មេរៀនទី ៥១
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:១-១៥
បុព្វកថា
នៅខែមិនា ឆ្នាំ ១៨៣១ សាសនាចក្របានបន្ដរីកចម្រើននៅក្នុងទីក្រុងខឺតឡង់ ។ ការប្រឆាំងទាស់នឹងសាសនាចក្រក៏នៅតែបន្ដផងដែរ ។ ព្យាការី យ៉ូសែប ស៊្មីធ បានសរសេរថា ៖ « មានរបាយការណ៍ខុសឆ្គង ការកុហក និងរឿងឆ្កួតលីលាជាច្រើន ត្រូវបានបោះពុម្ពនៅលើទំព័រកាសែត ហើយផ្សាយទៅគ្រប់ទិសទី ដើម្បីរារាំងមនុស្សកុំឲ្យរៀនពីកិច្ចការនេះ ឬឱបក្រសោបយកសេចក្ដីជំនឿ » ។ នៅក្នុងគ្រាដែលមានការរីកចម្រើន និងការប្រឆាំងនេះ យ៉ូសែប ស៊្មីធ បានទទួលវិវរណៈមួយ ដែលក្រោយមកលោកបានមានប្រសាសន៍ដែលនាំឲ្យ « ពួកបរិសុទ្ធដែលត្រូវតស៊ូទាស់នឹងអ្វីៗគ្រប់យ៉ាង មានក្ដីអំណរ ដែលការរើសអើង និងសេចក្ដីអាក្រក់ អាចកែប្រែមុខមាត់ថ្មី » ( នៅក្នុង History of the Church១:១៥៨ ) ។ វិវរណៈនេះ ឥឡូវត្រូវបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥ដែលចាប់ផ្ដើមជាមួយនឹងសេចក្ដីប្រកាសមកពីព្រះអង្គសង្គ្រោះ អំពីតួនាទីរបស់ទ្រង់នៅក្នុងសេចក្ដីសង្គ្រោះរបស់យើង ។ មេរៀនថ្ងៃនេះ គឺជាមេរៀនដំបូងគេនៃមេរៀនទាំងបី ដែលផ្ដោតទៅលើគោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:១-៥
ព្រះយេស៊ូវគ្រីស្ទ បានគូសបញ្ជាក់អំពីតួនាទីរបស់ទ្រង់ ជាអង្គបង្កបង្កើត និងជាអង្គគាំទ្រ
សូមឲ្យសិស្សនឹកស្រម៉ៃថា ពួកគេកំពុងស្វែងរកទិសដៅអំពីអ្វីមួយ ដែលសំខាន់ចំពោះពួកគេ ហើយដែលមនុស្សផ្សេងៗមួយចំនួនចង់ផ្ដល់ដំបូន្មានឲ្យពួកគេ ។
-
តើមនុស្សម្នាក់ចាំបាច់ត្រូវមានគុណសម្បត្តិអ្វីខ្លះ មុនពេលអ្នកនឹងស្ដាប់តាមដំបូន្មានរបស់គាត់ ? ( សិស្សអាចនឹងចែកចាយចម្លើយផ្សេងៗគ្នាជាច្រើនចំពោះសំណួរនេះ ។ បើចាំបាច់ អ្នកអាចនឹងចង់ផ្ដល់យោបល់ថា ពួកគេនឹងទំនងជាចង់ស្ដាប់នរណាម្នាក់ដែលយកចិត្តទុកដាក់ចំពោះពួកគេដោយផ្ទាល់ ហើយដែលមានជោគជ័យនៅក្នុងប្រធានបទដែលពួកគេកំពុងផ្ដល់យោបល់ឲ្យនោះ ) ។
សូមពន្យល់ថា វិវរណៈដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥ បានកើតឡើងនៅចំគ្រា ដែលពួកបរិសុទ្ធថ្ងៃចុងក្រោយ និង មនុស្សដទៃទៀត បានស្ដាប់ និង អានសារលិខិតដែលប្រឆាំងទាស់នឹងសាសនាចក្រ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវការណែនាំក្បាលកណ្ឌនៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលស្ថានភាពដែលពួកបរិសុទ្ធកំពុងតែប្រឈមមុខ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានព្រះបន្ទូលដំបូងគេរបស់ព្រះអម្ចាស់នៅក្នុងវិវរណៈ ។
សូមរំឭកសិស្សថា ប្រុងស្ដាប់ មានន័យថា ស្ដាប់ដោយយកចិត្តទុកដាក់ ហើយគោរពតាម ។ នៅពេលយើងស្ដាប់ព្រះអម្ចាស់យ៉ាងពិតប្រាកដ នោះយើងនឹងធ្វើតាមឱវាទ និងព្រះបញ្ញត្តិរបស់ទ្រង់។ សូមពន្យល់ថា នៅដើមដំបូងនៃវិវរណៈនេះ ព្រះអម្ចាស់បានធ្វើការប្រកាសអំពីតួនាទីរបស់ទ្រង់មួយចំនួន និង កិច្ចខ្នះខ្នែងរបស់ទ្រង់ក្នុងការជួយដល់យើង ។ នៅពេលយើងអានសេចក្ដីប្រកាសទាំងនេះ យើងអាចរកឃើញមូលហេតុ ដែលយើងត្រូវស្ដាប់តាមព្រះបន្ទូលទ្រង់ ។ សូមលើកទឹកចិត្តដល់សិស្សឲ្យរកមើលពាក្យ ប្រុងស្ដាប់ និង ស្ដាប់ នៅក្នុងខគម្ពីរទាំងឡាយ ពេលពួកគេសិក្សានៅថ្ងៃនេះ ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:១ ដោយស្ងាត់ស្ងៀម រកមើលអ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូល អំពីព្រះអង្គទ្រង់ ។ សូមសុំឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។ នៅពេលពួកគេឆ្លើយតប សូមសរសេរគោលលទ្ធិខាងក្រោមនៅលើក្ដារខៀន ៖ព្រះយេស៊ូវគ្រីស្ទ បានបង្កើតផ្ទៃមេឃ និងផែនដី ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:២ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលមូលហេតុដែលត្រូវប្រុងស្ដាប់ព្រះអង្គសង្គ្រោះ ។
-
យោងតាមខគម្ពីរនេះ ហេតុអ្វីក៏យើងគួរតែប្រុងស្ដាប់តាមព្រះអង្គសង្គ្រោះ ? ( អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា ឃ្លា « នៅវេលាដែលអ្នករាល់គ្នាមិនគិត នោះរដូវក្ដៅនឹងកន្លង » សំដៅទៅលើគំនិតដែលរដូវក្ដៅ អាចនឹងជាវេលាមួយ ដើម្បីធ្វើការ ហើយត្រៀមសម្រាប់ច្រូតកាត់ នៅចុងរដូវ ។ ខគម្ពីរនេះ បង្រៀនថាយើងចាំបាច់ត្រូវប្រុងស្ដាប់ព្រះអង្គសង្គ្រោះក្នុងពេលឥឡូវនេះ ហើយប្រែចិត្តពីអំពើបាបរបស់យើង ខណៈដែលយើងនៅតែមានពេលដើម្បីធ្វើការសម្រាប់សេចក្ដីសង្គ្រោះនៃព្រលឹងរបស់យើង ) ។
សូមពន្យល់ថាគោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៣រួមមានទាំងពាក្យអ្នកគាំទ្រ។ អ្នកគាំទ្រ គឺជាមនុស្សម្នាក់ ដែលទូលអង្វរសម្រាប់បុព្វហេតុនៃមនុស្សម្នាក់ទៀត ។ ពេលខ្លះ រឿងនេះកើតឡើងនៅក្នុងតុលាការ ជាកន្លែងដែលមេធាវី បង្ហាញនូវភស្ដុតាងទៅដល់ចៅក្រម ជំនួសឲ្យនរណាម្នាក់ ដែលត្រូវបានទទួលការផ្តន្ទាទោស ។
មុនពេលចាប់ផ្ដើមថ្នាក់ សូមរៀបចំស្លាកសញ្ញាបីដូចខាងក្រោម ៖
រៀបចំនៅខ្នងខាងក្រោយស្លាកសញ្ញាទាំងនេះដូចខាងក្រោម ៖
សូមអញ្ជើញសិស្សបីនាក់ឡើងមកខាងមុខថ្នាក់ ។ សូមឲ្យស្លាកសញ្ញាមួយទៅដល់សិស្សម្នាក់ៗ ។ សូមឲ្យពួកគេលើកសញ្ញាទាំងឡាយឡើង ដែលបង្ហាញនូវពាក្យចៅក្រម មេធាវី និងចុងចោទ ។ សូមឲ្យសិស្សលើកសញ្ញាដែលមានស្លាកថាមេធាវីឈនៅចម្លោះសិស្សពីរនាក់ទៀតនោះ ។
សូមឲ្យសិស្សក្នុងថ្នាក់នឹកស្រម៉ៃថា ពួកគេនៅក្នុងតុលាការ ដែលមានចៅក្រម មេធាវី និងចុងចោទ ដែលត្រូវបានគេចោទប្រកាន់ថា បានធ្វើបទឧក្រិដ្ឋមួយ ។
-
តើតួនាទីរបស់ចៅក្រមគឺជាអ្វី ?
-
តើមេធាវីអាចជួយដល់ជនដែលត្រូវគេចោទប្រកាន់បានយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៣ឲ្យឮៗ ។ សូមអញ្ជើញឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលខគម្ពីរនេះបង្រៀនអំពីព្រះអង្គសង្គ្រោះ ។
-
នៅក្នុងខគម្ពីរនេះ តើនរណាគឺជាចៅក្រម ? ( នៅពេលសិស្សឆ្លើយសំណួរនេះ សូមឲ្យសិស្សកាន់ស្លាកសញ្ញាដែលមានពាក្យថា ចៅក្រមបង្វិលសញ្ញានោះមើលនៅខ្នងខាងក្រោយវិញ ) ។ តើនរណាជាចុងចោទ ? ( សូមឲ្យសិស្សកាន់សញ្ញាដែលមានស្លាកចុងចោទបង្វិលសញ្ញានោះមើលនៅខ្នងខាងក្រោយវិញ ) ។ តើនរណាជាមេធាវី ? ( សូមឲ្យសិស្សកាន់សញ្ញាដែលមានស្លាកអ្នកគាំទ្របង្វិលសញ្ញានោះមើលនៅខ្នងខាងក្រោយវិញ ) ។ បន្ទាប់មកសរសេរនូវគោលលទ្ធិដូចខាងក្រោមនៅលើក្ដារខៀន ៖ព្រះយេស៊ូវគ្រីស្ទ គឺជាមេធាវីរបស់យើងនៅចំពោះព្រះភក្ត្រព្រះវរបិតាសួគ៌ ) ។
-
ហេតុអ្វីក៏យើងត្រូវការអ្នកគាំទ្រម្នាក់នៅចំពោះព្រះភក្ត្រព្រះវរបិតាសួគ៌ ? ( យើងមានកំហុសនៃអំពើបាប ។ ស្របតាមសេចក្ដីយុត្តិធម៌របស់ព្រះ គ្មានវត្ថុមិនស្អាតណា អាចរស់នៅក្នុងវត្តមានរបស់ទ្រង់បានទេ ។ ហេតុដូច្នោះហើយ យើងត្រូវការអ្នកគាំទ្រម្នាក់ ដើម្បីទូលអង្វរពីបុព្វហេតុរបស់យើង នៅចំពោះព្រះភក្ត្ររបស់ព្រះបិតា ហើយជួយយើងឲ្យផ្សះផ្សានឹងទ្រង់ ) ។
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៤-៥ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពីរបៀបដែលព្រះយេស៊ូវគ្រីស្ទបានទូលអង្វរពីបុព្វហេតុរបស់យើងចំពោះព្រះវរបិតា ។
-
ស្របតាមខ ៤ តើព្រះយេស៊ូវគ្រីស្ទបានទូលសូមដល់ព្រះវរបិតាឲ្យទ្រង់ញាណអ្វីខ្លះ ? ( ព្រះអង្គសង្គ្រោះបានប្រាប់អំពីជីវិតដែលគ្មានអំពើបាបរបស់ទ្រង់ និងការរងទុក្ខ និងការសុគតរបស់ទ្រង់ ) ។
-
ស្របតាមខ ៥ តើព្រះអង្គសង្គ្រោះបានទូលសុំឲ្យព្រះវរបិតាទ្រង់ញាណអ្វីខ្លះទៀត ? ( សេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ ) ។
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលពួកគេត្រូវការព្រះយេស៊ូវគ្រីស្ទដើម្បីធ្វើជាអង្គគាំទ្ររបស់ពួកគេនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។ សូមផ្ដល់ពេលដល់ពួកគេឲ្យសរសេរនៅក្នុងសៀវភៅកត់ចំណាំការរៀនសូត្ររបស់ពួកគេ ឬសៀវភៅកត់ត្រាការសិក្សាព្រះគម្ពីរនូវអារម្មណ៍របស់ពួកគេ អំពីព្រះអង្គសង្គ្រោះជាអង្គគាំទ្ររបស់ពួកគេ ។ សូមអញ្ជើញពួកគេឲ្យសរសេរនូវអ្វីដែលពួកគេមានអារម្មណ៍ដឹងថាទ្រង់នឹងឲ្យពួកគេធ្វើ ដើម្បីបង្ហាញពីជំនឿរបស់ពួកគេទៅលើព្រះនាមរបស់ទ្រង់ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៦-១០
ព្រះអង្គសង្គ្រោះ ប្រកាសថា ទ្រង់គឺជាពន្លឺ និងជាជីវិតនៃលោកិយ ហើយថា ទ្រង់បានបញ្ជូនសេចក្ដីសញ្ញាដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ទៅដល់ពិភពលោក ។
សូមបំបែកសិស្សជាគូៗ ហើយសុំឲ្យដៃគូទាំងឡាយអានគោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៦-១០ជាមួយគ្នា ។ ក្រោយពីសិស្សមានពេលអានគ្រប់គ្រាន់ហើយ សូមសួរសិស្សនូវសំណួខាងក្រោមនេះ ៖
-
ស្របតាម ខ ៦-៧ តើមូលហេតុអ្វីខ្លះ ដែលព្រះអង្គសង្គ្រោះបានប្រទានដល់យើងឲ្យប្រុងស្ដាប់ដល់ទ្រង់ ? តើវាមានន័យយ៉ាងណាចំពោះអ្នក ដែលថាទ្រង់គឺជា « ដើម និងជាចុង » ? តើទ្រង់នាំពន្លឺ និងជីវិតមកលើពិភពលោកតាមវិធីណា ?
សូមសរសេរ ការពិពណ៌នាដូចខាងក្រោមអំពីព្រះអង្គសង្គ្រោះ នៅលើក្ដារខៀន ៖
-
ស្របតាមខ ៨តើព្រះអង្គសង្គ្រោះបានសន្យាអ្វីខ្លះ ដល់អ្នកទាំងឡាយដែលទទួលយកទ្រង់ ?
សូមចង្អុលបង្ហាញថា នៅក្នុងខ ៩ យើងអានថា ព្រះយេស៊ូវគ្រីស្ទ បានបញ្ជូន « សេចក្ដីសញ្ញាដ៏នៅអស់កល្បអស់កាលជានិច្ចរបស់ទ្រង់… ដើម្បីធ្វើជាពន្លឺដល់មនុស្សលោក ហើយដើម្បីធ្វើជាបមាណីយដល់រាស្ត្រ [ របស់ទ្រង់ ] » ។ នៅក្នុងវិវរណៈមួយទៀត ទ្រង់បានមានបន្ទូលថា សេចក្ដីសញ្ញាដ៏នៅអស់កល្បអស់កាលជានិច្ចរបស់ទ្រង់ គឺជា « ភាពពោរពេញនៃដំណឹងល្អ [ របស់ទ្រង់ ] » ( គ. និង ស. ៦៦:២ ) ។
-
តើអ្នកគិតថា « ស្វែងរក » ដំណឹងល្អមានន័យយ៉ាងណា ?
-
តើអ្នកធ្លាប់បានឃើញដំណឹងល្អគឺជាពន្លឺដល់ពិភពលោកតាមរបៀបណាខ្លះ ? តើដំណឹងល្អគឺជាបទដ្ឋានមួយសម្រាប់យើង ដែលបានធ្វើសេចក្ដីសញ្ញាជាមួយព្រះអម្ចាស់ ដោយវិធីណា ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:១១-១៥
ព្រះអង្គសង្គ្រោះប្រកាសថា ទ្រង់គឺជាព្រះនៃលោកហេណុក
សូមដាក់បង្ហាញរូបភាពទីក្រុងស៊ីយ៉ូនត្រូវបានលើកឡើងទៅស្ថានសួគ៌(សៀវភៅសិល្បៈដំណឹងល្អ[ឆ្នាំ ២០០៩ ] ទំព័រ ៦, សូមមើលផងដែរLDS.org ) ។ សូមពន្យល់ថា នេះគឺជាសិល្បៈនៃការពិពណ៌នាអំពីហេណុក និងរាស្ត្ររបស់ទ្រង់ ។ បន្ទាប់មកសូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:១១ឲ្យឮៗ ។ សូមចង្អុលបង្ហាញថា នៅក្នុងខគម្ពីរនេះ ព្រះអម្ចាស់បានមានបន្ទូលថា មនុស្សមួយចំនួនហៅទ្រង់ថា « ព្រះនៃលោកហេណុក » ។
សូមអញ្ជើញសិស្សឲ្យប្រាប់ដល់សិស្សក្នុងថ្នាក់នូវអ្វីដែលពួកគេដឹងអំពីព្យាការី ហេណុក ។ បើចាំបាច់ សូមផ្ដល់ព័ត៌មានដូចខាងក្រោមថា ៖ ហេណុក បានរស់នៅពីមុនជំនាន់របស់ណូអេ ។ ផែនដីនៅក្នុងជំនាន់របស់លោកហេណុក ត្រូវបានគ្របដណ្ដប់ដោយសេចក្ដីទុច្ចរិត ប៉ុន្តែលោកបានដឹកនាំមនុស្សសុចរិតមួយក្រុម ដែលបានរស់នៅក្នុងទីក្រុងមួយ ដែលហៅថា ស៊ីយ៉ូន ។ នៅទីបំផុត ប្រជារាស្ត្រទីក្រុង ស៊ីយ៉ូន ត្រូវបាន « បែកចេញពីផែនដី » (គ. និង ស. ៤៥:១២)—ត្រូវបានលើកឡើងទៅស្ថានសួគ៌ ដោយសារតែសេចក្ដីសុចរិតរបស់ពួកគេ ( សូមមើលម៉ូសេ ៧:៦៩) ។
សូមសង្ខេបគោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:១២–១៤ ដោយការពន្យល់ថា ព្រះអម្ចាស់បានទទួលប្រជារាស្ត្រទីក្រុង ស៊ីយ៉ូន ឡើងទៅឯទ្រង់ ហើយថាទ្រង់នឹងរក្សាពួកគេទុក « រហូតដល់ថ្ងៃនៃសេចក្ដីសុចរិតនឹងមកដល់ » ។ នៅថ្ងៃនោះ ហេណុក និង រាស្ត្ររបស់លោក នឹងត្រឡប់មកផែនដីវិញ ដើម្បីជួបជាមួយពួកបរិសុទ្ធថ្ងៃចុងក្រោយស្មោះត្រង់ នៅទីក្រុង យេរ៉ូសាឡិមថ្មី ដែលក៏នឹងត្រូវបានហៅថា ទីក្រុង ស៊ីយ៉ូន ដែរ ( សូមមើល ម៉ូសេ ៧:៦២–៦៤ ) ។ ព្យាការីទាំងអស់បានទន្ទឹងរង់ចាំថ្ងៃនោះ ។ ដោយសារតែអំពើទុច្ចរិតនៃប្រជាជនដែលរស់នៅលើផែនដី ទើបថ្ងៃនោះមិនទាន់បានមកដល់នៅឡើយ ប៉ុន្ដែអ្នកទាំងឡាយដែលបានទន្ទឹងរង់ចាំថ្ងៃនោះ នឹងបានឃើញជាប្រាកដនៅថ្ងៃណាមួយ ។
សូមអញ្ជើញសិស្សឲ្យរំឭកសេចក្ដីថ្លែងការណ៍ដែលអ្នកបានសរសេរនៅលើក្ដារខៀនដែលពិពណ៌នាអំពីតួនាទី និងចរិតលក្ខណៈមួយចំនួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យសិស្សពិចារណាអំពីសេចក្ដីថ្លែងការណ៍ទាំងនេះ ហើយជ្រើសរើសចរិតលក្ខណៈមួយដែលមានអត្ថន័យជាពិសេសចំពោះពួកគេ ។ បន្ទាប់ពីផ្ដល់ពេលវេលាគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យរៀបរាប់អំពីតួនាទី ឬចរិតលក្ខណៈ ដែលពួកគេបានជ្រើសរើស ហើយពន្យល់ថាហេតុអ្វីក៏វាមានអត្ថន័យចំពោះពួកគេ ។ បន្ទាប់ពីសិស្សបានពន្យល់អំពីគំនិតរបស់ពួកគេរួចហើយ ចូរសរសេរគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖ នៅពេលយើងរៀនអំពីតួនាទី និងចរិតលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ នោះបំណងប្រាថ្នារបស់យើងដើម្បីធ្វើតាមទ្រង់នឹងកើនឡើង ។
-
តើអ្នកបានរៀនអ្វីខ្លះ អំពីព្រះអង្គសង្គ្រោះនៅថ្ងៃនេះ ដែលជួយអ្នកឲ្យមានបំណងប្រុងស្តាប់តាមទ្រង់ដោយប្រុងប្រយត្ន័នោះ ?
អ្នកអាចនឹងចង់ចែកចាយនូវគំនិតរបស់អ្នកអំពីតួនាទី ឬចរិតលក្ខណៈមួយរបស់ព្រះអង្គសង្គ្រោះ និងអំពីរបៀបដែលចំណេះដឹងរបស់អ្នកអំពីតួនាទី និងចរិតលក្ខណៈ បានជួយអ្នកឲ្យមានបំណងប្រាថ្នាដើម្បីធ្វើតាមទ្រង់យ៉ាងដូចម្ដេច ។ សូមពិចារណាធ្វើការបញ្ចប់មេរៀនដោយការថ្លែងទីបន្ទាល់អំពីពរជ័យនៃការស្ដាប់តាមព្រះយេស៊ូវគ្រីស្ទ និងការគោរពតាមដំបូន្មាន និងបទបញ្ញត្តិរបស់ទ្រង់ ។