មេរៀនទី ១៣១
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១-២១
បុព្វកថា
នៅពេលព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤ នៅថ្ងៃទី ១៩ ខែ មករា ឆ្នាំ ១៨៤១ នោះពួកបរិសុទ្ធបាននៅក្នុងទីក្រុងណៅវូ អិលលីណោយ ប្រហែលជិតពីរឆ្នាំហើយ ។ បន្ទាប់ការបៀតបៀន និង ទុក្ខវេទនាដែលពួកគេបានជួបមក ឥឡូវនេះពួកបរិសុទ្ធបានមានកន្លែងមួយដែលពួកគេអាចប្រមូលផ្ដុំ ហើយស្ថាបនាទីក្រុងមួយដោយភាពសុខសាន្ត គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤គឺជាវិវរណៈដំបូងដែលយ៉ូសែប ស្ម៊ីធ បានទទួលនៅក្នុងទីក្រុងណៅវូ ដែលនឹងត្រូវបានញែកចេញ ។ កណ្ឌនេះនឹងត្រូវបានបំបែកជាបីមេរៀន ។ មេរៀននេះពិភាក្សា ខ ១–២១ ។ នៅក្នុងខគម្ពីរទាំងនេះ ព្រះអម្ចាស់បានបញ្ជាថាការប្រកាសមួយនឹងត្រូវបានផ្ញើទៅអ្នកគ្រប់គ្រងនៃផែនដីទាក់ទងនឹងការស្តារដំណឹងល្អឡើងវិញ និង ស្តេកនៃស៊ីយ៉ូននៅក្នុងទីក្រុងណៅវូ ។ លោកក៏បានសរសើរ និង ផ្តល់ការទូន្មានដល់អ្នកដឹកនាំសាសនាចក្រកាលពីដើម ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:១-១៤
ព្រះអម្ចាស់បញ្ជាថាការប្រកាសមួយនឹងត្រូវបានផ្ញើទៅអ្នកគ្រប់គ្រងនៃផែនដី
សូមសរសេរពាក្យ ខ្លាំងក្លា នៅលើក្ដារខៀន ។ សូមសួរសិស្សថា តើមនុស្សបែបណា ដែលស្របតាមបទដ្ឋានរបស់លោកិយត្រូវបានគេចាត់ទុកថាខ្លាំងក្លា ។ នៅពេលសិស្សឆ្លើយ សូមសរសេរចម្លើយពួកគេនៅលើក្ដារខៀនក្រោមពាក្យ ខ្លាំងក្លា ។ សូមសរសេរពាក្យ ទន់ខ្សោយ នៅលើក្ដារខៀន ។ សូមសួរសិស្សថា តើអត្តចរិតអ្វីខ្លះ ដែលស្របតាមបទដ្ឋានរបស់លោកិយ ដែលទាក់ទងជាមួយភាពទន់ខ្សោយ ។
-
តើពិភពលោកព្យាយាមធ្វើឲ្យយុវជន ឬ យុវនារីមានអារម្មណ៍ថាទន់ខ្សោយតាមរយៈបទដ្ឋានរបស់លោកិយដោយវិធីណាខ្លះ ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១ ដោយស្ងៀមស្ងាត់ រកមើលថានរណាដែលព្រះអម្ចាស់បានមានព្រះបន្ទូលថាជាអ្នកទន់ខ្សោយ ។ សូមអញ្ជើញសិស្សឲ្យរាយការណ៍ពីអ្វីដែលពួកគេបានឃើញ ។
-
តើយ៉ូសែប ស្ម៊ីធ អាចមានភាពទន់ខ្សោយតាមរបៀបណាខ្លះ នៅពេលលោកត្រូវបានហៅដើម្បីស្តារដំណឹងល្អឡើងវិញនោះ ? យោងតាម ខ ១, ហេតុអ្វីព្រះអម្ចាស់ហៅមនុស្សទន់ខ្សោយឲ្យធ្វើកិច្ចការរបស់ទ្រង់ ។ ( នៅពេលសិស្សឆ្លើយ សូមសង្ខេបចម្លើយរបស់ពួកគេដោយសរសេរគោលការណ៍ស្រដៀងគ្នាខាងក្រោមនេះនៅលើក្ដារខៀន ៖ ព្រះអម្ចាស់បើកបង្ហាញព្រះប្រាជ្ញារបស់ទ្រង់តាមរយៈអ្វីៗដែលទន់ខ្សោយនៃផែនដីនេះ
-
តើព្រះអម្ចាស់បានបើកបង្ហាញព្រះប្រាជ្ញារបស់ទ្រង់តាមរយៈព្យាការីយ៉ូសែប ស៊្មីធ យ៉ាងដូចម្តេចខ្លះ ?
-
តើព្រះអម្ចាស់បានតម្កើងសមត្ថភាពរបស់យ៉ូសែប ស្ម៊ីធដូចម្តេច ?
សូមឲ្យសិស្សប្រាប់ពីការហៅបម្រើ ឬ ការចាត់តាំងនានាដែលពួកគេអាចទទួល ខណៈពួកគេនៅក្នុងភាពជាយុវវ័យ ។ ( ចម្លើយអាចរួមមាន គ្រូបង្រៀនតាមផ្ទះ សមាជិកនៃថ្នាក់ ឬ គណៈប្រធានកូរ៉ុម អ្នកផ្សព្វផ្សាយសាសនា និយាយនៅក្នុងការប្រជុំសាក្រាម៉ង់ ឬ ស្វាគមន៍នរណាម្នាក់នៅក្នុងវួដ ឬ សាខារបស់ពួកគេ ) ។
សូមមើលគោលការណ៍ដែលបានសរសេរលើក្ដារខៀន ហើយសួរសំណួរខាងក្រោម ៖
-
តើការចងចាំពីសេចក្តីពិតនេះអាចជួយយើងដូចម្តេច នៅពេលយើងទទួលការហៅ និង ការចាត់តាំងផ្សេងៗដើម្បីបម្រើនៅក្នុងសាសនាចក្រ ?
-
តើអ្នកបានទទួលពរជ័យ តាមរយៈអស់អ្នកដែលបានបម្រើព្រះអម្ចាស់ដោយស្មោះត្រង់ ដោយរបៀបណា ទោះបីជាពួកគេមើលទៅដូចជាទន់ខ្សោយនៅក្នុងក្រសែភ្នែកនៃលោកិយក្តី ?
សូមរំឭកសិស្សថា អំឡុងរដូវរងាឆ្នាំ ១៨៣៨–៣៩ ពួកបរិសុទ្ធបានរត់ភៀសខ្លួនចេញពីរដ្ឋ មិសសួរី ហើយបានតាំងទីលំនៅនៅក្នុងរដ្ឋ អិលលីណោយលើដងទន្លេ មីស៊ីស៊ីពី ។ នៅទីនោះពួកបរិសុទ្ធបានចាប់ផ្តើមកសាងទីក្រុងណោវូ ។ បន្ទាប់ពីមានការស៊ូទ្រាំនឹងការបៀតបៀន ព្រមទាំងការលំបាកជាច្រើននោះពួកបរិសុទ្ធបានមានកន្លែងមួយដែលពួកគេអាចប្រមូលផ្តុំគ្នា ហើយកសាងទីក្រុងមួយដោយសុខសាន្ត ។ នៅខែ ធ្នូ ឆ្នាំ ១៨៤០ នីតិបញ្ញត្តិនៃរដ្ឋ អិលលីណោយ បានផ្តល់លិខិតអនុញ្ញាតឲ្យកសាងទីក្រុងណៅវូ ដែលអនុញ្ញតឲ្យពួកបរិសុទ្ធរៀបចំរដ្ឋាភិបាលក្នុងមូលដ្ឋានមួយ កសាងសាកលវិទ្យាល័យ និង បង្កើតកងជីវពលក្នុងមូលដ្ឋាន ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:២-៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលអ្វីដែលព្រះអម្ចាស់មានព្រះទ័យចង់ឲ្យយ៉ូសែប ស្ម៊ីធ ធ្វើឥឡូវនេះ ដែលពួកបរិសុទ្ធបានតាំងទីលំនៅនៅក្នុងទីក្រុងណៅវូ ។ ( អ្នកអាចត្រូវតែពន្យល់ពួកគេថាពាក្យ ស្តេកនេះ នៅក្នុង ខ ២ សំដៅលើទីក្រុងណៅវូ ) ។
-
តើព្រះអម្ចាស់ហៅព្យាការី យ៉ូសែប ស៊្មីធឲ្យធ្វើអ្វីខ្លះ ? ( ធ្វើសេចក្តីប្រកាសមួយអំពីដំណឹងល្អទៅកាន់អ្នកគ្រប់គ្រងនៃផែនដី ) ។
សូមអញ្ជើញសិស្សឲ្យចំណាយពេលពីរបីនាទី សរសេរនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ អំពីអ្វីដែលពួកគេនឹងដាក់បញ្ចូលទៅក្នុងសេចក្តីប្រកាសអំពីដំណឹងល្អទៅកាន់អ្នកគ្រប់គ្រងនៃផែនដី ។ ដើម្បីជួយសិស្ស អ្នកអាចឲ្យពួកគេពិចារណាពីអ្វីដែលពួកគេដឹងថាពិតនៅក្នុងដំណឹងល្អ ហើយស្នើឲ្យពួកគេបញ្ចូលទីបន្ទាល់មួយនៃសេចក្តីពិតទាំងនោះក្នុងការប្រកាសរបស់ពួកគេ ។ ពីរបីនាទីក្រោយមក សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយជាមួយសិស្សក្នុងថ្នាក់អំពីអ្វីដែលពួកគេបានសរសេរ ។
សូមឲ្យសរសេររបៀបផ្សេងៗដែលយើងអាចចែកចាយដំណឹងល្អជាមួយមនុស្សដទៃ ។ ( ឧទាហរណ៍អាចរួមមានការចែកចាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ការសរសេរទីបន្ទាល់មួយនៅក្នុងព្រះគម្ពីរមរមន ហើយឲ្យវាទៅមិត្តណាម្នាក់ និង ការអញ្ជើញនរណាម្នាក់ឲ្យមកព្រះវិហារ ឬ ថ្នាក់សិក្ខាសាលា ) ។ សូមសរសេរចម្លើយរបស់សិស្សនៅលើក្តារខៀន ។
-
តើមានរបៀបដែលមានប្រសិទ្ធភាពខ្លាំងបំផុតណាខ្លះ ដែលអ្នកអាចចែកចាយដំណឹងល្អជាមួយមនុស្សដទៃ ?
សូមសរសេរពាក្យទាំងពីរខាងក្រោមនៅលើក្ដារខៀន ៖ របៀបណា ? និង ហេតុអ្វី ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:៤-៨ ដោយស្ងៀមស្ងាត់ ។ សូមឲ្យសិស្សពាក់កណ្តាលថ្នាក់ស្វែងរករបៀបដែលព្រះអម្ចាស់ចង់ឲ្យសរសេរសេចក្តីប្រកាសនេះ ហើយសូមឲ្យសិស្សពាក់កណ្តាលថ្នាក់ទៀតរកមើលមូលហេតុដែលព្រះអម្ចាស់ចង់ឲ្យសសេរសេចក្តីប្រកាសនេះ ។ ក្រោយពីសិស្សមានពេលគ្រប់គ្រាន់សិក្សាខគម្ពីរនេះហើយ សូមអញ្ជើញពួកគេពីរបីនាក់ឲ្យឡើងមកមុខក្ដារខៀន ហើយសរសេរអ្វីដែលពួកគេបានរកឃើញនៅខាងក្រោមពាក្យដែលត្រឹមត្រូវ ។
សូមអញ្ជើញសិស្សឲ្យស្វែងរកគោលការណ៍មួយពី ខ ៤ ដែលបង្រៀនពី របៀប ដែលព្រះអម្ចាស់ចង់ឲ្យពួកយើងចែកចាយដំណឹងល្អជាមួយមនុស្សដទៃ ។ ( សិស្សអាចនឹងប្រើពាក្យផ្សេងៗគ្នា ប៉ុន្តែពួកគេគួរតែរកឃើញគោលការណ៍ដូចខាងក្រោម ៖ យើងត្រូវប្រកាសដំណឹងល្អដោយរាបទាប និង ដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ) ។
-
តើអ្នកគិតថា ប្រកាសដំណឹងល្អដោយរាបទាបមានន័យដូចម្តេច ? តើអ្នកគិតថាប្រកាសដំណឹងល្អដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធមានន័យដូចម្តេច ?
-
សូមមើលបញ្ជីនៃរបៀបនានាដើម្បីចែកចាយដំណឹងល្អនៅលើក្ដារខៀន ។ តើយើងអាចចែកចាយដំណឹងល្អដោយរាបទាប និង ដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធដោយប្រើប្រាស់វិធីសាស្ត្រទាំងនេះយ៉ាងដូចម្តេច ?
សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:៩ ដោយស្ងៀមស្ងាត់ រកមើលអ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូលថាទ្រង់នឹងចង់ធ្វើនៅពេលពួកបរិសុទ្ធប្រកាសដំណឹងល្អ ។
សូមអញ្ជើញសិស្សឲ្យស្វែងរកគោលលទ្ធិមួយដែលបានបង្រៀននៅក្នុង ខ ៩ ដែលទាក់ទងនឹងអ្វីដែលព្រះអម្ចាស់អាចធ្វើសម្រាប់អស់អ្នកដែលស្តាប់តាមដំណឹងល្អ ។ សិស្សអាចនឹងប្រើពាក្យផ្សេងៗគ្នា ប៉ុន្តែពួកគេគួរតែរកឃើញសេចក្តីពិត ដែលស្រដៀងនឹងសេចក្តីពិតខាងក្រោមនេះ ៖ ព្រះអម្ចាស់អាចបន្ទន់ចិត្តនៃអស់អ្នកដែលស្តាប់ដំណឹងល្អ ។
-
តើគោលការណ៍នេះអាចទាក់ទងនឹងសេចក្តីពិតអំពីរបៀបដែលយើងគួរតែប្រកាសដំណឹងល្អដោយរាបទាប និង ដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធដូចម្តេច ?
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:១០-១៤ ដោយពន្យល់ថា ព្រះអម្ចាស់បានមានព្រះបន្ទូលថា ទ្រង់នឹងហៅអ្នកគ្រប់គ្រងនៃផែនដីឲ្យផ្តល់ជំនួយដល់ពួកបរិសុទ្ធនៅពេលពួកបរិសុទ្ធបានប្រកាសដំណឹងល្អដល់ពួកគេ ។ ក្រៅពីនោះ ព្រះអម្ចាស់បានបញ្ជា រ៉ូប៊ើត ប៊ី ថមសុន ឲ្យជួយយ៉ូសែប ស្ម៊ីធ សរសេរសេចក្តីប្រកាសដំណឹងល្អនេះ ។
សូមពន្យល់ថាទោះបីជាកិច្ចការនៃការសរសេរសេចក្តីប្រកាសនេះបានចាប់ផ្តើមភ្លាម បន្ទាប់ពីវិវរណៈនេះបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤ ដែលបានទទួលនេះក៏ដោយ ក៏មានកត្តាមួយចំនួនដែលរារាំងវាមិនឲ្យបញ្ចប់ ហើយបោះពុម្ពឡើយ រហូតដល់ប៉ុន្មានឆ្នាំក្រោយមក ។ រ៉ូបឺត ប៊ី ថមសុន បានស្លាប់ប្រាំពីរខែបន្ទាប់ពីការសរសេរបានចាប់ផ្តើម ។ មរណភាពរបស់លោក គឺក្នុងអំឡុងពេលដែលបានធ្វើការលះបង់ ដើម្បីកសាងព្រះវិហារបរិសុទ្ធ ណៅវូ និង ចំពេលបំពេញកាតព្វកិច្ចផ្សេងៗទៀតដែលបានរាំងស្ទះការបញ្ចប់សេចក្តីប្រកាសនេះពីមុនមរណភាពរបស់ព្យាការី យ៉ូសែប ស៊្មីធ ។ ទីបំផុត សេចក្តីប្រកាសនេះត្រូវសរសេរចប់ ដោយ ប៉ាលី ភី ប្រាត្ត ហើយបានបោះពុម្ពជាកូនសៀវភៅនៅក្នុងទីក្រុង នូវ យ៉ោក នៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៤៥ ហើយដោយ Millennial Star នៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ ១៨៤៥ ។ ( សូមមើល អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « A Message to the World » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៧៥ ទំព័រ ៣២–៣៤ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:១៥-២១
ព្រះអម្ចាស់ប្រទានការណែនាំដល់អ្នកដឹកនាំសាសនាចក្រនៅក្នុងទីក្រុងណៅវូ
សូមឲ្យសិស្សគិតអំពីគ្រាមួយដែលមាននរណាម្នាក់បានសរសើរពួកគេដោយស្មោះសរ ។ សូមអញ្ជើញសិស្សឲ្យពីរបីនាក់ចែកចាយបទពិសោធន៍ និង មូលហេតុនៃការសរសើរទាំងនេះមានអត្ថន័យចំពោះពួកគេ ។
សូមពន្យល់ថា ព្រះអម្ចាស់បានមានបន្ទូលពីបុគ្គលមួយចំនួននៅក្នុងវិវរណៈនេះ ហើយបានបញ្ជាពួកគេដោយចង្អុលបង្ហាញពីកម្លាំង និង ការរួមចំណែករបស់ពួកគេ ។ សូមអញ្ជើញសិស្សឲ្យស្ទង់មើល គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១៥-២០ ដោយស្ងៀមស្ងាត់ ហើយរកមើលអ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូលអំពីបុគ្គលទាំងនេះ ។ អ្នកអាចស្នើឲ្យពួកគេគូសចំណាំឃ្លាណាដែលលេចធ្លោចំពោះពួកគេ ។ ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សបែរទៅរកដៃគូរបស់ខ្លួន ហើយចែកចាយចាយអ្វីដែលពួកគេបានរកឃើញ ដោយបញ្ចូលឃ្លាដែលលេចធ្លោចំពោះពួកគេ និង ហេតុផលរបស់វា ។
អ្នកអាចចង្អុលបង្ហាញថានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១៩ ព្រះអម្ចាស់បានប្រកាសថាបុរសស្មោះត្រង់បីរូបដែលទើបនឹងស្លាប់ ( ដាវីឌ ដ័បុលយូ ប៉ាទិន ,អែតវិត ប៉ាទ្រិច និង យ៉ូសែប ស៊្មីធ ស៊ីញ័រ ឪពុករបស់ព្យាការី ) ត្រូវបានទទួលឲ្យចូលទៅក្នុងវត្តមានរបស់ព្រះអម្ចាស់ហើយ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យរំឭកឡើងវិញនូវអ្វីដែលព្រះអម្ចាស់មានបន្ទូលអំពី ហៃរ៉ុម ស្ម៊ីធ និង ជួច មិលលើ នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:១៥, ២០ ។
-
តើព្រះអម្ចាស់មានព្រះទ័យដូចម្តេច ចំពោះអស់អ្នកដែលមានសេចក្តីទៀងត្រង់ ? ( សិស្សអាចនឹងប្រើពាក្យផ្សេងៗគ្នា ប៉ុន្តែពួកគេគួរតែរកឃើញគោលការណ៍ខាងក្រោម ៖ ព្រះអម្ចាស់សព្វព្រះទ័យ ហើយទុកព្រះទ័យលើអស់អ្នកដែលមានសេចក្តីទៀងត្រង់នៃចិត្ត ។ អ្នកអាចប្រាប់សិស្សឲ្យគូសចំណាំពាក្យដែលបង្រៀនគោលការណ៍នេះនៅក្នុង ខ ១៥ និង ២០) ។
-
តើអ្នកឲ្យនិយមន័យនៃពាក្យសេចក្តីទៀងត្រង់នៃចិត្តដូចម្តេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ដោយអែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ៖
« ចំពោះខ្ញុំសេចក្តីទៀងត្រង់មានន័យថា ត្រូវធ្វើអ្វីដែលត្រឹមត្រូវ និង ល្អជានិច្ចមិនថាកើតមានលទ្ធផលភ្លាមៗយ៉ាងណានោះទេ ។ វាមានន័យថាត្រូវមានសេចក្តីសុចរិតចេញពីជម្រៅនៃដួងព្រលឹងរបស់យើង មិនមែនគ្រាន់តែការប្រព្រឹត្តនោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ ក្នុងគំនិត និង ក្នុងដួងចិត្តរបស់យើង ។ សេចក្តីទៀងត្រង់ផ្ទាល់ខ្លួនបញ្ជាក់ពីការទុកចិត្ត និង បរិសុទ្ធភាពនោះ ដែលយើងមិនអាចត្រូវបានបោកបញ្ឆោតឲ្យទុកចិត្ត ឬ ធ្វើសេចក្តីសញ្ញាឡើយ » (« Personal Integrity » Ensign, ខែ ឧសភា ឆ្នាំ ១៩៩០ ទំព័រ ៣០ ) ។
-
ដោយផ្អែកលើនិយមន័យរបស់អែលឌើរ វ៉ឺតលីន ហេតុអ្វីអ្នកគិតថាព្រះអម្ចាស់សព្វព្រះទ័យដល់អស់អ្នកដែលមានសេចក្តីទៀងត្រង់នៃចិត្ត ?
សូមអញ្ជើញសិស្សឲ្យពិចារណា អំពីផ្នែកមួយនៃជីវិតរបស់ខ្លួនដែលពួកគេអាចមានសេចក្តីទៀងត្រង់នៃចិត្ត ។ សូមលើកទឹកចិត្តពួកគេឲ្យដាក់គោលដៅផ្ទាល់ខ្លួនមួយ ដើម្បីបង្កើនសេចក្តីទៀងត្រង់នៅក្នុងចំណុចនោះ ។
សូមបញ្ចប់ដោយចែកចាយទីបន្ទាល់របស់អ្នកអំពីសេចក្ដីពិតដែលសិស្សបានរៀនថ្ងៃនេះ ។