ធនធាន​ផ្សេង​ទៀត
ការបង្រៀន​ដំណឹងល្អ


« ការបង្រៀន​ដំណឹងល្អ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៦៨–១៧០

« ការបង្រៀន​ដំណឹងល្អ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១៦៨–១៧០

ការបង្រៀន​ដំណឹងល្អ

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « យើង​ប្រទាន​ដល់​អ្នក​នូវ​ព្រះបញ្ញត្តិ​មួយ​ថា អ្នក​ត្រូវ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​គោល​លទ្ធិ​នៃ​នគរ ។ ចូរ​អ្នក​រាល់​គ្នា​ព្យាយាម​បង្រៀន ហើយ​ព្រះ​គុណ​របស់​យើង​នឹង​នៅ​ជាមួយ​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​ត្រូវ​បាន​បង្គាប់​ឲ្យ​បាន​ល្អ​ទៅ​ទៀត​អំពី​ទ្រឹស្ដី អំពី​គោលការណ៍ អំពី​គោល​លទ្ធិ អំពី​ក្រឹត្យ​វិន័យ​នៃ​ដំណឹងល្អ អំពី​គ្រប់​ទាំងអស់​ដែល​ទាក់​ទង​ទៅ​នឹង​នគរ​ព្រះ ដែល​ជា​ការ​ចាំ​បាច់​សម្រាប់​ឲ្យ​អ្នក​យល់ » ( គ. និង ស. ៨៨:៧៧–៧៨ ) ។

នៅ​ពេល​ប្រទាន​ព្រះបញ្ញត្តិ​នេះ ព្រះអម្ចាស់​បាន​ប្រទាន​ការទទួលខុសត្រូវ​ដ៏​ពិសិដ្ឋ​មួយ​ដល់​យើង ។ ទ្រង់​ក៏​ដឹកនាំ​យើង​ទាំងអស់គ្នា​ឆ្ពោះ​ទៅ​កាន់​ឱកាស​បម្រើ​ដ៏​មាន​ខ្លឹមសារ ដែល​ពុំ​អាច​គណនា​បាន​ដែរ ។ បទពិសោធន៍​មួយ​ចំនួន​អាច​ប្រៀបធៀប​ទៅ​នឹង​អំណរ​នៃ​ការជួយ​មនុស្សដទៃ​ឲ្យ​រៀន ហើយ​រស់នៅ​តាម​ដំណឹងល្អ​បាន​ ។

ព្រះបញ្ញត្តិ​ដែល​បង្គាប់​ឲ្យ​បង្រៀន​នេះ​អនុវត្ត​ចំពោះ​អ្នក ទោះបីជា​ពេល​នេះ​អ្នក​មិន​ទាន់​មាន​មុខងារ​ជា​ផ្លូវការ​ជា​គ្រូបង្រៀន​ក៏​ដោយ ។ អ្នក​មាន​ឱកាស​បង្រៀន ក្នុង​នាម​ជា​សមាជិក​នៅ​ក្នុង​គ្រួសារ​របស់​អ្នក ឬ​ក្នុង​នាម​ជា​គ្រូបង្រៀន​តាម​ផ្ទះ ឬ​គ្រូ​បង្រៀន​សួរសុខទុក្ខ និង​ព្រមទាំង​ជា​អ្នក​ធ្វើការ​ជាមួយគ្នា អ្នក​ជិតខាង និង​ជា​មិត្តភក្តិ​ ។ ជួនកាល អ្នក​បង្រៀន​តាម​ពាក្យ​ដែល​អ្នក​បាន​រៀបចំ​និយាយ ។ ជួនកាល​អ្នក​អាច​ចាប់​យក​ការបង្រៀន​ខ្លីៗ ការបង្រៀន​ដែល​មិន​បាន​រៀបចំ​មុន ដើម្បី​ឲ្យ​អ្នក​អាច​ចែកចាយ​សេចក្ដីពិត​នៃ​ដំណឹងល្អ ។ ជា​ញឹកញាប់​បំផុត អ្នក​គួរតែ​បង្រៀន​តាម​រយៈ​គំរូ ។

ការបង្រៀន​ដូច​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន

នៅ​ក្នុង​កិច្ចប្រឹងប្រែង​របស់​អ្នក​ដើម្បី​បង្រៀន​ដំណឹងល្អ ចូរ​មើល​ទៅ​ព្រះយេស៊ូវគ្រីស្ទ​ទុក​ជា​គំរូ​របស់​អ្នក ។ ចូរ​សិក្សា​ដំណើររឿង​ទាំងឡាយ​នៃ​ការងារ​បម្រើ​ក្នុង​ជីវិត​រមែងស្លាប់​របស់​ទ្រង់ រួច​ស្វែងរក​របៀប​បង្រៀន​ដូច​ទ្រង់​បាន​បង្រៀន ។ ទ្រង់​បាន​បង្ហាញ​សេចក្តីស្រឡាញ់ និង​ព្រះទ័យ​ខ្វល់ខ្វាយ ដល់​មនុស្ស​ដែល​ទ្រង់​បាន​បម្រើ ។ ទ្រង់​បាន​ពង្រឹង​មនុស្ស​ម្នាក់ៗ ដោយ​បង្រៀន​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ តាម​របៀប​មួយ ដែល​បាន​ជួយ​ពួកគេ​បំពេញ​តាម​សេចក្ដីត្រូវការ​ជាក់លាក់ៗ ។ ទ្រង់​បាន​ដាស់​បំណង​របស់​មនុស្ស​មួយ​ចំនួន​ឲ្យ​យល់ និង​រស់នៅ​តាម​ដំណឹងល្អ ។ ពេល​ខ្លះ ទ្រង់​បាន​សួរ​សំណួរ ដែល​បាន​ជួយ​ពួកគេ ឲ្យ​អនុវត្ត​តាម​សេចក្ដី​ដែល​ពួកគេ​បាន​រៀន ។ ទ្រង់​បាន​បង្រៀន​សេចក្តីពិត​នៃ​ការសង្គ្រោះ​នៃ​ដំណឹងល្អ ដោយ​ជួយ​អ្នក​ស្តាប់​តាម​ទ្រង់​ឲ្យ​យល់​ពី​អ្វី​ដែល​ពួកគេ​ត្រូវ​ដឹង ត្រូវធ្វើ និង​ដើម្បី​ទទួលបាន​អំណោយ​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

នៅ​ពេល​អ្នក​ធ្វើតាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ នោះ​ការបង្រៀន​របស់​អ្នក​នឹង​បីបាច់ ព្រមទាំង​លើក​ស្ទួយ​មនុស្សដទៃ ស្ថាបនា​សេចក្តីជំនឿ​របស់​ពួកគេ និង​ផ្តល់​ឲ្យ​ពួកគេ​នូវ ទំនុកចិត្ត​ដើម្បី​ប្រឈមមុខ​នឹង​ឧបសគ្គ​នានា​ក្នុង​ជីវិត ។ ការធ្វើ​ដូចនោះ​នឹង​លើកទឹកចិត្ត​ពួកគេ ឲ្យ​ឈប់​ប្រព្រឹត្ត​អំពើបាប ហើយ​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​វិញ ។ វា​នឹង​ជួយ​ពួកគេ​មក​រក​ព្រះគ្រីស្ទ និង​រស់នៅ​ក្នុង​សេចក្តីស្រឡាញ់​របស់​ទ្រង់ ។

ការបង្រៀន​ដោយ​ព្រះវិញ្ញាណ

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « ព្រះវិញ្ញាណ​ត្រូវ​បាន​ប្រទាន​ដល់​អ្នក ដោយ​ពាក្យ​អធិស្ឋាន​នៃ​សេចក្ដី​ជំនឿ ហើយ​បើសិនជា​អ្នក​រាល់​គ្នា​មិន​បាន​ទទួល​ព្រះវិញ្ញាណ​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​បង្រៀន​ឡើយ » ( គ. និង ស. ៤២:១៤ ) ។ ព្រះវិញ្ញាណ ឬ​ព្រះវិញ្ញាណ​បរិសុទ្ធ គឺជា​សមាជិក​ក្នុង​ក្រុម​ព្រះ ។ គោលបំណង​មួយ​របស់​ព្រះវិញ្ញាណ​គឺ​ដើម្បី « សម្ដែង​សេចក្ដីពិត … នៃ​គ្រប់​ការណ៍​ទាំងអស់ » ( មរ៉ូណៃ ១០:៤–៥ ) ។ មាន​តែ​តាមរយៈ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​តែ​ប៉ុណ្ណោះ ទើប​ការបង្រៀន​ដំណឹងល្អ​អាច​ធ្វើ​ទៅ​បាន​ដោយ​ការស្អាង​ឡើង និង​ប្រកប​ដោយ​ការបំផុសគំនិត ។

ឯកសិទ្ធិ​របស់​អ្នក​ជា​គ្រូ​បង្រៀន​ដំណឹងល្អ គឺ​ត្រូវ​ធ្វើ​ជា​ឧបករណ៍​មួយ ដែល​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ នោះ​អ្នក​អាច​ថ្លែង​ទីបន្ទាល់ លួងលោមចិត្ត និង​បំផុសគំនិត ។ ដូច​ព្យាការី​ នីហ្វៃ​បាន​បង្រៀន​ដែរ​ថា « កាលណា​មនុស្ស​មួយ​និយាយ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​ព្រះ​ចេស្ដា នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នឹង​នាំ​ពាក្យ​ទាំង​នោះ​ចូល​ទៅ​ក្នុង​ចិត្ត​នៃ​កូន​ចៅ​មនុស្ស » ( នីហ្វៃទី ២ ៣៣:១ ) ។

ប្រសិនបើ​អ្នក​រៀបចំខ្លួន​ខាង​ព្រះវិញ្ញាណ នោះ​ព្រះវិញ្ញាណបរិសុទ្ធ​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ពី​អ្វី ដែល​អ្នក​ត្រូវ​ធ្វើ និង​ត្រូវ​និយាយ​នៅ​ក្នុង​ការបង្រៀន​របស់​អ្នក ។ អ្នក​អាច​រៀបចំ​ខ្លួន​អ្នក ដោយ​ការអធិស្ឋាន​ញឹកញាប់ សិក្សា​ព្រះគម្ពីរ រស់នៅ​តាម​ដំណឹងល្អ និង​មាន​ចិត្តរាបទាប ។

វិធីសាស្ត្រ​បង្រៀន

ការបង្រៀន​របស់​អ្នក​នឹង​មាន​ប្រសិទ្ធភាព​បំផុត នៅ​ពេល​អ្នក​ប្រើប្រាស់​វិធីសាស្ត្រ​សមរម្យ​ផ្សេងៗ ។ ឧទាហរណ៍ អ្នក​អាច​ចែកចាយ​រឿង និង​ឧទាហរណ៍​ទាំងឡាយ ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ដែល​អ្នក​បង្រៀន​យកចិត្តទុកដាក់ ហើយ​បង្ហាញ​ពី​របៀប​ដែល​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​អនុវត្ត​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ ។ អ្នក​អាច​ប្រើប្រាស់​រូបភាព ឬ​វត្ថុ​ផ្សេងៗ​ដើម្បី​ពង្រឹង​ការយល់ដឹង​អំពី​ដំណើររឿង​ទាំងឡាយ​នៅ​ក្នុង​ព្រះគម្ពីរ និង​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ។ តាមរយៈ​តន្ត្រី អ្នក និង​មនុស្ស​ដែល​អ្នក​បង្រៀន អាច​អញ្ជើញ​ឲ្យ​មាន​អានុភាព​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បញ្ជាក់​ប្រាប់​តាម​អារម្មណ៍ ដែល​អាច​ជា​ការលំបាក​ដើម្បី​បញ្ជាក់​ប្រាប់​តាម​របៀប​ផ្សេង​ទៀត ។ អ្នក​អាច​សួរ​សំណួរ ដើម្បី​លើកទឹកចិត្ត​ឲ្យ​មាន​ការរៀនសូត្រ និង​ការពិភាក្សា​ដ៏​ស៊ីជម្រៅ និង​ដើម្បី​ឲ្យ​មាន​ការចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន ។ ដោយ​មាន​សកម្មភាព​សាមញ្ញៗ អ្នក​អាច​ជួយ​អ្នក​រៀន​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បាន ។

នៅ​ពេល​អ្នក​ពិចារណា​លើ​ការប្រើប្រាស់​វិធីសាស្ត្រ​បង្រៀន​ជាក់លាក់​មួយ ចូរ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ដូច​នេះ ៖ តើ​វិធីសាស្ត្រ​នេះ​នឹង​អញ្ជើញ​ឲ្យ​មាន​អានុភាព​មក​ពី​ព្រះវិញ្ញាណ​ដែរ​ឬ​ទេ ? តើ​វា​សក្ដិសម​នឹង​ភាពពិសិដ្ឋ​នៃ​គោលការណ៍​ទាំងឡាយ ដែល​ខ្ញុំ​បង្រៀន​ដែរ​ឬ​ទេ ? តើ​វា​នឹង​ស្អាង ហើយ​ពង្រឹង​ដល់​មនុស្ស​ដែល​ខ្ញុំ​បង្រៀន​ដែរ​ឬ​ទេ ?

ចូរ​ចាំ​ថា ក្នុង​នាម​ជា​គ្រូ​បង្រៀន​ដំណឹងល្អ អ្នក​តំណាង​ឲ្យ​ព្រះអម្ចាស់ ។ ចូរ​ធានា​ថា គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ និង​និយាយ ត្រូវ​មាន​គារវភាព និង​ស្រប​ទៅ​តាម​ព្រះហឫទ័យ​របស់​ទ្រង់ ។

សម្រាប់​ការណែនាំ​បន្ថែម​ស្ដីពី​ការបង្រៀន​ដំណឹងល្អ អ្នក​អាច​ចង់​សិក្សា​នៅ​ក្នុង Teaching, No Greater Call ( ៣៦១២៣ ), the Teaching Guidebook ( ៣៤៥៩៥ ) និង « ការបង្រៀន​ដំណឹងល្អ » កណ្ឌ ៥.៥ នៅ​ក្នុង ក្បួន​ខ្នាត​ភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រ ( ០៨៧០២ ) ។