ធនធាន​ផ្សេង​ទៀត
សុខុមាលភាព


« សុខុមាលភាព » ពិត​ចំពោះ​សេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៨៤–១៨៦

« សុខុមាលភាព » ពិត​ចំពោះ​សេចក្ដីជំនឿ ទំព័រ ១៨៤–១៨៦

សុខុមាលភាព

សមាជិក​សាសនាចក្រ​ម្នាក់ៗ​មាន​ការទទួល​ខុសត្រូវ​ខាង​សុខុមាលភាព​ចំនួន​ពីរ​ធំៗ ៖ ប្រែក្លាយ​ជា​មនុស្ស​មាន​ភាពខ្លួនទីពឹងខ្លួន និង​យក​ចិត្ត​ទុកដាក់​ចំពោះ​ជន​ក្រីក្រ និង​អ្នក​ខ្វះខាត ។

ឪពុកម្តាយ​មាន​ការទទួលខុសត្រូវ​ដ៏​ពិសិដ្ឋ ដើម្បី​មើលថែ​សុខុមាលភាព​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​របស់​កូនៗ​ពួកគេ ។ នៅ​ពេល​កូនៗ​ចម្រើន​វ័យ​ឡើង ពួកគេ​កាន់តែ​មាន​ការទទួលខុសត្រូវ​លើ​សុខុមាលភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ ឪពុកម្តាយ​គួរតែ​បង្រៀន​ពួកគេ​អំពី​គោលការណ៍​សុខុមាលភាព​សំខាន់ៗ ដោយ​ការជួយ​ពួកគេ​​ឲ្យ​រៀបចំខ្លួន​​ក្លាយ​ជា​មនុស្ស​មាន​ភាពខ្លួនទីពឹងខ្លួន និង​ផ្គត់ផ្គង់​គ្រួសារ​ផ្ទាល់ខ្លួន​របស់​ពួកគេ​នា​ពេល​អនាគត ។ ឪពុកម្តាយ​ក៏​អាច​ផ្តល់​ឱកាស​ដល់​កូនៗ​របស់​ពួកគេ ដើម្បី​ជួយ​មើល​ថែ​ដល់​ជនក្រីក្រ និង​អ្នក​ខ្វះខាត​ផងដែរ ។

ប្រសិនបើ​អ្នក​ជា​សមាជិក​ពេញវ័យ​នៅ​ក្នុង​សាសនាចក្រ ការប្រឹក្សា​ទាំងអស់​ខាង​ក្រោម​នេះ អនុវត្ត​ចំពោះ​អ្នក​ផ្ទាល់ ។ ប្រសិនបើ​អ្នក​ជា​យុវជន យុវនារី ការប្រឹក្សា​នេះ​ភាគ​ច្រើន​អនុវត្ត​ចំពោះ​អ្នក​ផងដែរ សូម្បីតែ​អ្នក​នៅ​តែ​ពឹងផ្អែក​យ៉ាង​ពេញ​ទំហឹង​ទៅ​លើ​ឪពុកម្តាយ​របស់​អ្នក​ក៏​ដោយ ។

ការមាន​ភាពខ្លួនទីពឹងខ្លួន

ការទទួលខុសត្រូវ​ចំពោះ​សុខុមាលភាព​ខាង​សង្គម ខាង​អារម្មណ៍ ខាង​វិញ្ញាណ ខាង​សាច់ឈាម និង​ខាង​សេដ្ឋកិច្ច​របស់​អ្នក ទីមួយ ធ្លាក់​មក​លើ​ខ្លួន​អ្នក ទីពីរ ធ្លាក់​មក​លើ​គ្រួសារ​អ្នក និង​ទីបី ធ្លាក់​មក​លើ​សាសនាចក្រ ។ នៅ​ក្រោម​ការបំផុសគំនិត​ពី​ព្រះអម្ចាស់ និង​តាមរយៈ​ការងារ​ផ្ទាល់​របស់​អ្នក អ្នក​គួរតែ​ផ្គត់ផ្គង់​ខ្លួន​អ្នក និង​គ្រួសារ​របស់​អ្នក​នូវ​ភាពចាំបាច់​ក្នុង​ជីវិត​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ។

អ្នក​មាន​លទ្ធភាព​ថែទាំ​ខ្លួន​ឯង និង​គ្រួសារ​កាន់តែ​ប្រសើរ នៅ​ពេល​អ្នក​មាន​ភាពខ្លួនទីពឹងខ្លួន ។ អ្នក​ត្រូវបាន​រៀបចំ​ឲ្យ​កាន់ខ្ជាប់​អំឡុង​ពេល​មាន​ទុក្ខលំបាក ដោយ​មិន​ចាំបាច់​ពឹងផ្អែក​ទៅ​លើ​អ្នកដទៃ​ឡើយ ។

អ្នក​អាច​ក្លាយ​ជា​មនុស្ស​មាន​ភាពខ្លួនទីពឹងខ្លួន​បាន​តាមរយៈ (១) ចាប់​​យក​ឱកាស​ការអប់រំ​នានា (២) អនុវត្ត​គោលការណ៍​របប​អាហារ និង អនាម័យ (៣) រៀបចំខ្លួន​ដើម្បី​ទទួលបាន​ការងារ​មួយ​យ៉ាង​សមរម្យ (៤) ស្តុក​ទុក​ចំណីអាហារ និង​សំលៀកបំពាក់​ដែល​មាន​ការអនុញ្ញត​ពី​ច្បាប់ (៥) គ្រប់គ្រង​ធនធាន​របស់​អ្នក​ដោយ​ឆ្លាតវៃ រួមមាន​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ​ទៀត ព្រមទាំង​ចៀសវាង​ពី​ការជំពាក់បំណុល និង (៦) អភិវឌ្ឍ​ភាពរឹងមាំ​ខាង​វិញ្ញាណ ខាង​អារម្មណ៍ និង​ខាង​សង្គម ។

ដើម្បី​ធ្វើ​ជា​មនុស្ស​មាន​ភាពខ្លួន​ទីពឹង​ខ្លួន អ្នក​ត្រូវតែ​មាន​ឆន្ទៈ​ធ្វើ​ការងារ ។ ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​យើង​ឲ្យ​ធ្វើការ ( សូម​មើល លោកុប្បត្តិ ៣:១៩, គ. និង ស. ៤២:៤២ ) ។ ការងារ​ប្រកប​ដោយ​កិត្តិយស​គឺជា​ប្រភព​នៃ​សុភមង្គល​ដ៏​សំខាន់ ជា​តម្លៃ​ផ្ទាល់ខ្លួន និង​វិបុលភាព ។

ជា​បណ្ដោះ​អាសន្ន ប្រសិនបើ​អ្នកគ្មាន​លទ្ធភាព​បំពេញ​នូវ​សេចក្ដី​ត្រូវការ​ដ៏​ចម្បង​របស់​អ្នក​តាម​រយៈ​កិច្ច​ប្រឹងប្រែង​ផ្ទាល់​របស់​អ្នក ឬ​ការឧបត្ថម្ភ​ពី​សមាជិក​គ្រួសារ នោះ​សាសនាចក្រ​អាច​ជួយ​អ្នក​បាន ។ នៅក្នុង​ស្ថានភាព​ដូច្នេះ ជាញឹកញាប់​សាសនាចក្រ​ផ្ដល់​នូវ​ធនធាន​គាំទ្រ​ដល់ជីវិត ដើម្បី​ជួយ​អ្នក និង​គ្រួសារ​អ្នក​ឲ្យ​ប្រែក្លាយ​ខ្លួន​ទីពឹង​ខ្លួន​សារជា​ថ្មី ។

ការមើលថែ​ជន​ក្រីក្រ និង អ្នក​ខ្វះខាត

ព្រះអម្ចាស់​តែងតែ​ត្រាស់បង្គាប់​រាស្ត្រ​របស់​ទ្រង់​ឲ្យ​មើលថែ​ជនក្រីក្រ និង​អ្នក​ខ្វះខាត ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា « អ្នក​រាល់​គ្នា​ត្រូវ​ទៅ​សួរសុខទុក្ខ​ដល់​មនុស្ស​ទាល់​ក្រ និង​មនុស្ស​កម្សត់​ទុគ៌ត ហើយ​ជួយឧបត្ថម្ភ​ដល់​ការ​រំដោះ​ពួក​គេ​ផង » ( គ. និង ស. ៤៤:៦ ) ។ ទ្រង់​ក៏​បាន​ត្រាស់បង្គាប់​ដែរ​ថា « ចូរ​នឹក​ចាំ​ក្នុង​គ្រប់​ការណ៍​ទាំងអស់​ពី​មនុស្ស​ទ័ល​ក្រ និង​មនុស្ស​កម្សត់​ទុរគត និង​ពី​មនុស្ស​ឈឺ និង​មនុស្ស​មាន​ទុក្ខ​វេទនា ដ្បិត​អ្នក​ណា​ដែល​មិន​ធ្វើ​ការ​ទាំង​នេះ​ទេ អ្នក​នោះ​ឈ្មោះ​ថា​មិនមែន​ជា​សិស្ស​របស់​យើង​ឡើយ » ( គ. និង ស. ៥២:៤០ ) ។

អ្នក​អាច​មើលថែ​ជនក្រីក្រ និង​អ្នក​ខ្វះខាត​តាម​របៀប​ជា​ច្រើន ។ របៀប​ដ៏​សំខាន់​មួយ​គឺ​តាមរយៈ​ការតមអាហារ និង​ការបរិច្ចាគ​ដង្វាយ​តមអាហារ ដែល​ប៊ីស្សព ឬ​ប្រធានសាខា​យក​មក​ប្រើ ដើម្បី​ជួយ​ដល់​សមាជិក​ក្នុង​វួដ ឬ​សាខា ដែល​រងទុក្ខលំបាក​ក្នុង​ភាពក្រីក្រ ជំងឺ ឬ​ការលំបាក​ដទៃទៀត ។ អ្នក​ក៏​អាច​លះបង់​ពេលវេលា ហើយ​ចែកចាយ​ទេពកោសល្យ​របស់​អ្នក​ដែរ ។ អ្នក​អាច​បម្រើ​ដល់​ជនអនាថា ជនពិការ ស្ត្រីមេម៉ាយ និង​អ្នកដទៃទៀត នៅ​ក្បែរ​ភូមិ​ផង​របង​ជាមួយ និង​សហគមន៍​របស់​អ្នក ។

បន្ថែម​ពី​លើ​ការមើលថែ​ក្នុង​មូលដ្ឋាន និង​ដោយ​បុគ្គល​ម្នាក់​ទៅ​ដល់​អ្នក​ខ្វះខាត សាសនាចក្រ​ឈោង​ទៅ​ជួយ​មនុស្ស​ទូទាំង​ពិភពលោក ដោយ​មិន​គិត​ពី​សេចក្ដីជំនឿ ថា​នរណា​ដែល​បាន​រងទុក្ខ​ដោយសារតែ​គ្រោះ​មហន្តរាយ ភាពក្រីក្រ ជំងឺ និង​វិបត្តិ​នានា​នោះ​ទេ ។ សាសនាចក្រ​ផ្ដល់​ធនធាន​ផ្គត់ផ្គង់​ជីវិត​ដើម្បី​ជួយ​ក្រុមគ្រួសារ និង​បុគ្គល​ទាំងឡាយ​ឲ្យ​ស្វែងរក ហើយ​ខិតខំ​ឆ្ពោះ​ទៅ​រក​ភាពខ្លួនទីពឹងខ្លួន ។ ការបរិច្ចាគ​ទៅ​ក្នុង​មូលនិធិ​អប់រំ​ដែល​មាន​ជា​បន្តបន្ទាប់ ផ្ដល់​ជា​មធ្យោបាយ​ដល់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​ខ្វះ​លទ្ធភាព​ឲ្យ​បន្ត​ការអប់រំ​របស់​ពួកគេ ។ អ្នក​ផ្សព្វផ្សាយសាសនា​ផ្នែក​សេវាកម្ម​សាសនាចក្រ ស្ម័គ្រចិត្ត​លះបង់​ពេលវេលា និង​ធនធាន​របស់​ពួកគេ​ដើម្បី​ពង្រឹង​ផ្នែក​អក្ខរកម្ម សុខភាព និង​ផ្ដល់​ការបំពាក់បំប៉ន ។