« ការបម្រើ » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៦១–១៦២
« ការបម្រើ » ពិតចំពោះសេចក្តីជំនឿ ទំព័រ ១៦១–១៦២
ការបម្រើ
សិស្សដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទមានបំណងបម្រើដល់មនុស្សនៅជុំវិញខ្លួន ។ ព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលថា « គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯងគឺ ដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក » ( យ៉ូហាន ១៣:៣៥ ) ។
នៅពេលអ្នកបានទទួលពិធីបុណ្យជ្រមុជទឹក អ្នកបានធ្វើសេចក្តីសញ្ញាថានឹងលើកដាក់មកលើខ្លួនអ្នក នូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ ព្យាការីអាលម៉ា បានពន្យល់អំពីសេចក្តីសញ្ញានេះ ដល់អ្នកប្រែចិត្តជឿថ្មីមួយក្រុម ដែលចង់ទទួលពិធីបុណ្យជ្រមុជទឹក ។ លោកបានសង្កេតឃើញថា បំណងប្រាថ្នារបស់ពួកគេដើម្បី « ចូលរួមក្នុងក្រោលនៃព្រះ » រួមបញ្ចូលទាំងឆន្ទៈក្នុងការផ្ដល់ការបម្រើដ៏មានខ្លឹមសារ—ដើម្បី « ទទួលបន្ទុកគ្នាទៅវិញទៅមក ដើម្បីឲ្យបន្ទុកនោះបានស្រាល » ដើម្បី « ទួញយំជាមួយនឹងអ្នកណាដែលទួញយំ » និងដើម្បី « កម្សាន្ដទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្ដទុក្ខ » ( ម៉ូសាយ ១៨:៨–៩ ) ។
នៅពេលអ្នកព្យាយាមបម្រើមនុស្សដទៃ ចូរមើលទៅព្រះអង្គសង្គ្រោះទុកជាគំរូរបស់អ្នក ។ ទោះជាទ្រង់បានយាងមកផែនដីក្នុងនាមជាបុត្រារបស់ព្រះក្ដី ក៏ទ្រង់បានបម្រើដោយរាបសាដល់មនុស្សទាំងអស់នៅជុំវិញទ្រង់ដែរ ។ ទ្រង់បានមានព្រះបន្ទូលថា « ខ្ញុំនៅកណ្តាលពួកអ្នករាល់គ្នា ទុកដូចជាអ្នកបម្រើវិញ » ( លូកា ២២:២៧ ) ។
ព្រះអង្គសង្គ្រោះបានប្រើរឿងប្រៀបប្រដូច ដើម្បីបង្រៀនអំពីសារៈសំខាន់នៃការបម្រើ ។ នៅក្នុងរឿងប្រៀបប្រដូចនោះ ទ្រង់យាងត្រឡប់មកផែនដីវិញក្នុងសិរីល្អ ហើយបែងចែករវាងពួកសុចរិត និងពួកទុច្ចរិត ។ ទ្រង់មានបន្ទូលទៅកាន់ពួកសុចរិតថា « ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ ចូរមកទទួលមរដកចុះ គឺជានគរដែលបានរៀបចំទុកសម្រាប់អ្នករាល់គ្នា តាំងពីកំណើតលោកីយ៍មក ៖ ពីព្រោះយើងបានឃ្លាន ហើយអ្នករាល់គ្នាបានឲ្យបរិភោគ យើងបានស្រេក ហើយអ្នករាល់គ្នាបានឲ្យផឹក យើងជាអ្នកដទៃ ហើយអ្នករាល់គ្នាបានទទួលយើង យើងនៅអាក្រាត ហើយអ្នករាល់គ្នាបានស្លៀកពាក់ឲ្យយើង យើងបានឈឺ ហើយអ្នករាល់គ្នាបានមកសួរយើង ក៏ជាប់គុក ហើយអ្នករាល់គ្នាបានមកឯយើង » ( ម៉ាថាយ ២៥:៣៤–៣៦ ) ។
ពួកសុចរិតដែលមានភាពច្របូកច្របល់ក្នុងចិត្តចំពោះព្រះបន្ទូលនេះ បានទូលសួរថា « ព្រះអម្ចាស់អើយ តើយើងខ្ញុំបានឃើញទ្រង់ស្រេកឃ្លាន ហើយបានថ្វាយទ្រង់សោយពីកាលណា ? តើយើងខ្ញុំបានឃើញទ្រង់ជាអ្នកដទៃ ហើយបានទទួលទ្រង់ពីកាលណា ឬទ្រង់អាក្រាត ហើយបានបំពាក់ថ្វាយទ្រង់ពីកាលណា ? តើយើងខ្ញុំបានឃើញទ្រង់ឈឺ ឬជាប់គុក ហើយបានមកឯទ្រង់ពីកាលណា ?» ( ម៉ាថាយ ២៥:៣៧–៣៩ ) ។
បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលឆ្លើយថា « ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ » ( ម៉ាថាយ ២៥:៤០ ) ។
ព្រះអង្គសង្គ្រោះបានអញ្ជើញឲ្យអ្នកផ្តល់ការបម្រើដល់មនុស្សដទៃ ។ ឱកាសរបស់អ្នកដើម្បីបម្រើ គឺគ្មានដែនកំណត់ឡើយ ។ ជារៀងរាល់ថ្ងៃ ចូរស្វែងរកវិធីធ្វើឲ្យចិត្តរីករាយ ពោលពាក្យល្អៗ ធ្វើការងារសម្រាប់មនុស្សដទៃដែលពួកគេមិនអាចធ្វើឲ្យខ្លួនឯងបាន និងចែកចាយដំណឹងល្អ ។ ចូរងាយស្ដាប់តាមការខ្សឹបប្រាប់ពីព្រះវិញ្ញាណ ដែលបំផុសគំនិតឲ្យអ្នកបម្រើ ។ អ្នកនឹងឃើញថា គន្លឹះដ៏ពិតនាំទៅរកសុភមង្គល គឺត្រូវធ្វើការដើម្បីឲ្យមានសុភមង្គលដល់មនុស្សដទៃ ។