មេរៀនសិក្សានៅផ្ទះ
ផែនការនៃសេចក្តីសង្គ្រោះ–ការសិក្សាព្រះគម្ពីរ ( មេរៀនទី ១ )
សេចក្តីផ្ដើម
មេរៀននេះនឹងណែនាំសិស្សឲ្យស្គាល់ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ដោយប្រើបុព្វកថានៃព្រះគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា និង កណ្ឌទី ១ ។ សិស្សនឹងរៀនថា គោលលទ្ធិ និង សេចក្ដីសញ្ញាមាននូវ « វិវរណៈ និង ការប្រកាសដ៏បំផុសគំនិតរបស់ព្រះ ដែលបានប្រទានឲ្យសម្រាប់ការស្ថាបនា និងប្រតិបត្តិច្បាប់នៃនគរព្រះនៅលើផែនដីក្នុងថ្ងៃចុងក្រោយ » ( បុព្វកថានៃព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ) ។ ការសិក្សាព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា និង ប្រវត្តិសាស្ត្រសាសនាចក្រអាចពង្រឹងទីបន្ទាល់របស់សិស្សអំពីព្រះយេស៊ូវគ្រីស្ទ ។
កំណត់ចំណាំ ៖ ដោយសារថ្ងៃនេះជាថ្ងៃដំបូងនៃថ្នាក់រៀន អ្នកអាចអញ្ជើញពួកគេឲ្យសួរសំណួរ ដែលពួកគេមានអំពីកម្មវិធីសិក្សានៅផ្ទះ និង របៀបសិក្សាព្រះគម្ពីរដោយខ្លួនឯងឲ្យមានប្រសិទ្ធិភាព ។
យោបល់សម្រាប់ការបង្រៀន
បុព្វកថានៃព្រះគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា និង ប្រវត្តិសាសនាចក្រ
គោលលទ្ធិ និង សេចក្ដីសញ្ញា មាននូវវិរណៈដែលបានទទួលដោយព្យាការីយ៉ូសែប ស្ម៊ីធ និងអ្នកស្នងតំណែងទាំងឡាយរបស់លោក ។
អ្នកអាចចាប់ផ្តើមមេរៀនដោយសួរសិស្សថា ពួកគេគិតថាសៀវភៅអ្វីខ្លះនៅក្នុងពិភពលោកទាំងមូលនេះ ដែលមានប្រយោជន៍ប្រសិនបើយើងអានវានោះ ហើយប្រាប់ពីមូលហេតុនោះ ។ ( សូមគិតយកសៀវភៅពីរបីក្បាល ដែលអ្នកចង់ផ្តល់យោបល់ឲ្យគេអាន ) ។ បន្ទាប់ពីសិស្សឆ្លើយហើយ សូមឲ្យសិស្សអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ដោយព្យាការី យ៉ូសែប ស៊្មីធ ហើយអញ្ជើញសិស្សឲ្យស្តាប់រកមើលអ្វីដែលព្យាការីបានបង្រៀនអំពីព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ៖
« [ វិវរណៈក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញាគឺជា ] គ្រឹះនៃសាសនាចក្រនៅក្នុងថ្ងៃចុងក្រោយ នេះ ហើយជាប្រយោជន៍ដល់ពិភពលោក ដែលបង្ហាញថាកូនសោអាថ៌កំបាំងនៃនគររបស់ព្រះអង្គសង្គ្រោះរបស់យើង ត្រូវបានផ្ដល់ដល់មនុស្សម្ដងទៀត » (ការបង្រៀនរបស់ប្រធាននៃសាសនាចក្រ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ]ទំព័រ ១៩៤) ។
ក្នុងពេលរៀនមេរៀនថ្ងៃនេះ សូមលើកទឹកចិត្តសិស្សឲ្យស្វែងរកវិធីនានា ដែលការសិក្សាគោលលទ្ធិ និងសេចក្ដីសញ្ញា អាចផ្តល់ប្រយោជន៍ដល់ពិភពលោក និង អាចមានប្រយោជន៍ដល់ជីវិតរបស់ពួកគេផ្ទាល់ ។
សូមសិស្សឲ្យបើកទៅទំព័រចំណងជើងនៃគោលលទ្ធិ និងសេចក្ដីសញ្ញា ។ សូមពន្យល់ថាដើម្បីធ្វើឲ្យគោលលទ្ធិ និងសេចក្ដីសញ្ញាមានប្រយោជន៍ ដំបូងយើងត្រូវតែយល់ពីគោលលទ្ធិ និងសេចក្ដីសញ្ញាថាជាអ្វីសិន ។ សូមប្រាប់សិស្សម្នាក់ឲ្យអានទំព័រចំណងជើងនោះឮៗ ។ បន្ទាប់មក សូមសួរសិស្សនូវសំណួរខាងក្រោមនេះ ៖
-
តើអ្នកនឹងឲ្យនិយមន័យពាក្យ គោលលទ្ធិយ៉ាងដូចម្ដេច?
-
តើសេចក្ដីសញ្ញាគឺជាអ្វី ?
-
តើវិវរណៈគឺជាអ្វី ?
បើចាំបាច់ សូមពន្យល់ថា គោលលទ្ធិ គឺជាគ្រឹះនៃសេចក្ដីពិតដ៏អស់កល្បនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ដែលពុំអាចផ្លាស់ប្តូរបាន ឯ សេចក្ដីសញ្ញា គឺជាកិច្ចព្រមព្រៀងដ៏ពិសិដ្ឋមួយរវាងព្រះ និងកូនចៅរបស់ទ្រង់ ដែលព្រះទ្រង់ដាក់នូវគ្រប់លក្ខខណ្ឌនៃការសន្យា ហើយ វិវរណៈ គឺជាទំនាក់ទំនងមកពីព្រះទៅកាន់កូនចៅរបស់ទ្រង់ ។ អ្នកអាចស្នើថា សិស្សគួរតែសរសេរនិយមន័យទាំងនេះនៅលើទំព័រចំណងជើងនោះ ។
សូមឲ្យសិស្សបើកទៅកថាខណ្ឌទីប្រាំបី នៃបុព្វកថានៃព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ( ដោយចាប់ផ្ដើមជាមួយនឹង « នៅក្នុងវិវរណៈ…» ) ។ សូមពន្យល់ថា កថាខណ្ឌនេះ មានរៀបរាប់ឧទាហរណ៍អំពីប្រធានបទនៃគោលលទ្ធិមួយចំនួនដែលមាននៅក្នុងគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ។ សូមអញ្ជើញសិស្សឲ្យអានប្រយោគទីមួយដោយស្ងាត់ៗ ហើយប្រាប់អំពីគោលលទ្ធិមួយ ឬច្រើន ដែលពួកគេចាប់អារម្មណ៍រៀនបន្ថែមទៀត ។ បន្ទាប់មក សួរពួកគេនូវសំណួរខាងក្រោមនេះ ៖
-
តើប្រធានបទនៃគោលលទ្ធិណាមួយ ដែលអ្នកចាប់អារម្មណ៍ខ្លាំងបំផុតដើម្បីរៀនបន្ថែមទៀត ?
-
តើការចេះ និងការយល់ដឹងពីសេចក្ដីពិតទាំងនោះកាន់តែប្រសើរឡើងអាចផ្តល់ប្រយោជន៍ ដល់អ្នកយ៉ាងដូចម្តេចខ្លះ ?
សូមឲ្យសិស្សអានប្រយោជន៍ចុងក្រោយនៃកថាខណ្ឌទីប្រាំបីឲ្យឮ ( វាចាប់ផ្តើមដោយ « នៅទីបញ្ចប់ ទីបន្ទាល់ដែលបានថ្លែង… » ) ហើយអញ្ជើញសិស្ស ឲ្យរកមើលអ្វី ដែលធ្វើឲ្យគោលលទ្ធិ និង សេចក្ដីសញ្ញាមានតម្លៃខ្លាំងម្ល៉េះ ។ បន្ទាប់មក សួរពួកគេនូវសំណួរខាងក្រោមនេះ ៖
-
តើអ្វីដែលធ្វើឲ្យគោលលទ្ធិ និងសេចក្ដីសញ្ញា « មានតម្លៃធំ » ?
-
ហេតុអ្វីក៏ទីបន្ទាល់អំពីព្រះអង្គសង្គ្រោះមានតម្លៃយ៉ាងខ្លាំងដូច្នេះ ?
-
តើអ្នកគិតថានឹងមានអ្វីកើតឡើងចំពោះទីបន្ទាល់ របស់អ្នក អំពីព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកសិក្សាគោលលទ្ធិ និង សេចក្តីសញ្ញានោះ ?
សូមសរសេរគោលការណ៍ខាងក្រោមនេះនៅលើក្ដារខៀនថា ៖ តាមរយៈការសិក្សាវិវរណៈនៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា នោះយើងអាចពង្រឹងទីបន្ទាល់របស់យើងអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលទីបន្ទាល់ដ៏រឹងមាំមួយអំពី ព្រះអង្គសង្គ្រោះអាចជះឥទ្ធិពលលើជីវិតរបស់ពួកគេ ។ សូមគិតពីការចែកចាយអំពីរបៀបដែលការសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា បានពង្រឹងទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ។
សូមឲ្យសិស្សអានកថាខណ្ឌទីមួយ នៃបុព្វកថានៃព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាឲ្យឮៗ ខណៈដែលសិស្សទាំងអស់នៅក្នុងថ្នាក់ផ្ទៀងតាម ។ បន្ទាប់មកសូមសួរ ៖ នៅពេលយើងសិក្សាគោលលទ្ធិ និង សេចក្ដីសញ្ញា តើយើងនឹងឮសំឡេងរបស់នរណា ?
សូមសរសេរគោលការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ នៅពេលយើងសិក្សាគោលលទ្ធិ និងសេចក្ដីសញ្ញា នោះយើងអាចស្ដាប់ឮសំឡេងរបស់ព្រះអង្គសង្គ្រោះ ។ បន្ទាប់មក សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:-៣៤–៣៦ ឲ្យសិស្សស្តាប់ ។
សូមឲ្យសិស្សអានកថាខណ្ឌទីបី នៃបុព្វកថានៃព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាឲ្យឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយស្វែងរកពាក្យដែលពិពណ៌នាសំឡេងរបស់ព្រះអង្គសង្គ្រោះ ។ ( អ្នកអាចផ្ដល់យោបល់ឲ្យ សិស្សគូសចំណាំអ្វីដែលពួកគេរកឃើញ ) ។ បន្ទាប់មក សួរពួកគេនូវសំណួរខាងក្រោមនេះ ៖
-
តើពាក្យណាខ្លះដែលត្រូវបានប្រើដើម្បីពិពណ៌នាអំពីសំឡេងរបស់ព្រះអង្គសង្គ្រោះ ?
-
តើអ្នកអាចទទួលបានប្រយោជន៍អ្វីខ្លះនៅក្នុងជីវិតអ្នក នៅពេលអ្នកស្ដាប់ ហើយស្គាល់សំឡេងរបស់ទ្រង់ ?
សូមដាក់តាំងរូបភាពមនុស្សមួយចំនួន ដែលវិវរណៈនៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញាសរសេរសម្រាប់ពួកគេ និង សរសេរអំពី ពួកគេ ( សូមមើល សៀវភៅសិល្បៈដំណឹងល្អ [ ឆ្នាំ ២០០៩ ], លេខ. ៨៧, ៨៨, ៩៣, ៩៤,៩៥; សូមមើលផងដែរគេហទំព័រ LDS.org) ។ នៅពេលអ្នកបង្ហាញរូបភាពទាំងនេះ សូមពន្យល់ថាសិស្សនឹងរៀនអំពីមនុស្សទាំងនេះពេលកំពុងសិក្សាព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ។
សូមឲ្យសិស្សអានប្រយោគពីរដំបូងនៃកថាខណ្ឌទីប្រាំមួយនៃបុព្វកថានៃព្រះគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញាឲ្យឮៗ ( វាចាប់ផ្ដើមពី « វិវរណៈពិសិដ្ឋទាំងនេះ…» ) ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ផ្ទៀងតាម និង រកមើលស្ថានភាពនានាដែលវិវរណៈនេះ ត្រូវបានទទួល ។ ( អ្នកអាចផ្ដល់យោបល់ឲ្យ សិស្សគូសចំណាំអ្វីដែលពួកគេរកឃើញ ) ។
-
តើឃ្លាអ្វីខ្លះក្នុងប្រយោគទាំងនេះដែល ពិពណ៌នាអំពីស្ថានភាពដែលវិវរណៈទាំងនេះ ត្រូវបានទទួល ?
សូមបង្ហាញក្រដាសមួយសន្លឹកដែលមានសរសេរពាក្យ អ្នក នៅលើនោះ ។ សូមចង្អុលបង្ហាញថា ដូចជាបុគ្គលម្នាក់ៗដែលដកស្រង់ចេញពីប្រវត្តិសាសនាចក្រ នោះយើងក៏ឆ្លងកាត់ស្ថានភាពជាច្រើនផងដែរ ដែលយើងត្រូវការការណែនាំដ៏ទេវភាព ។
-
ប្រសិនបើយើងត្រូវធ្វើតាមគំរូរបស់ពួកបរិសុទ្ធជំនាន់ដើមទាំងនេះ តើយើងត្រូវធ្វើអ្វីខ្លះដើម្បីទទួលបានការណែនាំដ៏ទេវភាព ? ( អធិស្ឋាន និង ស្វែងរកវា ) ។
សូមពន្យល់ថារបៀបមួយដើម្បីស្វែងរកការណែនាំដ៏ទេវភាពគឺត្រូវសិក្សាព្រះគម្ពីរ ។ សូមឲ្យសិស្សបើកទៅ គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៧–៣៨, ដែលជាចំណេះចំណានខគម្ពីរមួយ ។ សូមរំឭកពួកគេថា ព្រះអម្ចាស់បានប្រទានវិវរណៈទុកជាអារម្ភកថារបស់ទ្រង់ចំពោះព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១:-៣៧–៣៨ ឲ្យឮៗ ខណៈដែលសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ចំពោះពួកយើងដែលទាក់ទងនឹងព្រះគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា ។
-
តើព្រះអម្ចាស់បានបញ្ជាយើងឲ្យធ្វើអ្វីជាមួយនឹងព្រះគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរតែរកឃើញគោលការណ៍ខាងក្រោម ៖ យើងត្រូវពិចារណាមើលព្រះបញ្ញត្តិដែលព្រះអម្ចាស់បានប្រទានឲ្យ ។)
សូមអញ្ជើញសិស្សឲ្យចែកចាយរបៀបដែលពួកគេទទួលបានប្រយោជន៍ ពីការស្រាវជ្រាវព្រះគម្ពីរអំឡុងពេលសិក្សានៃសប្តាហ៍របស់ពួកគេ ។ សូមតាមដានសិស្ស ពីគោលដៅដែលពួកគេបានដាក់ដើម្បីសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ជារៀងរាល់ថ្ងៃអំឡុងពេលឆ្នាំសិក្សានេះ ។ សូមសួរពួកគេអំពីផែនការរបស់ខ្លួន ដើម្បីធ្វើតាមការបញ្ជារបស់ព្រះអម្ចាស់ដើម្បី « សូមពិចារណាមើលព្រះព្រះបញ្ញត្តិទាំងនេះចុះ » (គ. និង ស. ១:៣៧) ។ អ្នកអាចបញ្ចប់ដោយការចែកចាយទីបន្ទាល់របស់អ្នកអំពីសារៈសំខាន់នៃការស្តាប់តាមសំឡេងរបស់ព្រះអម្ចាស់ និង ការទទួលការណែនាំពីទ្រង់ តាមរយៈការសិក្សាព្រះគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា ។
មេរៀនបន្ទាប់ (យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១; គោលលទ្ធិ និង សេចក្តីសញ្ញា ២)
ព្រះស្ដាប់ ហើយឆ្លើយតបការអធិស្ឋាន ។ ការនិមិត្តដំបូងគឺជាលទ្ធផលមួយនៃការអធិស្ឋានដ៏រាបទាបរបស់យ៉ូសែប ស្ម៊ីធ ។ មិនយូរប៉ុន្មានក្រោយមក ទេវតាបានណែនាំព្យាការី យ៉ូសែប ស្ម៊ីធអំពីការចេញមកនៃព្រះគម្ពីរមរមន និង ការស្ដារឡើងវិញនៃបព្វជិតភាព ។ បន្ទាប់ពីយ៉ូហានបាទីស្ទ បានបង្ហាញខ្លួនដល់យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី នោះអូលីវើរ បានសរសេរថា « គិតមួយសន្ទុះមក ដួងចិត្តយើងពោរពេញដោយក្តីអំណរអ្វីម្ល៉េះ… នៅពេលយើងទទួលបព្វជិតភាពដ៏បរិសុទ្ធក្រោមព្រះហស្តរបស់លោក » (យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៧១, កំណត់ចំណាំ ) ។