ធនធាន​ផ្សេង​ទៀត
ពាក្យសម្តី​នៃ​ប្រាជ្ញា​វាងវៃ


« ពាក្យសម្តី​នៃ​ប្រាជ្ញា​វាងវៃ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៨៦–១៨៨

« ពាក្យសម្តី​នៃ​ប្រាជ្ញា​វាងវៃ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១៨៦–១៨៨

ពាក្យសម្តី​នៃ​ប្រាជ្ញា​វាងវៃ

ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ​គឺជា​ច្បាប់​សុខភាព ដែល​បាន​ត្រាស់​សម្ដែង​ដោយ​ព្រះអម្ចាស់ សម្រាប់​ជា​ប្រយោជន៍​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​ដល់​យើង ។ នៅ​ក្នុង​វិវរណៈ​នេះ​ដែល​ត្រូវបាន​កត់ត្រា​នៅ​ក្នុង កណ្ឌ​ទី ៨៩ នៃ​គោលលទ្ធិ និង សេចក្ដីសញ្ញា ព្រះអម្ចាស់​មាន​បន្ទូល​ប្រាប់​យើង អំពី​អាហារ​ដែល​ល្អ​ដើម្បី​បរិភោគ និង​សារធាតុ​ដែល​មិន​ល្អ​សម្រាប់​រូបកាយ ។ ទ្រង់​មាន​បន្ទូល​សន្យា​ថា​នឹង​ប្រទានពរ​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ដល់​ការគោរព​តាម​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។

នៅ​ក្នុង​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​យើង​មិន​ឲ្យ​ទទួលទាន​សារធាតុ​ខាង​ក្រោម​នេះ​ចូល​ទៅ​ក្នុង​ខ្លួន​របស់​យើង​ឡើយ ៖

  • គ្រឿង​ស្រវឹង ( សូម​មើល គ. និង ស. ៨៩:៥–៧ ) ។

  • ថ្នាំជក់ ( សូម​មើល គ​. និង ស. ៨៩:៨ ) ។

  • តែ និង កាហ្វេ ( សូម​មើល គ. និង ស. ៨៩:៩ ពួក​ព្យាការី​ថ្ងៃ​ចុងក្រោយ​បាន​បង្រៀន​ថា ពាក្យ « ភេសជ្ជ:​ក្ដៅ » សំដៅ​ទៅ​លើ​តែ និង​កាហ្វេ ) ។

អ្វី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​អន្តរាយ ដែល​មនុស្ស​ទទួលទាន​ដោយ​ចេតនា នោះ​មិន​ស្រប​ទៅ​នឹង​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ឡើយ ។ ការណ៍​នេះ​ពិត​ជា​ពិសេស​ចំពោះ​ឱសថ​មិន​ស្រប​ច្បាប់ ដែល​អាច​បំផ្លាញ​ដល់​អស់​អ្នក​ដែល​ញៀន​នឹង​ឱសថ​នេះ ។ ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​សារធាតុ​ទាំងនោះ​ទាំងស្រុង ។ ចូរ​កុំ​ចង់​សាកល្បង​ជាមួយ​នឹង​សារធាតុ​ទាំងនោះ ។ ការល្មើស​នឹង​វេជ្ជបញ្ជា​ឱសថ​ក៏​ដឹកនាំ​ទៅ​រក​ការញៀន​ដ៏​អន្តរាយ​ដែរ ។

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រកាស​ថា ចំណី​អាហារ​ខាង​ក្រោម​នេះ​ល្អ​ចំពោះ​រូបកាយ​របស់​យើង ៖

  • បន្លែ និង​ផ្លែឈើ​ទាំងឡាយ ដែល​គួរតែ​ប្រើប្រាស់ « ដោយ​ការប្រុងប្រយ័ត្ន និង​អំណរ​អរ » ( សូម​មើល គ. និង ស. ៨៩:១០–១១ ) ។

  • សាច់ « សត្វ​ជើង​បួន និង​ពី​សត្វ​ហើរ​លើ​អាកាស » ដែល​ត្រូវបាន « ប្រើប្រាស់​ដោយ​សំចៃ » ( សូម​មើល គ. និង ស. ៨៩:១២–១៣ ) ។

  • គ្រាប់​ធញ្ញជាតិ​មាន​ដូចជា ស្រូវសាលី អង្ករ និង​ស្រូវ​គ្រប់​ប្រភេទ ដែល​ជា « អាហារ​នៃ​ជីវិត » ( សូម​មើល គ. និង ស. ៨៩:១៤–១៧ ) ។

ពរជ័យ​ទាំងឡាយ​នៃ​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ

ព្រះអម្ចាស់​មាន​បន្ទូល​សន្យា​ដល់​អស់​អ្នក​ដែល​រក្សា​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ដូចនេះ ៖

« ពួក​បរិសុទ្ធ​ទាំងអស់​ដែល​នឹក​ចាំ​កាន់​តាម ហើយ​ប្រព្រឹត្ត​តាម​ពាក្យ​សម្ដី​ទាំង​នេះ ដោយ​ដើរ​ក្នុង​ការ​គោរព​ដល់​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ នោះ​នឹង​បាន​ទទួល​សេចក្ដី​សុខ​ស្រួល​ដល់​ផ្ចិត​ពួក​គេ ហើយ​ជា​ខួរ​ដល់​ឆ្អឹង​ពួក​គេ

ហើយ​នឹង​រក​ឃើញ​ប្រាជ្ញា និង​ផល​ថ្លៃ​វិសេស​នៃ​ចំណេះវិជ្ជា គឺជា​សម្បត្តិ​ដែល​លាក់​ទុក

ហើយ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ។

ហើយ​យើង​ជា​ព្រះ​អម្ចាស់​ប្រទាន​ដល់​ពួក​គេ​នូវ​សេចក្ដី​សន្យា​មួយ​ថា ទេវតា​ដែល​បំផ្លាញ​នឹង​បង្ហួស​ពួក​គេ ដូច​ជា​កូន​ចៅ​អ៊ីស្រាអែល​ដែរ ហើយ​មិន​ប្រហារ​ពួក​គេ​ឡើយ » ( គ. និង ស. ៨៩:១៨–២១ ) ។

ការយកឈ្នះ​លើ​ការញៀន

មធ្យោបាយ​ដ៏​ល្អ​បំផុត​គឺ​ត្រូវ​ចៀសវាង​ឲ្យ​បាន​ទាំងស្រុង​ពី​សារធាតុ​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​ហាមឃាត់​នៅ​ក្នុង​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។ ប៉ុន្តែ​ទោះ​បី​ជា​អ្នក​បាន​ញៀន​នឹង​សារធាតុ​ណា​មួយ​ហើយ អ្នក​នៅ​តែ​អាច​រួច​ផុត​ពី​ការញៀន​បាន​នោះ​បាន ។ អ្នក​អាច​យកឈ្នះ​លើ​ការញៀន​តាមរយៈ​កិច្ចប្រឹងប្រែង​ផ្ទាល់ខ្លួន ជា​ព្រះចេស្តា​ដែល​អាច​សម្រេច​ទៅ​បាន​មក​ពី​ព្រះគុណ​នៃ​ព្រះអម្ចាស់ តាមរយៈ​ការជួយ​ជ្រោមជ្រែង​ពី​សមាជិក​គ្រួសារ និង​មិត្តភក្តិ និង​ការដឹកនាំ​ពី​ថ្នាក់ដឹកនាំ​សាសនាចក្រ ។

ចូរ​អធិស្ឋាន​ទូល​សូម​ជំនួយ រួច​ខិតខំ​ដោយ​អស់​ពី​សមត្ថភាព​ដើម្បី​ទប់ទល់​នឹង​ការល្បួង​កើតឡើង​ដោយសារ​ការញៀន ។ ព្រះវរបិតាសួគ៌​របស់​អ្នក​សព្វព្រះទ័យ​ឲ្យ​អ្នក​ទទួលបាន​ពរជ័យ ដែល​បាន​មក​ពី​ការគោរព​តាម ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ហើយ​ទ្រង់​នឹង​ពង្រឹង​កិច្ចខិតខំ​ដ៏​ស្មោះ​របស់​អ្នក​ដើម្បី​ធ្វើ​ដូចនោះ​កាន់តែ​ច្រើន ។