ធនធាន​ផ្សេង​ទៀត
ការប្រែចិត្ត


« ការប្រែចិត្ត » ពិត​ចំពោះ​សេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៣២–១៣៥

« ការប្រែចិត្ត » ពិត​ចំពោះ​សេចក្ដីជំនឿ ទំព័រ ១៣២–១៣៥

ការប្រែចិត្ត

ការប្រែចិត្ត​គឺ​ជា​គោលការណ៍​មួយ​ក្នុង​ចំណោម​គោលការណ៍​ដំបូង​នៃ​ដំណឹងល្អ ( សូម​មើល មាត្រា​នៃ​សេចក្ដីជំនឿ ១:៤ ) ។ វា​សំខាន់​ចំពោះ​សុភមង្គល​របស់​អ្នក​នៅក្នុង​ជីវិត​នេះ និង​ពេញ​ទាំង​ភាពអស់កល្ប ។ ការប្រែចិត្ត​មាន​សារៈសំខាន់​ជាង​ការគ្រាន់តែ​ដឹង​កំហុស​ទៅ​ទៀត ។ វា​គឺ​ជា​ការផ្លាស់ប្តូរ​គំនិត និង ចិត្ត​ដែល​ផ្តល់​ដល់​យើង​នូវ​ការយល់ឃើញ​​ជាថ្មី​អំពី​ព្រះ អំពី​ខ្លួន​យើង​ផ្ទាល់ និង​អំពី​ពិភពលោក​នេះ ។ វា​រួម​មាន​ការបែរចេញ​ពី​អំពើ​បាប ​ហើយ​បែរ​ទៅ​រក​ព្រះ​ទូល​សូម​ការអភ័យទោស ។ វា​ត្រូវបាន​ជំរុញចិត្ត​ដោយ​សេចក្តីស្រឡាញ់​ចំពោះ​ព្រះ និង​បំណងប្រាថ្នា​ដ៏​ពិត​ប្រាកដ ដើម្បី​គោរពតាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។

តម្រូវការ​សម្រាប់​ការប្រែចិត្ត

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រកាស​ថា « គ្មាន​អ្វី​ដែល​ឥត​ស្អាត អាច​គ្រង​នគរ​ព្រះ​ទុកជា​មរតក​បាន​ឡើយ » ( អាលម៉ា ១១:៣៧ ) ។ អំពី​បាប​របស់​អ្នក​ធ្វើ​ឲ្យ​អ្នក​មិន​ស្អាតស្អំ—មិន​សក្តិសម​នឹង​ត្រឡប់​ទៅ ហើយ​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះវរបិតាសួគ៌​របស់​យើង​វិញ​ឡើយ ។ វា​ក៏​នាំ​មក​នូវ​ភាពតានតឹង​នៅ​ក្នុង​ព្រលឹង​របស់​អ្នក​ក្នុង​ជីវិត​នេះ​ដែរ ។

តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​ព្រះវរបិតាសួគ៌​បាន​ប្រទាន​មធ្យោបាយ​តែ​មួយ​គត់​ដល់​យើង ដើម្បី​ទទួលបាន​ការអភ័យ​ទោស​ពី​អំពើបាប ( សូម​មើល « ការអភ័យទោស » ទំព័រ ៧០–៧២ ) ។ ព្រះយេស៊ូវគ្រីស្ទ​បាន​រង​ទារុណកម្ម​ចំពោះ​អំពើបាប​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​ទទួលបាន​ការអភ័យទោស ប្រសិនបើ​អ្នក​ប្រែចិត្ត​យ៉ាង​ស្មោះស្ម័គ្រ ។ នៅ​ពេល​អ្នក​ប្រែចិត្ត ហើយ​ពឹងផ្អែក​លើ​ព្រះគុណ​ដ៏​សង្គ្រោះ​របស់​ទ្រង់ នោះ​អ្នក​នឹង​បាន​ស្អាត​ពី​អំពើបាប ។ ទ្រង់​បាន​មាន​បន្ទូល​ប្រកាស​ថា

« យើង​បញ្ជា​ឲ្យ​អ្នក​ប្រែចិត្ត — ចូរ​ប្រែចិត្ត​ចុះ បើ​ពុំ​នោះ​សោត​ទេ យើង​នឹង​វាយ​អ្នក​ដោយ​រំពាត់​នៃ​ព្រះ​ឱស្ឋ​របស់​យើង ហើយ​ដោយ​សេចក្ដី​ខ្ញាល់​របស់​យើង និង​សេចក្ដី​ពិរោធ​របស់​យើង នោះ​សេចក្ដី​រង​ទុក្ខ​វេទនា​ទាំង​ឡាយ​របស់​អ្នក​នឹង​ឈឺ​ចាប់​ណាស់ — គឺ​ឈឺ​ដល់​ណា​នោះ អ្នក​មិន​ដឹង​ទេ ជ្រួត​ជ្រាប​ដល់​ណា​នោះ អ្នក​មិន​ដឹង​ទេ មែន​ហើយ ធ្ងន់ធ្ងរ​ដល់​ណា​នោះ អ្នកមិន​ដឹង​ទេ ។

ដ្បិត​មើល​ចុះ យើង​ជា​ព្រះ បាន​រង​ទុក្ខ​នូវ​ការ​ទាំងនេះ​ជំនួស​មនុស្ស​ទាំង​អស់ ដើម្បី​កុំ​ឲ្យ​គេ​អាច​រង​ទុក្ខ បើ​សិន​ជា​ពួកគេ​ប្រែចិត្ត

ប៉ុន្តែ​បើ​សិន​ជា​ពួក​គេ​មិន​ព្រម​ប្រែចិត្ត​ទេ នោះ​ពួកគេ​ត្រូវ​រង​ទុក្ខ ដូច​ជា​យើង​ដែរ

គឺជា​សេចក្ដី​រង​ទុក្ខ​វេទនា ដែល​បណ្ដាល​ឲ្យ​យើង គឺជា​ព្រះ​ដែល​មហិមា​លើ​អ្វីៗ​ទាំង​អស់ ត្រូវ​ញ័រ​ដោយ​សារ​តែ​ការ​ឈឺ​ចាប់ ហើយ​ត្រូវ​ច្រួច​លោហិត​ចេញ​ពី​គ្រប់​រន្ធ​ញើស ហើយ​ត្រូវ​រង​ទុក្ខ​ព្រម​ទាំង​រូប​កាយ និង​វិញ្ញាណ​ផង — ហើយ​ដើម្បី​កុំ​ឲ្យ​យើង​ត្រូវ​ផឹក​ពែង​ល្វីង ហើយ​រួញ​ខ្លាច —

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សូម​ព្រះ​វរបិតា​បាន​សិរី​ល្អ ហើយ​យើង​បាន​ទទួល​ទាន និង​សម្រេច​ការ​រៀបចំ​របស់​យើង​ចំពោះ​កូន​ចៅ​មនុស្ស » ( គ. និង ស. ១៩:១៥–១៩ ) ។

គ្រោះថ្នាក់​នៃ​ការពន្យារ​ពេល​ប្រែចិត្ត

ចូរ​កុំ​ដោះសារ​ចំពោះ​អំពើបាប​របស់​អ្នក ឬ​ពន្យារ​ពេល​ប្រែចិត្ត​ឡើយ ។ អាមូលេក​បាន​ព្រមាន​ថា « ជីវិត​នេះ​គឺជា​ពេល​វេលា​សម្រាប់​ឲ្យ​មនុស្ស​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ មែន​ហើយ មើល​ចុះ ពេល​វេលា​នៃ​ជីវិត​នេះ គឺជា​ពេល​វេលា​សម្រាប់​ឲ្យ​មនុស្ស​ប្រព្រឹត្ត​ការងារ​ទាំង​ឡាយ​របស់​ខ្លួន ។ … ខ្ញុំ​សូម​អង្វរ​ដល់​អ្នក​ថា ចូរ​អ្នក​រាល់​គ្នា​កុំ​បង្អង់​នូវ​ពេល​វេលា​ចំពោះ​ការ​ប្រែ​ចិត្ត​ទុក​ដល់​ទី​អវសាន​នោះ​ឡើយ ព្រោះ​បន្ទាប់​ពី​ពេល​វេលា​នៃ​ជីវិត​នេះ ដែល​បាន​ប្រទាន​ដល់​យើង ដើម្បី​ប្រុងប្រៀប​ខ្លួន​សម្រាប់​ដល់​ភាព​ដ៏​នៅ​អស់​កល្ប​ជានិច្ច មើល​ចុះ បើ​សិន​ជា​យើង​ពុំ​បាន​ធ្វើ​ល្អ​ឡើង កាល​នៅ​ក្នុង​ជីវិត​នេះ​ទេ លំដាប់​នោះ យប់​នៃ​សេចក្ដី​ងងឹត​នឹង​មក​ដល់ ហើយ​យើង​នឹង​ពុំ​អាច​ប្រព្រឹត្ត​ការងារ​អ្វី​ទៀត នៅ​ក្នុង​ពេល​នោះ​បាន​ឡើយ » ( អាលម៉ា ៣៤:៣២–៣៣ ) ។

ធាតុ​ទាំងឡាយ​នៃ​ការប្រែចិត្ត

ការប្រែចិត្ត​គឺ​ជា​ដំណើរការ​ដ៏​ឈឺចាប់​មួយ ប៉ុន្តែ​វា​នាំ​ទៅ​រក​ការអភ័យទោស និង​ភាពសុខសាន្ត​ដ៏​យូរ​អង្វែង ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​តាមរយៈ​ព្យាការី​អេសាយ​ថា « ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហមទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ » ( អេសាយ ១:១៨ ) ។ ព្រះអម្ចាស់​បាន​បន្ទូល​សន្យា​នៅ​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នេះ​ថា « អ្នក​ណា​ដែល​ប្រែចិត្ត​ពី​អំពើបាប​ទាំងឡាយ​របស់​ខ្លួន អ្នក​ឈ្មោះ​ថា​បាន​អត់​ទោស​ឲ្យ​ហើយ ហើយ​យើង​ជា​ព្រះអម្ចាស់​មិន​ចាំ​ពី​អំពើបាប​ទាំងនោះ​ទៀត​ទេ » ( គ. និង ស. ៥៨:៤២ ) ។ ការប្រែចិត្ត​រួមមាន​ធាតុ​ទាំងឡាយ​ដូច​ខាង​ក្រោម ៖

សេចក្តីជំនឿ​លើ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។

អំណាច​នៃ​អំពើបាប​​​គឺ​ខ្លាំងក្លា​ណាស់ ។ ដើម្បី​រួចផុត​ពី​វា អ្នក​ត្រូវតែ​ងាក​ទៅ​រក​ព្រះវរបិតាសួគ៌ ហើយ​អធិស្ឋាន​ដោយ​សេចក្ដីជំនឿ ។ សាតាំង​អាច​នឹង​ព្យាយាម​បញ្ចុះបញ្ចូល​អ្នក​ថា អ្នក​មិន​សក្ដិសម​នឹង​អធិស្ឋាន​ទេ—ថា​ព្រះវរបិតាសួគ៌​ទ្រង់​មិន​គាប់​ព្រះទ័យ​នឹង​អ្នក​ទេ ថា​ទ្រង់​នឹង​មិន​ព្រះសណ្ដាប់​ការអធិស្ឋាន​របស់​អ្នក​ឡើយ ។ នេះ​គឺ​ជា​ពាក្យ​កុហក ។ ព្រះវរបិតាដែល​​គង់​នៅ​ស្ថានសួគ៌​តែងតែ​ត្រៀម​ព្រះកាយ​ជួយ​អ្នក​ជានិច្ច ប្រសិនបើ​អ្នក​មក​រក​ទ្រង់ ដោយ​មាន​ការប្រែចិត្ត ។ ទ្រង់​មាន​ព្រះចេស្ដា​ដើម្បី​ប្រោស​អ្នក ហើយ​ជួយ​អ្នក​ឲ្យ​យកឈ្នះ​លើ​អំពើបាប ។

ការប្រែចិត្ត​គឺ​ជា​សកម្មភាព​នៃ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ—ដែល​ជា​ការទទួលស្គាល់​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ទ្រង់ ។ ចូរ​ចង​ចាំ​ថា អ្នក​អាច​ទទួលបាន​ការអភ័យទោស​បាន តែ​តាមរយៈ​លក្ខខណ្ឌ​របស់​ទ្រង់​ប៉ុណ្ណោះ ។ នៅ​ពេល​អ្នក​ទទួលស្គាល់​ដោយ​ការដឹងគុណ​ចំពោះ​ដង្វាយធួន​របស់​ទ្រង់ និង​ព្រះចេស្ដា​របស់​ទ្រង់ ដើម្បី​សម្អាត​អ្នក​ពី​អំពើបាប នោះ​អ្នក​អាច « អនុវត្ត​សេចក្ដីជំនឿ​ចំពោះ​ការប្រែចិត្ត » ( អាលម៉ា ៣៤:១៧ ) ។

សោកស្ដាយ​ចំពោះ​អំពើបាប ។

ដើម្បី​ទទួលបាន​ការអភ័យទោស ដំបូង​អ្នក​ត្រូវតែ​ទទួលស្គាល់​ខ្លួនឯង ថា​អ្នក​បាន​ប្រព្រឹត្ត​អំពើបាប ។ ប្រសិនបើ​អ្នក​ព្យាយាម​រស់នៅ​តាម​ដំណឹងល្អ ការទទួលស្គាល់​នោះ​នឹង​នាំ​ទៅ​រក « សេចក្តីព្រួយ​ដ៏​គាប់​ដល់​ព្រះហឫទ័យ​នៃ​ព្រះ » រមែង​នាំ « ឲ្យ​ប្រែចិត្ត​ឡើង ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ » ( កូរិនថូស ទី២ ៧:១០ ) ។ សេចក្តីព្រួយ​ដ៏​គាប់​ដល់​ព្រះហឫទ័យ​នៃ​ព្រះ​មិន​កើតឡើង​ដោយសារតែ​ផលវិបាក​ស្វ័យប្រវត្តិ​នៃ​អំពើបាប ឬ​ដោយសារតែ​ការភ័យខ្លាច​ចំពោះ​ទណ្ឌកម្ម​នោះ​ទេ ផ្ទុយទៅវិញ វា​កើតឡើង​មក​ពី​ចំណេះដឹង​ដែល​ថា អ្នក​បាន​ធ្វើ​ឲ្យ​ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ​របស់​អ្នក​មិន​គាប់​ព្រះទ័យ ។ នៅ​ពេល​អ្នក​មាន​សេចក្តីព្រួយ​ដ៏​គាប់​ដល់​ព្រះហឫទ័យ​នៃ​ព្រះ នោះ​អ្នក​មាន​បំណងប្រាថ្នា​ដ៏​ស្មោះស​ដើម្បី​ផ្លាស់ប្ដូរ និង មាន​ឆន្ទៈ​ដើម្បី​ធ្វើតាម​រាល់​តម្រូវការ​ទាំងឡាយ​ដើម្បី​បាន​ការអភ័យទោស ។

ការសារភាព ។

« អ្នក​ណា​ដែល​គ្រប់​បាំង​ការ​រំលង​របស់​ខ្លួន នោះ​នឹង​មិន​ចម្រើន​ឡើង​ទេ តែ​អ្នក​ណា​ដែល​លន់តួ ហើយ​លះបង់​អំពើ​នោះ នឹង​ប្រទះ​បាន​សេចក្តី​មេត្តាករុណា​វិញ » ( សុភាសិត ២៨:១៣ ) ។ កត្តា​ដែល​ចាំបាច់​ចំពោះ​ការអភ័យទោស​គឺ​ជា​ឆន្ទៈ​មួយ​ដើម្បី​បើក​បង្ហាញ​ដល់​ព្រះវរបិតាសួគ៌​នូវ​គ្រប់​កិច្ចការ​ទាំងអស់ ដែល​យើង​បាន​ធ្វើ ។ សូម​លុតជង្គង់​អធិស្ឋាន​យ៉ាង​រាបសា​នៅ​ចំពោះ​ទ្រង់ ដោយ​ទទួលស្គាល់​អំពើបាប​របស់​ខ្លួន ។ សូម​សារភាព​សេចក្តីខ្មាស និង​កំហុស​របស់​អ្នក ហើយ​បន្ទាប់មក​ទូល​អង្វរ​សូម​ជំនួយ ។

អំពើរំលង​ដ៏​ធ្ងន់ធ្ងរ​ដូចជា ការល្មើស​ច្បាប់​ព្រហ្មចារីភាព​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សមាជិកភាព​របស់​អ្នក​ក្នុង​សាសនាចក្រ ។ ហេតុដូច្នេះហើយ អ្នក​ចាំបាច់​ត្រូវ​សារភាព​អំពើបាប​ទាំងនេះ​ទៅកាន់​​ព្រះអម្ចាស់ និង​អ្នកតំណាង​របស់​ទ្រង់​នៅ​ក្នុង​សាសនាចក្រ ។ ការណ៍​នេះ​ត្រូវបាន​សម្រេច​ក្រោម​ការយក​ចិត្ត​ទុក​ដាក់​របស់​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​អ្នក ហើយ​ក៏​អាច​នៅ​ក្រោម​ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម ដែល​បម្រើ​ជា​អ្នក​មើល​ខុសត្រូវ និង​ជា​ចៅក្រម​នៃ​សាសនាចក្រ ។ ខណៈ​ដែល​មាន​តែ​ព្រះអម្ចាស់​ទេ​ទើប​អាច​អភ័យទោស​ដល់​អំពើបាប នោះ​អ្នក​ដឹកនាំ​បព្វជិតភាព​ទាំងនេះ​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​ដំណើរការ​នៃ​ការប្រែចិត្ត ។ ពួក​គាត់​នឹង​រក្សា​ភាពសម្ងាត់​ចំពោះ​ការសារភាព​របស់​អ្នក និង​ជួយ​អ្នក​ក្នុង​ដំណើរការ​នៃ​ការប្រែចិត្ត​ទាំងមូល ។ ចូរ​មាន​សេចក្ដីស្មោះត្រង់​ទាំងស្រុង​ជាមួយ​នឹង​គាត់ ។ ប្រសិនបើ​អ្នក​សារភាព​តែ​មួយ​ផ្នែក ដោយ​ប្រាប់​តែ​កំហុស​តូចៗ​នោះ អ្នក​នឹង​មិន​អាច​ដោះស្រាយ​អំពើ​រំលង​ដែល​កាន់តែ​ធ្ងន់ធ្ងរ ឬ​​ដែល​បិទបាំង​នោះ​បាន​ទេ ។ ប្រសិនបើ​អ្នក​ចាប់ផ្ដើម​ដំណើរការ​នេះ​បាន​កាន់តែ​ឆាប់ នោះ​អ្នក​នឹង​រកឃើញ​ភាពសុខសាន្ត និង​អំណរ​ដែល​កើត​ឡើង​មក​ពី​អព្ភូតហេតុ​នៃ​ការប្រែចិត្ត​បាន​កាន់តែ​ឆាប់​ដែរ ។

ការបោះបង់​ចោល​អំពើបាប ។

ទោះបីជា​ការសារភាព​ជា​ធាតុ​មួយ​យ៉ាង​សំខាន់​ក្នុង​ការប្រែចិត្ត​ក៏​ដោយ ក៏​វា​មិន​ទាន់​គ្រប់គ្រាន់​ដែរ ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « តាម​របៀប​នេះ​អ្នក​រាល់​គ្នា​អាច​ដឹង​បើ​សិន​ជា​មនុស្ស​ណា​ម្នាក់​ប្រែចិត្ត​ពី​អំពើ​បាប​ទាំងឡាយ​របស់​ខ្លួន​មែន ឬ​អត់—មើលចុះ​អ្នក​នោះ​នឹង​សារភាព​អំពី​អំពើ​បាប​ទាំងឡាយ ហើយ​លះបង់​ចោល​អំពើ​បាប​ទាំងនោះ » ( គ. និង ស. ៥៨:៤៣ ) ។

ចូរ​រក្សា​ឲ្យ​បាន​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ដំណោះស្រាយ​ជា​អចិន្ត្រៃយ៍ និង​មុតមាំ ដើម្បី​កុំ​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើរំលង​​នោះម្ដង​ទៀត ។ នៅ​ពេល​អ្នក​រក្សា​បាន​ការតាំងចិត្ត​នេះ អ្នក​នឹង​មិន​ទទួល​បទពិសោធ​ឈឺចាប់​ម្តង​ទៀត​ឡើយ ។

ចូរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ភ្លាមៗ​ពី​ស្ថានភាព​គ្រោះថ្នាក់​ណា​មួយ ។ ប្រសិនបើ​ស្ថានភាព​ជាក់លាក់​ណា​មួយ​បណ្តាល​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើបាប ឬ​អាច​នឹង​បណ្ដាល​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើបាប ចូរ​ចាក​ចេញ​ពី​ស្ថានភាព​នោះ ។ អ្នក​មិន​ត្រូវ​បង្អែរបង្អង់​នឹង​ការល្បួង ហើយ​រំពឹង​ថា​យកឈ្នះ​លើ​អំពើបាប​នោះ​បាន​ទេ ។

ការប៉ះប៉ូវ ។

ដរាប​ណា​ដែល​អាច​ធ្វើ​ទៅ​បាន អ្នក​ត្រូវតែ​ជួសជុល​អ្វី​ទាំងអស់​ដែល​អ្នក​បាន​ធ្វើ​ឲ្យ​ខូចខាត ដោយសារតែ​ទង្វើ​របស់​អ្នក មិន​ថា​ជា​ទ្រព្យសម្បត្តិ ឬ​កេរ្ដិ៍ឈ្មោះ​របស់​នរណាម្នាក់​ក្ដី ។ ការប៉ះប៉ូវ​ប្រកប​ដោយ​ឆន្ទៈ​បង្ហាញ​ព្រះអម្ចាស់​ថា អ្នក​នឹង​ធ្វើ​គ្រប់​អ្វី​ទាំងអស់​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ប្រែចិត្ត ។

ការរស់នៅ​ដោយ​សុចរិត ។

វា​មិន​ទាន់​គ្រប់គ្រាន់​ទេ បើ​គ្រាន់តែ​ព្យាយាម​ដោយ​ធម្មតា​ដើម្បី​តតាំង​នឹង​អំពើអាក្រក់ ឬ​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​គ្មាន​អំពើបាប​សោះ​នោះ ។ អ្នក​ត្រូវតែ​បំពេញ​ជីវិត​អ្នក​នូវ​ឥទ្ធិពល​សុចរិត ហើយ​ចូលរួម​ក្នុង​សកម្មភាព​ទាំងឡាយ​ណា​ដែល​នាំ​ឲ្យ​មាន​អំណាច​ខាង​វិញ្ញាណ ។ ចូរ​សិក្សា​ព្រះគម្ពីរ​ឲ្យ​បាន​ដិតដល់ ។ ចូរ​អធិស្ឋាន​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ព្រះអម្ចាស់​ប្រទាន​កម្លាំង​ដែល​លើស​ពី​សមត្ថភាព​របស់​អ្នក ។ ពេល​ខ្លះ ចូរ​តមអាហារ​សម្រាប់​ពរជ័យ​ពិសេស ។

ការគោរពប្រតិបត្តិ​ដ៏​ពេញលេញ​នាំ​មក​នូវ​អំណាច​ដ៏​ពេញលេញ​នៃ​ដំណឹងល្អ​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក រួមបញ្ចូល​ទាំង​ភាពខ្លាំង​កាន់តែ​ច្រើន ដើម្បី​យកឈ្នះ​លើ​ភាពទន់ខ្សោយ​របស់​អ្នក ។ ការគោរពប្រតិបត្តិ​នេះ​រួម​មាន​សកម្មភាព​ទាំងឡាយ ដែល​ពីដំបូង អ្នក​អាច​នឹង​មិន​គិត​ថា​ជា​ផ្នែក​នៃ​ការប្រែចិត្ត​នោះ​ទេ​មាន​ដូចជា ការចូលរួម​ការប្រជុំ​នានា ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ការបម្រើ និង​ការអភ័យទោស​ដល់​មនុស្សដទៃ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​សន្យា​ថា « អ្នក​ណា​ដែល​ប្រែចិត្ត ហើយ​ធ្វើតាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះអម្ចាស់ នោះ​នឹង​បាន​អត់ទោស » ( គ. និង ស. ១:៣២ ) ។

បោះពុម្ព