« ព្រះវិហារបរិសុទ្ធ » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៧០–១៧៤
« ព្រះវិហារបរិសុទ្ធ » ពិតចំពោះសេចក្តីជំនឿ ទំព័រ ១៧០–១៧៤
ព្រះវិហារបរិសុទ្ធ
ព្រះវិហារបរិសុទ្ធគឺពិតជាដំណាក់របស់ព្រះអម្ចាស់ ។ វាជាទីកន្លែងដ៏បរិសុទ្ធនៃការថ្វាយបង្គំ ជាកន្លែងដែលព្រះអម្ចាស់អាចយាងមក ។ មានតែគេហដ្ឋានប៉ុណ្ណោះ ដែលអាចប្រៀបធៀបជាមួយព្រះវិហារបរិសុទ្ធនៅក្នុងភាពដ៏ពិសិដ្ឋបាន ។
ពេញមួយប្រវត្តិសាស្ត្រ ព្រះអម្ចាស់បានត្រាស់បង្គាប់រាស្ត្ររបស់ទ្រង់ឲ្យសាងសង់ព្រះវិហារបរិសុទ្ធ ។ សព្វថ្ងៃនេះ សាសនាចក្រកំពុងយកចិត្តទុកដាក់ទៅលើសេចក្តីបង្គាប់នៃព្រះអម្ចាស់ ដើម្បីសាងសង់ព្រះវិហារបរិសុទ្ធនៅទូទាំងពិភពលោក ដើម្បីបង្កើតឲ្យមានពរជ័យនៃព្រះវិហារបរិសុទ្ធកាន់តែច្រើនឡើងដល់បុត្រាបុត្រីទ្រង់ដែលមានចំនួនដ៏ច្រើនមហិមា ។
ពិធីបរិសុទ្ធសម្រាប់មនុស្សកំពុងរស់នៅ
គោលបំណងសំខាន់ៗនៃព្រះវិហារបរិសុទ្ធ គឺដើម្បីធ្វើពិធីបរិសុទ្ធទាំងឡាយដែលចាំបាច់សម្រាប់ភាពតម្កើងឡើងរបស់យើងនៅក្នុងនគរសេឡេស្ទាល ។ ពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធនាំទៅរកពរជ័យដ៏មហិមាបំផុត ដែលមានមកតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ គ្រប់កិច្ចការដែលយើងធ្វើនៅក្នុងសាសនាចក្រ—ការប្រជុំ និងសកម្មភាពរបស់យើង កិច្ចខិតខំខាងផ្សព្វផ្សាយសាសនារបស់យើង មេរៀនដែលយើងបង្រៀន ទំនុកតម្កើងដែលយើងច្រៀង —នឹងនាំផ្លូវយើងឆ្ពោះទៅកាន់ព្រះអង្គសង្គ្រោះ និងកិច្ចការដែលយើងធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ ។
ពិធីបរិសុទ្ធមួយដែលយើងទទួលនៅក្នុងព្រះវិហារបរិសុទ្ធ គឺជាអំណោយទានពិសិដ្ឋ ។ ពាក្យ អំណោយទានពិសិដ្ឋ មានន័យថា « អំណោយ » ហើយពាក្យអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ គឺជាអំណោយមកពីព្រះ ។ ពិធីបរិសុទ្ធទាំងឡាយមាននូវការណែនាំតាមលំដាប់ និងរួមបញ្ចូលទាំងសេចក្តីសញ្ញាទាំងឡាយ ដែលយើងធ្វើដើម្បីរស់នៅដោយសុចរិត និងអនុវត្តតាមតម្រូវការនានាក្នុងដំណឹងល្អ ។ អំណោយទានពិសិដ្ឋជួយឲ្យយើងផ្តោតលើព្រះអង្គសង្គ្រោះ តួនាទីរបស់ទ្រង់នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌យើង និងការតាំងចិត្តរបស់យើងដើម្បីធ្វើតាមទ្រង់ ។
ពិធីបរិសុទ្ធមួយទៀតក្នុងព្រះវិហារបរិសុទ្ធគឺជាអាពាហ៍ពិពាហ៍សេឡេស្ទាល ដែលស្វាមី និងភរិយាត្រូវបានផ្សារភ្ជាប់ជាមួយគ្នាសម្រាប់ភាពដ៏នៅអស់កល្បជានិច្ច ។ ពិធីផ្សារភ្ជាប់ត្រូវបានធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធ ដោយបន្តនៅរហូត ប្រសិនបើស្វាមី និង ភរិយាមានសេចក្តីស្មោះត្រង់ចំពោះសេចក្តីសញ្ញាដែលពួកគេបានធ្វើ ។
កុមារកើតចេញពីឪពុកម្តាយ ដែលបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធគឺបានកើតនៅក្នុងសេចក្តីសញ្ញា ។ កុមារទាំងនេះបានក្លាយជាផ្នែកមួយនៃគ្រួសារដ៏នៅអស់កល្បជានិច្ចដោយស្វ័យប្រវត្តិ ។ កុមារដែលមិនបានកើតនៅក្នុងសេចក្តីសញ្ញាអាចក្លាយជាផ្នែកមួយនៃគ្រួសារដ៏នៅអស់កល្បជានិច្ចផងដែរ នៅថ្ងៃណាមួយដែលឪពុកម្តាយពិតប្រាកដ ឬឪពុកម្តាយចិញ្ចឹមរបស់ពួកគេបានផ្សារភ្ជាប់ជាមួយគ្នា ។ ពិធីបរិសុទ្ធផ្សារភ្ជាប់កូនៗជាមួយឪពុកម្តាយ ត្រូវបានធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធ ។
ប្រសិនបើអ្នកបានទទួលពិធីបរិសុទ្ធទាំងឡាយនៅក្នុងព្រះវិហារបរិសុទ្ធហើយ ចូរចងចាំសេចក្តីសញ្ញាទាំងឡាយដែលអ្នកបានធ្វើឲ្យបានជាប់ជានិច្ច ។ ចូរទៅព្រះវិហារបរិសុទ្ធវិញឲ្យបានញឹកញាប់ តាមដែលអ្នកអាចធ្វើទៅបាន ។ ប្រសិនបើអ្នកជាឪពុក ឬជាម្តាយ ចូរបង្រៀនកូនៗរបស់អ្នកអំពីសារៈសំខាន់នៃព្រះវិហារបរិសុទ្ធ ។ សូមជួយពួកគេរៀបចំខ្លួនដើម្បីមានភាពសក្តិសមដើម្បីចូលព្រះវិហារបរិសុទ្ធ ។
ប្រសិនបើអ្នកមិនទាន់បានទទួលពិធីបរិសុទ្ធទាំងឡាយនៅក្នុងព្រះវិហារបរិសុទ្ធនៅឡើយ ចូរចាប់ផ្តើមរៀបចំខ្លួនអ្នកឥឡូវនេះ ។ នៅពេលដែលកាលៈទេសៈអនុញ្ញាតឲ្យ ចូរចូលរួមក្នុងព្រះវិហារបរិសុទ្ធដើម្បីចូលរួមក្នុងពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ជំនួសមរណជន ។
ពិធីបរិសុទ្ធទាំងឡាយសម្រាប់មរណជន
មនុស្សដែលបានស្លាប់ដោយពុំបានទទួលពិធីបរិសុទ្ធចាំបាច់ៗក្នុងដំណឹងល្អអាចទទួលពិធីបរិសុទ្ធទាំងនោះបាន តាមរយៈកិច្ចការដែលបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ ។ អ្នកអាចធ្វើកិច្ចការនេះជំនួសឲ្យជីដូនជីតារបស់អ្នក និងអ្នកដទៃទៀតដែលបានស្លាប់ ។ ដោយធ្វើជំនួសឲ្យពួកគេ នោះអ្នកអាច ទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ទទួលអំណោយទានពិសិដ្ឋ និងចូលរួមក្នុងពិធីផ្សារភ្ជាប់ស្វាមីទៅនឹងភរិយា កូនៗទៅនឹងឪពុកម្ដាយ ។
អ្នកគួរតែស្រាវជ្រាវយ៉ាងសកម្ម រកកំណត់ហេតុនៃជីដូនជីតារបស់អ្នកដែលបានស្លាប់ ដើម្បីឲ្យកិច្ចការនៅក្នុងព្រះវិហារបរិសុទ្ធ អាចបានធ្វើឡើងសម្រាប់ពួកគាត់ ។
សម្រាប់ព័ត៌មានបន្ថែមស្តីពីកិច្ចការព្រះវិហារបរិសុទ្ធសម្រាប់មរណជន និងពង្សប្រវត្តិ សូមមើល « កិច្ចការពង្សប្រវត្តិ និង ពង្សាវលី » ទំព័រ ៦១–៦៤ ។
ភាពសក្ដិសមដើម្បីចូលក្នុងព្រះវិហារបរិសុទ្ធ
ដើម្បីចូលក្នុងព្រះវិហារបរិសុទ្ធ អ្នកត្រូវតែមានភាពសក្ដិសម ។ អ្នកបង្ហាញភាពសក្តិសមរបស់អ្នកនៅក្នុងកិច្ចសម្ភាសន៍ចំនួនពីរលើក—កិច្ចសម្ភាសន៍ទីមួយ គឺជាមួយសមាជិកម្នាក់ក្នុងគណៈប៊ីស្សព ឬប្រធានសាខារបស់អ្នក និងកិច្ចសម្ភាសន៍មួយទៀតគឺជាមួយសមាជិកម្នាក់ក្នុងគណៈប្រធានស្តេក ឬប្រធានបេសកកម្ម ។ ថ្នាក់ដឹកនាំបព្វជិតភាពរបស់អ្នកនឹងរក្សាការសម្ភាសទាំងនេះជាសម្ងាត់ ។ នៅក្នុងកិច្ចសម្ភាសន៍នីមួយៗ អ្នកដឹកនាំបព្វជិតភាពនឹងសួរអ្នកអំពីការប្រព្រឹត្ត និងភាពសក្តិសមផ្ទាល់ខ្លួនរបស់អ្នក ។ អ្នកនឹងត្រូវបានគេសួរអំពីទីបន្ទាល់របស់អ្នកអំពីព្រះវរបិតាសួគ៌ និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ហើយអ្នកនឹងត្រូវបានគេសួរ ថាតើអ្នកគាំទ្រដល់ថ្នាក់ដឹកនាំទូទៅ និងថ្នាក់ដឹកនាំក្នុងមូលដ្ឋាននៃសាសនាចក្រឬទេ ។ អ្នកនឹងត្រូវបានគេសុំឲ្យបញ្ជាក់ថា អ្នកមានភាពស្អាតស្អំខាងសីលធម៌ ហើយថាអ្នករក្សាពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ថ្វាយដង្វាយមួយភាគក្នុងដប់ពេញលេញ រស់នៅស្របទៅតាមការបង្រៀនរបស់សាសនាចក្រ និងមិនរួមគំនិត ឬចុះចូលនឹងក្រុមក្បត់សាសនាឡើយ ។
ប្រសិនបើអ្នកផ្តល់ចម្លើយអាចទទួលយកបាន ចំពោះសំណួរទាំងឡាយនៅក្នុងកិច្ចសម្ភាសន៍ ហើយប្រសិនបើអ្នក និងថ្នាក់ដឹកនាំបព្វជិតភាពរបស់អ្នកពេញចិត្តថា អ្នកមានភាពសក្តិសមដើម្បីចូលព្រះវិហារបរិសុទ្ធ នោះអ្នកនឹងទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ អ្នក និងថ្នាក់ដឹកនាំបព្វជិតភាពរបស់អ្នកនឹងចុះហត្ថលេខាលើប័ណ្ណ ដែលនឹងអនុញ្ញាតឲ្យអ្នកចូលព្រះវិហារបរិសុទ្ធសម្រាប់រយៈពេលពីរឆ្នាំ ដរាបណាអ្នករក្សាបាននូវភាពសក្តិសម ។
កិច្ចសម្ភាសន៍ដើម្បីទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ផ្តល់ឱកាសដ៏មហិមាសម្រាប់អ្នក ដើម្បីពិនិត្យមើលពីភាពសក្តិសមរបស់ខ្លួន និងលំនាំនៅក្នុងជីវិតរបស់អ្នក ។ ប្រសិនបើមានអ្វីមួយខុសឆ្គងនៅក្នុងជីវិតរបស់អ្នក ចូររៀបចំដើម្បីជួបពិភាក្សាជាមួយប៊ីស្សព ឬប្រធានសាខារបស់អ្នក ឲ្យបានមុនការសម្ភាសន៍ទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ គាត់អាចជួយអ្នករៀបចំខ្លួនឲ្យមានភាពសក្តិសមទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។
សម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ
នៅពេលអ្នកទៅព្រះវិហារបរិសុទ្ធ អ្នកគួរតែស្លៀកសម្លៀកបំពាក់ឲ្យសមរម្យបំផុត ដូចដែលអ្នកស្លៀកទៅចូលរួមព្រះវិហារដែរ ។ នៅពេលអ្នកចូលទៅក្នុងព្រះវិហារបរិសុទ្ធ អ្នកត្រូវផ្លាស់សម្លៀកបំពាក់ពណ៌សរបស់ព្រះវិហារបរិសុទ្ធ ។ ការផ្លាស់សម្លៀកបំពាក់នេះធ្វើឡើងនៅក្នុងបន្ទប់ប្ដូរសំលៀកបំពាក់ ជាកន្លែងដែលអ្នកអាចប្រើទូរដាក់សម្លៀកបំពាក់ និងកន្លែងផ្លាស់សម្លៀកបំពាក់ផ្ទាល់ខ្លួន ។ នៅព្រះវិហារបរិសុទ្ធ ភាពសមរម្យត្រូវតែបានរក្សាយ៉ាងប្រុងប្រយ័ត្ន ។
នៅពេលអ្នកដាក់សម្លៀកបំពាក់របស់អ្នកនៅក្នុងទូរ អ្នកអាចទុកវត្ថុខាងលោកិយរបស់អ្នកទាំងអស់នៅកន្លែងនោះបាន ។ នៅពេលស្លៀកសម្លៀកបំពាក់ពណ៌ស អ្នកអាចទទួលអារម្មណ៍តែមួយ និងមានភាពស្មើគ្នានៅក្នុងព្រះវិហារបរិសុទ្ធ ចំពោះសមាជិកគ្រប់គ្នាដែលនៅជុំវិញអ្នកដែលស្លៀកពាក់ស្រដៀងៗគ្នា ។
ការស្លៀកសម្លៀកបំពាក់បរិសុទ្ធ
នៅពេលអ្នកបានទទួលអំណោយទានពិសិដ្ឋហើយ អ្នកមានពរជ័យ ដោយបានស្លៀកសម្លៀកបំពាក់បរិសុទ្ធពេញមួយជីវិតរបស់អ្នក ។ អ្នកមានកតព្វកិច្ចពាក់វា ស្របទៅតាមការណែនាំ ដែលបានផ្តល់ឲ្យនៅពេលទទួលអំណោយទានពិសិដ្ឋ ។ ចូរចងចាំថា ពរជ័យទាំងឡាយដែលទាក់ទងទៅនឹងឯកសិទ្ធិពិសិដ្ឋនេះអាស្រ័យនៅលើភាពសក្តិសម និងសេចក្តីស្មោះត្រង់របស់អ្នកនៅក្នុងការរក្សាសេចក្តីសញ្ញាក្នុងព្រះវិហារបរិសុទ្ធ ។
សម្លៀកបំពាក់បរិសុទ្ធផ្តល់ការរំឭកជាប់ជានិច្ចអំពីសេចក្តីសញ្ញានានាដែលអ្នកបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ ។ អ្នកគួរតែប្រព្រឹត្តចំពោះវាដោយសេចក្តីគោរពនៅគ្រប់ពេលទាំងអស់ ។ អ្នកមិនត្រូវបើកបង្ហាញវាឲ្យឃើញដល់អស់អ្នកដែលមិនយល់អំពីសារៈសំខាន់របស់វានោះឡើយ ហើយអ្នកមិនត្រូវកែប្រែវា ស្របតាមម៉ូដផ្សេងៗនៃសម្លៀកបំពាក់ក្រៅរបស់អ្នកឡើយ ។ នៅពេលអ្នកស្លៀកពាក់វាបានត្រឹមត្រូវ វាផ្តល់នូវការការពារប្រឆាំងនឹងការល្បួង និងអំពើអាក្រក់ ។ ការស្លៀកសម្លៀកបំពាក់បរិសុទ្ធ គឺជាការបង្ហាញឲ្យឃើញពីការតាំងចិត្តក្នុងខ្លួនដើម្បីធ្វើតាមព្រះអង្គសង្គ្រោះ ។
ពរជ័យនៃការចូលព្រះវិហារបរិសុទ្ធ
បន្ថែមពីលើការស្ថិតនៅក្នុងទីកន្លែងមួយដែលពិធីបរិសុទ្ធដ៏ពិសិដ្ឋនៃបព្វជិតភាពត្រូវបានធ្វើឡើង ព្រះវិហារបរិសុទ្ធគឺជាទីកន្លែងនៃភាពសុខសាន្ត និងវិវរណៈ ។ នៅពេលអ្នកមានបញ្ហា ឬពេលដែលមានការសម្រេចចិត្តសំខាន់ៗក្នុងគំនិតរបស់អ្នក អ្នកអាចយកកង្វល់របស់អ្នកទៅកាន់ព្រះវិហារបរិសុទ្ធបាន ។ នៅទីនោះ អ្នកអាចទទួលបានការណែនាំខាងវិញ្ញាណ ។
ជួនកាលអ្នកអាចទទួលអារម្មណ៍ថា អ្នកមិនអាចគិតបានច្បាស់លាស់ឡើយ ដោយសារគំនិតរបស់អ្នកផ្ទុកទៅដោយបញ្ហានានា ហើយមានរឿងជាច្រើនទាមទារឲ្យមានការយកចិត្តទុកដាក់ខ្លាំង ។ នៅក្នុងព្រះវិហារបរិសុទ្ធ ការរំខាននានាត្រូវបានកម្ចាត់ចោល អ័ព្ទនៃភាពស្រពិចស្រពិលអាចត្រូវបានដកចេញ ហើយអ្នកអាចយល់នូវសេចក្ដីទាំងឡាយដែលអ្នកមិនបានយល់ពីមុន ។ អ្នកអាចរកឃើញរបៀបថ្មីៗ ដើម្បីដោះស្រាយឧបសគ្គទាំងឡាយដែលអ្នកប្រឈមមុខ ។
ព្រះអម្ចាស់នឹងប្រទានពរដល់អ្នក នៅពេលអ្នកចូលរួមក្នុងពិធីបរិសុទ្ធដ៏ពិសិដ្ឋនៅក្នុងព្រះវិហារបរិសុទ្ធ ។ ហើយពរជ័យដែលទ្រង់ប្រទានឲ្យអ្នកនឹងមិនមានដែនកំណត់ចំពោះពេលវេលាដែលអ្នកនៅក្នុងព្រះវិហារបរិសុទ្ធឡើយ ។ ទ្រង់នឹងប្រទានពរអ្នកក្នុងគ្រប់ទិដ្ឋភាពនៃជីវិត ។ កិច្ចការរបស់អ្នកនៅក្នុងព្រះវិហារបរិសុទ្ធនឹងពង្រឹងអ្នក ហើយបន្សុទ្ធអ្នកខាងវិញ្ញាណ ។