មេរៀនទី១៣
គោលលទ្ធិ និង សេចក្តីសញ្ញា ៤
បុព្វកថា
វិវរណៈនេះ ត្រូវបានផ្ដល់ឲ្យទៅ យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រនៅខែកុម្ភៈ ឆ្នាំ១៨២៩ ដែលត្រូវជាឪពុករបស់ព្យាការី គឺជាវិវរណៈដំបូងគេមួយនៃវិវរណៈដំបូងគេមួយចំនួន បានប្រទានទៅដល់បុគ្គលជាច្រើន ដែលមានបំណងប្រាថ្នាដើម្បីជួយព្រះអម្ចាស់នៅក្នុងកិច្ចការរបស់ទ្រង់ ( សូមមើលផងដែរគ. និង ស.១១-១២;១៤-១៦;២៥ ) ។ ក្នុងវិវរណៈនោះ យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ត្រូវបានហៅឲ្យធ្វើកិច្ចការនៅក្នុងការបម្រើរបស់ព្រះ ។ បន្ថែមពីលើនោះ ព្រះអម្ចាស់ បានចែងពីគុណសម្បត្តិ និងលក្ខណៈសម្បត្តិគន្លឹះសម្រាប់អ្នកទាំងឡាយណាដែលបម្រើទ្រង់ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:១-៣
យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ត្រូវបានហៅឲ្យធ្វើកិច្ចការនៅក្នុងការបម្រើរបស់ព្រះ ។
សូមចាប់ផ្ដើមដោយការសុំឲ្យសិស្សពិចារណាអំពីសំណួរខាងក្រោម ៖
-
តើអ្នកធ្លាប់មានអារម្មណ៍ប្រាថ្នាចង់បម្រើព្រះ ហើយចង់ដឹងពីព្រះឆន្ទៈទ្រង់ ទាក់ទងនឹងរបៀបដែលអ្នកអាចជួយក្នុងការធ្វើកិច្ចការរបស់ទ្រង់បានល្អបំផុតដែរឬទេ ?
សូមពន្យល់ថា ឪពុករបស់យ៉ូសែប ស្ម៊ីធ មានបំណងយ៉ាងខ្លាំង ប៉ុន្តែគាត់ពុំដឹងថាតើព្រះអម្ចាស់មានព្រះទ័យឲ្យគាត់ធ្វើអ្វីឡើយ ។ ក្នុងខែ កុម្ភៈ ឆ្នាំ ១៨២៩ យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ និង លូស៊ី ជាភរិយារបស់លោក បានទៅសួរសុខទុក្ខកូនប្រុសរបស់ពួកលោក យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ នៅភូមិ ហាម៉ូនី រដ្ឋ ប៉ែនសិលវេញ៉ា ។ អំឡុងការសួរសុខទុក្ខនោះ យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ បានទទួលវិវរណៈមួយដែលឆ្លើយទៅនឹងសំណួររបស់ឪពុករបស់លោក ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤ គឺជាចម្លើយរបស់ព្រះអម្ចាស់ ដែលទ្រង់បានចែងពីគុណសម្បត្តិនានា ដែលទ្រង់រំពឹងចង់បានពីសំណាក់អ្នកទាំងឡាយដែលជួយនៅក្នុងកិច្ចការរបស់ទ្រង់ ។
សូមរំឭកសិស្សថា នៅគ្រានៃវិវរណៈនេះ សាសនាចក្រ ពុំទាន់ត្រូវបានរៀបចំឡើង ហើយបព្វជិតភាពពុំទាន់ត្រូវបានស្ដារឡើងវិញនៅឡើយទេ ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:១ ដោយស្ងាត់ស្ងៀម ស្វែងរកមើលរបៀបដែលព្រះអម្ចាស់ បានពិពណ៌នាអំពីការស្ដារឡើងវិញថា ជាការណ៍ដែលទើបតែចាប់ផ្ដើមបង្កើតឡើង ។
-
តើព្រះអម្ចាស់ប្រើព្រះបន្ទូលអ្វីដើម្បី ពិពណ៌នាអំពីការស្ដារឡើងវិញនៃដំណឹងល្អនៅក្នុងថ្ងៃចុងក្រោយ ?
-
តើការស្ដារឡើងវិញនៃដំណឹងល្អ « អស្ចារ្យ » ដោយវិធីណា ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:២ ឲ្យឮៗ ។ សូមសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាមរកមើលអ្វីដែលព្រះអម្ចាស់សុំពីអ្នកទាំងឡាយដែលចាប់ផ្ដើមធ្វើការបម្រើរបស់ទ្រង់ ។ ( អ្នកអាចនឹងពន្យល់ថាពាក្យ ចាប់ផ្ដើមធ្វើការ មានន័យថា ផ្ដើមធ្វើ ) ។
-
ស្របតាមខគម្ពីរនេះ តើព្រះអម្ចាស់រំពឹងអ្វីខ្លះ ពីអ្នកទាំងឡាយដែលបម្រើទ្រង់ ?
-
តើវាមានន័យដូចម្តេច ដើម្បីធ្វើអ្វីមួយ « ដោយអស់ពីចិត្តអស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង » នោះ ?
ដើម្បីជួយសិស្សយល់បានកាន់តែច្បាស់អំពីឃ្លានេះ សូមឲ្យពួកគេពិពណ៌នាអំពីសកម្មភាព ឬលក្ខណៈសម្បត្តិអ្វីខ្លះ ដែលពួកគេរំពឹងថាមាននៅក្នុងខ្លួនមនុស្សម្នាក់ ដែលកំពុងព្យាយាមដើម្បីបម្រើព្រះដោយអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំងរបស់ពួកគាត់នោះ ។ អ្នកក៏អាចអញ្ជើញពួកគេឲ្យផ្ដល់ឧទាហរណ៍អំពីមនុស្សទាំងឡាយដែលពួកគេដឹងថាបានបម្រើព្រះអម្ចាស់តាមរបៀបនេះផងដែរ ។
សូមសរសេរសេចក្ដីថ្លែងការណ៍ពុំពេញលេញដូចខាងក្រោមនៅលើក្ដារខៀន ៖ បើយើងបម្រើព្រះដោយអស់ពីចិត្តអស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំងរបស់យើង .
ដើម្បីជួយសិស្សប្រាប់ពីគោលការណ៍មួយដែលបានបង្រៀននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:២ សូមសួរសំណួរដូចខាងក្រោម ៖
-
ស្របតាម គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:២ តើមានពរជ័យអ្វីខ្លះ ដែលកើតចេញមកពីការបម្រើព្រះ « ដោយអស់ពីចិត្តអស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង [ របស់យើង ] នោះ ? ( នៅពេលសិស្សឆ្លើយសូមសិស្សម្នាក់ឲ្យបំពេញសេចក្ដីថ្លែងការណ៍បញ្ចប់នៅលើក្ដារខៀន ។ វាគួរតែអានស្រដៀងគ្នានឹងឃ្លាដូចខាងក្រោមនេះ ៖ បើយើងបម្រើព្រះដោយអស់ពីចិត្តអស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំងរបស់យើង នោះយើងអាចបានឈរដោយឥតទោសនៅចំពោះព្រះនៅថ្ងៃចុងក្រោយបំផុត ។ អ្នកអាចផ្ដល់យោបល់ដល់សិស្សឲ្យគូសចំណាំឃ្លានេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ) ។
-
ហេតុអ្វីអ្នកគិតថា ការបម្រើព្រះដោយអស់ពីចិត្តអស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំងរបស់យើង នឹងអនុញ្ញាតឲ្យយើងឈរដោយឥតទោសនៅចំពោះព្រះដូច្នេះ ?
សូមលើកទឹកចិត្តដល់សិស្សឲ្យធ្វើការពិចារណាថា តើមានអារម្មណ៍យ៉ាងណាដើម្បីឈរនៅក្នុងវត្តមានរបស់ព្រះ ហើយ « ឥតទោស » នោះ ។ អ្នកអាចអញ្ជើញសិស្សម្នាក់ ឬ ពីរនាក់ ឲ្យចែកចាយគំនិតរបស់ពួកគេ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:៣ ឲ្យឮៗ ។ សូមឲ្យសិស្សផ្ទៀងតាម រកមើលលក្ខណៈសម្បត្តិមួយ ដែលបុគ្គលម្នាក់ៗ ចាំបាច់ត្រូវមានដើម្បីជួយព្រះអម្ចាស់នៅក្នុងកិច្ចការរបស់ទ្រង់ ។
-
តើលក្ខណៈសម្បត្តិអ្វីខ្លះ ដែលមនុស្សម្នាក់ចាំបាច់ត្រូវមាន ដើម្បីជួយព្រះអម្ចាស់នៅក្នុងកិច្ចការរបស់ទ្រង់នោះ ? ( មានបំណងចង់បម្រើព្រះ ) ។
អ្នកអាចនឹងពន្យល់ថា មនុស្សមួយចំនួនគិតថា គោលលទ្ធិ និង សេចក្ដីសញ្ញា ៤ គឺជាការហៅឲ្យបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងតែប៉ុណ្ណោះទេ ។ ទោះជាយ៉ាងណាក៏ដោយ ឪពុករបស់យ៉ូសែប ស៊្មីធ ដែលវិវរណៈនេះត្រូវបានប្រទានឲ្យគាត់ គឺពុំត្រូវបានហៅជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងនោះទេ ។ ទោះជាយ៉ាងណា គាត់បានធ្វើតាមការប្រឹក្សានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:២–៣ អស់មួយជីវិតរបស់គាត់ និងបម្រើដោយការតាំងចិត្ត នៅគ្រប់ទីកន្លែង និងគ្រប់ពេលដែលគាត់ត្រូវបានហៅឲ្យបម្រើ ។ គាត់គឺជាសាក្សីម្នាក់នៃសាក្សីប្រាំបីនាក់អំពីព្រះគម្ពីរមរមន ហើយជាមនុស្សម្នាក់នៃមនុស្សដំបូងដែលត្រូវបានជ្រមុជទឹក នៅពេលសាសនាចក្រ ត្រូវបានរៀបចំឡើងជាផ្លូវការនៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ១៨៣០ ។ គាត់ក៏បានបម្រើជាលោកអយ្យកោដំបូងគេបង្អស់ក្នុងសាសនាចក្រ និងជាទីប្រឹក្សាជំនួយក្នុងគណៈប្រធានទីមួយ ។
ការប្រឹក្សាដែលបានប្រទានឲ្យនៅក្នុងកណ្ឌនេះ អាចអនុវត្តចំពោះមនុស្សទាំងអស់ដែលមានបំណងចង់បម្រើព្រះអម្ចាស់ និងតាមរបៀបជាច្រើនដែលយើងអាចស្ថាបនានគររបស់ព្រះ ។
-
ជាការបន្ថែមទៅលើកិច្ចការផ្សព្វផ្សាយសាសនាពេញម៉ោង តើវិធីមួយចំនួនដែលយើងអាចជួយព្រះអម្ចាស់នៅក្នុងកិច្ចការរបស់ទ្រង់មានអ្វីខ្លះ ?
ដើម្បីផ្ដល់ជាគំនិតដល់សិស្ស អំពីរបៀបដែលពួកគេអាចធ្វើតាមបំណងប្រាថ្នារបស់ពួកគេដើម្បីជួយនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់នាពេលឥឡូវនេះ សូមអញ្ជើញសិស្សក្នុងថ្នាក់ម្នាក់ ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដកចេញមកពី ដើម្បីកម្លាំងនៃយុវជន ៖
« ការបម្រើដ៏សំខាន់បំផុតមួយចំនួន ដែលអ្នកអាចផ្តល់ឲ្យ គឺនៅក្នុងផ្ទះរបស់អ្នកផ្ទាល់ ។ អ្នកអាចបម្រើនៅក្នុងការចាត់តាំងពីសាសនាចក្រ សាលារៀន និង សហគមន៍របស់អ្នកបានផងដែរ ។ អ្នកអាចបម្រើដោយការធ្វើកិច្ចការពង្សប្រវត្តិ និង ព្រះវិហារបរិសុទ្ធ ។ អ្នកអាចបម្រើដោយការចែកចាយដំណឹងល្អ ជាមួយនឹងអ្នកដទៃឥឡូវនេះ និងក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងនាពេលអនាគត ។ ជាញឹកញាប់ ការបម្រើដ៏មានអត្ថន័យបំផុត គឺត្រូវបានបង្ហាញតាមរយៈការធ្វើកិច្ចការល្អៗសាមញ្ញជារៀងរាល់ថ្ងៃ ។ សូមស្វែងរកការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធជារៀងរាល់ថ្ងៃ ដើម្បីដឹងថាតើត្រូវបម្រើនរណា និងពីរបៀបដើម្បីជួយស្របទៅតាមតម្រូវការទាំងឡាយរបស់ពួកគេ ។ សូមធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះនៅពេលអ្នកបម្រើដល់អ្នកដទៃ » ( ដើម្បីកម្លាំងនៃយុវជន [ កូនសៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ៣២ ) ។
សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ នូវរបៀបជាក់លាក់មួយ ដែលពួកគេចង់ជួយព្រះអម្ចាស់នៅក្នុងកិច្ចការរបស់ទ្រង់ នៅគ្រានេះក្នុងជីវិតរបស់ពួកគេ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៤:៤
ស្រែសសំព្រុះល្មមច្រូតហើយ
បើអាចធ្វើទៅបាន សូមយកគ្រាប់ស្រូវមកថ្នាក់រៀន ។ បើពុំមានទេ សូមបង្ហាញសិស្សនូវរូបភាពវាលស្រែ ឬ គូររូបសាមញ្ញមួយអំពីគួរស្រូវ នៅលើក្ដារខៀន ។ សូមពន្យល់ថា ស្រូវ ដូចជាស្រូវសាឡី វាប្រែពណ៌ពេលវាដុះធំឡើង ។ នៅពេលដើមស្រូវនៅខ្ចី វាមានពណ៌បៃតង ប៉ុន្ដែពេលវាធំឡើងវានឹងប្រែទៅជាពណ៌លឿងព្រលែត ។ នៅពេលស្រូវវាទុំល្មមច្រូតកាត់ ជាញឹកញាប់វាត្រូវបានពិពណ៌នាថាជា « ពណ៌លឿងទុំ » ។
សូមសរសេរពាក្យដូចខាងក្រោមនៅលើក្ដារខៀន ៖ វាលស្រូវ, ចម្រូត, កណ្ដៀវ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:៤ឲ្យឮៗ ។ មុនពេលគាត់អាន សូមពន្យល់ថា នៅក្នុងខនេះ ព្រះអម្ចាស់ បានប្រៀបប្រដូចមនុស្សក្នុងលោកិយ ទៅនឹងវាលស្រែមួយ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលរបៀបដែលព្រះអម្ចាស់បានពិពណ៌នាអំពីវាលស្រែ ( ឬមនុស្សក្នុងលោកិយ ) ។
-
តើព្រះអម្ចាស់មានបន្ទូលអ្វីខ្លះ អំពីវាលស្រែរបស់ទ្រង់ ( ឬមនុស្សក្នុងលោកិយ ) ?
-
តើអ្នកគិតថាឃ្លា « ស្រែសសំព្រុះល្មមច្រូតហើយ » មានន័យយ៉ាងណា ? ( មនុស្សក្នុងលោកិយ ត្រូវបានរៀបចំដើម្បីប្រមូលទៅកាន់ព្រះ និងសាសនាចក្ររបស់ទ្រង់ ) ។
សូមសួរបើសិនជាមាននរណាម្នាក់អាចពន្យល់អំពីកណ្ដៀវថាជាអ្វី ហើយគេប្រើវាដើម្បីធ្វើអ្វី ។ ( កណ្ដៀវ គឺជាកាំបិតមុខកោង ហើយប្រើសម្រាប់ច្រូតស្រូវ ។ អ្នកអាចនឹងចង់ គូររូបកណ្ដៀវសាមញ្ញមួយ នៅលើក្ដារខៀន ) ។
-
តើអ្នកគិតថា ការច្រូតកាត់នឹងកណ្ដៀវដោយអស់ពីកម្លាំងរបស់ខ្លួននោះ វាមានន័យយ៉ាងណា ? ( ធ្វើការដោយឧស្សាហ៍ព្យាយាមដើម្បីនាំអ្នកដទៃមកកាន់ព្រះយេស៊ូវគ្រីស្ទ ) ។
-
ស្របតាម គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:៤ តើពរជ័យអ្វីខ្លះនឹងកើតមានចំពោះអ្នកទាំងឡាយដែលធ្វើការដោយឧស្សាហ៍ព្យាយាម ដើម្បីនាំអ្នកដទៃមកកាន់ព្រះយេស៊ូវគ្រីស្ទ ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែត្រូវប្រាកដថា ពួកគេប្រាប់អំពីសេចក្ដីពិតដូចខាងក្រោម ៖ នៅពេលយើងធ្វើការដោយឧស្សាហ៍ព្យាយាមដើម្បីនាំអ្នកដទៃមកកាន់ព្រះយេស៊ូវគ្រីស្ទ នោះយើងក៏អាចទទួលបានសេចក្ដីសង្គ្រោះសម្រាប់ខ្លួនយើងផងដែរ ។ អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន) ។
-
តើការជួយអ្នកដទៃឲ្យមករកព្រះយេស៊ូវគ្រីស្ទ ក៏ដូចជាជួយយើងឲ្យមកកាន់ទ្រង់ផងដែរ បានយ៉ាងដូចម្ដេច ?
ដើម្បីជួយសិស្សពង្រឹងទីបន្ទាល់របស់ពួកគេអំពីគោលការណ៍នេះ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យផ្ដល់ជាឧទាហរណ៍ អំពីរបៀបដែលពួកគេមានអារម្មណ៍កាន់តែជិតស្និទជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេបានធ្វើការជួយដល់អ្នកដទៃឲ្យមកកាន់តែជិតទ្រង់នោះ ។ អ្នកក៏អាចចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន ឬសាក្សីរបស់អ្នកអំពីគោលការណ៍នេះផងដែរ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:៥-៧
ព្រះអម្ចាស់ បានចែងពីគុណសម្បត្តិ និងលក្ខណៈសម្បត្តិគន្លឹះសម្រាប់ការបម្រើទ្រង់ ។
សូមឲ្យសិស្សប្រាប់អំពីមុខរបរមួយចំនួន ។ សូមជ្រើសរើសមុខរបរមួយ ឬពីរ ដែលពួកគេបានប្រាប់ ហើយសុំពួកគេឲ្យប្រាប់ពីគុណសម្បត្តិ និងលក្ខណៈសម្បត្តិចាំបាច់ ដែលមនុស្សម្នាក់ចាំបាច់ត្រូវមានដើម្បីទទួលបានជោគជ័យនៅក្នុងមុខរបរនោះ ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:៥ ដោយស្ងាត់ស្ងៀម រកមើលលក្ខណៈសម្បត្តិដែលមនុស្សម្នាក់មានដើម្បីជួយនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ។ ( អ្នកអាចអញ្ជើញឲ្យសិស្សម្នាក់សរសេរលក្ខណៈសម្បត្តិទាំងនេះ នៅលើក្ដារខៀន នៅពេលសិស្សក្នុងថ្នាក់បានឆ្លើយ ) ។ អ្នកក៏អាចឲ្យយោបល់ដល់សិស្សគូសចំណាំវានៅក្នុងព្រះគម្ពីររបស់ពួកគេ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:៦ ឲ្យឮៗ ។ សូមឲ្យសិស្សផ្ទៀងតាម កត់ចំណាំលក្ខណៈសម្បត្តិបន្ថែម ដែលព្រះអម្ចាស់បានផ្តល់ការប្រឹក្សាឲ្យអ្នកបម្រើរបស់ទ្រង់ « ចងចាំ » ។ ( អ្នកអាចសុំឲ្យសិស្សម្នាក់សរសេរលក្ខណៈសម្បត្តិទាំងនេះនៅលើក្ដារខៀន នៅជិតនឹងលក្ខណៈសម្បត្តិដែលដកស្រង់ចេញពី ខ ៥ ) ។
សូមឲ្យសិស្សរកមើលសេចក្តីពិតពី ខទី ៥–៦ ថាតើមានលក្ខណៈសម្បត្តិដ៏ទេវភាពអ្វីខ្លះដែលអនុញ្ញាតឲ្យយើងអភិវឌ្ឍ ។ សិស្សអាចនឹងប្រើពាក្យខុសៗគ្នា ប៉ុន្តែពួកគេគួរតែរកឃើញសេចក្តីពិតដូចតទៅនេះ ៖ ការខិតខំរបស់យើងដើម្បីអភិវឌ្ឍលក្ខណៈសម្បត្តិដ៏ទេវភាពនឹងជួយយើងឲ្យមានគុណសម្បត្តិជួយក្នុងកិច្ចការរបស់ព្រះអម្ចាស់ ។ ( អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន ។ អ្នកក៏អាចឲ្យយោបល់ដល់សិស្សឲ្យសរសេរវានៅក្នុងបទគម្ពីររបស់ពួកគេ ជិតនឹងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤:៥-៦ ផងដែរ ។
-
តើការអភិវឌ្ឍលក្ខណៈសម្បត្តិនីមួយៗ នៅក្នុង ខ ៥-៦ ជួយយើងកាន់តែមានប្រសិទ្ធភាពក្នុងការជួយដល់កិច្ចការរបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ?
-
តើលក្ខណៈសម្បត្តិណាមួយ ដែលសរសេរនៅក្នុងខទាំងនេះ ដែលអ្នកចង់អភិវឌ្ឍវាឲ្យបានកាន់តែពេញលេញ ? ហេតុអ្វី ?
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:៧ ឲ្យឮៗ ខណៈដែលសិស្សក្នុងថ្នាក់ស្វែងរករបៀបដែលយើងអាចព្យាយាមធ្វើតាម និងអភិវឌ្ឍលក្ខណៈសម្បត្តិទាំងនេះ ។
-
តើពាក្យ « សុំ » និង « គោះ » មានន័យយ៉ាងណា ?
-
តើអ្នកគិតថា ការអធិស្ឋានអាចជួយយើងឲ្យអភិវឌ្ឍលក្ខណៈសម្បត្តិដ៏ទេវភាពបានយ៉ាងដូចម្ដេច ?
ដើម្បីបញ្ចប់មេរៀន អ្នកអាចអញ្ជើញសិស្សឲ្យថ្លែងទីបន្ទាល់អំពី ពរជ័យទាំងឡាយដែលពួកគេបានទទួល នៅពេលពួកគេបានជួយនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ។