« ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៥៩–១៦១
« ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ » ពិតចំពោះសេចក្តីជំនឿ ទំព័រ ១៥៩–១៦១
ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ
នៅពេលព្រះយេស៊ូវគ្រីស្ទបានយាងទៅកាន់ស្ថានសួគ៌វិញនៅទីបញ្ចប់នៃការងារបម្រើក្នុងជីវិតរមែងស្លាប់ នោះទេវតាពីរអង្គបានប្រកាស ដល់ពួកសិស្សរបស់ទ្រង់ថា « ដែលព្រះបានលើកពីអ្នករាល់គ្នាឡើងទៅលើស្ថានសួគ៌ ទ្រង់នឹងយាងមកវិញ តាមបែបដដែល ដូចជាអ្នករាល់គ្នាបានឃើញទ្រង់ទៅនោះដែរ » ( កិច្ចការ ១:១១ ) ។ នៅពេលព្រះអង្គសង្គ្រោះយាងមកម្តងទៀត ទ្រង់នឹងយាងមកក្នុងព្រះចេស្តា និងសិរីរុងរឿង ដើម្បីប្រកាសដល់ផែនដីជានគររបស់ទ្រង់។ ការយាងមកជាលើកទីពីររបស់ទ្រង់នឹងជាទីសម្គាល់នៃការចាប់ផ្តើមសហស្សវត្សរ៍ ។
ការយាងមកជាលើកទីពីរនឹងពោរពេញទៅដោយសេចក្តីខ្លាច ជាពេលទួញថ្ងូរសម្រាប់មនុស្សទុច្ចរិត ប៉ុន្តែវានឹងជាទិវានៃភាពសុខសាន្ត និងជោគជ័យសម្រាប់មនុស្សសុចរិត ។ ព្រះអម្ចាស់បានមានបន្ទូលប្រកាសថា
« ពួកអ្នកណាដែលមានប្រាជ្ញា ហើយបានទទួលសេចក្ដីពិត ហើយបានទទួលយកព្រះវិញ្ញាណបរិសុទ្ធទុកជាអ្នកណែនាំរបស់ខ្លួន ហើយដែលពុំត្រូវគេបញ្ឆោត—យើងប្រាប់អ្នកជាប្រាកដថា ពួកគេនឹងពុំត្រូវកាប់បោះចោលទៅក្នុងភ្លើងឡើយ ប៉ុន្តែនឹងធន់នៅថ្ងៃនោះ ។
ហើយផែនដីនឹងត្រូវបានប្រទានដល់ពួកគេទុកជាមរតក ហើយពួកគេនឹងកើនចំនួនឡើង និងខ្លាំងពូកែ ហើយកូនចៅពួកគេនឹងធំឡើងដោយគ្មានបាប ដោយបានទទួលសេចក្ដីសង្គ្រោះ ។
ព្រះអម្ចាស់ទ្រង់នឹងគង់នៅកណ្ដាលពួកគេ ហើយសិរីល្អរបស់ទ្រង់នឹងស្ថិតនៅលើពួកគេ ហើយទ្រង់នឹងទៅជាមហាក្សត្រនៃពួកគេ និងជាអ្នកតែងច្បាប់នៃពួកគេ » ( គ. និង ស. ៤៥:៥៧–៥៩ ) ។
ព្រះអម្ចាស់ពុំបានត្រាស់សម្ដែងឲ្យដឹងពិតប្រាកដ អំពីពេលវេលាដែលទ្រង់នឹងយាងមកម្តងទៀតនោះទេ ៖ « ម៉ោង និងថ្ងៃនោះ នោះគ្មាននរណាដឹងឡើយ សូម្បីតែពួកទេវតានៅលើស្ថានសួគ៌ផងដែរ ហើយពួកគេក៏នឹងពុំដឹងឡើយ រហូតដល់ទ្រង់យាងមក » ( គ. និង ស. ៤៩:៧ ) ។ ប៉ុន្តែទ្រង់បានត្រាស់សម្ដែងដល់ពួកព្យាការីរបស់ទ្រង់នូវព្រឹត្តិការណ៍ និងទីសម្គាល់ទាំងឡាយ ដែលនឹងកើតឡើងមុនការយាងមកជាលើកទីពីររបស់ទ្រង់ ។ ក្នុងចំណោមព្រឹត្តិការណ៍ និងទីសម្គាល់ទាំងនោះមានដូចជា ៖
-
ការក្បត់សាសនាចេញពីសេចក្ដីពិតនៃដំណឹងល្អ ( សូមមើល ម៉ាថាយ ២៤:៩–១២, ថែស្សាឡូនីច ទី២ ២:១–៣ ) ។
-
ការស្ដារឡើងវិញនៃដំណឹងល្អរួមមាន ការស្ដារឡើងវិញនៃសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល កិច្ចការ ៣:១៩–២១, វិវរណៈ ១៤:៦–៧, គ. និង ស. ៤៥:២៨, ១៣៣:៣៦ ) ។
-
ការស្តារឡើងវិញនៃកូនសោបព្វជិតភាព ( សូមមើល ម៉ាឡាគី ៤:៥–៦, គ. និង ស. ១១០:១១–១៦ ) ។
-
ការលេចចេញមកនៃព្រះគម្ពីរមរមន ( សូមមើល អេសាយ ២៩:៤–១៨, នីហ្វៃទី ៣ ២១:១–១១ ) ។
-
ការប្រកាសដំណឹងល្អពាសពេញពិភពលោក ( សូមមើល ម៉ាថាយ ២៤:១៤ ) ។
-
ជំនាន់នៃសេចក្ដីទុច្ចរិត សង្គ្រាម និងភាពចលាចល ( សូមមើល ម៉ាថាយ ២៤:៦–៧, ធីម៉ូថេ ទី២ ៣:១–៧, គ. និង ស. ២៩:១៧, ៤៥:២៦–៣៣, ៨៨:៩១ ) ។
-
ទីសម្គាល់នៅស្ថានសួគ៌ និង ផែនដី ( សូមមើល យ៉ូអែល ២:៣០–៣១, ម៉ាថាយ ២៤:២៩–៣០, គ. និង ស. ២៩:១៤–១៦, ៤៥:៣៩–៤២, ៤៩:២៣, ៨៨:៨៧–៩០ ) ។
ចូរកុំព្រួយបារម្ភចំពោះខ្លួនអ្នក អំពីពេលវេលាជាក់លាក់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះឡើយ ។ ផ្ទុយទៅវិញ ចូររស់នៅដូច្នោះ ដើម្បីអ្នករៀបចំខ្លួនរួចរាល់សម្រាប់ពេលណាក៏ដោយដែលទ្រង់យាងមក ។ នៅពេលអ្នកអង្កេតមើលពីគ្រោះភ័យនៅថ្ងៃចុងក្រោយ ចូរចងចាំថា ជនសុចរិតមិនត្រូវខ្លាចនឹងការយាងមកជាលើកទីពីរ ឬទីសម្គាល់ទាំងឡាយដែលកើតឡើងជាមុននោះឡើយ ។ ព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះទៅកាន់ពួកសាវករបស់ទ្រង់ ក៏អនុវត្តចំពោះអ្នកដូចនេះ ៖ « ចូរកុំឲ្យមានចិត្តថប់បារម្ភឡើយ ដ្បិតកាលណាការណ៍ទាំងនេះនឹងកើតឡើង នោះអ្នករាល់គ្នានឹងបានដឹងថា សេចក្ដីសន្យាទាំងប៉ុន្មាន ដែលបានធ្វើដល់អ្នក នោះនឹងត្រូវបានសម្រេចហើយ » ( គ. និង ស. ៤៥:៣៥ ) ។