មេរៀនទី ៣៣
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧
បុព្វកថា
នៅក្នុងខែសីហា ឆ្នាំ ១៨៣០ នូវែល ណៃត និងភរិយារបស់គាត់ សាលី បានធ្វើដំណើរទៅ ភូមិ ហាម៉ូនី រដ្ឋផែនសីលវេញ៉ា ដើម្បីសួរសុខទុក្ខ ព្យាការីយ៉ូសែប ស្ម៊ីធ ។ សាលី ណៃត និង អិមម៉ា ស៊្មីធ បានទទួលបុណ្យជ្រមុជទឹកនៅដើមខែរដូវក្ដៅ ប៉ុន្តែពុំទាន់បានទទួលពិធីបញ្ជាក់ ដោយសារតែមានការបៀតបៀនពីពួកមនុស្សអាក្រក់ ។ អំឡុងការទៅសួរសុខទុក្ខរបស់ គ្រួសារ ណៃត នៅភូមិហាម៉ូនី នោះត្រូវបានកំណត់ថា សាលី និង អិមម៉ា គួរទទួលបានពិធីបញ្ជាក់ ហើយថាក្រុមដែលមកជាមួយយ៉ូហាន វិតមើរក៏នឹងបានទទួលទានសាក្រាម៉ង់ជុំគ្នាផងដែរ ។ នៅពេល យ៉ូសែប ចេញទៅក្រៅដើម្បីទទួលយកស្រាទំពាំងបាយជូរសម្រាប់ពិធីសាក្រាម៉ង់ នោះលោកបានជួបនឹងសារទូតសួគ៌ ដែលបានទំនាក់ទំនងនូវវិវរណៈ ដែលឥឡូវត្រូវបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ២៧ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១-៤
ព្រះអម្ចាស់ បានប្រទានការណែនាំអំពីនិមិត្តសញ្ញានៃពិធីសាក្រាម៉ង់
បើអាចធ្វើទៅរួច សូមបង្ហាញសំបកដំឡូងបារាំងខ្លះៗ ហើយសុំឲ្យសិស្សទាយស្មានពីគោលបំណងខាងវិញ្ញាណអ្វី ដែលពួកគេអាចប្រើជាការប្រៀបធៀប ។ បន្ទាប់ពីសិស្សឆ្លើយបានពីរបីនាក់ សូមអញ្ជើញសិស្សម្នាក់ឲ្យអាននូវសេចក្ដីថ្លែងការដូចខាងក្រោមដកស្រង់ចេញពីការនឹកចាំរបស់ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន អំពីការទៅទស្សនាទ្វីបអើរ៉ុបដែលត្រូវបំផ្លាញដោយសង្គ្រាម បន្ទាប់ពីសង្គ្រាមលោកលើកទី ២ ៖
« ខ្ញុំពុំអាចភ្លេចអំពីពួកបរិសុទ្ធជនជាតិបារាំង ដែលពុំអាចទទួលបាននំប៉័ង តែបានប្រើសំបកដំឡូងបារាំងធ្វើជាតំណាងនៃពិធីសាក្រាម៉ង់ជំនួសវិញ » ( Prepare for the Days of Tribulation »Ensignខែ វិច្ឆិកា ឆ្នាំ ១៩៨០, ៣៣-៣៤ ) ។
-
តើអ្នកនឹងគិតយ៉ាងណា បើអ្នកបានឃើញសំបកដំឡូងបារាំងត្រូវបានប្រើជំនួសនំប៉័ងសម្រាប់ពិធីសាក្រាម៉ង់នោះ ?
-
ហេតុអ្វីក៏អ្នកគិតថា វាអាចទទួលយកបានសម្រាប់ពួកបរិសុទ្ធជនជាតិបារាំងប្រើអ្វីមួយផ្សេងក្រៅពីនំប៉័ង ដើម្បីជាតំណាងនៃពិធីសាក្រាម៉ង់ដូច្នេះ ?
ដើម្បីផ្ដល់ដល់សិស្សនូវបរិបទខាងប្រវត្តិសាស្ត្រសម្រាប់វិវរណៈដែលបានកត់ត្រាទុកនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ២៧ សូមសង្ខេបព័ត៌មានដែលបានផ្ដល់ឲ្យនៅក្នុងបុព្វកថាមេរៀន ។ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១-២ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលទេវតាបានប្រាប់ដល់ យ៉ូសែប ស៊្មីធ អំពីការតំណាងនៃពិធីសាក្រាម៉ង់ ។
-
តើសារទូតបានបង្រៀនអ្វីខ្លះដល់ យ៉ូសែប ស៊្មីធ ចំពោះអ្វីដែលយើងគួរទទួលទាន ឬផឹក នៅពេលយើងទទួលទានសាក្រាម៉ង់នោះ ? ( អ្វីដែលយើងប្រើជាតំណាងនៃពិធីសាក្រាម៉ង់ គឺពុំសំខាន់ដូចជាអ្វីដែលរបស់ទាំងនោះតំណាងឲ្យ ដែលជួយយើងឲ្យចងចាំនោះទេ ) ។
-
ស្របតាមខគម្ពីរទាំងនេះ តើយើងគួរផ្ដោតទៅលើអ្វីខ្លះ ពេលយើងទទួលទានសាក្រាម៉ង់ ? ( សិស្សអាចប្រើពាក្យផ្សេងៗគ្នា ប៉ុន្ដែចម្លើយរបស់ពួកគេគួរតែឆ្លុះបញ្ចាំងអំពីគោលការណ៍ដូចខាងក្រោម ៖ នៅពេលយើងទទួលទានពិធីសាក្រាម៉ង់ នោះយើងត្រូវចងចាំអំពីពលិកម្មធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចនឹងចង់ឲ្យយោបល់ដល់សិស្សគូសចំណាំសេចក្ដីពិតនេះនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:២ ។ ជាចំណែកនៃការពិភាក្សា អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា យើងមាន « ភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អរបស់ [ ព្រះអម្ចាស់ ] » នៅពេលយើងផ្ដោតទៅលើទ្រង់ ហើយដាក់ឆន្ទៈរបស់យើងឲ្យស្របនឹងឆន្ទៈរបស់ទ្រង់ ) ។
ដើម្បីជួយដល់សិស្សដឹងពីសារៈសំខាន់នៃសេចក្ដីពិតនេះ ហើយពិចារណាអំពីរបៀបដែលវាអាចអនុវត្តនៅក្នុងជីវិតរបស់ពួកគេ សូមពិភាក្សាអំពីសំណួរដូចខាងក្រោម ៖
-
តើអ្នកមានបទពិសោធន៍អ្វីខ្លះ ពេលអ្នកបាននឹកគិតអំពីពលិកម្មធួនរបស់ព្រះអង្គសង្គ្រោះ អំឡុងពេលធ្វើពិធីសាក្រាម៉ង់នោះ ?
-
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីកែលម្អលទ្ធភាពរបស់យើងដើម្បីចងចាំពលិកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ហើយទទួលទានសាក្រាម៉ង់ « ភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អរបស់ [ ទ្រង់ ] » ?
សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅកត់ចំណាំក្នុងថ្នាក់រៀនរបស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ អំពីអ្វីដែលពួកគេនឹងធ្វើ ដើម្បីរៀបចំទទួលទានសាក្រាម៉ង់រាល់សប្ដាហ៍ ។ សូមលើកទឹកចិត្តពួកគេឲ្យពិចារណាអំពីវិធីនានាដើម្បីចងចាំព្រះយេស៊ូវគ្រីស្ទ និងអត្ថន័យដែលមានបង្កប់នៅក្នុងការតំណាងនៃពិធីសាក្រាម៉ង់ ។ អ្នកអាចនឹងចង់អញ្ជើញពួកគេពីរបីនាក់ឲ្យចែកចាយអ្វីដែលពួកគេបានសរសេរ ។
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:៣-៤តាមរយៈការពន្យល់ថា ព្រះអម្ចាស់ បានព្រមានដល់ យ៉ូសែប ស៊្មីធ កុំឲ្យទិញស្រា ឬភេសជ្ជៈខ្លាំង ( ភេសជ្ជៈទាំងអស់ណា ដែលមានជាតិធ្វើឲ្យស្រវឹង ) មកពីពួកសត្រូវរបស់សាសនាចក្រ ហើយប្រើប្រាស់នៅក្នុងពិធីសាក្រាម៉ង់ឡើយ ។ ពួកគេត្រូវប្រើតែស្រាដែល « បានធ្វើថ្មី » ដោយពួកបរិសុទ្ធប៉ុណ្ណោះ ។ វាអាចនឹងជាប្រយោជន៍ដល់សិស្សរបស់អ្នក ដើម្បីដឹងថា ពាក្យសម្ដីនៃប្រាជ្ជាវាងវៃ មិនត្រូវបានបើកសម្ដែងសម្រាប់រយៈពេលពីរឆ្នាំកន្លះ ( សូមមើល គ និង ស ៨៩ ) ហើយថានៅក្នុងសាសនាចក្រសព្វថ្ងៃ យើងប្រើទឹកសម្រាប់ពិធីសាក្រាម៉ង់ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:៥-១៤
ព្រះអម្ចាស់ នឹងទទួលទានសាក្រាម៉ងម្ដងទៀតនៅលើផែនដី
សូមឲ្យសិស្សពិចារណាអំពីរបៀបដែលបទពិសោធន៍នៃការទទួលទានសាក្រាម៉ង់របស់ពួកគេអាចនឹងផ្លាស់ប្ដូរយ៉ាងដូចម្ដេច បើពួកគេត្រូវទទួលទាននៅចំពោះវត្តមានរបស់ព្រះអង្គសង្គ្រោះវិញនោះ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយគំនិតរបស់ពួកគេ ។
សូមរំឭកដល់សិស្សថា ព្រះអង្គសង្គ្រោះ បានណែនាំពិធីបរិសុទ្ធនៃសាក្រាម៉ង់ដល់ពួកសាវករបស់ទ្រង់នៅយប់អាហារចុងក្រោយ ។ នៅក្នុងស្ថានភាពនេះ ព្រះយេស៊ូវគ្រីស្ទ បានព្យាករអំពីគ្រាមួយ ពេលដែលទ្រង់នឹងត្រឡប់មកកាន់ផែនដីវិញ ហើយទទួលទានសាក្រាម៉ង់ម្ដងទៀតជាមួយនឹងពួកសិស្សរបស់ទ្រង់ ( សូមមើល ម៉ាថាយ ២៦:២៦-២៩ ) ។
សូមពន្យល់ថា នៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា ២៧:៥-១២ ព្រះអម្ចាស់បានប្រាប់ឈ្មោះរបស់បុគ្គលមួយចំនួន ដែលនឹងចូលរួមក្នុងការប្រជុំនេះដោយជាក់លាក់ ។ សូមអញ្ជើញសិស្សឲ្យមើលខគម្ពីរទាំងនេះត្រួសៗ ហើយប្រាប់ ( ១ ) បុគ្គលម្នាក់ៗទាំងនេះជានរណា និង ( ២ ) បើបានប្រាប់ហើយ តើពួកគេមានកូនសោ ឬ ទំនួលខុសត្រូវអ្វីខ្លះ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យសរសេរព័ត៌មាននេះនៅលើក្ដារខៀន ពេលដែលសិស្សផ្សេងទៀតក្នុងថ្នាក់រាយការណ៍ពីអ្វីដែលពួកគេបានរកឃើញ ។ ( អ្នកអាចនឹងចង់ពន្យល់ថា នៅក្នុងប្រវត្តិសាស្ត្រផែនដីទាំងមូល ព្រះអម្ចាស់បានប្រទានសិទ្ធិអំណាចបព្វជិតភាពដល់បុរសសុចរិតដើម្បីជួយបម្រើដំណឹងល្អរបស់ទ្រង់ ។ ទ្រង់ក៏បានប្រទានឲ្យនូវកូនសោបព្វជិតភាពដល់អ្នកដឹកនាំបព្វជិតភាពផងដែរ ដើម្បីពួកគាត់អាចដឹកនាំ ត្រួតត្រា និងគ្រប់គ្រងលើការប្រើបព្វជិតភាពរបស់ទ្រង់នៅលើផែនដី ) ។
នៅពេលបញ្ជីត្រូវបានបំពេញហើយ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១២-១៣ ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់អំពីកូនសោដែលព្រះអម្ចាស់បានប្រទានដល់ ព្យាការីយ៉ូសែប ស្ម៊ីធ ។
-
តើកូនសោអ្វីខ្លះ ដែលព្រះអម្ចាស់បានតាំងចិត្តដល់ ឬផ្ដល់ទៅដល់ព្យាការី យ៉ូសែប ស៊្មីធ ? ( សូមអញ្ជើញសិស្សម្នាក់ឲ្យបន្ថែមយ៉ូសែប ស៊្មីធនិងកូនសោទាំងឡាយនៃនគររបស់ព្រះអម្ចាស់ចូលក្នុងបញ្ជីលើក្ដារខៀន ) ។
សូមចង្អុលបង្ហាញថា ព្យាការីជាច្រើន ដែលមានឈ្មោះនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ២៧បានមកជួបនឹង យ៉ូសែប ស៊្មីធ ដើម្បីប្រគល់កូនសោមកឲ្យលោក ។
អ្នកអាចនឹងចង់ផ្ដល់យោបល់ដល់សិស្សឲ្យគូសចំណាំឃ្លា « នៃការកាន់កាប់ត្រួតត្រានៃដំណឹងល្អសម្រាប់ពេលចុងក្រោយបង្អស់ និងសម្រាប់កំណត់កាលដ៏ពោរពេញ » នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៣ ។
-
យោងតាមខគម្ពីរនេះ តើព្រះអម្ចាស់មានបន្ទូលថាទ្រង់នឹងធ្វើអ្វីខ្លះ អំឡុងគ្រាកាន់កាប់ត្រួតត្រាសម្រាប់ពេលចុងក្រោយបង្អស់នោះ ? ( « ប្រមូលរបស់របរទាំងអស់ទៅតែមួយ » ) ។
សូមសរសេរគោលលទ្ធិដូចខាងក្រោមនៅលើក្ដារខៀន ក្រោមបញ្ជីថា ៖ ការកាន់កាប់ត្រួតត្រានៃដំណឹងល្អសម្រាប់កំណត់កាលដ៏ពោរពេញ ជាពេលដែលនឹងប្រមូលកូនសោដំណឹងល្អទាំងអស់ ពិធីបរិសុទ្ធ និងសេចក្ដីពិតនៃការកាន់កាប់ត្រួតត្រាកាលពីអតីតកាលមកតែមួយ ។
សូមពន្យល់ថា ការកាន់កាប់ត្រួតត្រា « គឺជាអំឡុងពេលមួយ ដែលយ៉ាងហោចណាស់ ព្រះអម្ចាស់មានអ្នកបម្រើដែលមាននូវសិទ្ធិអំណាចម្នាក់នៅលើផែនដី ដែលកាន់ [ កូនសោ ] បព្វជិតភាពបរិសុទ្ធ… និង ជាអ្នកដែលមាននូវការអនុញ្ញាតពីព្រះដើម្បីចែកចាយដំណឹងល្អ » ( Bible Dictionary, « Dispensations » ) និងដើម្បីចាត់ចែងពិធីបរិសុទ្ធដែលមានក្នុងដំណឹងល្អនោះ ។ នៅពេលព្រះអម្ចាស់រៀបចំការកាន់កាប់ត្រួតត្រាមួយ « ដំណឹងល្អត្រូវបានបើកសម្ដែងជាថ្មី ដើម្បីឲ្យមនុស្សនៃគ្រាកាន់កាប់ត្រួតត្រានោះ ពុំចាំបាច់ត្រូវពឹងផ្អែកទាំងស្រុងទៅលើគ្រាកាន់កាប់ត្រួតត្រាកាលពីអតីតកាល សម្រាប់ចំណេះដឹងអំពីផែនការនៃសេចក្ដីសង្គ្រោះ » ( Bible Dictionary « Dispensations » ) ។ អ័ដាម, ហេណុក, ណូអេ, ម៉ូសេ និង អ្នកដទៃទៀតគឺជាអ្នកដឹកនាំនៃគ្រាកាន់កាប់ត្រួតត្រាដំណឹងល្អ ។ យ៉ូសែប ស៊្មីធ គឺជាអ្នកដឹកនាំនៃគ្រាកាន់កាប់ត្រួតត្រាដែលយើងរស់នៅ-- ជាគ្រាកាន់កាប់ត្រួតត្រានៃកំណត់កាលដ៏ពោរពេញ ។ នៅគ្រាកាន់កាប់ចុងក្រោយនេះ បានចាប់ផ្ដើមជាមួយនឹងការស្ដារដំណឹងល្អតាមរយៈព្យាការី យ៉ូសែប ស៊្មីធ ។ វាត្រូវបានហៅថាជាគ្រាកាន់កាប់ត្រួតត្រានៃកំណត់កាលដ៏ពោរពេញ ដោយសារតែរាល់កូនសោទាំងអស់ ដែលព្រះអម្ចាស់បានបើកសម្ដែងសម្រាប់ពរជ័យនៃកូនចៅរបស់ទ្រង់ ត្រូវបានស្ដារឡើងវិញ ហើយរាល់ផែនការ និងសេចក្ដីសន្យាទាំងឡាយរបស់ព្រះអម្ចាស់ ចាប់តាំងពីការកកើតពិភពលោក នឹងត្រូវបានបំពេញ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៤ឲ្យឮៗ ។ សូមឲ្យសិស្សនៅក្នុងថ្នាក់ឲ្យផ្ទៀងតាម ហើយប្រាប់ថានរណាផ្សេងទៀតនឹងមានវត្តមាននៅក្នុងការប្រជុំសាក្រាម៉ង់ ដែលបានពិពណ៌នានៅក្នុងកណ្ឌនេះ ។
-
តើអ្នកគិតថា ឃ្លា « អស់អ្នកណាដែលព្រះវរបិតារបស់យើង បានប្រទានដល់យើង ចេញពីលោកិយផង » សំដៅទៅលើនរណា ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« រាល់អ្នកស្មោះត្រង់នៅក្នុងប្រវត្តិសាស្ត្រនៃពិភពលោកទាំងមូល រាល់បុគ្គលដែលបានរស់នៅដើម្បីសមនឹងជីវិតដ៏អស់កល្បជានិច្ច នៅក្នុងនគរនៃព្រះវរបិតា នឹងមានវត្តមាន ហើយនឹងទទួលទានសាក្រាម៉ង់ជាមួយព្រះអម្ចាស់ » ( The Promised Messiah: The First Coming of Christឆ្នាំ ១៩៧៨ ], ទំព័រ៥៩៥ ) ។
សូមបន្ថែមអ្នក និង ខ្ញុំចូលទៅក្នុងបញ្ជីនៅលើក្ដារខៀន ។
-
យោងទៅតាម អែលឌើរ ម៉ាក់ខន់ឃី តើយើងត្រូវរស់នៅយ៉ាងដូចម្ដេច ដើម្បីមានវត្តមាននៅក្នុងការប្រជុំសាក្រាម៉ង់ដ៏ពិសេសនេះ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៥-១៨
ព្រះអម្ចាស់បញ្ជារាស្ត្ររបស់ទ្រង់ឲ្យពាក់អាវក្រោះនៃព្រះ
សូមពន្យល់ថាគោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៥-១៨មាននូវពាក្យទូន្មានដែលនឹងជួយយើងឲ្យមានភាពសក្ដិសមដើម្បីទទួលបានពរជ័យទាំងឡាយរបស់ព្រះអម្ចាស់ រួមទាំងពរជ័យនៃការចូលរួមការប្រជុំសាក្រាម៉ង់ដែលបានប្រាប់នៅក្នុងខ ៤-១៤ ។
សូមសួរដល់សិស្សថា តើពួកគេចង់ស្លៀកពាក់អ្វី បើពួកគេដឹងថាពួកគេនឹងទៅធ្វើសង្គ្រាមនោះ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៥ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើល ( ១ ) អ្វីដែលព្រះអម្ចាស់ដឹកនាំឲ្យយើងធ្វើដើម្បីរៀងចំខ្លួនសម្រាប់ចម្បាំងខាងវិញ្ញាណ និង ( ២ ) តើទ្រង់សន្យាប្រទានពរជ័យអ្វីខ្លះ បើយើងធ្វើតាមការដឹកនាំរបស់ទ្រង់នោះ ។
-
តើព្រះអម្ចាស់ទូន្មានយើងឲ្យធ្វើអ្វីខ្លះដើម្បីរៀបចំខ្លួនសម្រាប់ចម្បាំងខាងវិញ្ញាណ ? ( សូមសង្ខេបចម្លើយរបស់សិស្ស ដោយការសរសេរដូចខាងក្រោមនៅលើក្ដារខៀន ៖ បើយើងពាក់លើខ្លួនយើងនូវអាវក្រោះទាំងមូលរបស់ព្រះ…
-
តើព្រះអម្ចាស់សន្យាប្រទានពរជ័យអ្វីខ្លះ ចំពោះអ្នកទាំងឡាយដែលពាក់អាវក្រោះទាំងមូលរបស់ព្រះនោះ ? ( នៅពេលសិស្សឆ្លើយ សូមបំពេញគោលការណ៍នៅលើក្ដារខៀន ៖ បើយើងលើកដាក់មកលើខ្លួនយើងនូវអាវក្រោះទាំងមូលនៃព្រះ នោះយើងនឹងអាចទប់ទល់នឹងអារក្ស )
សូមចម្លងរូបភាពនៅលើក្ដារខៀន ដោយមានគូសបន្ទាត់ភ្ជាប់ទៅចំណែកនៃអាវក្រោះនីមួយៗ ដែលបានប្រាប់នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៥-១៨ ។ សូមបំបែកសិស្សក្នុងថ្នាក់ជាក្រុមតូចៗ ហើយចាត់តាំងក្រុមនិមួយៗនូវចំណែកមួយនៃអាវក្រោះ ។ សូមផ្ដល់ដល់ក្រុមនិមួយៗនូវសេចក្ដីថ្លែងការដោយប្រធាន ហារ៉ូល ប៊ី លី ដូចខាងក្រោម និងព័ត៌មាន និងសំណួរនៅក្នុងវគ្គខាងក្រោមទាក់ទងទៅនឹងចំណែកនៃអាវក្រោះដែលបានចាត់ទៅឲ្យគេនោះ ។ សូមអញ្ជើញសិស្សឲ្យធ្វើការនៅក្នុងក្រុមពួកគេ ដើម្បីឆ្លើយសំណួរសម្រាប់ចំណែកអាវក្រោះដែលបានចាត់តាំងទៅឲ្យពួកគេ ហើយត្រៀមខ្លួនដើម្បីចែកចាយចម្លើយរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។
បន្ទាប់ពីសិស្សបានរាយការណ៍ពីចម្លើយរបស់ពួកគេហើយ សូមអាននូវសេចក្ដីថ្លែងការខាងក្រោមដោយ អែលឌើរ អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសុំឲ្យសិស្សស្ដាប់ពីរបៀបដែលយើងពាក់គ្រឿងសឹក និងពង្រឹងដល់គ្រឿងសឹករបស់ព្រះ ៖
រូបភាពអែលឌើរ អិម រ័សុល បាឡឺដ« ខ្ញុំចូលចិត្តគិតអំពីអាវក្រោះខាងវិញ្ញាណនេះ ដែលពុំប្រៀបដូចជាបំណែកនៃលោហៈធាតុដែលសូន្យឡើងមួយដុំ ដើម្បីពាក់ឲ្យត្រូវរូបកាយនោះទេ ប៉ុន្តែវាដូចជាច្រវ៉ាក់ប្រទាក់គ្នាទៅវិញ ។ ច្រវ៉ាក់ប្រទាក់គ្នាមានជាបំណែកតូចៗជាច្រើនផែនតភ្ជាប់នឹងគ្នា ដើម្បីអនុញ្ញាតឲ្យអ្នកប្រើអាចបត់បែនបានកាន់តែងាយស្រួលដោយមិនបាត់បង់នូវការការពារ ។ ខ្ញុំនិយាយដូច្នោះ ដោយសារវាជាបទពិសោធន៍របស់ខ្ញុំ ថាគ្មានអ្វីតែមួយដ៏ធំ ហើយអស្ចារ្យដែលយើងអាចធ្វើ ដើម្បីការពារខ្លួនយើងខាងវិញ្ញាណបាននោះឡើយ ។ អំណាចខាងវិញ្ញាណពិត ពឹងលើទង្វើតូចៗជាច្រើនវេញបញ្ចូលគ្នានៅក្នុងសាច់ក្រណាត់នៃការការពារខាងវិញ្ញាណ ដែលការពារ និងជាខែលទាស់នឹងរាល់សេចក្ដីអាក្រក់ » ( « Be Strong in the Lord »Ensign ខែ កក្កដា ឆ្នាំ ២០០៤ ទំព័រ ៨ ) ។
-
តើទង្វើរតូចៗមួយចំនួនអ្វីខ្លះ ដែលបានប្រមូលផ្ដុំជាកម្លាំងរបស់វា នឹងជួយការពារយើងទាស់នឹងការល្បួង និងអំពើអាក្រក់ ?
សូមអញ្ជើញសិស្សឲ្យត្រឡប់ទៅមើលនៅដើមបន្ទាត់នៃគោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៥ ។ បន្ទាប់មក សួរសំណួរដូចខាងក្រោមនេះ ៖
-
តើយើងគួរមានអាក្បកិរិយាយ៉ាងណា ពេលយើងពាក់គ្រឿងសឹករបស់ព្រះ ? ( យើងគួរតែ « លើកទឹកចិត្ត [ របស់យើង ] ឡើងហើយអរសប្បាយ » ) ។ ហេតុអ្វីក៏យើងគួរតែមានអាក្បកិរិយាបែបនេះ ?
សូមឲ្យសិស្សពិចារណាអំពីអ្វីដែលពួកគេបានរៀននៅក្នុងមេរៀនថ្ងៃនេះ ហើយអញ្ជើញពួកគេឲ្យជ្រើសរើសរឿងជាក់លាក់មួយ ដែលពួកគេអាចធ្វើដើម្បីពាក់អាវក្រោះនៃព្រះបានកាន់តែល្អប្រសើរ ។ សូមលើកទឹកចិត្តពួកគេឲ្យសរសេរនូវអ្វីដែលពួកគេនឹងធ្វើ នៅលើក្រដាសមួយសន្លឹក ដែលពួកគេអាចមើលជាញឹកញាប់ ទុកជាការរំឭកមួយអំពីការតាំងចិត្តរបស់ពួកគេ ។
ដើម្បីបញ្ចប់មេរៀននេះ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីសេចក្ដីពិត ដែលបានបង្រៀននៅក្នុងមេរៀន ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:២ ។ « មិនជាសំខាន់ទេ ពីអ្វីដែលអ្នករាល់គ្នានឹងបរិភោគ ឬពីអ្វីដែលអ្នករាល់គ្នានឹងផឹក នៅពេលអ្នករាល់គ្នាទទួលទានសាក្រាម៉ង់ »
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានពន្យល់ពីមូលហេតុដែលវិវរណៈនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:២ ត្រូវបានផ្ដល់ឲ្យ និងអត្ថន័យរបស់វាថា ៖
រូបភាពប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ« សារទូតសួគ៌ [ មួយអង្គ ] បានប្រាប់ដល់ យ៉ូសែប ស៊្មីធ ថា វាមិនសំខាន់ពីអ្វីដែលគួរប្រើសម្រាប់ពិធីសាក្រាម៉ង់ទេ ហើយលោកពុំត្រូវទិញស្រា ឬភេសជ្ជៈខ្លាំងពីសត្រូវរបស់លោកដែរ ។ មូលហេតុនេះបានស្ដែងយ៉ាងច្បាស់ ដ្បិតព្យាការីមានសត្រូវច្រើនណាស់ ។ ទោះជាយ៉ាងណាក៏ដោយ មូលហេតុនេះ គឺច្រើនជាងគ្រាន់តែជាការការពារទាស់នឹងសត្រូវរបស់លោក ដ្បិតវាជាការប្រុងប្រយ័ត្នទាស់នឹងសេចក្ដីអាក្រក់ និងមនុស្សដែលរៀបគម្រោងបំផ្លាញរឿងទាំងនេះ ។ ( សូមមើល ពាក្យសម្ដីនៃប្រាជ្ញាវាងវៃកណ្ឌ យ៉ូសែប ស៊្មីធ ក៏ត្រូវបានប្រាប់ផងដែរថា ស្រាពុំគួរត្រូវបានប្រើសម្រាប់ពិធីសាក្រាម៉ង់ទេ លើកលែងតែវាត្រូវបានធ្វើដោយពួកបរិសុទ្ធ ហើយគួរតែស្រាធ្វើថ្មីនៅក្នុងចំណោមពួកគេ ។ ខណៈដែលសាសនាចក្រពុំទទួលយកតាមទំនៀមទម្លាប់នៃការប្រើតែទឹកជាពិសេសនៅក្នុងពិធីសាក្រាម៉ង់នៅជំនាន់មុន ប៉ុន្តែចាប់តាំងពីពេលនេះទៅ ទឹកគឺត្រូវបានប្រើជំនួសឲ្យស្រា ដែលត្រូវបានប្រើយ៉ាងសំខាន់ ដោយសារវាជាតំណាងឲ្យលោហិត ។ សព្វថ្ងៃនេះ នៅទូទាំងសាសនាចក្រ ទឹកគឺត្រូវបានប្រើនៅក្នុងពិធីសាក្រាម៉ង់ដើម្បីចងចាំពីព្រះលោហិត នៃព្រះយេស៊ូវគ្រីស្ទដែលបានបង្ហូរដើម្បីផ្ដាច់បាប ជំនួសឲ្យមនុស្សទាំងអស់ដែលបានប្រែចិត្ត ហើយទទួលយកដំណឹងល្អ » ( Church History and Modern Revelationវ៉ុល ២ [ ឆ្នាំ ១៩៥៣] ១:១៣២ សូមមើលផងដែរDoctrine and Covenants Student Manualបោះពុម្ពជាលើកទី ២ [ Church Educational System manual, ២០០១ ], ទំព័រ ៥៥ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:២ ។ « ភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អរបស់យើង »
អែលឌើរ រ័សុល អិម ណិលសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពិពណ៌នាអំពីរបៀបដែលយើងអាចអភិវឌ្ឍភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អរបស់ព្រះ ៖
រូបភាពអែលឌើរ រ័សុល អិម ណិលសុន« សូមស្រម៉ៃថាប្រសិនបើអ្នកមានកែវយឹតដ៏មានអានុភាពមួយគូ ។ ប្រព័ន្ធមើលឃើញពីរផ្សេងពីគ្នា ត្រូវបានដាក់បញ្ចូលគ្នាដោយស្ពឺមួយ ដែលតម្រង់ផ្ដោតទៅជារូបដាច់ពីគ្នាពីរ ឲ្យទៅជារូបភាពមួយដែលមើលឃើញឆ្លុះទំហំទាំងបី ។ ដើម្បីអនុវត្តភាពស្រដៀងគ្នានេះ សូមគិតថា កែវយឺតខាងឆ្វេងរបស់អ្នក តំណាងឲ្យគំនិតរបស់អ្នកអំពីកិច្ចការរបស់អ្នក ។ រូបនៅខាងស្ដាំ តំណាងឲ្យទស្សនវិស័យរបស់ព្រះអម្ចាស់អំពីកិច្ចការរបស់អ្នក-- ជាផ្នែកនៃផែនការរបស់ទ្រង់ ដែលទ្រង់បានប្រគល់ដល់អ្នក ។ ឥឡូវ សូមភ្ជាប់ប្រព័ន្ធរបស់អ្នកទៅទ្រង់ ។ តាមរយៈការកែសម្រួលខាងសតិអារម្មណ៍ វាផ្លាស់ប្ដូរការផ្ដោតអារម្មណ៏របស់អ្នក ។ អ្វីមួយដែលអស្ចារ្យបានកើតឡើង ។ ទស្សនៈរបស់អ្នក និងទ្រង់គឺដូចគ្នាហើយឥឡូវនេះ ។ អ្នកបានអភិវឌ្ឍ ‹ ភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អរបស់ព្រះ › ( គ និង ស ៤:៥សូមមើលផងដែរមរមន ៨:១៥With God Nothing Shall Be Impossible, » Ensignខែ ឧសភា ឆ្នាំ ១៩៨៨ ទំព័រ ៣៤ ) ។