មេរៀនសិក្សានៅផ្ទះ
គោលលទ្ធិ និង សេចក្តីសញ្ញា ១០៦-១០៨; ១៣៧ ( មេរៀនទី ២៣ )
សេចក្តីផ្ដើម
នៅក្នុងកិច្ចការប្រចាំសប្តាហ៍របស់ពួកគេ សិស្សពុំត្រូវបានសុំឲ្យសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៦០-១០០ ឲ្យស៊ីជម្រៅនោះទេ ។ មេរៀននេះនឹងផ្តល់ឱកាសនោះដល់ពួកគេ ។ វាអាចជួយពួកគេឲ្យស្គាល់តំណែងបព្វជិតភាព ហើយយល់កាន់តែប្រសើរឡើងអំពីតួនាទីរបស់ខ្លួនក្នុងនាមជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ? សិស្សនឹងរៀនផងដែរពីព្រះឱវាទដែលបានប្រទានដល់ឡៃម៉ាន ស៊ើម៉ានដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៨។
នៅក្នុងការសិក្សាពីតំណែងនៃបព្វជិតភាពនៅក្នុងមេរៀននេះ វាសំខាន់ដើម្បីជួយសិស្សឲ្យយល់ថា អំឡុងពេលដែលបុរសជាច្រើនរូបបំពេញតំណែងផ្សេងៗទាំងនេះ ក្នុងនាមជាអ្នកកាន់បព្វជិតភាព នោះពរជ័យនៃបព្វជិតភាពនឹងអាចមានដល់មនុស្សគ្រប់គ្នា ។ អែលឌើរ ដាល្លិន អេក អូក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖ « បព្វជិតភាពគឺជាព្រះចេស្តានៃព្រះដែលបានប្រើដើម្បីប្រទានពរដល់កូនចៅរបស់ទ្រង់ទាំងអស់ ទាំងប្រុសទាំងស្រី ។ ការបង្ហាញខ្លីៗរបស់យើងមួយចំនួនដូចជា ‹ ស្ត្រី និង បព្វជិតភាព › បង្ហាញឲ្យឃើញគំនិតខុសឆ្គងមួយ ។ ពួកបុរសពុំមែនជា ‹ បព្វជិតភាព › ទេ ។ ការប្រជុំបព្វជិតភាពគឺជាការប្រជុំមួយនៃអស់អ្នកដែលកាន់ និង អនុវត្តអំណាចបព្វជិតភាព ។ ពរជ័យទាំងឡាយនៃបព្វជិតភាព ដូចជាពិធីបុណជ្រមុជទឹក ទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ អំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធ និង អាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច គឺមានសម្រាប់បុរស និង ស្ត្រីដូចគ្នា ។ សិទ្ធិអំណាចនៃមុខងារបព្វជិតភាពនៅក្នុងគ្រួសារ និង សាសនាចក្រ ស្របតាមគោលការណ៍នានាដែលព្រះអម្ចាស់បានបង្កើតឡើង » (« Priesthood Authority in the Family and the Church » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ២៥–២៦ ) ។ បុរស និង ស្ត្រីមានតួនាទីសំខាន់ស្មើគ្នានៅក្នុងក្រុមគ្រួសារ និង សាសនាចក្រ ( សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » Ensign, ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៦០-១០០
ព្រះអម្ចាស់បើកសម្ដែងពីកាតព្វកិច្ចនៃប្រធាននៃកូរ៉ុមបព្វជិតភាព
ជាការរំឭកខ្លីមួយ សូមសរសេរពាក្យ បព្វជិតភាពមិលគីស្សាដែក និង បព្វជិតភាពអើរ៉ុន នៅលើក្តារខៀន ។ សូមអញ្ជើញសិស្សម្នាក់ឲ្យសរសេរតំណែងនានានៃបព្វជិតភាពឲ្យបានត្រឹមត្រូវខាងក្រោមពាក្យនោះ ។ សូមឲ្យសិស្សម្នាក់សរសេរតំណែងមួយនៃបព្វជិតភាព ហើយបន្ទាប់មកហុចដីស ឬ ហ្វឺតឲ្យសិស្សម្នាក់ទៀត បន្តដំណើរការនេះរហូតដល់សិស្សបានសរសេរគ្រប់អស់ទាំងតំណែងនៃបព្វជិតភាព ។ សូមលើកទឹកចិត្តសិស្សឲ្យជួយគ្នាទៅវិញទៅមកតាមការគួរ ។ ( តំណែងនៃបព្វជិតភាពមិលគីស្សាដែករួមមាន អែលឌើរ សង្ឃជាន់ខ្ពស់ លោកអយ្យកោ ពួកចិតសិបនាក់ និង សាវក ។ តំណែងនៃបព្វជិតភាពអើរ៉ុនមាន ឌីកុន គ្រូ សង្ឃ និង ប៊ីស្សព ) ។
-
តើកូរ៉ុមនៃបព្វជិតភាពគឺជាអ្វី ? ( ជាក្រុមដែលបានរៀបចំឡើងដែលមានបងប្អូនប្រុសដែលកាន់តំណែងបព្វជិតភាពដូចគ្នា ) ។
សូមអញ្ជើញសិស្សម្នាក់ឡើងមកក្ដារខៀន ហើយគូសរង្វង់លើតំណែងបព្វជិតភាពណាដែលត្រូវបានរៀបចំជាកូរ៉ុម ។ សូមលើកទឹកចិត្តសិស្សឲ្យជួយគ្នាតាមការគួរ ។ ( តំណែងខាងក្រោមនេះមានកូរ៉ុម ៖ សាវក ពួកចិតសិបនាក់ សង្ឃជាន់ខ្ពស់ អែលឌើរ សង្ឃ គ្រូ និង ឌីកុន ។ អ្នកអាចពន្យល់ថា ស្តេកនិមួយៗមានកូរ៉ុមសង្ឃជាន់ខ្ពស់មួយ ដែលមានប្រធានស្តេកគឺជាប្រធានកូរ៉ុមនោះ ។ នៅក្នុងវួដនិមួយៗ ពួកសង្ឃជាន់ខ្ពស់ត្រូវបានរៀបចំជាក្រុមសង្ឃជាន់ខ្ពស់មួយ ) ។
សូមឲ្យសិស្សពីរបីនាក់ឆ្លាស់វេនគ្នាអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៦០–៦៣, ៨៥–៨៩, ៩៣–៩៤ឲ្យឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម ហើយរកមើលចំណុចរួមមួយអំពីកូរ៉ុមទាំងនេះដែលបាននិយាយនៅក្នុងខគម្ពីរទាំងនេះ ។
-
យោងតាមខគម្ពីរទាំងនេះ តើកូរ៉ុមបព្វជិតភាពទាំងនេះ មានអ្វីដែលរួមគ្នា ? ( សិស្សអាចនឹងប្រើពាក្យផ្សេងៗគ្នា ប៉ុន្តែត្រូវប្រាកដថាពួកគេរកឃើញសេចក្ដីពិតខាងក្រោម ៖ ប្រធានគឺត្រូវបានតាំងឡើងដើម្បីត្រួតត្រា និង ដឹកនាំកិច្ចការនៃកូរ៉ុមបព្វជិតភាពនិមួយៗ) ។
-
យោងតាម ខ ៨៧-៨៨តើកូរ៉ុមសង្ឃខុសពីកូរ៉ុមឌីកុន និង កូរ៉ុមគ្រូយ៉ាងដូចម្តេចខ្លះ ? ( ប៊ីស្សពនៅវួដធ្វើជាអធិបតីលើកូរ៉ុមសង្ឃ ។ គាត់ក៏ធ្វើជាអធិបតីលើអ្នកកាន់បព្វជិតភាពអើរ៉ុនទាំងអស់នៅក្នុងវួដផងដែរ ។ នៅក្នុងសាខា ប្រធានសាខាដើរតួជាប្រធាននៃកូរ៉ុមសង្ឃ ) ។
-
ហេតុអ្វីអ្នកគិតថាវាសំខាន់ដែលកូរ៉ុមនៃបព្វជិតភាពនិមួយៗមានប្រធានម្នាក់ ? តើប្រធាននៃកូរ៉ុមនៃបព្វជិតភាពអាចជួយសមាជិកនៃកូរ៉ុមរបស់គាត់យ៉ាងដូចម្តេច ?
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៦៥-៦៦ ឲ្យឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម ហើយរកមើលថ្នាក់ដឹកនាំសាសនាចក្រដែលត្រួតត្រាលើអ្នកកាន់បព្វជិតភាពទាំងអស់ ។ សូមអញ្ជើញសិស្សឲ្យរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។ សូមប្រាកដថាសិស្សយល់ថាខគម្ពីរទាំងនេះសំដៅលើប្រធាននៃសាសនាចក្រ ។
សូមឲ្យសិស្សម្នាក់ទៀតអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៦៧, ៩១–៩២ ឲ្យឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពាក្យ និង ឃ្លានានាដែលពិពណ៌នាអំពីសិទ្ធិអំណាច និង ទំនួលខុសត្រូវរបស់ប្រធានសាសនាចក្រ ។
-
ផ្អែកទៅលើអ្វីដែលអ្នកបានរៀនពីខគម្ពីរទាំងនេះ តើអ្នកនឹងសង្ខេបពីសិទ្ធិអំណាច និង ទំនួលខុសត្រូវរបស់ប្រធានសាសនាចក្រយ៉ាងដូចម្តេច ? ( ទោះជាសិស្សអាចប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរតែស្គាល់សេចក្ដីពិតដូចខាងក្រោម ៖ ប្រធានសាសនាចក្រមានសិទ្ធិអំណាចគ្រប់គ្រងពិធីបរិសុទ្ធ និងពរជ័យទាំងអស់ ហើយធ្វើជាអធិបតីលើសាសនាចក្រទាំងមូល ។ សូមអញ្ជើញសិស្សម្នាក់ឲ្យសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
អ្នកអាចពន្យល់ពាក្យមួយចំនួននៅក្នុង ខ ៩២ ឲ្យបានច្បាស់ជាមួយនឹងនិយមន័យខាងក្រោមមកពីអែលឌើរ ចន អេ វីតសូរនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ព្យាការីគឺជាគ្រូបង្រៀនអំពីសេចក្ដីពិតម្នាក់ ជាអ្នកមើលឆុតគឺជាអ្នកយល់ដឹងដោយញាណនូវសេចក្ដីពិតដែលអាថ៌កំបាំង ជាអ្នកទទួលវិវរណៈគឺជាអ្នកទទួលនូវសេចក្ដីពិតថ្មី ។ តាមន័យដ៏ទូលំទូលាយ ជាពាក្យដែលគេប្រើយ៉ាងច្រើនបំផុត គឺងារព្យាការីរួមបញ្ចូលទាំងងារផ្សេងទៀត » ( Evidences and Reconciliations, arr. G. Homer Durham, វ៉ុល ៣ នៅក្នុង ១ [ ឆ្នាំ ១៩៦០ ] ទំព័រ ២៥៨ ) ។
សូមបង្ហាញរូបភាពមួយរបស់ព្យាការីបច្ចុប្បន្ននៃសាសនាចក្រ ។
-
តើអ្នកត្រូវបានប្រទានពរជ័យតាមរបៀបណាខ្លះតាមរយៈសិទ្ធិអំណាចបព្វជិតភាព ដែលត្រូវបានកាន់ដោយប្រធាននៃសាសនាចក្រ ?
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៩៩-១០០ ដោយស្ងៀមស្ងាត់ ។
-
ស្របតាមខគម្ពីរទាំងនេះ តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីនឹងឈរដោយសក្តិសមនៅចំពោះព្រះអម្ចាស់ ? ( សិស្សអាចប្រើពាក្យខុសៗគ្នា ប៉ុន្ដែពួកគេគួរតែរកឃើញគោលការណ៍ខាងក្រោមនេះ ៖ ដើម្បីឈរដោយសក្តិសមនៅចំពោះព្រះអម្ចាស់ យើងត្រូវតែរៀនពីកាតព្វកិច្ចរបស់យើង ហើយប្រតិបត្តិដោយសេចក្តីឧស្សាហ៍គ្រប់ជំពូកដើម្បីបំពេញកាតព្វកិច្ចនោះ) ។
ទោះបីជាខគម្ពីរទាំងនេះនិយាយដោយផ្ទាល់ចំពោះអ្នកកាន់បព្វជិតភាពក្តី ក៏គោលការណ៍ដែលខគម្ពីរនេះបង្រៀនអនុវត្តចំពោះសមាជិកសាសនាចក្រគ្រប់រូបផងដែរ ។
សូមចែកសិស្សជាគូៗ ។ សូមអញ្ជើញពួកគេឲ្យពិភាក្សាពីសំណួរខាងក្រោម ។ សូមអានសំណួរមួយម្តងៗ ឬ សរសេរវានៅលើក្ដារខៀន ។
-
តើអ្នកធ្លាប់បានទទួលពរមកពីការបម្រើ នៃសមាជិកសាសនាចក្រម្នាក់ដែលបំពេញកាតព្វកិច្ចរបស់គាត់ដោយឧស្សាហ៍ព្យាយាមដែលឬទេ ?
-
តើអ្នកកំពុងធ្វើអ្វីខ្លះដើម្បីរៀនពីកាតព្វកិច្ចរបស់អ្នក ហើយប្រតិបត្តិដោយសេចក្តីឧស្សាហ៍គ្រប់ជំពូកដើម្បីបំពេញកាតព្វកិច្ចនោះ ?
សូមផ្ដល់ឱកាសដល់សិស្ស ដើម្បីថ្លែងទីបន្ទាល់អំពីសារៈសំខាន់នៃការធ្វើកាតព្វកិច្ចរបស់ខ្លួននៅក្នុងសាសនាចក្រ និង ក្រុមគ្រួសារ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៨:៤-៨
ព្រះអម្ចាស់ប្រទានព្រះឱវាទ និង ការសន្យាដល់ឡៃម៉ាន ស៊ើម៉ាន
សូមរំឭកសិស្សថា គោលលទ្ធិ និង សេចក្តីសញ្ញា ១០៨ មាននូវវិវរណៈមួយអំពីព្រះឆន្ទៈរបស់ព្រះអម្ចាស់ចំពោះឡៃម៉ាន ស៊ើម៉ាន ដែលបានមកជួបព្យាការីយ៉ូសែប ស្ម៊ីធ ហើយស្នើសុំចង់ដឹងបន្ថែមទៀតទាក់ទងនឹងកាតព្វកិច្ចរបស់ខ្លួន ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៨:៧-៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការណែនាំរបស់ព្រះអម្ចាស់ដែលបានប្រទានដល់ឡៃម៉ាន ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។ អ្នកត្រូវពន្យល់ថា សេចក្តីដាស់តឿន គឺជាពាក្យទូន្មាន ឬ ការលើកទឹកចិត្ត ។
-
តើព្រះអម្ចាស់បានចង់ឲ្យឡៃម៉ាន ស៊ើម៉ានពង្រឹងបងប្អូនប្រុសរបស់ខ្លួនតាមរបៀបណាខ្លះ ?
សូមឲ្យសិស្សស្វែងរកគោលការណ៍មួយពីការណែនាំរបស់ព្រះអម្ចាស់ចំពោះ ឡៃម៉ាននៅក្នុង ខ ៧–៨? ពួកគេអាចរកឃើញគោលការណ៍ផ្សេងៗ រួមមានដូចខាងក្រោមនេះ ៖ យើងត្រូវពង្រឹងមនុស្សដទៃតាមគ្រប់វាចា និង ការប្រព្រឹត្តិរបស់អ្នក ។ ( អ្នកអាចផ្ដល់យោបល់ដល់សិស្សឲ្យគូសចំណាំគោលកាណ៍នេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ) ។
-
តើអ្នកអាចពង្រឹងដល់អ្នកដែលនៅជុំវិញខ្លួនរបស់អ្នក តាមវាចារបស់អ្នកយ៉ាងដូចម្តេច ?
-
តើអ្នកអាចពង្រឹងដល់អ្នកដែលនៅជុំវិញខ្លួនរបស់អ្នក តាមការប្រព្រឹត្តរបស់អ្នកយ៉ាងដូចម្តេច ?
សូមឲ្យសិស្សពិពណ៌នាពីបទពិសោធនមួយដែលពួកគេមាន នៅពេលនរណាម្នាក់បានពង្រឹងពួកគេតាមរយៈការធ្វើទង្វើមួយដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៨ ។ សូមគិតពីការចែកចាយនូវបទពិសោធន៍ផ្ទាល់ខ្លួនអ្នក ។ សូមអញ្ជើញសិស្សគិតពីមនុស្សម្នាក់ដែលពួកគេពង្រឹងនៅថ្ងៃនេះ និង ទង្វើជាក់លាក់មួយដែលពួកគេនឹងយកទៅធ្វើ ។
មេរៀនបន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩-១១២)
ដើម្បីជួយសិស្សរៀបចំសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩–១១២, សូមអញ្ជើញពួកគេឲ្យពិចារណាពីសំណួរខាងក្រោម ៖ ហេតុអ្វីបានព្រះវិហារបរិសុទ្ធសំខាន់ ? តើអ្នកធ្លាប់ចូលរួមការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធដែលឬទេ ? សូមពន្យល់ថានៅក្នុងមេរៀនបន្ទាប់ ពួកគេនឹងរៀនអំពីការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធខឺតឡង់ ។ ពួកគេនឹងរៀនបន្ថែមទៀតអំពីអ្វីដែលបានកើតឡើង និង នរណាដែលបានបង្ហាញខ្លួននៅទីនោះ និង របៀបដែលអ្វីដែលបានបើកសម្តែងនៅទីនោះអាចប្រទានពរដល់ពួកគេ និង ក្រុមគ្រួសាររបស់ពួកគេជារៀងរហូត ។