ធនធាន​ផ្សេង​ទៀត
សាមគ្គីភាព


« សាមគ្គីភាព » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៨២–១៨៣

« សាមគ្គីភាព » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១៨២–១៨៣

សាមគ្គីភាព

មុន​ពេល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ដង្វាយធួន ទ្រង់​បាន​អធិស្ឋាន​សម្រាប់​ពួក​សិស្ស​របស់​ទ្រង់ ដែល​ទ្រង់​បាន​បញ្ជូន​ទៅ​ក្នុង​លោកិយ​ដើម្បី​បងៀន​ដំណឹងល្អ ។ ទ្រង់​ក៏​បាន​អធិស្ឋាន​សម្រាប់​អស់​អ្នក​ដែល​ជឿ​លើ​ទ្រង់ ដោយ​ព្រោះ​តែ​ពាក្យ​ទាំងឡាយ​របស់​ពួក​សិស្ស​ទ្រង់​ផងដែរ ។ ទ្រង់​បាន​ទូល​សូម​ឲ្យ​មាន​សាមគ្គីភាព​ថា « ដើម្បី​ឲ្យ​ទាំងអស់​បាន​រួម​មក​តែ​មួយ ឱ​ព្រះវរបិតា​អើយ ដូច​ជា​ទ្រង់​គង់​ក្នុង​ទូលបង្គំ ហើយ​ទូលបង្គំ​នៅ​ក្នុង​ទ្រង់​ដែរ គឺ​ឲ្យ​អ្នក​ទាំង​នោះ​បាន​រួម​គ្នា​តែ​មួយ នៅ​ក្នុង​យើង ប្រយោជន៍​ឲ្យ​លោកីយ៍​បាន​ជឿ​ថា ទ្រង់​ចាត់​ឲ្យ​ទូលបង្គំ​មក​ពិត » ( យ៉ូហាន ១៧:២១ ) ។

យើង​រៀន​ចេញ​ពី​សេចក្ដីអធិស្ឋាន​នេះ​អំពី​របៀប​ដែល​ដំណឹងល្អ​បង្រួបបង្រួម​យើង​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ និង​ជាមួយ​មនុស្សដទៃ ។ នៅ​ពេល​យើង​រស់នៅ​តាម​ដំណឹងល្អ ដោយ​ទទួល​ពិធីបរិសុទ្ធ​សង្គ្រោះ​ទាំងឡាយ ព្រមទាំង​រក្សា​សេចក្តីសញ្ញា​របស់​យើង នោះ​លក្ខណៈ​របស់​យើង​នឹង​បាន​ផ្លាស់ប្តូរ ។ ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​បន្សុទ្ធ​យើង ហើយ​យើង​អាច​រស់នៅ​ក្នុង​សាមគ្គីភាព ដោយ​ត្រេកអរ​នឹង​ភាពសុខសាន្ត​នៅ​ក្នុង​ជីវិត​នេះ ព្រមទាំង​រៀបចំ​ខ្លួន​ទៅ​រស់នៅ​ជាមួយ​ព្រះវរបិតា និង​ព្រះរាជបុត្រា​របស់​ទ្រង់​ជា​ដរាប ។

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​រួម​គ្នា​តែ​មួយ​ទេ ឈ្មោះ​ថា​អ្នក​រាល់​គ្នា​ពុំ​មែន​ជា​របស់​ផង​យើង​ឡើយ » ( គ. និង ស. ៣៨:២៧ ) ។ អ្នក​អាច​ស្វែងរក និង​ជំរុញ​បទដ្ឋាន​នៃ​សាមគ្គីភាព​នេះ​នៅ​ក្នុង​គ្រួសារ​របស់​អ្នក និង​នៅ​ក្នុង​សាសនាចក្រ ។ ប្រសិនបើ​អ្នក​រៀបការ​ហើយ អ្នក និង​ស្វាមី/ភរិយា​របស់​អ្នក​អាច​សាមគ្គី​គ្នា ដោយ​មាន​គោលបំណង និង​សកម្មភាព​តែ​មួយ ។ អ្នក​អាច​ធ្វើ​ឲ្យ​គុណសម្បត្តិ​ដ៏​ល្អ​ប្លែក​របស់​អ្នក​បង្គ្រប់​គ្នាទៅវិញទៅមក នៅ​ពេល​ដែល​អ្នក​ប្រឈមមុខ​នឹង​ការលំបាក​រួម​គ្នា ហើយ​រីកចម្រើន​នៅ​ក្នុង​សេចក្តីស្រឡាញ់ និង​ការយល់ដឹង ។ អ្នក​ក៏​អាច​មាន​សាមគ្គីភាព​ជាមួយ​សមាជិក​គ្រួសារ និង​ជាមួយ​សមាជិក​សាសនាចក្រ​ដោយ​ការបម្រើ រួមគ្នា បង្រៀន​គ្នាទៅវិញទៅមក និង​លើកទឹកចិត្ត​គ្នាទៅវិញទៅមក ។ អ្នក​អាច​រួបរួម​ជាមួយ​ប្រធាន​សាសនាចក្រ និង​ថ្នាក់​ដឹកនាំ​ដទៃទៀត នៅ​ពេល​អ្នក​សិក្សា​ប្រសាសន៍​របស់​ពួក​លោក ហើយ​ធ្វើតាម​ដំបូន្មាន​របស់​ពួក​លោក ។

នៅ​ពេល​សាសនាចក្រ​រីកចម្រើន​ទូទាំង​ពិភពលោក នោះ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ទាំងអស់​អាច​ធ្វើការ​រួម​គ្នា ។ ដួងចិត្ត​របស់​យើង​អាច « ចងក្រង​រួម​គ្នា​ដោយ​សាមគ្គី ហើយ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក » ( ម៉ូសាយ ១៨:២១ ) ។ យើង​សូម​ទទួលស្គាល់​ចំពោះ​ភាពផ្សេង​ពី​គ្នា​ខាង​វប្បធម៌ និង​ខាង​បុគ្គល​ម្នាក់ៗ ប៉ុន្តែ​យើង​ក៏​ស្វែងរក « ការរួបរួម​ខាង​ឯ​សេចក្តីជំនឿ » ផងដែរ ដែល​កើត​មាន​នៅ​ពេល​ដែល​យើង​ធ្វើតាម​ថ្នាក់​ដឹកនាំ​ដ៏​មាន​ការបំផុសគំនិត និង​ចូរ​ចងចាំ​ថា យើង​ទាំងអស់គ្នា​គឺ​ជា​បុត្រាបុត្រី​របស់​ព្រះវរបិតា​តែ​មួយ​អង្គ ( សូម​មើល អេភេសូ ៤:៣–៦, ១១–១៣ ) ។

បោះពុម្ព