មេរៀនទី ៨០
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥០-៨០
បុព្វកថា
ខណៈពេលកំពុងតែធ្វើការបកប្រែព្រះគម្ពីរប៊ីប នៅថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ១៨៣២ យ៉ូសែប ស៊្មីធ បានធ្វើការផ្លាស់ប្ដូរដ៏បំផុសគំនិតចំពោះយ៉ូហាន ៥:២៩ស្ដីអំពីការរស់ឡើងវិញនៃមនុស្សសុចរិត និងមនុស្សទុច្ចរិត ។ បន្ទាប់ពីមើលឃើញការនិមិត្តអំពីសិរីល្អនៃព្រះបិតា និងព្រះរាជបុត្រា ការធ្លាក់របស់លូស៊ីហ្វើរ និងពួកកូនអន្ដរធាន នោះ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ត្រូវបានបង្ហាញការនិមិត្តអំពីអ្នកទាំងឡាយដែលនឹងមានចំណែកក្នុងការរស់ឡើងវិញនៃមនុស្សសុចរិត ៖ ជាប្រជាជននៃនគរសេឡេស្ទាល និងទេរេស្ទ្រាល ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥០-៧០
ព្រះអម្ចាស់បើកសម្ដែងអំពីតម្រូវការនានា និងពរជ័យទាំងឡាយនៃការទទួលបានការលើកតម្កើងនៅក្នុងនគរសេឡេស្ទាល
សូមយកនំប៉័ងមួយចំណិតមកថ្នាក់រៀន និងគ្រឿងផ្សំសម្រាប់ធ្វើនំប៉័ង ។ ( ឬអ្នកអាចប្រើប្រភេទនៃផលិតផលដុតនំផ្សេងទៀត ដែលតម្រូវឲ្យមានគ្រឿងផ្សំច្រើន ) ។ សូមសរសេររូបមន្ដសម្រាប់ធ្វើនំប៉័ងនៅលើក្ដារខៀន ។ សូមឲ្យសិស្សប្រាប់អំពីគ្រឿងផ្សំសម្រាប់ធ្វើនំប៉័ង ហើយបង្ហាញវត្ថុទាំងនោះ នៅពេលសិស្សនិយាយពីវា ។ ( បើអ្នកពុំមានគ្រឿងផ្សំច្រើនទេ អ្នកអាចសរសេរវានៅលើក្ដារខៀន នៅពេលពួកគេប្រាប់ ) ។ សូមប្រាប់សិស្សថា ដំណើរការនៃ ការធ្វើនំប៉័ង អាចជួយពួកគេយល់អំពីសេចក្ដីពិតដែលនឹងប្រាប់ពួកគេនៅក្នុងការសិក្សារបស់ពួកគេអំពីគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥០-៨០។
សូមជួយសិស្សមើលបរិបទគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦ដោយការសួរសំណួរដូចខាងក្រោម ៖
-
តើ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានធ្វើអ្វីខ្លះ ពីមុនការទទួលបានការនិមិត្ត ដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦? ( ការបកប្រែ និងការពិចារណាយ៉ូហាន ៥:២៩។ បើសិស្សត្រូវការជំនួយដើម្បីចងចាំបរិបទនេះ សូមអញ្ជើញពួកគេឲ្យមើលត្រួសៗនូវប្រយោគចុងក្រោយចង្អស់នៃសេចក្ដីណែនាំដល់កណ្ឌ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានយ៉ូហាន ៥:២៩ឲ្យឮៗ ។ សូមពន្យល់ថា យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន កំពុងពិចារណាអំពីការពិពណ៌នារបស់យ៉ូហាន អំពីការរស់ឡើងវិញនៃអ្នកទាំងឡាយដែលបានធ្វើល្អ និងការរស់ឡើងវិញនៃអ្នកទាំងឡាយដែលធ្វើអាក្រក់ នៅពេលពួកលោកបានទទួលការនិមិត្ត ដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលនូវអ្វីដែល យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ត្រូវបានបើកបង្ហាញ បន្ទាប់ពីការនិមិត្តអំពីពួកកូនអន្ដរធាន ។ ( អ្នកអាចនឹងចង់ពន្យល់ថា នៅក្នុងខនេះ ពាក្យល្អមានន័យថា សុចរិត ) ។
-
ស្របតាមខ ៥០តើនរណាដែលព្យាការី និង ស៊ីឌនី រិកដុន មើលឃើញនៅក្នុងការនិមិត្តបន្ទាប់អំពីពួកកូនអន្ដរធាន ? ( អ្នកទាំងឡាយដែលនឹងចេញមក ក្នុងដំណើររស់ឡើងវិញនៃមនុស្សសុចរិត ) ។
សូមពន្យល់ថាគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥០-៨០ពិពណ៌នាអំពីអ្នកទាំងឡាយដែលនឹងត្រូវបានរស់ឡើងវិញនៅក្នុងការរស់ឡើងវិញនៃមនុស្សសុចរិត ។ សូមឲ្យសិស្សមើលត្រួសៗអំពីគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៧០ហើយពិពណ៌នាប្រាប់អំពីក្រុមមនុស្សដំបូងដែលនឹងត្រូវបានរស់ឡើងវិញ អំឡុងការរស់ឡើងវិញនៃមនុស្សសុចរិត ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
សូមសរសេររូបមន្តសម្រាប់ការក្លាយជាមនុស្សសេឡេស្ទាលនៅលើក្ដារខៀន ។ សូមពន្យល់ថា ជាចំណែកនៃការនិមិត្តនេះ ព្រះអម្ចាស់បានបើកសម្ដែងដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុននូវការពិពណ៌នាមួយអំពីអ្នកទាំងឡាយដែលនឹងទទួលគ្រងការលើកតម្កើងនៅក្នុងនគរសេឡេស្ទាល ។ សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥១-៥៣ដោយស្ងាត់ស្ងៀម ហើយរកមើលតម្រូវការនានា (គ្រឿងផ្សំ ) ដើម្បីប្រែក្លាយទៅជាមនុស្សសេឡេស្ទាល ។ សូមណែនាំសិស្សថា នៅពេលពួកគេរកឃើញតម្រូវការមួយ នោះពួកគេត្រូវបានអញ្ជើញឲ្យមកកាន់ក្ដារខៀន ហើយសរសេរនូវអ្វីដែលពួកគេរកឃើញ ។
បន្ទាប់ពីសិស្សបានសរសេរអំពីតម្រូវការនានានៅលើក្ដារខៀនហើយ អ្នកអាចនឹងចង់ជួយពួកគេឲ្យយល់កាន់តែល្អប្រសើរអំពីពាក្យមួយចំនួននៅក្នុងខគម្ពីរទាំងនេះ ។
-
តើអ្នកគិតថា វាមានន័យដូចម្ដេច ដើម្បី « [ទទួល] ទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ » ? (គ. និង ស. ៧៦:៥១) ។ ( ចម្លើយនានាអាចនឹងរួមមាន ការមានសេចក្ដីជំនឿទៅលើបេសកកម្មដ៏ទេវភាពរបស់ព្រះអង្គសង្គ្រោះ និងការដើរតាមដំណឹងល្អរបស់ទ្រង់ ) ។
-
តើមនុស្សម្នាក់ « បានឈ្នះដោយសារសេចក្ដីជំនឿ » ដោយរបៀបណា ? (គ. និង ស. ៧៦:៥៣) ។ ( ដើម្បី « បានឈ្នះដោយសារសេចក្ដីជំនឿ » មានន័យថា ដើម្បីយកឈ្នះលើការល្បួង និងអំពើបាបទាំងឡាយ ដោយការអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ និងដើម្បីស៊ូទ្រាំគ្រប់ការសាកល្បងទាំងអស់ ) ។
-
តើវាមានន័យយ៉ាងណា ដើម្បី « បានភ្ជាប់ដោយសារព្រះវិញ្ញាណនៃសេចក្ដីសន្យា » ? (គ. និង ស. ៧៦:៥៣) ។ ( អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា ព្រះវិញ្ញាណបរិសុទ្ធ នៃសេចក្ដីសន្យា គឺជាព្រះវិញ្ញាណបរិសុទ្ធ ។ យើងត្រូវបានផ្សាភ្ជាប់ដោយសារព្រះវិញ្ញាណបរិសុទ្ធនៃសេចក្ដីសន្យា នៅពេលព្រះវិញ្ញាណបរិសុទ្ធថ្លែងជាសាក្សីទៅកាន់ព្រះវរបិតាសួគ៌ថា ពិធីបរិសុទ្ធទាំងឡាយ ដែលយើងបានទទួល ត្រូវបានធ្វើឡើងដោយត្រឹមត្រូវ ហើយថា យើងបានស្មោះត្រង់ចំពោះសេចក្ដីសញ្ញាទាំងឡាយដែលយើងបានធ្វើ ។ ព្រះវិញ្ញាណបរិសុទ្ធ ក៏អាចបញ្ជាក់ដល់យើងថា សេចក្ដីស្មោះត្រង់របស់យើងចំពោះពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាទាំងឡាយត្រូវបានទទួលយកចំពោះព្រះផងដែរ ) ។
សូមសង្ខេបដោយខ្លីគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥៤-៦៨ដោយពន្យល់ថា វគ្គគម្ពីរនេះ មានរៀបរាប់នូវពរជ័យជាច្រើនដែលប្រទានដល់អ្នកគ្រងនគរសេឡេស្ទាលដ៏តម្កើងឡើង នឹងទទួល ។ បើមានពេល អ្នកអាចអញ្ជើញសិស្សពីរបីនាក់ឲ្យឆ្លាស់វេនគ្នាអានឲ្យឮៗគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥៤-៦៨ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពរជ័យទាំងនេះ ។ អ្នកអាចនឹងចង់ផ្ដល់យោបល់ឲ្យសិស្សគូសចំណាំរាល់ពរជ័យដែលមានអត្ថន័យពិសេសចំពោះពួកគេ ។
-
តើពរជ័យមួយណាដែលមានអត្ថន័យជាពិសេសចំពោះអ្នក ? ហេតុអ្វី ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៦៩-៧០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលតម្រូវឲ្យបុគ្គលម្នាក់ៗមានភាពសក្ដិសមចំពោះនគរសេឡេស្ទាល ។
-
ទោះជាយើងព្យាយាមដើម្បីមានគ្រប់គ្រឿងផ្សំដែលចាំបាច់ទាំងអស់នៅក្នុងជីវិតរស់នៅរបស់យើងក្ដី តើខគម្ពីរទាំងនេះបាននិយាយថា យើងនៅតែចាំបាច់ត្រូវធ្វើអ្វីខ្លះទៀត ដើម្បីមានភាពសក្ដិសមទទួលគ្រងនគរសេឡេស្ទាល ? ( បន្ទាប់ពីសិស្សឆ្លើយតប សូមសរសេរគោលលទ្ធិដូចខាងក្រោមនៅលើក្ដារខៀន ក្រោមពាក្យថា រូបមន្ដដើម្បីក្លាយទៅជាមនុស្សសេឡេស្ទាលយើងអាចត្រូវបានធ្វើឲ្យល្អឥតខ្ចោះតែតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ )
សូមពន្យល់ថា ខណៈដែលកិច្ចខិតខំដ៏ល្អបំផុតរបស់យើងដើម្បីរក្សារាល់បទបញ្ញត្តិពុំធ្វើឲ្យយើងបានល្អឥតខ្ចោះក្ដី ក៏កិច្ចខិតខំរបស់យើងនោះ បានជួយធ្វើឲ្យយើងសក្ដិសមដើម្បីទទួលព្រះគុណរបស់ព្រះអង្គសង្គ្រោះ និងត្រូវបានសម្អាតដោយ « ដង្វាយធួនដ៏ល្អឥតខ្ចោះតាមរយៈការបង្ហូរលោហិតរបស់ទ្រង់… » (គ. និង ស. ៧៦:៦៩) ។ សេចក្ដីពិតនេះអាចលើកទឹកចិត្តយើងឲ្យរក្សាបទបញ្ញត្តិទាំងឡាយ ហើយទទួលពិធីបរិសុទ្ធនានានៃសេចក្ដីសង្គ្រោះ ដូច្នេះយើងអាចទទួលពរជ័យដ៏អស់កល្បទាំងនេះ ។ សូមអញ្ជើញសិស្សឲ្យពិចារណាអំពីសំណួរដូចខាងក្រោម រួចហើយសរសេរចម្លើយរបស់ពួកគេនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ ៖
-
តើគោលលទ្ធិនៅក្នុងខ ៦៩អាចជួយយើងឲ្យយកឈ្នះលើការបាក់ទឹកចិត្ត នៅពេលយើងព្យាយាមដើម្បីមានការលើកតម្កើងឡើងនៅក្នុងនគរសេឡេស្ទាលយ៉ាងដូចម្ដេច ?
បន្ទាប់ពីឲ្យពេលគ្រប់គ្រាន់ដល់សិស្សហើយ សូមអញ្ជើញសិស្សពីរបីនាក់ចែកចាយចម្លើយរបស់ពួកគេ ។ សូមពិចារណាអំពីការចែកចាយទីបន្ទាល់របស់អ្នកអំពីតួនាទីរបស់ព្រះអង្គសង្គ្រោះនៅក្នុងការជួយយើងឲ្យប្រែក្លាយជាល្អឥតខ្ចោះ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៧១-៨០
យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ក៏ត្រូវបានបង្ហាញនូវការនិមិត្តមួយអំពីនគរទេរេសទ្រាល ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៧១ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្អៀងតាម រកមើលនូវអ្វីដែល យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ត្រូវបានបង្ហាញបន្ទាប់ទៀត ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
-
ស្របតាមខគម្ពីរនេះ តើសិរីល្អនៃនគរទេរេសទ្រាលប្រៀបទៅនឹងសិរីល្អនៃនគរសេឡេស្ទាលយ៉ាងដូចម្ដេច ?
សូមពន្យល់ថា បទគម្ពីរប្រើក្នុងអំណាចនៃពន្លឺផ្សេងគ្នា ដែលបញ្ចេញរស្មីមកពីព្រះចន្ទ និងព្រះអាទិត្យ ដើម្បីជានិមិត្តរូបនៃភាពខុសគ្នារវាងសិរីល្អនៃនគរទេរេសទ្រាល និង នគរសេឡេស្ទាល ។ ខណៈដែលអ្នកទទួលគ្រងនគរសេឡេស្ទាល និង នគរទេរេសទ្រាល គឺទាំងពីរត្រូវបានរាប់បញ្ចូលនៅក្នុងការរស់ឡើងវិញនៃមនុស្សសុចរិត អ្នកទាំងឡាយដែលទទួលរូបកាយសេឡេស្ទាល នឹងត្រូវបានរស់ឡើងវិញដោយសិរីល្អកាន់តែមហិមា ហើយមានពរជ័យច្រើនជាងអ្នកទាំងឡាយដែលទទួលបានរូបកាយទេរេសទ្រាល ។
សូមឲ្យសិស្សអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៧២-៨០ដោយស្ងាត់ស្ងៀម រកមើលរបៀបដែលខុសគ្នារវាងអ្នកគ្រងមរតកនៃនគរទេរេសទ្រាល នឹងអ្នកគ្រងមរតកនៃនគរសេឡេស្ទាល ។ បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីអានហើយ សូមឲ្យពួកគេពិពណ៌នាអំពីភាពខុសគ្នាដែលពួកគេបានរកឃើញ ។
-
ស្របតាមខគម្ពីរទាំងនេះ តើការពិពណ៌នាជាទូទៅមួយចំនួនអំពីអ្នកទាំងឡាយដែលនឹងគ្រងនគរទេរេសទ្រាលមានអ្វីខ្លះ ? ( ចម្លើយអាចរួមមានដូចខាងក្រោម ៖ អ្នកទាំងឡាយ « ដែលបានស្លាប់ទៅដោយគ្មានក្រឹត្យវិន័យ » [ខ ៧២] អ្នកទាំងឡាយ « ដែលពុំបានទទួលទីបន្ទាល់ពីព្រះយេស៊ូវកាលនៅក្នុងសាច់ឈាម ប៉ុន្តែក្រោយមកបានទទួលទីបន្ទាល់នោះ » [ខ ៧៣-៧៤] « ដែលជាមនុស្សមានកិត្តិយសនៅលើផែនដី ដែលខ្វាក់ដោយសារឧបាយកលនៃមនុស្ស » [ខ ៧៥] និង « ពួកគេដែលពុំក្លាហាននៅក្នុងទីបន្ទាល់ពីព្រះយេស៊ូវ » [ខ ៧៩] ) ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែល្អប្រសើរនូវសេចក្ដីយោងចំពោះអស់អ្នកដែលបានស្លាប់ដោយគ្មានក្រឹត្យវិន័យ ឬអ្នកដែលបានទទួលដំណឹងល្អ បន្ទាប់ពីការស្លាប់ ( សូមមើលខ ៧២-៧៤) សូមពន្យល់ថា ព្រះអម្ចាស់បានប្រទានការយល់ដឹងបន្ថែមដល់បុគ្គលម្នាក់ៗទាំងនោះ ពេលទ្រង់បានបើកសម្ដែងដល់ យ៉ូសែប ស៊្មីធ នូវជោគវាសនាចុងក្រោយរបស់បងប្រុសលោក អាល់វិន ដែលបានស្លាប់ទៅពីមុនគាត់បានទទួលបុណ្យជ្រមុជទឹក ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧:៧-៩ឲ្យឮៗ ។ បន្ទាប់មក សួរសំណួរដូចខាងក្រោមនេះ ៖
-
តើការបញ្ជាក់បន្ថែមអ្វីខ្លះទៀត ដែលព្រះអម្ចាស់បានប្រទានឲ្យ ទាក់ទងនឹងអ្នកទាំងឡាយដែលនឹងទទួលយកដំណឹងល្អ បើសិនពួកគេត្រូវបានអនុញ្ញាតឲ្យនៅរស់វិញនោះ ?
-
ស្របតាមគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧:៩តើនរណានឹងវិនិច្ឆ័យយើងស្របតាមកិច្ចការរបស់យើង និងបំណងប្រាថ្នានៃដួងចិត្តរបស់យើងនោះ ?
សូមអានឲ្យឮៗនូវសេចក្ដីថ្លែងដូចខាងក្រោមថា ៖ « សូមចងចាំថា មានតែព្រះតែប៉ុណ្ណោះ ដែលស្គាល់ដួងចិត្តរបស់បុគ្គលម្នាក់ៗ ដែលទ្រង់អាចធ្វើការវិនិច្ឆ័យចុងក្រោយដល់បុគ្គលម្នាក់ៗនោះបាន » (សេចក្ដីពិតចំពោះសេចក្ដីជំនឿ ៖ សេចក្ដីយោងដំណឹងល្អ[ ឆ្នាំ ២០០៤ ] ទំព័រ ៩០ ) ។ សូមគូសបញ្ជាក់ថា ដោយសារតែព្រះអម្ចាស់អាចស្គាល់ដួងចិត្តរបស់យើង នោះយើងពុំគួរធ្វើការវិនិច្ឆ័យអំពីនគរណាមួយ ដែលយើងជឿថាអ្នកដទៃនឹងទទួលគ្រងមរតកនោះទេ ។
-
តើអ្នកគិតថា « ដែលខ្វាក់ដោយសារឧបាយកលនៃមនុស្ស » មានន័យដូចម្តេច ? (គ. និង ស. ៧៦:៧៥) ។ ( មនុស្សមួយចំនួន ត្រូវបានខ្វាក់ចំពោះសារៈសំខាន់នៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដោយសារតែឥទ្ធិពលខាងលោកិយ ) ។ តើមនុស្សមួយចំនួននៅសព្វថ្ងៃនេះខ្វាក់ដោយសារឧបាយកលនៃមនុស្សយ៉ាងដូចម្ដេច ?
ដើម្បីជួយសិស្សឲ្យយល់ឃ្លា « ពុំក្លាហាននៅក្នុងទីបន្ទាល់ពីព្រះយេស៊ូវ » ( គ. និង ស. ៧៦:៧៩ ) សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយអែលឌើរ ប្រូស អរ ម៉ាក់ខនគី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ៖
« តើភាពក្លាហានក្នុងទីបន្ទាល់អំពីព្រះយេស៊ូវមានន័យដូចម្តេច ?…
មូលដ្ឋានគ្រឹះដ៏ធំនៃភាពក្លាហាននៅក្នុងបុព្វហេតុនៃសុចរិតភាព គឺជាការគោរពប្រតិបត្តិចំពោះក្រឹត្យវិន័យទាំងអស់នៃដំណឹងល្អទាំងស្រុង ។…
« ក្លាហានក្នុងទីបន្ទាល់អំពីព្រះយេស៊ូវគឺ ត្រូវជឿលើព្រះគ្រីស្ទ និង ដំណឹងល្អរបស់ទ្រង់ជាមួយនឹងជំនឿឥតងាករេ ។…
« ប៉ុន្តែវាមិនទាន់អស់នៅឡើយទេ ។ វាលើសពីការជឿ និង ការដឹងទៅទៀត ។ យើងត្រូវតែធ្វើជាអ្នករស់នៅតាមព្រះបន្ទូល ពុំមែនគ្រាន់តែជាអ្នកស្ដាប់នោះឡើយ ។ វាលើសពីការថាបម្រើតែមាត់ វាពុំមែនគ្រាន់តែជាការសារភាពតែនឹងមាត់ពីភាពជាព្រះរាជបុត្រារបស់ព្រះអង្គសង្គ្រោះប៉ុណ្ណោះទេ ។ វាគឺជាការគោរពប្រតិបត្តិ និង ការធ្វើតាមវិន័យ និងសេចក្ដីសុចរិតផ្ទាល់ខ្លួន ។…
« ដើម្បីក្លាហាននៅក្នុងទីបន្ទាល់ពីព្រះយេស៊ូវគឺត្រូវ … ‹ កាន់ខ្ជាប់ដរាបដល់ចុងបំផុត › ។ (នីហ្វៃទី ២ ៣១:២០) ។ គឺត្រូវរស់នៅតាមសាសនារបស់យើង ដើម្បីអនុវត្តនូវអ្វីដែលយើងផ្សាយ ដើម្បីរក្សាបទបញ្ញត្តិទាំងឡាយ » (Be Valiant in the Fight of Faith, » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៧៤ ទំព័រ ៣៥ ) ។
-
សូមគិតអំពីនរណាម្នាក់ដែលអ្នកស្គាល់ ដែលអ្នកគិតថា មានភាពក្លាហាននៅក្នុងទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ ។ តើអត្តចរិត និង សកម្មភាពអ្វីខ្លះ ដែលបង្ហាញពីភាពក្លាហានរបស់ពួកគេ ?
-
តើមានអ្វីខ្លះ ដែលបានជួយអ្នកឲ្យក្លាហាននៅក្នុងទីបន្ទាល់របស់អ្នកពីព្រះយេស៊ូវគ្រីស្ទ ?
-
បើយើងក្លាហាននៅក្នុងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ តើយើងនឹងទទួលបានអ្វីខ្លះ ? ( នៅពេលសិស្សឆ្លើយតប នោះពួកគេគួរតែប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖ បើយើងក្លាហាននៅក្នុងទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ នោះយើងអាចទទួលបាននគរសេឡេស្ទាលនៃព្រះ ។ សូមបន្ថែមសេចក្ដីពិតនេះទៅក្នុង រូបមន្ដសម្រាប់ការក្លាយទៅជាមនុស្សសេឡេស្ទាលនៅលើក្ដារខៀន ) ។
សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅកត់ចំណាំក្នុងថ្នាក់រៀនរបស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរអំពីអ្វីមួយ ដែលពួកគេអាចធ្វើដើម្បីកាន់តែក្លាហាន ទៅលើទីបន្ទាល់របស់ពួកគេពីព្រះយេស៊ូវគ្រីស្ទ។ សូមចែកចាយទីបន្ទាល់របស់អ្នកថា ពួកគេម្នាក់ៗមានសក្ដានុពលដើម្បីទទួលបាននគរសេឡេស្ទាល ។