​ចែក​ទៅ​ដល់​ជន​ដែល​ខ្វះ​ខាត » ( អាលម៉ា ៣៤:២៨ ) ។

ប្រសិនបើ​អ្នក​មាន​កិច្ចការ​ពិបាក​នៅ​ចំពោះ​មុខ ព្រះវរបិតាសួគ៌​គាប់​ព្រះទ័យ បើ​អ្នក​លុត​ជង្គង់​ចុះ ហើយ​ទូល​សូម​ជំនួយ រួច​ក្រោក​ឡើង ចេញ​ទៅ​ធ្វើការ ។ ទ្រង់​នឹង​ជួយ​អ្នក​ក្នុង​ការប្រកប​កិច្ចការ​សុចរិត ប៉ុន្តែ​ទ្រង់​នឹង​កម្រ​ធ្វើ​អ្វី​មួយ​សម្រាប់​អ្នក បើ​អ្នក​អាច​ធ្វើ​បាន​ដោយ​ខ្លួនឯង​នោះ ។

ការអធិស្ឋាន​ផ្ទាល់ខ្លួន

ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ឱវាទ នៅ​ក្នុង​ទេសនកថា​របស់​ទ្រង់​នៅ​លើ​ភ្នំ​ថា « ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​បិទ​ទ្វារ រួច​អធិស្ឋាន​ដល់​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ទី​លាក់​កំបាំង​ចុះ នោះ​ព្រះវរបិតា​នៃ​អ្នក ដែល​ទត​ឃើញ​ក្នុង​ទី​លាក់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់ ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់ » ( ម៉ាថាយ ៦:៦ ) ។ ការអធិស្ឋាន​ផ្ទាល់​ខ្លួន​គឺ​ជា​ផ្នែក​សំខាន់​ក្នុង​ការអភិវឌ្ឍ​ខាង​វិញ្ញាណ ។

យ៉ាងហោចណាស់ ជា​រៀង​រាល់​ព្រឹក និង​រៀង​រាល់​យប់ ចូរ​ស្វែងរក​កន្លែង​ដែល​គ្មាន​ការរំខាន ។ ចូរ​លុត​ជង្គង់​ចុះ​ដោយ​រាបសា រួច​ទាក់ទង​ជាមួយ​ព្រះវរបិតាសួគ៌​របស់​អ្នក ។ ទោះបីជា​ពេល​ខ្លះ អ្នក​ប្រហែលជា​ត្រូវ​អធិស្ឋាន​ដោយ​ស្ងៀមស្ងាត់​ក្ដី ចូរ​ខិតខំ​បន្ថែម​ដើម្បី​អធិស្ឋាន​ដោយ​បញ្ចោញ​សំឡេង ( សូម​មើល គ. និង ស. ១៩:២៨, ២០:៥១ ) ។

ចូរ​ចងចាំ​ថា ការអធិស្ឋាន​គឺ​ជា​ទំនាក់ទំនង​ពីរ​របៀប ។ នៅ​ពេល​អ្នក​បញ្ចប់​ការអធិស្ឋាន​របស់​អ្នក ចូរ​ចំណាយ​ពេល​ផ្អាកបន្តិច ហើយ​ស្តាប់ ។ ពេល​ខ្លះ ព្រះវរបិតាសួគ៌​នឹង​ប្រទាន​ឱវាទ ការដឹកនាំ ឬ​ការលួងលោមចិត្ត​ដល់​អ្នក ខណៈ​ពេល​ដែល​អ្នក​លុត​ជង្គង់​ចុះ ។

ចូរ​កុំ​ជឿ​ថា អ្នក​គ្មាន​ភាពសក្តិសម​ដើម្បី​អធិស្ឋាន​ឲ្យ​សោះ ។ គំនិត​នេះ​កើត​មក​ពី​សាតាំង ដែល​វា​ចង់​បញ្ចុះបញ្ចូល​អ្នក​ថា អ្នក​មិន​ត្រូវ​អធិស្ឋាន​ឡើយ ( សូម​មើល នីហ្វៃទី ២ ៣២:៨ ) ។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ពុំ​ចង់​អធិស្ឋាន ចូរ​អធិស្ឋាន​រហូត​ដល់​អ្នក​មាន​អារម្មណ៍​ថា​ចង់​អធិស្ឋាន ។

ព្រះអង្គសង្គ្រោះ​បាន​ត្រាស់​បង្គាប់​ថា « ចូរ​អធិស្ឋាន​ជានិច្ច ប្រយោជន៍​ឲ្យ​អ្នក​អាច​ក្លាយ​ទៅ​ជា​អ្នក​ជម្នះ​បាន មែន​ហើយ ប្រយោជន៍​ឲ្យ​អ្នក​អាច​យកឈ្នះ​លើ​អារក្ស​សាតាំង​បាន ហើយ ប្រយោជន៍​ឲ្យ​អ្នក​អាច​រួច​ផុត​ពី​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​បម្រើ​របស់​អារក្ស​សាតាំង ដែល​ទ្រទ្រង់​កិច្ចការ​របស់​វា​នោះ » ( គ. និង ស. ១០:៥ ) ។ ទោះបីជា​អ្នក​មិន​អាច​បន្ត​លុត​ជង្គង់​របស់​អ្នក​ចុះ ចូរ​អធិស្ឋាន​ផ្ទាល់ខ្លួន​ជានិច្ច អធិស្ឋាន​ដោយ​សម្ងាត់ ដែល​អ្នក​អាច​បណ្តាល​ឲ្យ​ចិត្ត​របស់​អ្នក « ពោរពេញ​ដោយ​ការអធិស្ឋាន​ដល់ [ ព្រះ ] ជានិច្ច » ( អាលម៉ា ៣៤:២៧, សូម​មើល​ផងដែរ នីហ្វៃទី ៣ ២០:១ ) ។ ជា​រៀងរាល់ថ្ងៃ អ្នក​អាច​រក្សា​បាន​អារម្មណ៍​ខ្ជាប់ខ្ជួន​នៃ​សេចក្តីស្រឡាញ់ ចំពោះ​ព្រះវរបិតាសួគ៌​របស់​អ្នក និង​ព្រះរាជបុត្រា​ស្ងួនភ្ងា​របស់​ទ្រង់ ។ អ្នក​អាច​បង្ហាញ​អំណរគុណ​ដោយ​ស្ងៀមស្ងាត់​ដល់​ព្រះវរបិតា រួច​ទូល​សូម​ទ្រង់​ពង្រឹង​អ្នក​នៅ​ក្នុង​ការទទួលខុសត្រូវ​ទាំងឡាយ​របស់​អ្នក ។ នៅ​ពេល​មាន​ការល្បួង ឬ​មាន​គ្រោះថ្នាក់​ខាង​រូបកាយ អ្នក​អាច​ទូល​សូម​ជំនួយ​ពី​ទ្រង់​ដោយ​ស្ងៀមស្ងាត់ ។

ការអធិស្ឋាន​ជា​គ្រួសារ

បន្ថែម​ពី​លើ​ការត្រាស់បង្គាប់​ឲ្យ​យើង​អធិស្ឋាន​ដោយ​សម្ងាត់ នោះ​ព្រះអង្គសង្គ្រោះ​បាន​ដាស់តឿន​យើង​ឲ្យ​អធិស្ឋាន​ជាមួយ​នឹង​គ្រួសារ​របស់​យើង ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា « ចូរ​អធិស្ឋាន​នៅ​ក្នុង​ក្រុមគ្រួសារ​អ្នក​ដល់​ព្រះវរបិតា ដោយ​នូវ​នាម​យើង​ជានិច្ច ដើម្បី​ឲ្យ​ប្រពន្ធ​របស់​អ្នក និង​កូនចៅ​របស់​អ្នក​អាច​បាន​ពរ » ( នីហ្វៃទី ៣ ១៨:២១ ) ។

ប្រសិនបើ​អ្នក​រៀបការ ចូរ​ធ្វើ​ឲ្យ​ការអធិស្ឋាន​ជា​គ្រួសារ​ក្លាយ​ជា​ទម្លាប់​មួយ​នៃ​ជីវិត​គ្រួសារ​របស់​អ្នក ។ ជា​រៀងរាល់ព្រឹក និង​រាល់​ល្ងាច ចូរ​លុត​ជង្គង់ចុះ​ជាមួយ​គ្នា​ដោយ​រាបសា ។ ចូរ​ផ្ដល់​ឲ្យ​សមាជិក​ម្នាក់ៗ​ក្នុង​គ្រួសារ មាន​ឱកាស​ពោល​ពាក្យ​អធិស្ឋាន​ជា​ញឹកញាប់ ។ ចូរ​ជួបជុំ​គ្នា​ដោយ​មាន​អំណរគុណ​សម្រាប់​ពរជ័យ​ទាំងឡាយ ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ឲ្យ​អ្នក ។ ចូរ​ជួបជុំ​គ្នា​ដោយ​សេចក្ដីជំនឿ​ដើម្បី​ទូល​អង្វរ​សូម​ពរជ័យ​ទាំងឡាយ ដែល​អ្នក​ត្រូវការ និង​ដើម្បី​អធិស្ឋាន​សម្រាប់​មនុស្សដទៃ ។

តាមរយៈ​ការអធិស្ឋាន​ជា​គ្រួសារ​ជា​ទៀងទាត់ នោះ​អ្នក និង​សមាជិក​គ្រួសារ​របស់​អ្នក​នឹង​ខិត​កាន់តែ​ជិត​ព្រះ និង​មាន​ភាពស្និទ្ធស្នាល​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក ។ កូនៗ​របស់​អ្នក​នឹង​រៀន​ទាក់ទង​ជាមួយ​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌ ។ អ្នក​ទាំងអស់​គ្នា​នឹង​ត្រៀមខ្លួន​បាន​កាន់តែ​ប្រសើរ ដើម្បី​បម្រើ​មនុស្សដទៃ ហើយ​យក​ឈ្នះ​លើ​ការល្បួង ។ គេហដ្ឋាន​របស់​អ្នក​នឹង​ក្លាយ​ជា​កន្លែង​នៃ​កម្លាំង​ខាង​វិញ្ញាណ ជា​ជម្រក​ពី​ឥទ្ធិពល​នៃ​លោកិយ ។

ការអធិស្ឋាន​ជា​សាធារណៈ

មាន​គ្រា​ដែល​អ្នក​ប្រហែលជា​ត្រូវបាន​សូម​ឲ្យ​អធិស្ឋាន​ជា​សាធារណៈ អាច​នៅក្នុង​ការប្រជុំ​របស់​សាសនាចក្រ ឬ​នៅ​ក្នុង​ថ្នាក់ ។ នៅ​ពេល​អ្នក​ទទួលបាន​ឱកាស​នេះ សូម​ចងចាំ​ថា អ្នក​កំពុង​តែ​ទាក់ទង​ជាមួយ ព្រះវរបិតាសួគ៌ មិនមែន​​ផ្ដល់​​ទេសនកថា​ក្នុង​ទីសាធារណៈ​នោះ​ទេ ។ ចូរ​កុំ​បារម្ភ​ចំពោះ​អ្វី​ដែល​មនុស្សដទៃ​អាច​នឹង​គិត​អំពី​សេចក្ដី​ដែល​អ្នក​ពោល​ចេញ​មក​ឡើយ ។ ផ្ទុយទៅវិញ ចូរ​អធិស្ឋាន​ដោយ​សាមញ្ញ​ចេញ​ពី​ដួងចិត្ត​វិញ ។

ការទទួលបាន​ចម្លើយ​សម្រាប់​ការអធិស្ឋាន

ព្រះអង្គសង្គ្រោះ​បាន​ត្រាស់​បង្រៀន​ថា « ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក ៖ ដ្បិត​អស់​អ្នក​ណា​ដែល​សូម នោះ​រមែង​បាន អ្នក​ណា​ដែល​រក នោះ​រមែង​ឃើញ ហើយ​នឹង​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ » ( ម៉ាថាយ ៧:៧–៨ ) ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​សាសន៍​នីហ្វៃ​ថា « សូម្បី​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​សុំ​ព្រះ​វរបិតា​ដោយ​នូវ​នាម​យើង ដែល​ត្រឹមត្រូវ និង​ដោយ​ជឿ​ថា អ្នក​នឹង​បាន​ទទួល មើល​ចុះ នឹង​បាន​ប្រទាន​ដល់​អ្នក » ( នីហ្វៃទី ៣ ១៨:២០ ) ។

ព្រះវរបិតាសួគ៌​ទ្រង់​ព្រះសណ្ដាប់​ការអធិស្ឋាន​របស់​អ្នក ។ ទ្រង់​ប្រហែលជា​មិន​តែងតែ​ឆ្លើយតប​ជានិច្ច ដូច​ដែល​អ្នក​សង្ឃឹម​ទុក​នោះ​ទេ ប៉ុន្តែ​ទ្រង់​ពិតជា​ឆ្លើយតប—ស្រប​តាម​កាលវេលា និង​ស្របតាម​ព្រះឆន្ទៈ​របស់​ទ្រង់ ។ ដោយសារតែ​ទ្រង់​ជ្រាប​ពី​អ្វី​ប្រសើរ​បំផុត​សម្រាប់​អ្នក ទើប​ពេលខ្លះ ទ្រង់​អាច​នឹង​ឆ្លើយ​តប​ថា ទេ ទោះបីជា​ការទូលសូម​របស់​អ្នក​មាន​លក្ខណៈ​ស្មោះស​ក៏​ដោយ ។

ការឆ្លើយតប​ចំពោះ​ការអធិស្ឋាន​កើតឡើង​តាម​របៀប​ជា​ច្រើន ។ ចម្លើយ​តែងតែ​កើតឡើង​តាមរយៈ​សំឡេង​តូច​រហៀង​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូម​មើល « វិវរណៈ » ទំព័រ ១៤០–១៤៤ ) ។ ចម្លើយ​អាច​បាន​មក​តាម​កាលៈទេសៈ​នៃ​ជីវិត​របស់​អ្នក ឬ​តាម​ទង្វើ​សប្បុរស​របស់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​អ្នក ។ នៅ​ពេល​អ្នក​បន្ត​ខិតជិត​ព្រះវរបិតាសួគ៌​តាមរយៈ​ការអធិស្ឋាន នោះ​អ្នក​នឹង​កាន់តែ​ស្គាល់​ចម្លើយ​ដ៏​ពេញ​ទៅ​ដោយ​សេចក្ដីមេត្តាករុណា និង​ប្រកប​ដោយ​ប្រាជ្ញាញ្ញាណ​របស់​ទ្រង់ ចំពោះ​ការទូល​អង្វរ​របស់​អ្នក ។ អ្នក​នឹង​ឃើញ​ថា ទ្រង់​គឺ​ជា « ទី​ពឹង​ជ្រក ក៏​ជា​កម្លាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជាមួយ​ក្នុង​គ្រា​អាសន្ន » ( ទំនុកដំកើង ៤៦:១ ) ។

បោះពុម្ព