ធនធាន​ផ្សេង​ទៀត
ការរស់ឡើងវិញ


« ការរស់ឡើងវិញ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៣៩–១៤០

« ការរស់ឡើងវិញ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១៣៩–១៤០

ការរស់ឡើងវិញ

ដោយសារ​ការធ្លាក់​នៃ​លោក​អ័ដាម និង​នាង​អេវ៉ា យើង​ត្រូវ​ដាក់​ឲ្យ​នៅ​ក្រោម​អំណាច​នៃ​សេចក្តីស្លាប់​ខាង​សាច់ឈាម ដែល​ជា​ការបែកចេញ​នៃ​វិញ្ញាណ​ពី​រូបកាយ ។ តាមរយៈ​ដង្វាយធួន​របស់ព្រះយេស៊ូវគ្រីស្ទ នោះ​មនុស្ស​ទាំងអស់​នឹង​បាន​រស់ឡើងវិញ—បាន​សង្គ្រោះ​ពី​សេចក្ដីស្លាប់​ខាង​សាច់ឈាម ( សូម​មើល កូរិនថូស ទី១ ១៥:២២ ) ។ ការរស់ឡើងវិញ​គឺជា​ការរួបរួមរវាង​​វិញ្ញាណ​នឹង​រូបកាយ​នៅក្នុង​ស្ថានភាព​អមតភាព​ល្អ​ឥតខ្ចោះ​មួយ ដោយ​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​ជំងឺ ឬ​សេចក្ដីស្លាប់​ទៀត​ឡើយ ( សូម​មើល អាលម៉ា ១១:៤២–៤៥ ) ។

ព្រះអង្គ​សង្គ្រោះគឺ​ជា​អង្គ​ដំបូងគេ​នៅ​លើ​ផែនដី​នេះ ដែល​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ។ ព្រះគម្ពីរ​សញ្ញាថ្មី​មាន​នូវ​ដំណើររឿង​ជា​ច្រើន ដែល​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​បាន​ងើប​ចេញ​ពី​ផ្នូរ ( សូម​មើល ម៉ាថាយ ២៨:១–៨, ម៉ាកុស ១៦:១–១៤, លូកា ២៤:១–៤៨, យ៉ូហាន ២០:១–២៩, កូរិនថូស ទី១ ១៥:១–៨, ពេត្រុស ទី២ ១:១៦–១៧ ) ។

នៅ​ពេល​ព្រះអម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់ឡើងវិញ​បាន​បង្ហាញ​ព្រះកាយ​មក​ឯ​ពួក​សាវក​ទ្រង់ នោះ​ទ្រង់​បាន​ជួយ​ពួកគេ​ឲ្យ​យល់​ថា ទ្រង់​មាន​ព្រះកាយ​ជា​សាច់ និង​ឆ្អឹង ។ ទ្រង់​បាន​មាន​បន្ទូល​ថា « ចូរ​មើល​មក​ដៃ និង​ជើង​ខ្ញុំ ឲ្យ​បាន​ដឹង​ថា នេះ​គឺ​ខ្ញុំ​ពិត​មែន ចូរ​ពាល់​ខ្ញុំ​មើល ដ្បិត​ខ្មោច​គ្មាន​សាច់ ឬ​ឆ្អឹង ដូច​ជា​ឃើញ​ខ្ញុំ​នេះ​ទេ » ( លូកា ២៤:៣៩ ) ។ ទ្រង់​ក៏​បាន​បង្ហាញ​ព្រះកាយ​ដល់​ពួក​សាសន៍​នីហ្វៃ បន្ទាប់​ពី​ទ្រង់​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ​ដែរ ( សូម​មើល នីហ្វៃទី ៣ ១១:១០–១៧ ) ។

នៅ​ពេល​រស់ឡើងវិញ យើង​នឹង « ទទួល​ការជំនុំជម្រះ ស្រប​តាម​កិច្ចការ​ទាំងឡាយ​ដែល [ យើង ] បាន​ប្រព្រឹត្ត ។ … យើង​នឹង​បាន​នាំ​ទៅ​ឈរ​នៅ​ចំពោះ​ព្រះ ដោយ​ដឹង​នូវ​អ្វីៗ​ដូច​ជា​យើង​ដឹង​ក្នុង​ពេល​ឥឡូវ​នេះ ហើយ​នឹង​នឹក​ឃើញ​ឡើង​វិញ​យ៉ាង​ជាក់​ច្បាស់​នូវ​អស់​ទាំង​ទោសកំហុស​របស់​យើង » ( អាលម៉ា ១១:៤១, ៤៣ ) ។ សិរីល្អ​ដ៏​នៅ​អស់កល្ប​ជានិច្ច ដែល​យើង​ទទួលបាន នឹង​អាស្រ័យ​ទៅ​លើ​ភាពស្មោះត្រង់​របស់​យើង ។ ទោះបីជា​មនុស្ស​ទាំងអស់​នឹង​ត្រូវ​រស់ឡើងវិញ​ក្ដី មាន​តែ​អស់​អ្នក​ដែល​មក​ឯ​ព្រះគ្រីស្ទ ហើយ​បាន​ទទួលយក​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ទ្រង់​ប៉ុណ្ណោះ ទើប​បាន​ទទួល​ការលើកតម្កើង​ឡើង​នៅ​ក្នុង​នគរ​សេឡេស្ទាល​ទុក​ជា​មរតក ។

ការយល់ដឹង និង​ទីបន្ទាល់​អំពី​ការរស់ឡើងវិញ​អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​ក្ដី​សង្ឃឹម និង​ទស្សនវិស័យ ពេល​អ្នក​ជួប​នឹង​ឧបសគ្គ ការសាកល្បង ភាពជោគជ័យ​ក្នុង​ជីវិត ។ អ្នក​អាច​រកឃើញ​ការលួងលោមចិត្ត​នៅ​ក្នុង​ការអះអាង​ថា ព្រះអង្គសង្គ្រោះ​មាន​ព្រះជន្ម​រស់ ហើយ​ថា​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ នោះ « ទ្រង់​ផ្ដាច់​ចំណងទាំងឡាយ​នៃ​សេចក្ដីស្លាប់ ដើម្បី​កុំ​ឲ្យ​ផ្នូរ​មាន​ជ័យជម្នះ ហើយ​ដើម្បី​ឲ្យ​ទ្រនិច​នៃ​សេចក្ដីស្លាប់​ត្រូវ​បាន​លេប​ទៅក្នុង​សេចក្ដីសង្ឃឹម​នៃ​សិរីល្អ » ( អាលម៉ា ២២:១៤ ) ។

បោះពុម្ព