ធនធាន​ផ្សេង​ទៀត
ព្យាការី


« ព្យាការី » ពិត​ចំពោះ​សេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១២៩–១៣០

« ព្យាការី » ពិត​ចំពោះ​សេចក្ដីជំនឿ ទំព័រ ១២៩–១៣០

ព្យាការី

ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ យើង​មាន​ពរ​ដែល​ត្រូវបាន​ដឹកនាំ​ដោយ​ព្យាការី​កំពុង​រស់នៅ—ជា​បុរស​ដែល​បាន​ទទួល​ការបំផុសគំនិត ដែល​បាន​ហៅ​ឲ្យ​ថ្លែង​ជំនួស​ព្រះអម្ចាស់​មាន​ដូចជា ម៉ូសេ អេសាយ ពេត្រុស ប៉ុល នីហ្វៃ មរមន និង​ព្យាការី​ដទៃទៀត​នៅ​ក្នុង​ព្រះគម្ពីរ ។ យើង​គាំទ្រ​ប្រធាន​សាសនាចក្រ​ជា ព្យាការី អ្នកមើលឆុត និង ជា​អ្នក​ទទួល​វិវរណៈ—ជា​បុរស​តែ​ម្នាក់​គាត់​នៅ​លើ​ផែនដី ដែល​ទទួល​បាន​វិវរណៈ​ដើម្បី​ដឹកនាំ​សាសនាចក្រ​នេះ​ទាំងមូល ។ យើង​ក៏​គាំទ្រ​ដល់​ទី​ប្រឹក្សា​ទាំងឡាយ​នៅ​ក្នុង​គណៈ​ប្រធាន​ទី​មួយ និង សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ជា​ព្យាការី អ្នក​មើល​ឆុត និង ជា​អ្នក​ទទួល​វិវរណៈ​ដែរ ។

ក៏​ដូចជា​ព្យាការី​ពី​បុរាណ​ដែរ នោះ​ព្យាការី​សម័យ​បច្ចុប្បន្ន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​បង្រៀន​ដំណឹងល្អ​របស់​ទ្រង់ ។ ពួក​លោក​បង្ហាញ​ឲ្យ​ស្គាល់​នូវ​ព្រះហឫទ័យ និង​លក្ខណៈ​ពិត​របស់​ព្រះ ។ ពួក​លោក​មាន​ប្រសាសន៍​យ៉ាង​ក្លាហាន និង ច្បាស់លាស់ ដោយ​ថ្កោល​ទោស​ចំពោះ​អំពើ​បាប និង ព្រមាន​អំពី​ផលវិបាក​ទាំងឡាយ​របស់​វា ។ ពេល​ខ្លះ ពួកលោក​អាច​នឹង​ត្រូវបាន​បំផុសគំនិត ឲ្យ​ព្យាករ​អំពី​ព្រឹត្តិការណ៍​នា​ពេល​អនាគត សម្រាប់​ជា​ប្រយោជន៍​ដល់​យើង ។

អ្នក​អាច​ទុកចិត្ត​​លើ​ព្យាការី​កំពុង​រស់នៅបាន​ជានិច្ច ។ ការបង្រៀន​របស់​លោក​ឆ្លុះបញ្ចាំង​អំពី​ព្រះឫទ័យ​របស់​ព្រះអម្ចាស់ ដែល​បាន​មាន​បន្ទូល​ថា « អ្វី​ដែល​យើង​ជា​ព្រះអម្ចាស់​បាន​មាន​បន្ទូល នោះ​យើង​បានមាន​បន្ទូល​ហើយ ហើយ​យើង​ពុំ​កែ​ដោះសារ​ខ្លួន​ឡើយ ហើយ​ទោះជា​ផ្ទៃ​មេឃ​ហើយ​ផែនដី នឹង​កន្លង​បាត់ទៅក៏​ដោយ គង់​តែ​ពាក្យ​របស់​យើង នឹង​មិន​កន្លង​បាត់​ដែរ ប៉ុន្តែ​ពាក្យ​ទាំងអស់​នឹង​បានសម្រេច ទោះជា​ដោយ​សំឡេង​របស់​យើងផ្ទាល់ ឬ​ក៏​ដោយ​សំឡេង​នៃ​ពួកអ្នក​បម្រើ​របស់​យើង​ក្ដី គឺ​ដូច​តែ​គ្នា » ( គ. និង ស. ១:៣៨ ) ។

សុវត្ថិភាព​ដ៏​ប្រសើរ​បំផុត​របស់​អ្នក ពឹងផ្អែក​យ៉ាង​រឹងប៉ឹង​ទៅ​លើ​ការធ្វើតាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ដែល​បាន​ប្រទាន​ឲ្យ តាមរយៈ​ព្យាការី​របស់​ទ្រង់ ជា​ពិសេស​ប្រធាន​សាសនាចក្រ​សព្វ​ថ្ងៃ ។ ព្រះអម្ចាស់​ព្រមាន​ថា អស់​អ្នកណា​ដែល​ច្រាន​ចោល​ប្រសាសន៍​របស់​ព្យាការី​ដែល​កំពុង​រស់នៅ នឹង​ត្រូវ​ធ្លាក់ ( សូម​មើល គ. និង ស. ១:១៤–១៦ ) ។ ទ្រង់​មាន​បន្ទូល​សន្យា​ថា​នឹង​ប្រទាន​ពរជ័យ​ដ៏​មហិមា​ដល់​អស់​អ្នក​ដែល​ដើរតាម​ប្រធាន​សាសនាចក្រ​ថា

« អ្នក​ត្រូវ​ស្តាប់​តាម​គ្រប់​អស់​ទាំងពាក្យ​សម្ដី និង​បញ្ញត្តិ​ទាំងឡាយ​របស់​លោក ដែល​លោក​នឹង​ឲ្យ​ដល់​អ្នក នៅ​ពេល​លោក​បាន​ទទួល​ពាក្យ​ទាំងនោះ ដើរ​ដោយ​បរិសុទ្ធ​នៅ​ចំពោះ​មុខ​យើង

ដ្បិត​ពាក្យសម្ដី​របស់​លោក​នោះ​ហើយ អ្នក​នឹង​បាន​ទទួល ហាក់​ដូចជា​បាន​មក​ពី​ព្រះឱស្ឋ​របស់​យើង​ផ្ទាល់ ដោយ​សេចក្ដីអត់ធន់ និង​សេចក្ដីជំនឿ​គ្រប់​យ៉ាង ។

ដ្បិត​ដោយសារ​ការ​ធ្វើ​ការ​ទាំង​នេះ​ហើយ ទ្វារ​ស្ថាន​នរក​នឹង​ពុំ​ដែល​ឈ្នះ​អ្នក​ឡើយ មែន​ហើយ ហើយ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​កម្ចាត់​អំណាច​នៃ​សេចក្ដី​ងងឹត​ចេញ​ពី​អ្នក​ទៅ ហើយ​នឹង​បណ្ដាល​ឲ្យ​ផ្ទៃ​មេឃ​ញាប់​ញ័រ ដើម្បី​សេចក្ដី​ល្អ​ដល់​អ្នក និង​សិរី​ល្អ​ដល់​ព្រះ​នាម​របស់​ទ្រង់ » ( គ. និង ស. ២១:៤–៦ ) ។

បោះពុម្ព