« ថ្វាយបង្គំ » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៨៨-១៨៩
« ថ្វាយបង្គំ » ពិតចំពោះសេចក្តីជំនឿ ទំព័រ ១៨៨-១៨៩
ថ្វាយបង្គំ
ថ្វាយបង្គំព្រះ គឺជាការថ្វាយសេចក្ដីស្រឡាញ់ គារវភាព ការបម្រើ និងការលះបង់ចំពោះទ្រង់ ។ ព្រះអម្ចាស់បានត្រាស់បង្គាប់ម៉ូសេថា « ចូរថ្វាយបង្គំដល់ព្រះ ព្រោះអ្នកត្រូវបម្រើទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ » ( ម៉ូសេ ១:១៥ ) ។ ទ្រង់បានត្រាស់បង្គាប់នៅក្នុងគ្រាកាន់កាប់ត្រួតត្រានេះថា « អ្នកត្រូវស្រឡាញ់ដល់ព្រះអម្ចាស់ជាព្រះនៃអ្នកឲ្យអស់ពីចិត្តនៃអ្នក អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំងនៃអ្នក ហើយដោយនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ នោះអ្នកត្រូវបម្រើទ្រង់ » ( គ និង ស ៥៩:៥ ) ។ ប្រសិនបើអ្នកដាក់មនុស្សណាម្នាក់ ឬវត្ថុណាមួយឲ្យធំជាងសេចក្តីស្រឡាញ់នៃព្រះ នោះអ្នកកំពុងតែអនុវត្តការថ្វាយបង្គំក្លែងក្លាយ ឬគោរពបូជារូបសំណាកហើយ ( សូមមើល និក្ខមនំ ២០:៣–៦ ) ។
ការអធិស្ឋានគឺជារបៀបមួយ ដែលអ្នកអាចថ្វាយបង្គំព្រះវរបិតា ។ អាលម៉ាបានបង្រៀនកូនប្រុសរបស់លោកគឺហេលេមិនថា « ចូរអំពាវនាវដល់ព្រះនូវអស់ទាំងការគាំទ្ររបស់កូន មែនហើយ ចូរធ្វើអ្វីៗទាំងអស់ចំពោះព្រះអម្ចាស់ ហើយទោះជាទីណាដែលកូនទៅ គឺកូនទៅក្នុងព្រះអម្ចាស់ មែនហើយ ចូរបំបែរមនោសញ្ចេតនាទាំងអស់របស់កូន ឆ្ពោះទៅរកព្រះអម្ចាស់វិញ មែនហើយ ចូរដាក់ចិត្តមេត្រីរបស់កូនទៅលើព្រះអម្ចាស់ដរាបតទៅ » ( អាលម៉ា ៣៧:៣៦ ) ។
អ្នកគួរតែចូលរួមការប្រជុំនានារបស់សាសនាចក្រ ដោយមានស្មារតីនៃការថ្វាយបង្គំ ។ ព្រះអម្ចាស់បានត្រាស់បង្គាប់ថា « ប្រយោជន៍ឲ្យអ្នកអាចរក្សាខ្លួនឲ្យបានពេញលេញ កុំឲ្យប្រឡាក់ពីលោកិយ នោះអ្នកត្រូវទៅដំណាក់នៃការអធិស្ឋាន ហើយថ្វាយសាក្រាម៉ង់របស់អ្នកឡើងនៅថ្ងៃបរិសុទ្ធរបស់យើងចុះ ដ្បិតប្រាកដមែន ថ្ងៃនេះត្រូវបានចាត់ទុកដល់អ្នក ដើម្បីឲ្យសម្រាកពីការងារទាំងឡាយរបស់អ្នក ហើយដើម្បីថ្វាយភក្ដីភាពរបស់អ្នកដល់ព្រះដ៏ខ្ពស់បំផុត » ( គ និង ស ៥៩:៩–១០ ) ។
ការចូលរួមក្នុងពិធីបរិសុទ្ធបព្វជិតភាព ក៏ជាផ្នែកនៃការថ្វាយបង្គំរបស់អ្នកដែរ ។ នៅពេលអ្នកទទួលទានសាក្រាម៉ង់ និងចូលក្នុងព្រះវិហារបរិសុទ្ធដោយគារវភាព នោះអ្នកចងចាំ ហើយថ្វាយបង្គំដល់ព្រះវរបិតាសួគ៌របស់អ្នក ព្រមទាំងសម្ដែងកតវេទិតារបស់អ្នកចំពោះព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។
បន្ថែមពីលើការថ្វាយបង្គំផ្នែកខាងក្រៅ អ្នកគួរតែមានឥរិយាបទថ្វាយបង្គំ នៅគ្រប់ទីកន្លែងដែលអ្នកទៅ និងគ្រប់កិច្ចការដែលអ្នកធ្វើ ។ អាលម៉ាបានបង្រៀនគោលការណ៍នេះដល់មនុស្សមួយក្រុម ដែលត្រូវបានបណ្តេញចេញពីទីកន្លែងថ្វាយបង្គំរបស់ខ្លួន ។ គាត់បានជួយពួកគេឲ្យយល់ថា ការថ្វាយបងំ្គដ៏ពិតមិនមែនកំណត់ថ្វាយបង្គំតែមួយថ្ងៃក្នុងមួយសប្តាហ៍ទេ ( សូមមើល អាលម៉ា ៣២:១១ ) ។ នៅពេលនិយាយទៅកាន់មនុស្សមួយក្រុមដដែលនោះ ដៃគូរបស់អាលម៉ា គឺអាមូលេក បានលើកទឹកចិត្តពួកគេឲ្យ « ថ្វាយបង្គំព្រះ ទោះនៅទីណាដែលអ្នកនៅក្ដី នៅក្នុងវិញ្ញាណ និងនៅក្នុងការពិត » ( អាលម៉ា ៣៤:៣៨ ) ។