« សង្គ្រាម » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៨៣–១៨៤
« សង្គ្រាម » ពិតចំពោះសេចក្តីជំនឿ ទំព័រ ១៨៣–១៨៤
សង្គ្រាម
ព្រះអម្ចាស់បានមានព្រះបន្ទូលថា នៅជំនាន់ចុងក្រោយនឹងមាន « សង្គ្រាម និងពាក្យចចាមអារាមអំពីសង្គ្រាម ហើយផែនដីទាំងមូលនឹងនៅក្នុងស្ថានភាពចលាចល ហើយមនុស្សលោកនឹងស្រយុតចិត្ត » ( គ. និង ស. ៤៥:២៦ ) ។
នៅក្នុងនាមជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងគឺជារាស្ត្រនៃសេចក្តីសុខសាន្ត ។ យើងធ្វើតាមព្រះអង្គសង្គ្រោះ ដែលជាម្ចាស់នៃមេត្រីភាព ។ យើងទន្ទឹងមើលការសោយរាជ្យរបស់ទ្រង់អំឡុងពេលសហស្សវត្សរ៍ ជាពេលដែលសង្គ្រាមត្រូវបានបញ្ចប់ ហើយសេចក្ដីសុខសាន្តនឹងត្រូវបានស្ដារឡើងវិញនៅលើផែនដី ( សូមមើល អេសាយ ២:៤ ) ។ ទោះជាយ៉ាងណានេះក្តី យើងទទួលស្គាល់ថា នៅលើពិភពលោកនេះ ពេលខ្លះ ថ្នាក់ដឹកនាំរដ្ឋាភិបាលទាំងឡាយបញ្ជូនកងទ័ពយោធាទៅធ្វើសង្គ្រាម ដើម្បីការពារប្រទេសជាតិ និងឧត្តមគតិរបស់ខ្លួន ។
ពួកបរិសុទ្ធថ្ងៃចុងក្រោយដែលបម្រើយោធា មិនត្រូវមានអារម្មណ៍ប្រេះស្រាំរវាងប្រទេសជាតិ និងព្រះរបស់ខ្លួនឡើយ ។ នៅក្នុងសាសនាចក្រ « យើងខ្ញុំជឿចំពោះការនៅក្រោមអំណាចស្ដេច ប្រធានាធិបតី អ្នកគ្រប់គ្រង និង ចៅក្រមទាំងឡាយ ក្នុងការគោរពប្រតិបត្តិ និង ការគាំទ្រច្បាប់ » ( មាត្រានៃសេចក្តីជំនឿ ១:១២ ) ។ ការបម្រើកងទ័ពបង្ហាញពីការលះបង់ចំពោះគោលការណ៍នេះ ។
ប្រសិនបើពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវបានហៅឲ្យចូលច្បាំងក្នុងសង្គ្រាម នោះពួកគេអាចមើលទៅលើគំរូរបស់មេទ័ពមរ៉ូណៃ ដែលជាមេទ័ពដ៏ឆ្នើមនៅក្នុងព្រះគម្ពីរមរមន ។ ទោះជាលោកគឺជា អ្នកចម្បាំងដ៏ខ្លាំងក្លាក្ដី ក៏លោក « មិនចូលចិត្តការខ្ចាយឈាម » ដែរ ( អាលម៉ា ៤៨:១១ ) ។ លោក « រឹងប៉ឹងនៅក្នុងសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ » រីឯមូលហេតុតែមួយគត់ដែលលោកធ្វើចម្បាំងគឺ « ការពារប្រជាជនរបស់លោក សិទ្ធិទាំងឡាយរបស់លោក និងប្រទេសរបស់លោក និងសាសនារបស់លោក » ( អាលម៉ា ៤៨:១៣ ) ។ ប្រសិនបើពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវចូលច្បាំងក្នុងសង្គ្រាម នោះពួកគេគួរចូលនៅក្នុងស្មារតីនៃសេចក្តីពិត និងសុចរិតភាព ដោយមានបំណងធ្វើអំពើល្អ ។ ពួកគេគួរតែទៅដោយមានសេចក្តីស្រឡាញ់នៅក្នុងដួងចិត្តសម្រាប់បុត្រាបុត្រីរបស់ព្រះទាំងអស់ រួមទាំងអស់អ្នកដែលនៅខាងពួកប្រឆាំងផង ។ បន្ទាប់មក ប្រសិនបើពួកគេតម្រូវឲ្យកំចាយឈាមដល់អ្នកផ្សេងទៀត នោះទង្វើរបស់ពួកគេនឹងមិនរាប់ថាជាអំពើបាបឡើយ ។