ធនធាន​ផ្សេង​ទៀត
ពលិកម្ម


« ពលិកម្ម » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៤៩–១៥០

« ពលិកម្ម » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១៤៩–១៥០

ពលិកម្ម

ពលិកម្ម​គឺជា​ការលះបង់​អ្វី​មួយ ដែល​យើង​ផ្ដល់​តម្លៃ​ដើម្បី​អ្វី​មួយ​ដែល​មាន​តម្លៃ​កាន់តែ​​ខ្ពស់​ ។ ក្នុង​នាម​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ យើង​មាន​ឱកាស​ដើម្បី​ពលី​វត្ថុ​ទាំងឡាយ​ខាង​លោកិយ សម្រាប់​ព្រះអម្ចាស់ និង​នគរ​របស់​ទ្រង់ ។ សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គួរតែ​មាន​ឆន្ទៈ​ពលី​អ្វី​មួយ ដែល​ព្រះអម្ចាស់​ទ្រង់​តម្រូវ ។ ប្រសិនបើ​យើង​មិន​ត្រូវបាន​តម្រូវ​ឲ្យ​ពលី​ទេ​នោះ យើង​នឹង​មិន​អាច​បណ្តុះ​សេចក្តីជំនឿ​ដែល​ចាំបាច់​ចំពោះ​សេចក្តីសង្គ្រោះ​ដ៏​នៅ​អស់កល្ប​ជានិច្ច​បាន​ទេ ។

ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ពលិកម្ម​ដ៏​មហិមា និង​អស់កល្ប​ជានិច្ច នៅ​ត្រង់​ចំណុច​កណ្ដាល​នៃ​ដំណឹងល្អ ( សូម​មើល អាលម៉ា ៣៤:៨–១៦ ) ។ មុន​ពេល​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ដង្វាយធួន រាស្ត្រ​នៃ​សេចក្តីសញ្ញា​របស់​ទ្រង់​បាន​ថ្វាយ​យញ្ញបូជា​សត្វ ដែល​ជា​និមិត្តរូប​នៃ​ពលិកម្ម​របស់​ទ្រង់ ។ ការអនុវត្ត​នេះ​បាន​ជួយ​ឲ្យ​ពួកគេ​សំឡឹង​ទៅ​មុខ​ឆ្ពោះ​ទៅ​កាន់​ដង្វាយធួន ( សូម​មើល ម៉ូសេ ៥:៤–៨ ) ។ ការត្រាស់បង្គាប់​ឲ្យ​ថ្វាយ​យញ្ញបូជា​សត្វ​បាន​បញ្ចប់​ជាមួយ​នឹង​ការសុគត​របស់​ព្រះយេស៊ូវគ្រីស្ទ ។ នៅ​ក្នុង​សាសនាចក្រ​សព្វថ្ងៃ​នេះ យើង​ទទួលទាន​សាក្រាម៉ង់ ដើម្បី​រំឭក​ចាំ​ពី​ពលិកម្មធួន​របស់​ព្រះអង្គសង្គ្រោះ ។

បន្ថែម​ពី​លើ​ការចងចាំ​ដល់​ពលិកម្មធួន​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​ត្រូវ​ថ្វាយ​ពលិកម្ម​ផ្ទាល់ខ្លួន​របស់​យើង​ដែល​ជា ៖ ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប ។ ព្រះអង្គសង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ថា « អ្នក​រាល់​គ្នា​មិន​ត្រូវ​ថ្វាយ​ដល់​យើង​នូវ​ការ​ខ្ចាយ​ឈាម​ទៀត​ទេ មែន​ហើយ យញ្ញ​បូជា និង​ដង្វាយ​ដុត​ទាំងឡាយ​របស់​អ្នក​នឹង​ត្រូវ​ចោល ។ … ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ដល់​យើង​នូវ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប​វិញ ។ ហើយ​អស់​អ្នក​ណា​ដែល​មក​រក​យើង ដោយ​មាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់​ទាប អ្នក​នោះ​ហើយ​ដែល​យើង​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ភ្លើង និង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ( នីហ្វៃទី ៣ ៩:១៩–២០ ) ។

ដើម្បី​មាន​ចិត្តសង្រេង និង​វិញ្ញាណទន់ទាប គឺ​ត្រូវ​មាន​ភាពរាបសា និង​ទទួល​យក​តាម​ព្រះហឫទ័យ​របស់​ព្រះ និង​តាម​ដំបូន្មាន​នៃ​អស់​អ្នក ដែល​ទ្រង់​បាន​ហៅ​ឲ្យ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ។ វា​ក៏​មាន​ន័យ​ផង​ដែរ​ថា ត្រូវ​មាន​អារម្មណ៍ សោកស្តាយ​យ៉ាង​ពន់ពេក​ចំពោះ​អំពើបាប ថែមទាំង​មាន​បំំណង​ដ៏​ស្មោះ​ដើម្បី​ប្រែចិត្ត ។ ព្យាការី​ លីហៃ​បាន​គូសសម្គាល់​អំពី​សារៈសំខាន់​នៃ​ការថ្វាយ​ពលិកម្ម​ដូចនេះ ៖ « មើល​ចុះ [ ព្រះគ្រីស្ទ ] ថ្វាយ​រូបអង្គ​ទ្រង់​ជា​យញ្ញ​បូជា​ជំនួស​អំពើ​បាប ដើម្បី​តបស្នង​ការ​ចុង​បំផុត​នៃ​ក្រឹត្យវិន័យ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់​ទាប ហើយ​គ្មាន​អ្នក​ណា​ទៀត​សោះ ដែល​អាច​តបស្នង​ការ​ចុង​បំផុត​នៃ​ក្រឹត្យវិន័យ​បាន » ( នីហ្វៃទី ២ ២:៧ ) ។ ប្រសិនបើ​យើង​មិន​ថ្វាយ​ពលិកម្ម​ជា​ចិត្តសង្រេង និង​វិញ្ញាណទន់ទាប​ទេ​នោះ យើង​មិន​អាច​ទទួលបាន​ពរជ័យ​ដ៏ពេញលេញ ដែល​បាន​មក​តាមរយៈ​ដង្វាយធួន​ឡើយ ។

ប្រសិនបើ​អ្នក​មាន​ឆន្ទៈ​ពលី​តាម​អ្វី​ដែល​ព្រះអម្ចាស់​បាន​ត្រាស់បង្គាប់ នោះ​ទ្រង់​នឹង​ទទួល​យក​អ្នក ។ ទ្រង់​បាន​ត្រាស់បង្រៀន​ថា « អស់​ទាំង … ពួកគេ​ណា​ដែល​ដឹង​ថា​ខ្លួន​មាន​ចិត្ត​ទៀងត្រង់ ហើយ​មាន​ចិត្ត​សង្រេង ហើយ​វិញ្ញាណ​របស់​ខ្លួន​ទន់ទាប ហើយ​យល់ព្រម​គោរព​តាម​សេចក្ដីសញ្ញា​របស់​ខ្លួន ដោយ​ការបូជា—មែនហើយ គឺ​គ្រប់​ការបូជា​ដែល​យើង​ជា​ព្រះអម្ចាស់​នឹង​បញ្ជា—នោះ​ពួកគេ​ត្រូវ​បាន​ទទួល​ដោយ​យើង​ហើយ » ( គ. និង ស. ៩៧:៨ ) ។ ដោយ​មាន​ទស្សនវិស័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច អ្នក​អាច​យល់​បាន​ថា ការលះបង់​វត្ថុ​ខាង​លោកិយ មិន​ប្រាកដ​ថា​ជា​ពលិកម្ម​ទាល់​តែ​សោះ ។ ពរជ័យ​ដែល​អ្នក​បាន​ទទួល គឺ​មហិមា​ជាង​អ្វី​មួយ ដែល​អ្នក​បាន​លះបង់​ទៅ​ទៀត ។

បោះពុម្ព