ធនធាន​ផ្សេង​ទៀត
ទីបន្ទាល់


« ទីបន្ទាល់ » ពិត​ចំពោះ​សេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៧៨–១៨០

« ទីបន្ទាល់ » ពិត​ចំពោះ​សេចក្ដីជំនឿ ទំព័រ ១៧៨–១៨០

ទីបន្ទាល់

ទីបន្ទាល់​គឺ​ជា​សាក្សី​ខាង​វិញ្ញាណ ដែល​បាន​ប្រទាន​ឲ្យ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ ។ មូលដ្ឋាន​នៃ​ទីបន្ទាល់​គឺជា​ការចេះដឹង​ថា ព្រះវរបិតាសួគ៌​មាន​ព្រះជន្ម​រស់ ហើយ​ទ្រង់​ស្រឡាញ់​យើង​ទាំងអស់​គ្នា ថា​ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះជន្ម​រស់ ថា​ទ្រង់​គឺជា​ព្រះរាជបុត្រា​របស់​ព្រះ ហើយ​ថា​ទ្រង់​បាន​ធ្វើ​ដង្វាយធួន​ដ៏​និរន្តរ៍ ថា​យ៉ូសែប ស៊្មីធ​គឺ​ជា​ព្យាការី​របស់​ព្រះ ដែល​ត្រូវបាន​ហៅ​ឲ្យ​ស្ដារ​ដំណឹងល្អ​ឡើង​វិញ ថា​យើង​ត្រូវបាន​ដឹកនាំ​ដោយ​ព្យាការី​កំពុង​រស់នៅ​សព្វថ្ងៃ ហើយ​ថា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺជា​សាសនាចក្រ​ដ៏​ពិត​របស់​ព្រះអង្គសង្គ្រោះ​នៅ​លើ​ផែនដី​នេះ ។ ដោយ​មាន មូលដ្ឋាន​នេះ ទីបន្ទាល់​មួយ​រីកចម្រើន​ដើម្បី​រួមបញ្ចូល​គោលការណ៍​ទាំងអស់​នៃ​ដំណឹងល្អ ។

ការទទួលបាន និង ការពង្រឹង​ទីបន្ទាល់

ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ អ្នក​មាន​ឱកាស និង​ការទទួលខុសត្រូវ​ដ៏​ពិសិដ្ឋ​ដើម្បី​ទទួលបាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​អ្នក ។ នៅ​ពេល​អ្នក​បាន​ទទួល​ទីបន្ទាល់​រួច​ហើយ អ្នក​មាន​កាតព្វកិច្ច​មួយ ដើម្បី​បីបាច់​វា​ពេញ​មួយ​ជីវិត​របស់​អ្នក ។ សុភមង្គល​របស់​អ្នក​នៅ​ក្នុង​ជីវិត​នេះ និង​ពេញ​មួយ​ភាព​ដ៏​នៅ​អស់កល្ប​ជានិច្ច ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​ថាតើ​អ្នក « ក្លាហាន​ក្នុង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ » ឬ​ទេ ( គ. និង ស. ៧៦:៧៩, សូម​មើល​ផងដែរ ខទី ៥១, ៧៤, ១០១ ) ។ នៅ​ពេល​អ្នក​ធ្វើតាម​លំនាំ​នេះ ចូរ​ចងចាំ​គោលការណ៍​ទាំងឡាយ​ខាង​ក្រោម​នេះ ៖

ការស្វែងរក​ទីបន្ទាល់​មួយ​ចាប់ផ្ដើម​ដោយ​បំណងប្រាថ្នា​សុចរិត និង​ស្មោះ​អស់​​ពី​ចិត្ត ។

ព្រះវរបិតាសួគ៌​របស់​អ្នក​នឹង​ប្រទានពរ​ដល់​អ្នក ស្របតាម​បំណងប្រាថ្នា​ដ៏​សុចរិត​នៅ​ក្នុង​ដួងចិត្ត​របស់​អ្នក និង​កិច្ចខិតខំ​របស់​អ្នក ដើម្បី​ធ្វើតាម​ព្រះហឫទ័យ​របស់​ទ្រង់ ។ នៅ​ពេល​ថ្លែង​ទៅ​កាន់​មនុស្ស​មួយ​ក្រុម ដែល​ពុំ​ទាន់​មាន​ទីបន្ទាល់​អំពី​ដំណឹងល្អ​នៅ​ឡើយ អាលម៉ា​បាន​បង្រៀន​ថា « បើ​សិន​ជា​អ្នក​រាល់​គ្នា​ចង់​ភ្ញាក់​ឡើង ហើយ​ដាស់​សមត្ថ​ភាព​ទាំង​ឡាយ​របស់​ខ្លួន គឺ​ដើម្បី​ធ្វើ​ការ​ពិសោធន៍​ដល់​ពាក្យ​សម្ដី​របស់​ខ្ញុំ ហើយ​អនុវត្ត​សេចក្ដី​ជំនឿ​មួយ​តូច មែន​ហើយ គឺ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ពុំ​អាច​ធ្វើ​អ្វី​ក៏​ដោយ ក្រៅ​ពី​ការ​ចង់​ជឿ នោះ​សូម​ឲ្យ​ចំណង់​នេះ​មាន​នៅ​ក្នុង​ខ្លួន​អ្នក គឺ​រហូត​ដល់​អ្នក​អាច​ទុក​កន្លែង​មួយ សម្រាប់​ពាក្យ​សម្ដី​របស់​ខ្ញុំ​មួយ​ចុះ » ( អាលម៉ា ៣២:២៧ ) ។

ទីបន្ទាល់​កើតឡើង​តាមរយៈ​ឥទ្ធិពល​ដ៏​ស្ងប់ស្ងាត់​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។

ផ្លែផ្កា​នៃ​ទីបន្ទាល់​មួយ​អាច​ជា​អព្ភូតហេតុ និង​ការផ្លាស់ប្តូរ​ជីវិត ប៉ុន្តែ​ជា​ធម្មតា អំណោយទាន​នៃ​ទីបន្ទាល់​កើតឡើង​ជា​ការអះអាង​ស្ងប់ស្ងាត់​ទៅ​វិញ ដោយ​គ្មាន​ការបង្ហាញ​ដ៏​អស្ចារ្យ​នៃ​ព្រះចេស្តា​របស់​ព្រះ​ឡើយ ។ សូម្បី​តែ​អាលម៉ា​ដែល​ធ្លាប់​បាន​ជួប​នឹង​ទេវតា ហើយ​បាន​ឃើញ​ព្រះ​គង់​នៅ​លើ​បល្ល័ង្ក​ទ្រង់​ក៏​ដោយ ក៏​លោក​ចាំបាច់​ត្រូវ​តមអាហារ ហើយ​អធិស្ឋាន ដើម្បី​លោក​អាច​ទទួលបាន​ទីបន្ទាល់​មួយ​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ដែរ ( សូម​មើល អាលម៉ា ៥:៤៥–៤៦, ៣៦:៨, ២២ ) ។

ទីបន្ទាល់​របស់​អ្នក​នឹង​ដុះដាល​កាន់តែ​ខ្លាំង​ឡើងៗ តាមរយៈ​បទពិសោធន៍​របស់​អ្នក ។

គ្មាន​នរណាម្នាក់​ទទួលបាន​ទីបន្ទាល់​ទាំងអស់​ក្នុង​ពេល​តែ​ម្តង​បាន​ទេ ។ ទីបន្ទាល់​របស់​អ្នក​នឹង​ដុះដាល​កាន់តែ​រឹងមាំ តាមរយៈ​បទពិសោធន៍​របស់​អ្នក ។ វា​នឹង​រីក​ឡើង​ នៅ​ពេល​អ្នក​បង្ហាញ​ឆន្ទៈ​របស់​អ្នក​ដើម្បី​បម្រើ​នៅ​ក្នុង​សាសនាចក្រ ទោះ​នៅ​ទីណាក៏ដោយ​ដែល​អ្នក​ត្រូវបាន​ហៅ​ឲ្យ​បម្រើ ។ វា​នឹង​រីកលូតលាស់​ឡើង នៅ​ពេល​អ្នក​ធ្វើ​ការសម្រេចចិត្ត​ដើម្បី​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ។ នៅ​ពេល​អ្នក​លើកស្ទួយ ហើយ​ពង្រឹង មនុស្សដទៃ អ្នក​នឹង​ឃើញ​ថា ទីបន្ទាល់​របស់​អ្នក​បន្ត​អភិវឌ្ឍ ។ នៅ​ពេល​អ្នក​អធិស្ឋាន ហើយ​តមអាហារ សិក្សា​ព្រះគម្ពីរ ចូលរួម​កិច្ចប្រជុំ​ក្នុង​សាសនាចក្រ ហើយ​ស្តាប់​សមាជិក​ដទៃទៀត​ចែកចាយ​ទីបន្ទាល់​របស់​ពួកគាត់ នោះ​អ្នក​នឹង​មាន​ពរ​ជាមួយ​នឹង​ឱកាស​នៃ​ការបំផុសគំនិត ដែល​នឹង​ពង្រឹង​ដល់​ទីបន្ទាល់​របស់​អ្នក ។ ឱកាស​ទាំងនោះ​នឹង​កើតឡើង​ពេញ​មួយ​ជីវិត​របស់​អ្នក នៅ​ពេល​អ្នក​ព្យាយាម​រស់នៅ​តាម​ដំណឹងល្អ ។

ទីបន្ទាល់​របស់​អ្នក​នឹង​កើនឡើង​នៅ​ពេល​អ្នក​ចែកចាយ​វា ។

ចូរ​កុំ​រង់ចាំ​ឲ្យ​ទីបន្ទាល់​របស់​អ្នក​បាន​រីកចម្រើន​ឡើង​ពេញលេញ ទើប​ចែកចាយ​ទីបន្ទាល់​នោះ​ឡើយ ។ ចំណែក​មួយ​ក្នុង​ភាពរីកចម្រើ​នៃ​ទីបន្ទាល់​របស់​អ្នក កើតឡើង​នៅ​ពេល​អ្នក​ចែកចាយ​វា ។ តាម​ពិត​ទៅ អ្នក​នឹង​ឃើញ​ថា នៅ​ពេល​អ្នក​ផ្ដល់​អ្វី​មួយ​ដែល​អ្នក​មាន​នៅ​ក្នុង​ទីបន្ទាល់​របស់​អ្នក វា​នឹង​ត្រូវបាន​ផ្ដល់​មក​ឲ្យ​អ្នក​វិញ​—ជាមួយ​នឹង​ចំនួន​កាន់តែ​ច្រើន​ឡើង ។

ការថ្លែង​ទីបន្ទាល់

នៅ​ក្នុង​ការប្រជុំ​តមអាហារ និង​ថ្លែង​ទីបន្ទាល់ និង​នៅ​ក្នុង​កិច្ចសន្ទនា ដែល​អ្នក​ធ្វើ​ជាមួយ​សមាជិក​គ្រួសារ និង​មិត្តភក្តិ អ្នក​អាច​ទទួល​អារម្មណ៍​បំផុសគំនិត​ដើម្បី​ចែកចាយ​ទីបន្ទាល់​របស់​អ្នក ។ ចំពោះ​តួយ៉ាង​ដូច្នេះ ចូរ​ចងចាំ​ថា អ្នក​មិន​ត្រូវ​ចែកចាយ​វែង​ពេក​ទេ ។ ទីបន្ទាល់​របស់​អ្នក​នឹង​មាន​ឥទ្ធិពល​ខ្លាំង​បំផុត នៅ​ពេល​ដែល​វា​ត្រូវបាន​ថ្លែង​ដោយ​សង្ខេប ដែល​ជា​ជំនឿស៊ប់​អស់​ពី​ចិត្ត​ទៅ​លើ​ព្រះអង្គសង្គ្រោះ សេចក្ដីបង្រៀន​របស់​ទ្រង់ និង​ការស្ដារឡើងវិញ ។ ចូរ​អធិស្ឋាន​ដើម្បី​ទទួលបាន​ការណែនាំ ហើយ​ព្រះវិញ្ញាណ​នឹង​ជួយ​អ្នក​ដឹង​ពី​របៀប ដើម្បី​ថ្លែង​ពី​អារម្មណ៍​មាន​នៅ​ក្នុង​ដួងចិត្ត​របស់​អ្នក ។ អ្នក​នឹង​រកឃើញ​អំណរ​ដ៏​មហិមា នៅ​ពេល​អ្នក​ជួយ​មនុស្សដទៃ​ឲ្យ​ចែកចាយ​សេចក្តីសង្ឃឹម និង​ការអះអាង​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អ្នក ។