ធនធាន​ផ្សេង​ទៀត
វិវរណៈ


« វិវរណៈ » ពិត​ចំពោះ​សេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៤០–១៤៤

« វិវរណៈ » ពិត​ចំពោះ​សេចក្ដីជំនឿ ទំព័រ ១៤០–១៤៤

វិវរណៈ

វិវរណៈ​គឺ​ជា​ទំនាក់​ទំនង​មកពី​ព្រះ​ទៅ​កាន់​បុត្រាបុត្រី​របស់​ទ្រង់ ។ ការដឹកនាំ​នេះ​កើតឡើង​តាម​វិធី​ផ្សេងៗ ស្រប​ទៅ​តាម​សេចក្តីត្រូវការ និង​កាលៈទេសៈ​របស់​បុគ្គល​ម្នាក់ៗ គ្រួសារ និង​សាសនាចក្រ​ទាំងមូល ។

នៅ​ពេល​ព្រះ​អម្ចាស់​បើក​សម្តែង​ព្រះឆន្ទៈ​របស់​ទ្រង់​ទៅ​កាន់​សាសនាចក្រ នោះ​ទ្រង់​មាន​ព្រះបន្ទូល​តាមរយៈ​ព្យាការី​របស់​ទ្រង់ ។ ព្រះគម្ពីរ​មាន​នូវ​វិវរណៈ​ប្រភេទ​នោះ​ជា​ច្រើន—ដែល​ជា​ព្រះបន្ទូល​ព្រះអម្ចាស់ តាមរយៈ​ព្យាការី​ជំនាន់​បុរាណ និង​ថ្ងៃ​ចុងក្រោយ ។ សព្វថ្ងៃនេះ ព្រះអម្ចាស់​បន្ត​ដឹកនាំ​សាសនាចក្រ ដោយ​បើក​សម្ដែង​ព្រះហឫទ័យ​របស់​ទ្រង់​ដល់​ពួក​អ្នក​បម្រើ​ដែល​បាន​ទ្រង់​បាន​ជ្រើសរើស ។

ព្យាការី​មិន​មែន​ជា​មនុស្ស​តែ​ម្នាក់​ដែល​អាច​ទទួល​វិវរណៈ​នោះ​ទេ ។ ស្របទៅ​តាម​សេចក្តីស្មោះត្រង់​របស់​អ្នក នោះ​អ្នក​អាច​ទទួល​វិវរណៈ ដើម្បី​ជួយ​អ្នក​បំពេញ​តាម​សេចក្តីត្រូវការ​ជាក់លាក់ ការទទួលខុសត្រូវ និង​ឆ្លើយ​សំណួរ​នានា ថែមទាំង​ដើម្បី​ជួយ​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​ដែរ ។

ការរៀបចំខ្លួន​ដើម្បី​ទទួល​វិវរណៈ​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ

បទគម្ពីរ​បាន​ប្រាប់​ពី​បែប​ខុសៗ​គ្នា​នៃ​វិវរណៈ​ដូចជា ការនិមិត្ត សុបិន និង​ការយាង​មក​ជួប​ដោយ​ពួកទេវតា ។ តាមរយៈ​វិធី​ទាំងនោះ ព្រះអម្ចាស់​បាន​ស្ដារ​ដំណឹងល្អ​របស់​ទ្រង់​ឡើង​វិញ​នៅ​ថ្ងៃចុងក្រោយ ហើយ​បាន​បើក​សម្ដែង​សេចក្ដីពិត​នានា ទាក់ទង​ទៅ​នឹង​គោលលទ្ធិ​ផ្សេងៗ​ដូចជា ជីវិត​មុន​ឆាក​ជីវិត​នេះ ការប្រោសលោះ​មនុស្ស​ស្លាប់ និង​នគរ​នៃ​សិរីល្អ​ទាំង​បី ។ ទោះបីជាយ៉ាងណាក៏ដោយ វិវរណៈ​ភាគ​ច្រើន​ដែល​បាន​ប្រទាន​ដល់​ថ្នាក់​ដឹកនាំ និង​សមាជិក​សាសនាចក្រ បាន​មក​តាមរយៈ​ការខ្សឹប​ប្រាប់​ពី​ព្រះវិញ្ញាណបរិសុទ្ធ ។

ការបំផុសគំនិត​ខាង​វិញ្ញាណ​ដ៏​ស្ងប់ស្ងាត់​អាច​ហាក់ដូចជា​មិន​ច្បាស់​ដូច​ការនិមិត្ត ឬ​ការយាង​មក​ជួប​នៃ​ពួកទេវតា​នោះ​ទេ ប៉ុន្តែ​វា​កាន់តែ​មាន​អំណាច និង​យូរអង្វែង ហើយ​នាំ​ឲ្យ​មាន​ការផ្លាស់ប្តូរ​នៅ​ក្នុង​ជីវិត ។ សាក្សី​មក​ពី​ព្រះវិញ្ញាណបរិសុទ្ធ​ធ្វើ​ឲ្យ​មាន​ការចាប់អារម្មណ៍​ដល់​ព្រលឹង ដែល​មាន​សារៈសំខាន់​ខ្លាំង​ជាង​អ្វី​ណា​មួយ ដែល​យើង​អាច​មើល​ឃើញ និង​ស្តាប់​ឮ​ទៅ​ទៀត ។ តាមរយៈ​វិវរណៈ​ប្រភេទ​នេះ អ្នក​នឹង​ទទួលបាន​ភាពរឹងមាំ​ដ៏​យូរអង្វែង​ដើម្បី​បន្ត​ស្មោះត្រង់​ចំពោះ​ដំណឹងល្អ ហើយ​ជួយ​អ្នកដទៃ​ធ្វើ​ដូចគ្នា​ដែរ ។

ការប្រឹក្សា​ខាង​ក្រោម​នឹង​ជួយ​អ្នក​ឲ្យ​រៀបចំ​ទទួល​បាន​ការបំផុសគំនិត​មក​ពី​ព្រះវិញ្ញាណបរិសុទ្ធ ៖

អធិស្ឋាន​ទូល​សូម​ការដឹកនាំ ។

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក ៖ ដ្បិត​អស់​អ្នក​ណា​ដែល​សូម នោះ​រមែង​បាន អ្នក​ណា​ដែល​រក នោះ​រមែង​ឃើញ ហើយ​នឹង​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ » ( ម៉ាថាយ ៧:៧–៨ ) ។ ដើម្បី​រក​ឲ្យ​ឃើញ និង​ទទួលបាន អ្នក​ត្រូវតែ​ស្វែងរក និង​សូម ។ ប្រសិនបើ​អ្នក​មិន​គោះ​ទេ—ដែល​ជា​ការអធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌​ទូល​សូម​ការដឹកនាំ​—នោះ​ទ្វារ​នៃ​វិវរណៈ​នឹង​មិន​បើក​ឲ្យ​អ្នក​ឡើយ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ទៅ​រក​ព្រះវរបិតា​នៅ​ក្នុង​ការអធិស្ឋាន​ដ៏​រាបសា នោះ​ទីបំផុត​អ្នក​អាច « ទទួល​វិវរណៈ​ថែម​ទៅ​លើ​វិវរណៈ តម្រិះ​ថែម​ទៅ​លើ​តម្រិះ ដើម្បី​ឲ្យ​អ្នក​អាច​បាន​ស្គាល់​សេចក្ដី​អាថ៌​កំបាំង​ទាំង​ឡាយ និង​របស់​ទាំង​ឡាយ​ដ៏​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត—ដែល​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​អំណរ ជា​អ្វី​ដែល​នាំ​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( គ. និង ស. ៤២:៦១ ) ។

មាន​គារវភាព ។

គារវភាព​គឺ​ជា​សេចក្តីគោរព និង​សេចក្តីស្រឡាញ់​ដ៏​ជ្រាលជ្រៅ ។ នៅ​ពេល​អ្នក​មាន​គារវភាព និង​ពេញ​ដោយ​ភាពសុខសាន្ត នោះ​អ្នក​បាន​អញ្ជើញ​វិវរណៈ​ឲ្យ​កើត​មាន ។ ទោះជា​ពេល​ដែល​អ្វីៗ​គ្រប់​យ៉ាង​នៅ​ជុំវិញ​ខ្លួន​អ្នក ស្ថិត​នៅ​ក្នុង​ភាពរំជើបរំជួល​ខ្លាំង​ក្ដី អ្នក​អាច មាន​ឥរិយាបទ​គារវភាព និង​រៀបចំ​ដើម្បី​ទទួល​ការដឹកនាំ​ពី​ព្រះអម្ចាស់​បាន ។

មាន​ចិត្ត​រាបសា ។

ភាពរាបសា​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​នឹង​គារវភាព ។ នៅ​ពេល​អ្នក​មាន​ចិត្ត​រាបសា នោះ​អ្នក​ទទួលស្គាល់​ការពឹងផ្អែក​របស់​អ្នក​ទៅ​លើ​ព្រះអម្ចាស់ ។ ព្យាការី​មរមន​បាន​បង្រៀន​ថា « ដោយសារ​ការស្លូតបូត និង​ចិត្ត​សុភាព​រាបសា ទើប​មាន​វត្តមាន​នៃ​ព្រះ​វិញ្ញាណបរិសុទ្ធ ដែល​ជា​ព្រះ​ដ៏​ជា​ជំនួយ ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​សង្ឃឹម និង​សេចក្ដី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ » ( មរ៉ូណៃ ៨:២៦ ) ។

គោរព​តាម​ព្រះបញ្ញត្តិ

នៅ​ពេល​អ្នក​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ នោះ​អ្នក​ត្រូវបាន​រៀបចំ​ដើម្បី​ទទួលបាន ទទួលស្គាល់ និង​ធ្វើតាម​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​សន្យា​ថា « ចំពោះ​អ្នក​ណា​ដែល​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​យើង​នឹង​ប្រទាន​សេចក្ដីអាថ៌កំបាំង​ទាំងឡាយ​នៃ​នគរ​របស់​យើង ហើយ​ដដែល​នេះ​នឹង​នៅ​ក្នុង​អ្នក​នោះ ដូច​ជា​អណ្ដូងទឹក​រស់​ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់កល្ប​ជានិច្ច » ( គ. និង ស. ៦៣:២៣ ) ។

ទទួលទាន​សាក្រាម៉ង់​ដោយភាព​សក្ដិសម ។

ពាក្យ​អធិស្ឋាន​សាក្រាម៉ង់​បង្រៀន​ពី​របៀប​ដើម្បី ទទួលបាន​ភាពជាដៃគូ​ដ៏​ជាប់លាប់​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ នៅ​ពេល​អ្នក​ទទួលទាន​សាក្រាម៉ង់ នោះ​អ្នក​ធ្វើ​ជា​សាក្សី​ចំពោះ​ព្រះ​ថា អ្នក​នឹង​មាន​ឆន្ទៈ​លើក​ដាក់​មក​លើ​ខ្លួន​អ្នក​នូវ​ព្រះនា​ម​នៃ​ព្រះយេស៊ូវគ្រីស្ទ ថា​អ្នក​នឹង​ចងចាំ​ព្រះរាជបុត្រា​ទ្រង់​ជានិច្ច ហើយ​ថា​អ្នក​នឹង​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ ព្រះវរបិតាសួគ៌​មាន​បន្ទូល​សន្យា​ថា ពេល​អ្នក​គោរព​តាម​សេចក្តីសញ្ញា​ទាំងនេះ អ្នក​នឹង​មាន​ព្រះវិញ្ញាណ​គង់​នៅ​ជាមួយ​អ្នក​ជានិច្ច ។ ( សូម​មើល គ. និង ស. ២០:៧៧, ៧៩ ) ។

សិក្សា​ព្រះគម្ពីរ​រៀង​រាល់​ថ្ងៃ ។

នៅ​ពេល​អ្នក​សិក្សា​ព្រះគម្ពីរ​ដោយ​សេចក្តី​ឧស្សាហ៍ នោះ​អ្នក​រៀនសូត្រ​ពី​គំរូ​របស់​បុរស និង​ស្ត្រី ដែល​មាន​ជីវិត​ទទួលបាន​ពរជ័យ ពេល​ពួកគេ​ធ្វើតាម​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​ដែល​បាន​បើក​សម្ដែង​នោះ ។ អ្នក​ក៏​នឹង​កាន់តែ​ទទួល​បាន​អារម្មណ៍​ពី​ព្រះវិញ្ញាណបរិសុទ្ធ​នៅ​ក្នុង​ជីវិត​របស់​អ្នក​ផ្ទាល់​ដែរ ។ នៅ​ពេល​អ្នក​អាន ហើយ​គិត​ពិចារណា អ្នក​នឹង​ទទួលបាន​វិវរណៈ អំពី​របៀប​ដែល​វគ្គបទគម្ពីរ​ជាក់លាក់​អនុវត្ត​ចំពោះ​អ្នក ឬ​អំពី​អ្វី​មួយ​ផ្សេង​ទៀត ដែល​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​ទាក់ទង​ជាមួយ​អ្នក ។ ដោយសារតែ​ការអាន​ព្រះគម្ពីរ​អាច​ជួយ​អ្នក​ឲ្យ​ទទួលបាន​វិវរណៈ​ផ្ទាល់ខ្លួន នោះ​អ្នក​គួរតែ​សិក្សា​ព្រះគម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ។

ចំណាយ​ពេល​ដើម្បី​ពិចារណា ។

នៅ​ពេល​អ្នក​ចំណាយ​ពេល​វេលា​ដើម្បី​ពិចារណា​អំពី​សេចក្តីពិត​នៃ​ដំណឹងល្អ នោះ​អ្នក​បើក​គំនិត និង​ចិត្ត​ទទួល​យក​ព្រះចេស្តា​ដឹកនាំមក​​ពី​ព្រះវិញ្ញាណបរិសុទ្ធ ( សូម​មើល នីហ្វៃទី ១ ១១:១, គ. និង ស. ៧៦:១៩, ១៣៨:១–១១ ) ។ ការពិចារណា​នាំ​យក​គំនិត​របស់​អ្នក​ចេញ​ពី​ការណ៍​ទាំងឡាយ​ដែល​មិន​ល្អ​នៃ​លោកិយ ហើយ​នាំ​អ្នក​ខិត​ទៅ​កាន់តែ​ជិត​ព្រះវិញ្ញាណ ។

នៅ​ពេល​ស្វែងរក​ការដឹកនាំ​ជាក់លាក់ ចូរ​សិក្សា​ពី​បញ្ហា​នោះ​នៅ​ក្នុង​គំនិត​របស់​អ្នក ។

ពេលខ្លះ ទំនាក់ទំនង​ពី​ព្រះអម្ចាស់​នឹង​កើតឡើង​តែ​បន្ទាប់ពី​អ្នក​បាន​សិក្សា​លើ​បញ្ហា​នោះ​នៅ​ក្នុង​គំនិត​ផ្ទាល់​របស់​អ្នក​ប៉ុណ្ណោះ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ពន្យល់​អំពី​ដំណើរការ​នេះ​ទៅ​កាន់ អូលីវើរ ខៅឌើរី ដែល​បាន​បម្រើ​ជា​ស្មៀន​របស់ យ៉ូសែប ស៊្មីធ ក្នុង​ការបកប្រែ​ភាគ​ច្រើន​នៃ​ព្រះគម្ពីរ​មរមន ។ តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់ អូលីវើរ ខៅឌើរី ដោយ​ពន្យល់​ពី​មូលហេតុ​ដែល អូលីវើរ មិន​អាច​បកប្រែ​ព្រះគម្ពីរ​មរមន​បាន ទោះបីជា​គាត់​បាន​ទទួល​អំណោយទាន​នៃ​ការបកប្រែ​ក៏​ដោយ ៖ « មើលចុះ អ្នក​ពុំ​យល់​ឡើយ អ្នក​បាន​សន្និដ្ឋាន​ថា យើង​នឹង​ប្រទាន​ឯកសិទ្ធិ​នេះ​ដល់​អ្នក កាល​អ្នក​ពុំ​បាន​យក​មក​គិត​សោះ ក្រៅ​ពី​សុំ​ពី​យើង ។ ប៉ុន្តែ​មើល​ចុះ យើង​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​សិក្សា​ក្នុង​គំនិត​របស់​អ្នក រួច​ហើយ អ្នក​ត្រូវ​សូម​ដល់​យើង បើ​សិន​ជា​ការណ៍​នោះ​ត្រឹម​ត្រូវ ហើយ​បើ​សិន​ជា​ត្រឹមត្រូវ នោះ​យើង​នឹង​បណ្ដាល​ឲ្យ​ទ្រូង​របស់​អ្នក​ខ្មួលខ្មាញ់​ខាង​ក្នុង ហេតុដូច្នោះហើយ អ្នក​នឹង​មាន​អារម្មណ៍​ថា ការណ៍​នោះ​ត្រឹមត្រូវ » ( គ. និង ស. ៩:៧–៨ ) ។

ស្វែងយល់​ពី​ព្រះហឫទ័យ​របស់​ព្រះ​ដោយភាព​​អត់ធ្មត់ ។

ព្រះ​ទ្រង់​បើកសម្ដែង​អង្គ​ទ្រង់ « តាម​ពេល​វេលា​របស់​ទ្រង់ និង​តាម​ផ្លូវ​របស់​ទ្រង់ និង​ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់ » ( សូម​មើល គ. និង ស. ៨៨:៦៣–៦៨ ) ។ វិវរណៈ​អាច​នឹង​កើតឡើង​ដល់​អ្នក « មួយ​បន្ទាត់​ម្តងៗ​មួយ​សិក្ខាបទ​ម្ដងៗ ឯណេះ​បន្តិច ឯណោះ​បន្តិច » ( នីហ្វៃទី ២ ២៨:៣០, សូម​មើល​ផងដែរ អេសាយ ២៨:១០, គ. និង ស. ៩៨:១២ ) ។ ចូរ​កុំ​ព្យាយាម​បង្ខំ​ការណ៍​ខាង​វិញ្ញាណ​ឡើយ ។ វិវរណៈ​មិន​កើតឡើង​តាម​របៀប​នោះ​ទេ ។ ចូរ​មាន​ភាពអត់ធ្មត់ ហើយ​ទុកចិត្ត​លើ​កាល​កំណត់​របស់​ព្រះអម្ចាស់ ។

ការទទួលស្គាល់​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណបរិសុទ្ធ

នៅ​ក្នុង​ចំណោម​សំឡេង​អ៊ូអរ និង​សារ​ជាច្រើន​ក្នុង​លោកិយ​សព្វថ្ងៃ​នេះ អ្នក​ត្រូវតែ​រៀន​​ស្គាល់​ការខ្សឹប​ប្រាប់​ពី​ព្រះវិញ្ញាណបរិសុទ្ធ ។ ខាង​ក្រោម​នេះ​គឺ​ជា​របៀប​សំខាន់ៗ​ដែល​ព្រះវិញ្ញាណបរិសុទ្ធ​ទាក់ទង​មក​យើង ៖

ទ្រង់​មាន​បន្ទូល​ទៅ​កាន់​គំនិត និង​ចិត្ត ក្នុង​ទម្រង់​ជា​សំឡេង​​ដ៏តូច​រហៀង​មួយ ។

ព្រះអម្ចាស់​បាន​ត្រាស់បង្គាប់​ថា « យើង​នឹង​ប្រាប់​អ្នក​នៅ​ក្នុង​គំនិត​របស់​អ្នក និង​នៅក្នុង​ចិត្ត​របស់​អ្នក ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​នឹង​សណ្ឋិត​មក​លើ​អ្នក ហើយ​ដែល​នឹង​គង់​នៅក្នុង​ចិត្ត​របស់​អ្នក ។ ឥឡូវ​នេះ មើលចុះ នេះ​គឺ​ជា​វិញ្ញាណ​នៃ​វិរវណៈ » ( គ. និង ស. ៨:២–៣ ) ។ ពេលខ្លះ ព្រះវិញ្ញាណបរិសុទ្ធ​នឹង​ជួយ​អ្នក​ឲ្យ​យល់​អំពី​សេចក្តីពិត​នៃ​ដំណឹងល្អ ឬ​ផ្តល់​ការបំផុសគំនិត​ដល់​អ្នក ដែល « ហាក់ដូចជា ជាប់​នៅ​ក្នុង​សតិ [ របស់​អ្នក ] ហើយ​ជ្រួត​ជ្រាប​មក​ក្នុង​អារម្មណ៍ [ របស់​អ្នក ] យ៉ាង​ខ្លាំង » ( គ. និង ស. ១២៨:១ ) ។ ទោះជា​វិវរណៈ​ប្រភេទ​នោះ​អាច​មាន អានុភាព​ខ្លាំង​មក​លើ​អ្នក​ក្ដី ក៏​វា​កើតឡើង​ស្ទើរតែ​ជានិច្ចកាល​ដោយ​ស្ងប់ស្ងាត់​ជា « សំឡេង​តូច​រហៀង » ( សូម​មើល ពង្សាវតារក្សត្រ ទី១ ១៩:៩–១២, ហេលេមិន ៥:៣០, គ. និង ស. ៨៥:៦ ) ។

ទ្រង់​បំផុសគំនិត​យើង​តាមរយៈ​អារម្មណ៍​របស់​យើង ។

ទោះជា​ញឹកញាប់ យើង​ពិពណ៌នា​ទំនាក់ទំនង​ពី​ព្រះវិញ្ញាណ​ជា​សំឡេង​តូច​រហៀង​ក្ដី ក៏​សំឡេង​នោះ​គឺ​តែ​មួយ ជា​អារម្មណ៍​ដែល​យើង​ទទួលបាន​ច្រើន​ជាង​ស្ដាប់​ឮ ។ ហើយ​ខណៈ​ដែល​យើង​និយាយ​អំពី « ការស្ដាប់ » ទៅ​នឹង​ការខ្សឹប​ប្រាប់​ពី​ព្រះវិញ្ញាណបរិសុទ្ធ នោះ​ជា​ញឹកញាប់ យើង​ពិពណ៌នា​អំពី​ការបំផុសគំនិត​ដោយ​ពោល​ថា « ខ្ញុំ​ទទួលបាន​អារម្មណ៍​មួយ … » ព្រះឱវាទ​របស់​ព្រះអម្ចាស់​ទៅ​ដល់ អូលីវើរ ខៅឌើរី នៅ​ក្នុង កណ្ឌ​ទី ៩ នៃ​គោលលទ្ធិ និង សេចក្ដីសញ្ញា ដែល​មាន​ពិពណ៌នា​នៅ​ទំព័រ​ ១៤៣ បង្រៀន​អំពី​គោលការណ៍​នេះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​ខ្លះ ព្រះឱវាទ​នេះ​ត្រូវបាន​គេ​យល់​ខុស ។ ស្ដីពី​ការដកស្រង់​នោះ សមាជិក​មួយ​ចំនួន​នៃ​សាសនាចក្រ​មាន​ការយល់ខុស ដោយ​ភ័យខ្លាច​ថា ពួកគេ​មិនដែល​បាន​ទទួល​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណបរិសុទ្ធ ដោយសារ​ពួកគេ​ពុំ​ដែល​មាន​អារម្មណ៍​ខ្មួលខ្មាញ់​នៅ​ក្នុង​ទ្រូង​របស់​ពួកគេ​ឡើយ ។ ចូរ​កត់ចំណាំ​ព្រះបន្ទូល​ចុងក្រោយ​របស់​ព្រះអម្ចាស់​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩:៨ ៖ « ហេតុដូច្នោះហើយ អ្នក​នឹង​មាន​អារម្មណ៍​ថា ការណ៍​នោះ​ត្រឹមត្រូវ » ។ ភាពខ្មួលខ្មាញ់​ដែល​មាន​ពិពណ៌នា​នៅ​ក្នុង​វគ្គបទគម្ពីរ​នេះ​ជា​សញ្ញា​ប្រាប់​ឲ្យ​ដឹង​អំពី​ការលួងលោមចិត្ត និង​ភាពស្ងប់ចិត្ត ដោយ​មិន​គិត​ពី​វេទនារម្មណ៍​ឡើយ ។ នៅ​ពេល​អ្នក​បន្ត​ស្វែងយល់ ហើយ​ធ្វើតាម​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ជីវិត​របស់​អ្នក នោះ​អ្នក​នឹង​បាន​ស្គាល់​ពី​របៀប ដែល​ព្រះវិញ្ញាណបរិសុទ្ធ​មាន​ឥទ្ធិពល​មក​លើ​អ្នក​ដោយ​ផ្ទាល់ ។

ទ្រង់​នាំ​មក​នូវ​ភាពសុខសាន្ត ។

ជាញឹកញាប់ ព្រះវិញ្ញាណបរិសុទ្ធ​ត្រូវបាន​ហៅ​ថា​ជា​ព្រះ​ដ៏​ជា​ជំនួយ ( សូម​មើល យ៉ូហាន ១៤:២៦, គ. និង ស. ៣៩:៦ ) ។ នៅ​ពេល​ទ្រង់​បើកសម្ដែង​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​ដល់​អ្នក ទ្រង់​នឹង « និយាយ​ដោយ​ភាពសុខសាន្ត​ដល់​គំនិត​របស់​អ្នក » ( គ. និង ស. ៦:២៣ ) ។ ភាពសុខសាន្ត​ដែល​ទ្រង់​ប្រទាន​ឲ្យ មិន​អាច​បន្លំ​ដោយ​ឥទ្ធិពល​ខាង​លោកិយ ឬ​ការបង្រៀន​ក្លែងក្លាយ​បាន​ឡើយ ។ វា​ជា​ភាពសុខសាន្ត ដែល​ព្រះអង្គសង្គ្រោះ​បាន​សន្យា កាល​ទ្រង់​បាន​អះអាង​ដល់​ពួកសិស្ស​របស់​ទ្រង់​ថា « ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខសាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ ។ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ » ( យ៉ូហាន ១៤:២៧ ) ។

បោះពុម្ព