ធនធាន​ផ្សេង​ទៀត
ព្រះគម្ពីរ


« ព្រះគម្ពីរ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៥៥–១៥៩

« ព្រះគម្ពីរ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១៥៥–១៥៩

ព្រះគម្ពីរ

នៅ​ពេល​បុរស​ដ៏​បរិសុទ្ធ​នៃ​ព្រះ​សរសេរ ឬ​ថ្លែង​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ នោះ​ប្រសាសន៍​របស់​ពួក​លោក « នឹង​ទៅ​ជា​បទគម្ពីរ នឹង​ទៅ​ជា​ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់ នឹង​ទៅ​ជា​គំនិត​នៃ​ព្រះ​អម្ចាស់ នឹង​ទៅ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់ នឹង​ទៅ​ជា​សំឡេង​នៃ​ព្រះ​អម្ចាស់ ហើយ​ជា​ព្រះ​ចេស្ដា​នៃ​ព្រះ​ចំពោះ​សេចក្ដី​សង្គ្រោះ » ( គ. និង ស. ៦៨:៤ ) ។ ព្រះគម្ពីរ​​ប្រើប្រាស់​ជា​ផ្លូវការ​របស់សាសនាចក្រ​​ដែល​ ជានិច្ចកាល​ត្រូវបាន​ហៅ​ថា បទដ្ឋាន​ព្រះគម្ពីរ ​រួមមាន​ដូចជា ព្រះគម្ពីរប៊ីប ព្រះគម្ពីរ​មរមន ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តីសញ្ញា និង ព្រះគម្ពីរ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា ។ ព្រះគម្ពីរ​ទាំងនោះ​ត្រូវបាន​ពិពណ៌នា​នៅ​ទំព័រ ១៥៦–១៥៩ ។

សារៈសំខាន់​នៃ​ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ

គោលបំណង​ដ៏​សំខាន់​នៃ​ព្រះគម្ពីរ​គឺ​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ ដោយ​ជួយ​យើង​ឲ្យ​​មក​រក​ទ្រង់ និង​ទទួលបាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ( សូម​មើល យ៉ូហាន ៥:៣៩, ២០:៣១, នីហ្វៃទី ១ ៦:៤, ម៉ូសាយ ១៣:៣៣–៣៥ ) ។ ព្យាការី​មរមន​បាន​ថ្លែង​ទីបន្ទាល់​ថា

« នរណា​ក៏​ដោយ​ដែល​ចង់​បាន នោះ​អាច​បាន​ទទួល​ព្រះ​បន្ទូល​នៃ​ព្រះ ដែល​រស់ ហើយ​ពូកែ ដែល​នឹង​ផ្ដាច់​អស់​ទាំង​កលល្បិច និង​អន្ទាក់ និង​ឧបាយ​របស់​អារក្ស​ឲ្យ​ដាច់​ពី​គ្នា ហើយ​ដឹកនាំ​អ្នក​សំណប់​នៃ​ព្រះ​គ្រីស្ទ​ចូល​ទៅ​ក្នុង​ផ្លូវ​មួយ​ដ៏​តូច ហើយ​ចង្អៀត ឆ្លងកាត់​ជង្ហុក​នៃ​សេចក្ដី​វេទនា​ដ៏​អស់​កល្ប​ជានិច្ច​នោះ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​កប់​ពួក​ទុច្ចរិត—

ហើយ​ដាក់​ព្រលឹង​របស់​គេ មែន​ហើយ ព្រលឹង​ដ៏​អមត​របស់​គេ នៅ​ខាង​ស្ដាំ​ព្រះ​ហស្ត​នៃ​ព្រះ​នៅ​ក្នុង​នគរ​ស្ថានសួគ៌ ដើម្បី​អង្គុយ​ជាមួយ​នឹង​អ័ប្រាហាំ និង​អ៊ីសាក និង​យ៉ាកុប និង​ជាមួយ​ពួក​អយ្យកោ​ដ៏​បរិសុទ្ធ​ទាំង​អស់​របស់​យើង ដើម្បី​កុំ​ចេញ​ពី​ទី​នេះ​ទៅ​ទៀត​ឡើយ » ( ហេលេមិន ៣:២៩–៣០ ) ។

ពួក​ព្យាការី​ថ្ងៃ​ចុងក្រោយ​បាន​ទូន្មាន​យើង​ឲ្យ​សិក្សា​ព្រះគម្ពីរ​ជាង​រៀង​រាល់​ថ្ងៃ ទាំង​ដោយ​ផ្ទាល់ខ្លួន និង ជាមួយ​នឹង​គ្រួសារ​របស់​យើង ។ ពួក​លោក​លើក​ទឹកចិត្ត​យើង​ដូចជា​នីហ្វៃ​បាន​លើក​ទឹកចិត្ត​ដល់​បងប្អូន​ប្រុស​របស់​លោក ឲ្យ​ប្រដូច​បទគម្ពីរ​ទៅ​នឹង​ខ្លួន​យើង ដោយ​ស្វែងយល់​អំពី​របៀប​ដែល​ដំណើររឿង​ដ៏​ពិសិដ្ឋៗ​នៅ​ជំនាន់​បុរាណ អាច​អនុវត្ត​ក្នុង​ជីវិត​របស់​យើង​សព្វថ្ងៃ​នេះ ( សូម​មើល នីហ្វៃទី ១ ១៩:២៣–២៤ ) ។ ពួកលោក​ទូន្មាន​ឲ្យ​យើង « ស្ទង់មើល​គម្ពីរ » ( យ៉ូហាន ៥:៣៩ ) រួច « ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំងឡាយ​នៃ​ព្រះ​គ្រីស្ទ » (  នីហ្វទី២ ៣២:៣ ) ។

អ្នក​នឹង​ទទួល​បាន​ប្រយោជន៍​យ៉ាង​ខ្លាំង ដោយ​ការធ្វើតាម​ដំបូន្មាន​នេះ ។ ការសិក្សា​ព្រះគម្ពីរ​ដ៏​ជ្រាលជ្រៅ​ជា​ប្រចាំថ្ងៃ​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ការខ្សឹបប្រាប់​ពី​​ព្រះវិញ្ញាណ​បរិសុទ្ធ ។ វា​ជួយ​កសាង​សេចក្ដីជំនឿ​របស់​អ្នក ពង្រឹង​អ្នក​ទាស់​នឹង​ការល្បួង និង ជួយ​អ្នក​ឲ្យ​ខិតជិត​ទៅ​ព្រះវរបិតា​សួគ៌ា​របស់អ្នក និង​ព្រះរាជបុត្រា​ដ៏​ស្ងួនភ្ងា​របស់​ទ្រង់ ។

ចូរ​ដាក់​ផែនការ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​អ្នក ។ ចូរ​ញែក​ពេល​មួយ​ចំនួន​រៀង​រាល់ថ្ងៃ​ដាក់​សម្រាប់​សិក្សា​ព្រះគម្ពីរ ។ អំឡុង​ពេល​នោះ ចូរ​អាន​ដោយ​ប្រុងប្រយ័ត្ន ដោយ​យកចិត្តទុកដាក់​ទៅ​នឹង​ការបំផុស​នៃ​ព្រះវិញ្ញាណ ។ ចូរ​ទូល​សូម​ដល់​ព្រះវរបិតាសួគ៌​របស់​អ្នក ឲ្យ​ជួយ​អ្នក​ដឹង​ពី​អ្វី​ដែល​ទ្រង់​នឹង​ចង់​ឲ្យ​អ្នក​រៀន និង​ធ្វើ ។

ចូរ​បន្ដ​អាន​ព្រះគម្ពីរ ជាពិសេស​ព្រះគម្ពីរ​មរមន ពេញ​មួយ​ជីវិត​របស់​អ្នក ។ អ្នក​នឹង​រក​ឃើញ​រតនៈសម្បត្តិ​នៃ​ព្រះគម្ពីរ​ម្ដងហើយ​ម្ដងទៀត ដោយ​រកឃើញ​ខ្លឹមសារ និង​ការអនុវត្ត​ថ្មីៗ​នៅ​ក្នុង​នោះ ពេលអ្នក​សិក្សា​វា​នៅ​ដំណាក់កាល​ផ្សេងៗ​ក្នុង​ជីវិត ។

ប្រសិនបើ​អ្នក​រៀបការ​ហើយ ចូរ​រៀបចំ​ពេល​ដាច់​ដោយ​ឡែក​ក្នុង​ថ្ងៃ​នីមួយៗ ដើម្បី​អាន​ព្រះគម្ពីរ​ជា​គ្រួសារ ។ ការខិតខំ​ធ្វើ​ដូចនេះ​អាច​នឹង​ជួប​ការលំបាក ប៉ុន្តែ​វា​នឹង​ហុច​ផល​យ៉ាង​អស្ចារ្យ ដែល​ជា​លទ្ធផល​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ នៅ​ក្រោម​ការដឹកនាំ​ពី​ព្រះវិញ្ញាណ ចូរ​ដាក់​ផែនការ​អាន​ព្រះគម្ពីរ ដែល​នឹង​ជួយ​បំពេញតាម​សេចក្តីត្រូវការ​ដល់​គ្រួសារ​របស់​អ្នក ។ ចូរ​កុំ​ខ្លាច​ក្នុង​ការអាន​ឲ្យ​កុមារ​តូចៗ​ស្តាប់​ឡើយ ។ ភាសា​នៃ​កំណត់ត្រា​ដ៏​ពិសិដ្ឋ​ទាំងនោះ​មាន​អំណាច​ធ្វើ​ឲ្យ​ដក់ជាប់​ក្នុង​ចិត្ត ព្រមទាំង​ដល់​កុមារ​តូចៗ​ផងដែរ ។

ព្រះគម្ពីរ​ប៊ីប

ព្រះគម្ពីរ​ប៊ីប​ត្រូវបាន​បែងចែក​ចេញ​ជា​ពីរ​ផ្នែក ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ និង ព្រះគម្ពីរ​សញ្ញា​ថ្មី ។ ព្រះគម្ពីរ​សញ្ញាចាស់​គឺ​ជា​កំណត់ត្រា​ដ៏​ពិសិដ្ឋ​នៃ​ទំនាក់ទំនង​របស់​ព្រះ​ជាមួយ​រាស្ត្រ​នៃ​សេចក្តីសញ្ញា​របស់​ទ្រង់​នៅ​ដែនដី​បរិសុទ្ធ ។ វា​រួម​បញ្ចូល​សេចក្ដីបង្រៀន​របស់​ព្យាការី​មាន​ដូចជា ម៉ូសេ, យ៉ូស្វេ អេសាយ, យេរេមា និង ដានីយ៉ែល ។ ព្រះគម្ពីរសញ្ញាថ្មី​កត់ត្រា​អំពី​ការប្រសូត ការងារ​បម្រើ​ក្នុង​ជីវិត​រមែងស្លាប់ និង​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ។ វា​រួម​បញ្ចូល​ទាំង​ការងារបម្រើ​នៃ​ពួក​សិស្ស​របស់​ព្រះអង្គសង្គ្រោះ​ដែរ ។

ដោយសារតែ​ព្រះគម្ពីរប៊ីប​ត្រូវបាន​បកប្រែ​ជាច្រើន​ដង នោះ​វា​ត្រូវបាន​គេ​បោះពុម្ព​ជា​សៀវភៅ​អាន​ខុសៗ​ពី​គ្នា ។ កំណែថ្មី​នៃ​ព្រះគម្ពីរប៊ីប​របស់​ស្តេច​ជេមស៍​ជា​ភាសា​អង់គ្លេស ត្រូវបាន​ទទួលស្គាល់​ជា​ព្រះគម្ពីរ​ដោយ​សាសនាចក្រ ។

នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ យើង​គោរព​ព្រះគម្ពីរប៊ីប និង​ការបង្រៀន​ដ៏​ពិសិដ្ឋ​នៅ​ក្នុង​ព្រះគម្ពីរ​នេះ ។ យើង​អាច​ទទួលបាន​កម្លាំង និង​ការលួងលោមចិត្ត​ចេញ​ពី​ដំណើររឿង​ក្នុង​ព្រះគម្ពីរប៊ីប​អំពី​ទំនាក់ទំនង​របស់​ព្រះ​ជាមួយ​រាស្ត្រ​របស់​ទ្រង់ ។

ព្រះគម្ពីរ​មរមន ៖ សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ

ព្រះគម្ពីរ​មរមន​បាន​លេច​មក​នៅ​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នេះ​តាមរយៈ​ព្រះហឫទ័យ​នៃ​ព្រះអម្ចាស់ ។ វា​គឺ​ជា​កំណត់ត្រា​នៃ​ទំនាក់ទំនង​របស់​ព្រះ​ជាមួយ​ប្រជាជន ដែល​រស់នៅ​លើ​ទ្វីប​អាមេរិក​កាល​ពី​​ជំនាន់​បុរាណ ។ ពួក​ព្យាការី​របស់​ព្រះអម្ចាស់​បាន​ឆ្លាក់​កំណត់ត្រា​ដើម​នៅ​លើ​ផ្ទាំង​ចំណារមាស ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រកាស​ថា ព្រះគម្ពីរ​មរមន​មាន​នូវ « ភាពពោរពេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ » ( គ. និង ស. ២០:៩, សូម​មើល​ផងដែរ គ. និង ស. ៤២:១២ ) ។

នៅ​ថ្ងៃ​ទី ២២ ខែ កញ្ញា ឆ្នាំ ១៨២៧ ទេវតា​មួយ​អង្គ​ដែល​មានព្រះនាម មរ៉ូណៃ—ជា​ព្យាការី​ចុង​ក្រោយ​បង្អស់​ក្នុង​ព្រះគម្ពីរ​មរមន—បាន​ប្រគល់​បញ្ជី​ប្រវត្តិ​ទាំងនេះ​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ ។ តាមរយៈ​អំណោយទាន និង​ព្រះចេស្តា​នៃ​ព្រះ នោះ​ព្យាការី យ៉ូសែប បាន​បកប្រែ​បញ្ជីប្រវត្តិ​នេះ​ទៅ​ជា​ភាសាអង់គ្លេស ។ ចាប់តាំង​ពី​ពេល​នោះ​មក ព្រះគម្ពីរ​មរមន​ត្រូវបាន​បកប្រែ​ជា​ច្រើន​ភាសា ។

គោលបំណង​ចម្បង​នៃ​ព្រះគម្ពីរមរមន​គឺ​ដើម្បី​បញ្ចុះបញ្ចូល​មនុស្ស​ទាំងអស់​ឲ្យ​ជឿ « ថា​ព្រះយេស៊ូវ គឺជា​ព្រះគ្រីស្ទ ជា​ព្រះ​ដ៏​នៅ​អស់កល្ប​ជានិច្ច ដែល​បាន​សម្ដែង​រូបអង្គ​ទ្រង់​ដល់​គ្រប់​ទាំង​សាសន៍ » ( ទំព័រ​ចំណងជើង នៃ​ព្រះគម្ពីរ​មរមន ) ។ វា​បង្រៀន​ថា មនុស្ស​ទាំងអស់​ថា « ត្រូវតែ​មក​រក​ព្រះ​អង្គ បើ​ពុំ​នោះ​សោត​ទេ ពួក​គេ​នឹង​ពុំ​បាន​សង្គ្រោះ​ឡើយ » ( នីហ្វៃទី ១ ១៣:៤០ ) ។ យ៉ូសែប ស្ម៊ីធ បាន​មាន​ប្រសាសន៍​ថា ព្រះគម្ពីរ​មរមន​គឺ​ជា « មូលដ្ឋាន​នៃ​សាសនា​របស់​យើង ហើយ​បុគ្គល​ម្នាក់ៗ [ អាច ] ចូល​ទៅ​ជិត​ព្រះ​បាន ដោយសារ​ធ្វើតាម​សិក្ខាបទ​ទាំងឡាយ​នៃ​គម្ពីរ​នេះ ជាជាង​គម្ពីរ​ដទៃ​ទាំងអស់ » ( បុព្វកថា នៃ​ព្រះគម្ពីរ​មរមន ) ។

ព្រះគម្ពីរ​មរមន​គឺ​ជា​សក្ខីបទ​មួយ​ទៀត អំពី​សេចក្ដីពិត​ដែល​ត្រូវបាន​បង្រៀន​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប ។ ព្រះគម្ពីរ​នេះ​ក៏​ស្ដារ « ភាគ​ដ៏​ច្បាស់ និង​ពិសេសៗ » នៃ​សេចក្ដីពិត​ដែល​បាន​បាត់​ពី​ព្រះគម្ពីរ​ប៊ីប តាមរយៈ​កំហុស​នៅ​ក្នុង​ការបកប្រែ ឬ « បាន​ដក​យក » ក្នុង​ការប៉ុនប៉ង​ដើម្បី « បង្ខូចផ្លូវ​ដ៏​ត្រឹមត្រូវ​ទាំងឡាយ​នៃ​ព្រះអម្ចាស់ » ( សូម​មើល នីហ្វៃទី ១ ១៣:២៤–២៧, ៣៨–៤១ ) ។ ព្រះគម្ពីរ​ប៊ីប និង ព្រះគម្ពីរ​មរមន « នឹង​ត្រូវបាន​រួម​ទៅ​ជាមួយ​គ្នា​ចំពោះ​ការផ្ចាញ់ផ្ចាល​នូវ​គោលលទ្ធិ​ក្លែងក្លាយ​ទាំងឡាយ ហើយ​បង្ក្រាប​ការទាស់ទែង​គ្នា​ទាំង​ប៉ុន្មាន ហើយ​បង្កើត​ឲ្យ​មាន​សេចក្ដី​សុខសាន្ត » ( នីហ្វៃទី ២ ៣:១២ ) ។

នៅ​ជិត​ចុងបញ្ចប់​នៃ​ព្រះគម្ពីរមរមន ព្យាការី​មរ៉ូណៃ បង្រៀន​យើង​អំពី​របៀប​ដែល​យើង​អាច​ដឹង​ថា​ព្រះគម្ពីរ​នេះ​ពិត ៖ « ហើយ​កាលណា​អ្នក​រាល់​គ្នា​បាន​ទទួល​នូវ​ការណ៍​ទាំងនេះ នោះ​ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ឲ្យ​សូម​សួរ​ដល់​ព្រះ​ជា​ព្រះ​វរបិតា​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ បើ​សិន​ជា​ការណ៍​ទាំង​នេះ​មិន​ពិត ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា សូម​សួរ​ដោយ​ចិត្ត​ស្មោះសរ គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ នោះ​ទ្រង់​នឹង​សម្ដែង​សេចក្ដី​ពិត​នៃ​ការណ៍​នេះ​ដល់​អ្នក ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ( មរ៉ូណៃ ១០:៤, សូម​មើល​ផងដែរ ខទី​៣ និង ទី​៥ ) ។

ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តីសញ្ញា

គោលលទ្ធិ និង សេចក្តីសញ្ញា មាន​នូវ​វិវរណៈ​ទាំងឡាយ ដែល​បាន​ប្រទាន​ដល់​ព្យាការី យ៉ូសែប ស៊្មីធ ។ វា​ក៏​មាន​បញ្ចូល​វិវរណៈ​មួយ​ចំនួន ដែល​បាន​ប្រទាន​ដល់​ពួក​ព្យាការី​ថ្ងៃ​ចុងក្រោយ​ដទៃ​ទៀត​ផងដែរ ។ ព្រះគម្ពីរ​នេះ​មាន​ភាពអស្ចារ្យ​ប្លែក ដោយសារ​វា​មិន​ត្រូវបាន​បកប្រែ​ពី​ឯកសារ​បុរាណ​ទេ ។ វា​ជា​ការចងក្រង​វិវរណៈ​នានា ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួក​ព្យាការី​ដែល​ទ្រង់​បាន​ជ្រើសរើស​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ។

ព្យាការី យ៉ូសែប ស៊្មីធ បាន​មាន​ប្រសាសន៍​ថា គោលលទ្ធិ និង សេចក្តីសញ្ញ​គឺ​ជា « មូលដ្ឋាន​នៃ​សាសនាចក្រ​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ ហើយ​ជា​ផល​ប្រយោជន៍​ដល់​ពិភពលោក ដោយ​បង្ហាញ​ថា​កូន​សោ​នៃ​សេចក្ដី​អាថ៌កំបាំង​ទាំងឡាយ​ក្នុង​នគរ​របស់​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង ត្រូវ​បាន​ផ្ទុកផ្ដាក់​ដល់​មនុស្ស​ទៀត​ហើយ » ( ក្បាល​កណ្ឌ​នៃ គ. និង ស. ៧០ ) ។

ព្រះគម្ពីរ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា

មុក្តា​ដ៏​មាន​តម្លៃ​មហិមា​មាន​នូវ​គម្ពីរ​ម៉ូសេ គម្ពីរ​អ័ប្រាហាំ និង​ការបកប្រែ​ដ៏​បំផុសគំនិត​ដោយ​ព្យាការី​យ៉ូសែប ស៊្មីធ នៅ​ក្នុង​ជំពូក​ទី ២៤ នៃ​គម្ពីរ​ម៉ាថាយ និង​មាន​ការសរសេរ​មួយ​ចំនួន​របស់​ព្យាការី​យ៉ូសែប ។

គម្ពីរ​ម៉ូសេ​គឺជា​សេចក្តី​ដកស្រង់​តូច​មួយ​ពី ការបកប្រែ​ដ៏​បំផុសគំនិត​របស់​យ៉ូសែប ស៊្មីធ នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប ។ វា​គឺជា​កំណត់ត្រា​ពេញលេញ​នៃ​ការសរសេរ​របស់​ម៉ូសេ អំពី​ចំណាប់ផ្ដើម​នៃ​គម្ពីរ​លោកុប្បត្តិ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ។ វា​មាន​នូវ​គោលលទ្ធិ និង​ការបង្រៀន​ជា​ច្រើន ដែល​បាន​បាត់​ពី​ព្រះគម្ពីរ​ប៊ីប ថែមទាំង​ផ្ដល់​ព័ត៌មាន​បន្ថែម​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ ការបង្កបង្កើត​ផែនដី និង​ទំនាក់ទំនង​របស់​ព្រះអម្ចាស់​ជាមួយ​អ័ដាម និង​ហេណុក ។

គម្ពីរ​អ័ប្រាហាំ​គឺ​ជា​ការបកប្រែ​នៃ​បញ្ជី​ប្រវត្តិ​បុរាណ ដែល​បាន​សរសេរ​នៅ​លើ​ផ្ទាំងរមូរ ដែល​បាន​ក្លាយ​ជា​ទ្រព្យសម្បត្តិ​របស់​សាសនាចក្រ​ក្នុង​ឆ្នាំ ១៨៣៥ ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​បកប្រែ​បញ្ជីប្រវត្តិ​ទាំងនោះ​ដោយ​វិវរណៈ ។ ព្រះគម្ពីរ​នេះ​មាន​នូវ​សេចក្ដីពិត​នានា​អំពី​ក្រុមប្រឹក្សា​ស្ថានសួគ៌​ក្នុង​ជីវិត​ឆាក​ជីវិត​នេះ ការបង្កបង្កើត​ផែនដី លក្ខណៈ​នៃ​ព្រះ និង​បព្វជិតភាព ។

យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ដាក់​បញ្ចូល​ចំណេះដឹង​នៃ​សេចក្ដីបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​អំពី​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ។

ការសរសេរ​របស់ យ៉ូសែប ស៊្មីធ នៅ​ក្នុង​មុក្តា​ដ៏​មាន​តម្លៃ​មហិមា រួម​មាន ៖

  • យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ជា​ការដកស្រង់​មួយ​ចេញ​ពី​ប្រវត្តិ​ព្យាការី​របស់​សាសនាចក្រ ។ វា​គឺ​ជា​សេចក្ដីអធិប្បាយ​អំពី​ព្រឹត្តិការណ៍​ដែល​នាំ​ទៅ​រក​ការស្ដារឡើងវិញ​នៃ​សាសនាចក្រ រួម​មាន ការនិមិត្ត​ដំបូង ការយាង​មក​ជួប​របស់​មរ៉ូណៃ​ដល់​ព្យាការី​យ៉ូសែប ការទទួលបាន​ផ្ទាំងចំណារ​មាស និង​ការស្ដារឡើងវិញ​នៃ​បព្វជិតភាព​មិលគីស្សាដែក ។

  • មាត្រា​នៃ​សេចក្តីជំនឿ ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​សរសេរ​គឺ​ជា​សេចក្ដីថ្លែងការណ៍​ស្ដីពី​ជំនឿ និង គោលលទ្ធិ ។