ធនធាន​ផ្សេង​ទៀត
សេចក្តីសង្រ្គោះ


« សេចក្តីសង្រ្គោះ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៥០–១៥៣

« សេចក្តីសង្រ្គោះ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១៥០–១៥៣

សេចក្តីសង្រ្គោះ

ក្នុង​កិច្ចសន្ទនា​របស់​អ្នក​ជាមួយ​ពួកគ្រិស្តសាសនិកដទៃទៀត ពេលខ្លះ​ពួកគេ​សួរ​ថា « តើ​អ្នក​ត្រូវបាន​សង្គ្រោះ​ហើយ​ឬ​នៅ ? » អស់អ្នក​ដែល​សួរ​សំណួរ​នេះ ជា​ធម្មតា​សំដៅ​ទៅ​លើ​ទង្វើ​នៃ​ការសារភាព ឬ​ការបញ្ជាក់​ប្រាប់​ដោយ​ស្មោះ​ថា អ្នក​បាន​ទទួល​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអម្ចាស់ និង​ជា​ព្រះអង្គសង្គ្រោះ​របស់​អ្នក ។ នៅ​ក្នុង​ការសួរ​សំណួរ​នេះ ពួកគេ​បង្ហាញ​សេចក្តីជំនឿ​របស់​ខ្លួន​ក្នុង​ពាក្យពេចន៍​ខាង​ក្រោម ដែល​បាន​សរសេរ​ដោយ​សាវក​ប៉ុល ៖

« បើ​មាត់​អ្នក​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​ព្រះអម្ចាស់យេស៊ូវ ហើយ​អ្នក​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ​ពិត ។ ដ្បិត​យើង​បាន​សុចរិត​ដោយ​មាន​ចិត្ត​ជឿ ហើយ​ក៏​បាន​សង្គ្រោះ​ដោយ​មាត់​ទទួល​ថ្លែង​ប្រាប់ » ( រ៉ូម ១០:៩–១០ ) ។

ការឆ្លើយ​សំណួរ « តើ​អ្នក​ត្រូវបាន​សង្គ្រោះ​ហើយ​ឬ​នៅ ? »

នៅ​ក្នុង រ៉ូម ១០:៩–១០ ពាក្យ បាន​សង្គ្រោះ និង​ពាក្យ សេចក្តីសង្គ្រោះ មាន​ន័យ​ជា​ទំនាក់ទំនង​ខាង​សេចក្ដីសញ្ញា​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ ។ តាមរយៈ​ទំនាក់ទំនង​ខាង​សេចក្តីសញ្ញា​នេះ យើង​ត្រូវបាន​ធានា​ឲ្យ​មាន​សេចក្តីសង្គ្រោះ រួច​ចេញ​ពី​ផលវិបាក​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃ​អំពើបាប ប្រសិនបើ​យើង​គោរពប្រតិបត្តិ ។ ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​ស្មោះត្រង់​គ្រប់​រូប ត្រូវបាន​សង្គ្រោះ​ស្រប​ទៅ​តាម​ខ្លឹមសារ​នេះ ។ យើង​បាន​ប្រែចិត្តជឿ​លើ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ។ តាមរយៈ​ពិធីបរិសុទ្ធ​នៃ​បុណ្យជ្រមុជទឹក យើង​បាន​ចូល​ក្នុង​ទំនាក់ទំនង​ខាង​សេចក្តីសញ្ញា​ជាមួយ​នឹង​ព្រះអង្គសង្គ្រោះ ដោយ​ទទួល​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​របស់​ទ្រង់ ។ យើង​រំឭក​សេចក្តីសញ្ញា​ពិធីបុណ្យជ្រមុជទឹក​របស់​យើង តាមរយៈ​ការទទួលទាន​សាក្រាម៉ង់ ។

ខ្លឹមសារ​ទីទៃ​ពី​គ្នា​នៃ​ពាក្យ សេចក្តីសង្គ្រោះ

នៅ​ក្នុង​គោលលទ្ធិ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ វាក្យសព្ទ បាន​សង្គ្រោះ និង ពាក្យ សេចក្ដីសង្គ្រោះ មាន​ខ្លឹមសារ​ច្រើន​ខុសៗ​គ្នា ។ យោងតាម​ខ្លឹមសារ​ទាំងនេះ ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ « តើ​អ្នក​ត្រូវបាន​សង្គ្រោះ​ហើយ​ឬ​នៅ ? » អាច​នឹង​ឆ្លើយ​ថា « បាទ/ចាស » ឬ « បាទ/ចាស ប៉ុន្តែ​មាន​លក្ខខណ្ឌ » ។ ការពន្យល់​ខាង​ក្រោម​នេះ​លើក​ឡើង​អំពី​ខ្លឹមសារ​ចំនួន​ប្រាំមួយ​ខុស​ពី​គ្នា​នៃ​ពាក្យ សេចក្តីសង្គ្រោះ ។

សេចក្ដីសង្គ្រោះ​ពី​សេចក្ដីស្លាប់​ខាង​សាច់ឈាម ។

នៅ​ទីបំផុត មនុស្ស​គ្រប់​គ្នា​នឹង​ស្លាប់ ។ ប៉ុន្តែ​តាមរយៈ​ដង្វាយធួន និង​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​មនុស្ស​ទាំងពួង​នឹង​រស់ឡើងវិញ—ដោយ​ត្រូវបាន​សង្គ្រោះ​ពី​សេចក្ដីស្លាប់​ខាង​សាច់ឈាម ។ ប៉ុល​បាន​ថ្លែង​ទីបន្ទាល់​ថា « ព្រោះ​ដូច​ជា​គ្រប់​មនុស្ស​ទាំងអស់​បាន​ត្រូវ​ស្លាប់ ក្នុង​លោក​អ័ដាម​ជា​យ៉ាង​ណា នោះ​គ្រប់​គ្នា​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់ ក្នុង​ព្រះគ្រីស្ទ​យ៉ាង​នោះ​ដែរ » ( កូរិនថូស ទី១ ១៥:២២ ) ។

សេចក្តីសង្គ្រោះ​ពី​អំពើបាប ។

ដើម្បី​បាន​ស្អាត​ពី​អំពើបាប​តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ អ្នក​ត្រូវតែ​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ប្រែចិត្ត ទទួល​ពិធីបុណ្យជ្រមុជទឹក និង​ទទួល​អំណោយទាន​ជា​ព្រះវិញ្ញាណបរិសុទ្ធ ( សូម​មើល កិច្ចការ ២:៣៧–៣៨ ) ។ ប្រសិនបើ​អ្នក​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក និង​បាន​ទទួល​ព្រះវិញ្ញាណបរិសុទ្ធ​តាមរយៈ​សិទ្ធិអំណាច​បព្វជិតភាព​ដ៏​ត្រឹមត្រូវ នោះ​អ្នក​ត្រូវ​បាន​សង្គ្រោះ​ពី​អំពើបាប​ស្រប​តាម​លក្ខខណ្ឌ​នោះ​​រួច​ហើយ ។ អ្នក​នឹង​មិន​ត្រូវបាន​សង្គ្រោះ​ទាំងស្រុង​ពី​អំពើបាប​ឡើយ លុះត្រាតែ​អ្នក​បាន​បញ្ចប់​ជីវិត​របស់​អ្នក​នៅ​លើ​ផែនដី​នេះ ដោយ​បាន​កាន់ខ្ជាប់​យ៉ាង​ស្មោះត្រង់​រហូត​ដល់​ទីបញ្ចប់ ។

ចូរ​ចំណាំ​ថា អ្នក​មិន​ត្រូវបាន​សង្គ្រោះ នៅ​ក្នុង​អំពើបាប​របស់​អ្នក​ទេ អ្នក​មិន​អាច​ទទួលបាន​សេចក្តីសង្គ្រោះ​ដោយ​គ្មាន​លក្ខខណ្ឌ ដោយ​គ្រាន់តែ​ប្រកាស​ដោយ​សាមញ្ញ​អំពី​សេចក្តីជំនឿ​របស់​អ្នក​លើ​ព្រះគ្រីស្ទ ជាមួយ​នឹង​ការយល់ឃើញ​ថា អ្នក​នឹង ប្រព្រឹត្ត​អំពើបាប​ដោយ​មិន​អាច​ចៀសវាង​បាន​ពេញ​មួយ​ជីវិត​របស់​អ្នក​បាន​នោះ​ទេ ( សូម​មើល អាលម៉ា ១១:៣៦–៣៧ ) ។ តាមរយៈ​ព្រះគុណ​របស់​ព្រះ អ្នក​អាច​ត្រូវបាន​សង្គ្រោះ ពី​អំពើបាប​របស់​អ្នក ( សូម​មើល ហេលេមិន ៥:១០–១១ ) ។ ដើម្បី​ទទួលបាន​ពរជ័យ​នេះ អ្នក​ត្រូវតែ​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ព្យាយាម​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ រលាស់​ចោល​អំពើបាប ហើយ​បន្ត​ការប្រែចិត្ត​ជា​ថ្មី និង​ការលាងសម្អាត​តាមរយៈ​ពិធីបរិសុទ្ធ​សាក្រាម៉ង់ ។

ការកើត​ជាថ្មី ។

ជួនកាល អ្នក​អាច​ត្រូវ​គេ​សួរ​ថាតើ​អ្នក​បាន​កើត​ជា​ថ្មី​ហើយ​ឬ​នៅ ។ គោលការណ៍​នៃ​ការកើត​ជាថ្មី​ខាង​វិញ្ញាណ​លេច​ឡើង​យ៉ាង​ញឹកញាប់​នៅ​ក្នុង​ព្រះគម្ពីរ ។ ព្រះគម្ពីរ​សញ្ញាថ្មី​មាន​នូវ​សេចក្ដីបង្រៀន​របស់​ព្រះយេស៊ូវ​ថា យើង​ត្រូវតែ​បាន « កើត​ជា​ថ្មី » ហើយ​លុះត្រា​ណា​តែ​យើង​បាន « កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះ​គ្មាន [ យើង ] ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ » ( យ៉ូហាន ៣:៣, ៥ ) ។ សេចក្ដីបង្រៀន​នេះ​ត្រូវបាន​ថ្លែង​បញ្ជាក់​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ដូចនេះ ៖ « មនុស្ស​លោក​ទាំងអស់ មែនហើយ ទាំង​ប្រុស​ទាំង​ស្រី គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន ត្រូវតែ​កើត​ម្ដង​ទៀត​ឡើយ មែន​ហើយ គឺ​កើត​មក​ពី​ព្រះ ផ្លាស់​ប្រែ​ពី​ស្ថានភាព​ខាង​រូប​កាយ និង​ខាង​ការធ្លាក់​ទៅ​កាន់​ស្ថានភាព​នៃ​សេចក្ដី​សុចរិត​វិញ ដោយ​បាន​ព្រះ​ទ្រង់​ប្រោស​លោះ នោះ​នឹង​ក្លាយ​ទៅ​ជា​បុត្រា​បុត្រី​របស់​ទ្រង់ ម្ល៉ោះ​ហើយ ពួកគេ​ក្លាយ​ទៅ​ជា​សត្វលោក​ថ្មី ហើយ​លើក​លែងតែ​ពួកគេ​ធ្វើ​យ៉ាង​នេះ នោះ​ពួក​គេ​ពុំ​អាច​គ្រង​នគរ​ព្រះ​ទុកជា​មរតក​បាន​ឡើយ » ( ម៉ូសាយ ២៧:២៥–២៦ ) ។

ការកើត​ជាថ្មី​នេះ​គឺ​ជា​ដំណើរការ​មួយ ដែល​កើតឡើង​បន្ទាប់​ពី​យើង​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​បាន​ទទួល​អំណោយទាន​ជា​ព្រះវិញ្ញាណបរិសុទ្ធ ។ វា​កើតឡើង​ជា​លទ្ធផល​មួយ​មក​ពី​ឆន្ទៈ​របស់​យើង « ដើម្បី​ធ្វើតាម​ព្រះ​ហឫទ័យ​របស់​ទ្រង់ ហើយ​គោរព​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់​ចំពោះ​អ្វីៗ​ទាំង​អស់ ដែល​ទ្រង់​នឹង​បញ្ជា​ដល់​ពួក​យើង​នៅ​ក្នុង​ជីវិត​យើង​ខ្ញុំ ដែល​នៅ​សល់​ទាំង​ប៉ុន្មាន » ( ម៉ូសាយ ៥:៥ ) ។ បន្ទាប់​មក « ចិត្តរបស់​យើង​បាន​ផ្លាស់ប្ដូរ តាមរយៈ​សេចក្ដីជំនឿ​ជឿ​ដល់​ព្រះនាម​ទ្រង់ ហេតុដូច្នេះហើយ [ យើង ] បាន​កើត​មក​ពី​ទ្រង់ » ( ម៉ូសាយ ៥:៧ ) ។ ប្រសិនបើ​អ្នក​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក និង​បាន​ទទួល​អំណោយទាន​ជា​ព្រះវិញ្ញាណបរិសុទ្ធ ជាមួយ​នឹង​សេចក្តីសញ្ញា ដោយ​លើក​ដាក់​មក​លើ​ខ្លួន​អ្នក​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​អ្នក​អាច​និយាយ​បាន​ថា អ្នក​បាន​កើត​ជា​ថ្មី ។ ហើយ​អ្នក​អាច​រំឭក​ការកើត​ជា​ថ្មី​នោះ នៅ​រាល់​ថ្ងៃ​ឈប់​សម្រាក នៅ​ពេល​យើង​ទទួលទាន​សាក្រាម៉ង់ ។

សេចក្តីសង្គ្រោះ​ពី​ភាពអវិជ្ជា ។

មនុស្ស​ជាច្រើន​រស់នៅ​ក្នុង​ស្ថានភាព​ងងឹត ដោយ​មិន​បាន​ស្គាល់​ពន្លឺ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​ទេ ។ ពួកគេ​ត្រូវបាន « លាក់​ពី​សេចក្ដីពិត ពី​ព្រោះ​ពួកគេ​មិន​ដឹង​ជា​ទៅ រក​សេចក្ដី​ពិត​ឯណា​ទេ » ( គ. និង ស. ១២៣:១២ ) ។ ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​របស់​ព្រះអម្ចាស់ អ្នក​ត្រូវបាន​សង្គ្រោះ​នៅ​ក្នុង​លក្ខខណ្ឌ​នេះ ។ អ្នក​មាន​ចំណេះដឹង​អំពី​ព្រះ​ជា​ព្រះវរបិតា ព្រះយេស៊ូវគ្រីស្ទ គោលបំណង​នៃ​ជីវិត ផែនការ​នៃ​សេចក្តីសង្គ្រោះ និង​សក្តានុពល​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​អ្នក ។ អ្នក​អាច​រស់នៅ​ក្នុង​នាម​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​មាន​បន្ទូល​ប្រកាស​ថា « ខ្ញុំ​ជា​ពន្លឺ​លោកីយ៍​អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ » ( យ៉ូហាន ៨:១២ ) ។

សេចក្តីសង្គ្រោះ​ពី​សេចក្ដីស្លាប់​ទី​ពីរ ។

ជួនកាល បទគម្ពីរ​និយាយ​អំពី​សេចក្តីសង្គ្រោះ​ពី​សេចក្ដីស្លាប់​ទី​ពីរ ។ សេចក្ដីស្លាប់​ទី​ពីរ​គឺ​ជា​សេចក្តីស្លាប់​ខាង​វិញ្ញាណ​ចុង​ក្រោយ—ជា​ការត្រូវបាន​កាត់​ចេញ​ពី​សុចរិតភាព និង​បាន​បដិសេធ​ទីកន្លែង​មួយ នៅ​ក្នុង​នគរ​នៃ​សិរីល្អ​ណា​មួយ ( សូម​មើល អាលម៉ា ១២:៣២, គ .និង ស. ៨៨:២៤ ) ។ សេចក្តីស្លាប់​ទី​ពីរ​នេះ​នឹង​មិន​ធ្លាក់​មក​ដល់​ឡើយ រហូត​ដល់​ការជំនុំជម្រះ​ចុងក្រោយ ហើយ​វា​នឹង​ធ្លាក់​មក​លើ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ( សូម​មើល គ. និង ស. ៧៦:៣១–៣៧ ) ។ ស្ទើរតែ​មនុស្ស​គ្រប់រូប ដែល​បាន​រស់នៅ​លើ​ផែនដី ត្រូវបាន​ធានា​ថា បាន​ទទួល​សេចក្តីសង្គ្រោះ​ពី​សេចក្តី​ស្លាប់​ទី​ពីរ ( សូម​មើល គ. និង ស. ៧៦:៤០–៤៥ ) ។

ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ឬ ភាពតម្កើងឡើង ។

នៅ​ក្នុង​បទគម្ពីរ ពាក្យ បាន​សង្គ្រោះ និង សេចក្តីសង្គ្រោះ ជា​ញឹកញាប់​សំដៅ​ទៅ​លើ ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ឬ ភាពតម្កើងឡើង ( សូម​មើល អ័ប្រាហាំ ២:១១ ) ។ ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​តម្រូវ​ឲ្យ​យើង​ចេះ​ដឹង​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ្ទ ហើយ​រស់នៅ​ជាមួយ​ទ្រង់​ជា​រៀង​រហូត—ដើម្បី​គ្រង​កន្លែង​មួយ​នៅ​ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល​ទុក​ជា​មរតក ( សូម​មើល យ៉ូហាន ១៧:៣, គ. និង ស. ១៣១:១–៤, ១៣២:២១–២៤ ) ។ ដើម្បី​ទទួលបាន​អំណោយ​ដ៏​មហិមានេះ យើង​ត្រូវតែ​ធ្វើ​សកម្មភាព​លើស​ពី​ការប្រែចិត្ត​ពី​អំពើបាប​របស់​យើង ហើយ​ទទួល​ពិធីបុណ្យជ្រមុជទឹក និង​ត្រូវបាន​បញ្ជាក់​ដោយ​សិទ្ធិអំណាច​បព្វជិតភាព​ដ៏​ត្រឹមត្រូវ​ទៅ​ទៀត ។ បុរស​ត្រូវតែ​ទទួល​បព្វជិតភាព​មិលគីស្សាដែក រីឯ​សមាជិក​ទាំងអស់​ក្នុង​សាសនាចក្រ​ត្រូវតែ​ធ្វើ និង​រក្សា​សេចក្តីសញ្ញា​ពិសិដ្ឋ​ទាំងឡាយ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ រួមទាំង​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ប្រសិនបើ​យើង​ប្រើ​ពាក្យ សេចក្តីសង្គ្រោះ ដើម្បី​សំដៅ​ទៅ​លើ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នោះ គ្មាន​យើង​ណា​ម្នាក់​អាច​និយាយ​បាន​ថា យើង​ត្រូវបាន​សង្គ្រោះ​នៅ​ក្នុង​ជីវិត​រមែងស្លាប់​នោះ​ទេ ។ អំណោយ​ដ៏​រុងរឿង​នោះ​អាច​ធ្លាក់​មក​លើ​យើង តែ​បន្ទាប់​ពី​ការជំនុំជម្រះ​ចុង​ក្រោយ​ប៉ុណ្ណោះ ។