មេរៀន ទី ៣២
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥
បុព្វកថា
ការបៀតបៀនទាស់នឹងព្យាការី យ៉ូសែប ស៊្មីធ និងសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានបន្ដអំឡុងរដូវក្ដៅនៃឆ្នាំ ១៨៣០ ។ ភរិយារបស់យ៉ូសែប ឈ្មោះ អិមម៉ា បានទទួលបុណ្យជ្រមុជទឹកនៅថ្ងៃទី ២៨ ខែមិថុនា ប៉ុន្តែការបៀតបៀននៃសមាជិកបានពន្យាពេលពិធីបញ្ជាក់របស់គាត់ រហូតដល់ខែសីហា ឆ្នាំ ១៨៣០ ។ នៅចុងខែមិថុនា ក្នុងចន្លោះពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់របស់ អិមម៉ា នោះ យ៉ូសែប បានទទួលវិវរណៈនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ២៥ ។ នៅក្នុងនោះ ព្រះអម្ចាស់ បានផ្ដល់នូវពាក្យលួងលោមដល់ អិមម៉ា ក៏ដូចជាផ្ដល់ការណែនាំ ទាក់ទងនឹងគ្រួសារនាង និងទំនួសខុសត្រូវក្នុងសាសនាចក្រ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:១-៣
ព្រះអម្ចាស់ បានថ្លែងពី អិមម៉ា ស៊្មីធ ថាជាស្ត្រីជម្រើស
មុនពេលចាប់ផ្ដើមថ្នាក់រៀន សូមអញ្ជើញសិស្សបីនាក់ឲ្យសិក្សាខ្លួនឯងឲ្យចេះរឿង ហើយសង្ខេបរឿងអំពីជីវិត និងចរិកលក្ខណៈរបស់ អិមម៉ា ស៊្មីធ ដែលជាភរិយារបស់ ព្យាការីយ៉ូសែប ដូចខាងក្រោម ។ សូមចាប់ផ្ដើមថ្នាក់រៀន ដោយការអញ្ជើញឲ្យសិស្សទាំងបីនាក់នេះ ប្រាប់ដល់សិស្សក្នុងថ្នាក់អំពីអ្វីដែលពួកគេបានរៀនអំពី អិមម៉ា ស៊្មីធ ។ អ្នកអាចនឹងចង់បង្ហាញរូបភាពរបស់ អិមម៉ា ស្ម៊ីធ( សៀវភៅសិល្បៈដំណឹងល្អ[ ឆ្នាំ ២០០៩ ] លេខ ៨៨ សូមមើលផងដែរLDS.org ) ។
-
អិមម៉ា បានជួយ យ៉ូសែប ស៊្មីធ អំឡុងការបកប្រែនៃព្រះគម្ពីរមរមន
មិនយូរប៉ុន្មានបន្ទាប់ពី អិមម៉ា ហេល បានរៀបការនឹង យ៉ូសែប ស៊្មីធ នោះទេវតាមរ៉ូណៃបានប្រាប់ដល់ យ៉ូសែប ថា ពេលវេលាបានមកដល់ហើយ ដើម្បីលោកទទួលយកផ្ទាំងចំណារមាស ។ នៅព្រឹកព្រលឹម ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ១៨២៧ យ៉ូសែប និង អិមម៉ា បានជិះរទេះសេះជាមួយគ្នាទៅកាន់កូនភ្នំ គូម៉ូរ៉ា ជាកន្លែងដែល យ៉ូសែប បានទទួលផ្ទាំងចំណារ ។ ដោយសារតែការបៀតបៀននៅក្នុងរដ្ឋ នូវ យ៉ោក នោះ យ៉ូសែប និង អិមម៉ា ក្រោយមកបានផ្លាស់ទៅកាន់ ភូមិហាម៉ូនី រដ្ឋផែនស៊ីលវេញ៉ា ជាកន្លែងដែលក្រោយមកពួកគេបានទិញដីពីឪពុកម្ដាយរបស់ អិមម៉ា ។ នៅភូមិហាម៉ូនីនោះ ព្យាការី បានចាប់ផ្ដើមបកប្រែផ្ទាំងចំណារ ។ អិមម៉ា បានធ្វើជាស្មៀនខណៈដែលយ៉ូសែប បានបកប្រែអស់មួយរយៈកាល ។ មកដល់ពេលនេះ យ៉ូសែប ត្រូវបានបញ្ជាថា លោកពុំគួរបង្ហាញផ្ទាំងចំណារទៅដល់នរណាម្នាក់ឡើង សូម្បីតែ អិមម៉ា ផងដែរ ។ ទោះជា អិមម៉ា បានមើលឃើញផ្ទាំងចំណារដាក់នៅលើតុដោយមានគ្របក្រណាត់ក្ដី ក៏នាងពុំដែលបានបើកក្រណាត់ឡើងដើម្បីមើលផ្ទាំងចំណារដែរ ។
-
អិមម៉ា បានជួបនឹងសោកនាកដកម្ម ការឈឺចាប់ និងការបៀតបៀន ។
ខណៈពេលកំពុងរស់នៅក្នុងភូមិហាម៉ូនី រដ្ឋផែនស៊ីលវេញ៉ា អិមម៉ា បានបង្កើតកូនប្រុសម្នាក់ ដាក់ឈ្មោះថា អាល់វិន ដែលមានអាយុខ្លី ។ អិមម៉ាផ្ទាល់បានធ្លាក់ខ្លួនឈឺជាទម្ងន់ ហើយ យ៉ូសែប ខ្លាចថានាងនឹងពុំអាចរស់ផងដែរ ។ នៅពេលនាងបានជាសះស្បើយ នាងបានឮដំណឹងដ៏អាក្រក់ថា ឯកសារសរសេរដោយដៃដែលបានបកប្រែចំនួន ១១៦ ទំព័រ ត្រូវបានបាត់នៅក្នុងដៃមិត្តរបស់យ៉ូសែប ឈ្មោះ ម៉ាទីន ហារិស ។ ទោះជានាងមានសុខភាពមិនល្អក្ដី ក៏អិមម៉ា បានលួងលោមចិត្តស្វាមីដែលបាក់ទឹកចិត្តរបស់នាង ដែលបានបាត់បង់អំណាចដើម្បីបកប្រែដែរ ។ ពួកគាត់បានរង់ចាំជាមួយគ្នា ដើម្បីធ្វើតាមព្រះហឬទ័យរបស់ព្រះអម្ចាស់ ចំពោះការបកប្រែផ្ទាំងចំណារ ។ ក្រោយមក នាងត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះនាង នៅភូមិហាម៉ូនី ដោយសារតែការគំរាមគំហែងមកពីមនុស្សឃោរឃៅ ។
-
នៅថ្ងៃដែល អិមម៉ា ទទួលបុណ្យជ្រមុជទឹក នោះ យ៉ូសែប ត្រូវបានគេចាប់ខ្លួន ។
នៅក្នុងខែ មិថុនា ឆ្នាំ ១៨៣០ យ៉ូសែប និងក្រុមអ្នកជឿមួយចំនួនតូចបានសង់ទំនប់ទឹកមួយ នៅក្នុងស្ទឹងមួយជិតនឹង ខូលស្វីល រដ្ឋនូវយ៉ោក ដើម្បីបង្កើតជាអាងជ្រៅល្មមដើម្បីធ្វើពិធីបុណ្យជ្រមុជទឹក ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សអាក្រក់បានទម្លាយទំនប់ទឹក មុនពេលពិធីបុណ្យជ្រមុជទឹកអាចធ្វើឡើង ។ ថ្ងៃស្អែកឡើង ពួកបរិសុទ្ធបានសង់ទំនប់ទឹកឡើងវិញ ហើយបានធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មនុស្ស ១៣ នាក់ រួមទាំង អិមម៉ា ស្ម៊ីធផងដែរ ។ នៅយប់នោះ មុនពេលដែលពិធីបញ្ជាក់ត្រូវបានធ្វើឡើង នោះយ៉ូសែប ត្រូវបានគេចាប់ខ្លួន ដោយចោទប្រកាន់ថា « ជាអ្នកធ្វើឲ្យច្របូកច្របល់ » ( History of the Church១:៨៨ ) ។ លោកត្រូវបានកាត់ក្ដី ហើយរកឃើញថា គ្មានទោសកំហុសអ្វីសោះ នោះយ៉ូសែប ត្រូវបានចាប់ខ្លួនម្ដងទៀតភ្លាមៗ ដោយការចោទប្រកាន់ដូចគ្នា ដោយពួកទាហានមកពីទីក្រុងផ្សេង ។ លោកត្រូវបានដោះលែងម្ដងទៀត ។ ដោយសារតែមានការជំទាស់ជាបន្ដបន្ទាប់ទៅនឹងកិច្ចខិតខំផ្សព្វផ្សាយសាសនារបស់ពួកគាត់ នោះសមាជិកសាសនាចក្រ ត្រូវពន្យាពេលការប្រជុំធ្វើពិធីបញ្ជាក់របស់ពួកគាត់ ។ អិមម៉ា ពុំត្រូវបានធ្វើពិធីបញ្ជាក់ជាសមាជិកសាសនាចក្រ ហើយប្រទានឲ្យនូវអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធទេ រហូតដល់ដើមខែសីហា ។ នៅចុងខែមិថុនា ចន្លោះពេលនៃពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់របស់នាង យ៉ូសែប បានទទួលវិវរណៈមួយសម្រាប់អិមម៉ា ដែលឥឡូវត្រូវបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ២៥ ។
-
តើអ្វីខ្លះ ដែលធ្វើឲ្យអ្នកចាប់អារម្មណ៍អំពី អិមម៉ា ស៊្មីធ នៅពេលអ្នករៀនអំពីបទពិសោធន៍មួយចំនួនរបស់នាងនោះ ?
សូមឲ្យសិស្សអានគោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:១–៣ដោយស្ងាត់ស្ងៀម រកមើលពាក្យ ឬឃ្លារទាំងឡាយ ដែលអាចជាការលួងលោមចិត្តដល់ អិមម៉ា ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យប្រាប់ពីអ្វី ដែលពួកគេរកឃើញ ហើយពន្យល់អំពី មូលហេតុដែលពួកគេគិតថាពាក្យ ឬឃ្លាទាំងនោះ អាចជាការលួងលោមចិត្តដល់នាង ។
-
តើការដឹងថា អ្នកជាបុត្រា ឬបុត្រីម្នាក់ នៅក្នុងនគររបស់ព្រះអម្ចាស់ ជួយដល់អ្នក អំឡុងគ្រាលំបាកយ៉ាងដូចម្ដេច ?
-
តើព្រះអម្ចាស់សន្យា អិមម៉ា អ្វីខ្លះ បើនាងនឹងនៅស្មោះត្រង់ ហើយ « ដើរតាមផ្លូវគុណធម៌ » នោះ ?
-
តើអ្នកគិតថា « ដើរតាមផ្លូវគុណធម៌ » មានន័យដូចម្តេច ? តើមនុស្សដែលដើរតាមផ្លូវគុណធម៌អាចត្រូវបានការពារដោយរបៀបណា ?
សូមបង្វែរចំណាប់អារម្មណ៍របស់សិស្សទៅលើឃ្លា « ស្ត្រីជម្រើស » នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:៣ ។ អ្នកអាចនឹងចង់ស្នើឲ្យពួកគេគូសចំណាំឃ្លានេះ ។ សូមពន្យល់ថា នៅពេលសមាគមសង្គ្រោះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៤២ ( ច្រើនជាងមួយទស្សវត្ស បន្ទាប់ពីវិវរណៈត្រូវបានប្រគល់ឲ្យ » អិមម៉ា ស្ម៊ីធ ត្រូវបានហៅឲ្យធ្វើជាប្រធានទីមួយនៃអង្គការនេះ ។ នៅក្នុងគ្រាដដែលនោះ ព្យាការីយ៉ូសែប ស្ម៊ីធ បានអានវិវរណៈដែលមាននៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ២៥ ។ រួចលោកបានពន្យល់ថា អិមម៉ា គឺជាស្រ្តី « ជម្រើស » ដោយសារនាងត្រូវបាន « ជ្រើសរើសឲ្យធ្វើកិច្ចការជាក់លាក់មួយ… ហើយវិវរណៈនោះត្រូវបានបំពេញដោយសារ ការជ្រើសរើស [ របស់នាង ] ឲ្យធ្វើជាគណៈប្រធាននៃសមាគមសង្គ្រោះ ដែលនាងត្រូវបានតែងតាំងពីមុនមកឲ្យពន្យល់បទគម្ពីរ » ( នៅក្នុង History of the Church៤:៥៥២–៥៣ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:៤-១៦
អិមម៉ា ស៊្មីធ បានទទួលការទូន្មានទាក់ទងនឹងគ្រួសាររបស់នាង និងកាតព្វកិច្ចក្នុងសាសនាចក្រ
សូមសរសេរពាក្យដូចខាងក្រោមនៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យចម្លងវាដាក់ទៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬកំណត់ហេតុការសិក្សាព្រះគម្ពីរ ៖
ការទូន្មាន |
ការហៅ |
ការសន្យា |
---|---|---|
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:៤–១៦ដោយស្ងាត់ស្ងៀម ហើយរកមើលឃ្លា ឬគំនិត ដែលទាក់ទងទៅនឹងផ្នែកទាំងបី ដែលបានសរសេរនៅលើក្ដារខៀន ។ ( ពួកគេអាចធ្វើដូចនេះតែឯង ឬជាមួយនឹងដៃគូម្នាក់ ) ។ សូមពួកគេឲ្យសរសេរនូវអ្វីដែលពួកគេរកឃើញ ដាក់នៅក្រោមផ្នែកត្រឹមត្រូវ ។ ( ឧទាហរណ៍ នៅក្នុងខបួន ការណែនាំរបស់ព្រះអម្ចាស់ចំពោះ អិមម៉ា « កុំរអូរទាំ » ដោយសារតែនាងពុំបានមើលឃើញផ្ទាំងចំណារ អាចចាត់ជាដំបូន្មានវិញ ) ។ បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយ សូមចាត់សិស្សឲ្យពិភាក្សាអំពីសំណួរដូចខាងក្រោមជាក្រុមតូចៗ ។ អ្នកអាចសរសេរសំណួរនៅលើក្ដារខៀន ឬរៀបចំវានៅលើក្រដាសសម្រាប់ចែកដល់ក្រុមនីមួយៗ ។ អ្នកអាចនឹងចង់ចាត់ឲ្យមានអ្នកដឹកនាំការពិភាក្សាម្នាក់ នៅក្នុងក្រុមនិមួយៗ ដើម្បីសួរសំណួរ និងលើកទឹកចិត្តឲ្យមានការរួមចំណែកពីសិស្សម្នាក់ៗ ។
-
តើឃ្លា ឬគំនិតណាមួយ ដែលអ្នកបានស្គាល់ ដែលបង្ហាញថា ព្រះអម្ចាស់ស្គាល់ និងស្រឡាញ់ចំពោះ អិមម៉ា ស៊្មីធ ? សូមពន្យល់អំពីរបៀបដែលឃ្លា ឬគំនិតនីមួយៗ គឺជាភស្ដុតាងនៃសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:១៦មាននូវសេចក្ដីប្រកាសរបស់ព្រះអម្ចាស់ ដែលទ្រង់មានព្រះទ័យផ្ដល់ការទូន្មាន និងការសន្យានៅក្នុងកណ្ឌនេះ ក៏អនុវត្តចំពោះយើងផងដែរ ។ តើមេរៀនមួយចំនួនដែលអ្នករៀនមកពីព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅដល់ អិមម៉ា ស្ម៊ីធ មានអ្វីខ្លះ ? ( នៅពេលអ្នកប្រាប់អំពីសេចក្ដីពិតទាំងនេះ សូមសរសេរវាទុក ) ។
បន្ទាប់ពីក្រុមពិភាក្សាអំពីចម្លើយរបស់ពួកគេចំពោះសំណួរទាំងនេះ សូមឲ្យពួកគេប្រាប់ដល់សិស្សក្នុងថ្នាក់អំពីគោលការណ៍ទាំងឡាយ ដែលពួកគេបានប្រាប់នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:៤–១៦ ។ ចម្លើយរបស់ពួកគេអាចនឹងរួមមានចម្លើយមួយចំនួន ឬទាំងអស់ដូចខាងក្រោម ( ទោះជាយ៉ាងណា ពួកគេអាចនឹងនិយាយពាក្យផ្សេងៗគ្នាក្ដី ) ៖
យើងត្រូវទុកចោលនូវរឿងនៃលោកិយ ហើយស្វែងរកអ្វីដែលអស់កល្បជានិច្ចវិញ ។
នៅពេលយើងថ្វាយបង្គំព្រះអម្ចាស់ តាមរយៈតន្ត្រីសុចរិត នោះទ្រង់នឹងប្រទានពរដល់យើង ។
យើងអាចរកបានក្ដីអំណរ និង ការកម្សាន្ដចិត្តនៅក្នុងការនៅជាប់នឹងសេចក្ដីសញ្ញា ដែលយើងបានចុះជាមួយព្រះអម្ចាស់ ។
បើយើងនឹងរក្សាបទបញ្ញត្តិរបស់ព្រះដោយខ្ជាប់ខ្ជួន នោះយើងនឹងទទួលបានមកុដនៃសេចក្ដីសុចរិត ។
នៅពេលសិស្សរាយការណ៍អំពីសេចក្ដីពិតដែលពួកគេបានចង្អុលប្រាប់ សូមពិភាក្សាចម្លើយរបស់ពួកគេនឹងសិស្សក្នុងថ្នាក់ ។ សូមធ្វើតាមការដឹកនាំរបស់ព្រះវិញ្ញាណ នៅពេលអ្នកអញ្ជើញសិស្សឲ្យពន្យល់អំពីអ្វីដែលពួកគេបានរកឃើញ ហើយចែកចាយអំពីការយល់ដឹង និងគំរូទាំងឡាយ ។ សំណួរ និងការណែនាំទាំងឡាយនៅខាងក្រោម អាចនឹងជាប្រយោជន៍នៅពេលអ្នកដឹកនាំការពិភាក្សានេះ ។
យើងត្រូវទុកចោលរឿងនៃលោកិយ ហើយស្វែងរកអ្វីដែលអស់កល្បជានិច្ចវិញ( សូមមើលគ និង ស ២៥:១០ ) ។
-
តើអ្នកគិតថាការទូន្មានឲ្យដាក់រឿងអស់កល្បជានិច្ចមុនរឿងនៃលោកិយនេះ អាចនឹងជាប្រយោជន៍ដល់ អិមម៉ា ជាពិសេសក្នុងនាមជាភរិយារបស់ យ៉ូសែប ស៊្មីធ យ៉ាងដូចម្ដេច ? ( វាអាចនឹងជាប្រយោជន៍ដើម្បីពន្យល់ថា អិមម៉ា ហេល ត្រូវបានចិញ្ចឹមបីបាច់ធំឡើងនៅក្នុងគ្រួសារមានស្ដុកស្ដម ប៉ុន្ដែ បន្ទាប់ពីរៀបការ បានរស់នៅក្នុងស្ថានភាពក៏ក្រខ្សត់បំផុត ) ។
-
តើការទូន្មានឲ្យដាក់រឿងអស់កល្បជានិច្ច មុនរឿងនៃលោកិយ ជាប្រយោជន៍ដល់យើងសព្វថ្ងៃនេះយ៉ាងដូចម្ដេច ?
-
តើរឿងមួយចំនួននៃលោកិយ ដែលមនុស្សមានទំនោរដាក់មុនព្រះមានអ្វីខ្លះ ?
-
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីស្វែងរកអ្វីដែលអស់កល្បជានិច្ច ?
សូមអញ្ជើញសិស្សឲ្យពិចារណាថា តើពួកគេកំពុងដាក់រឿងខាងលោកិយមុនព្រះដែរឬទេ ។
នៅពេលយើងថ្វាយបង្គំព្រះអម្ចាស់តាមរយៈតន្ត្រីដ៏សុចរិត នោះទ្រង់នឹងប្រទានពរយើង( សូមមើលគ និង ស ២៥:១២ ) ។
-
យោងតាមខគម្ពីរនេះ តើរឿងមួយដែលព្រះសព្វព្រះទ័យគឺជាអ្វី ? តើទ្រង់មានបន្ទូលអំពីពរជ័យអ្វីខ្លះ ដែលកើតមានតាមរយៈ « ចម្រៀងនៃពួកសុចរិត » នោះ ?
-
តើពរជ័យអ្វីខ្លះ ដែលអ្នកបានទទួលជាលទ្ធផលនៃការថ្វាយបង្គំដល់ព្រះអម្ចាស់ តាមរយៈតន្ដ្រីត្រឹមត្រូវនោះ ?
សូមពិចារណាធ្វើការអញ្ជើញសិស្សឲ្យដាក់គោលដៅមួយ ដើម្បីស្ដាប់ដន្ត្រីសក្ដិសម និងត្រឹមត្រូវ ។ សូមលើកទឹកចិត្តដល់ពួកគេឲ្យរកមើលពរជ័យដែលនឹងកើតមាន នៅពេលពួកគេព្យាយាមសម្រេចគោលដៅនេះ ។
យើងអាចរកបានក្ដីអំណរ និង ការកម្សាន្ដចិត្ត ដោយការនៅជាប់ក្នុងសេចក្ដីសញ្ញា ដែលយើងបានចុះជាមួយព្រះអម្ចាស់ ( សូមមើល គ និង ស ២៥:១៣ ) ។
អ្នកអាចនឹងចង់ពន្យល់ថា ឃ្លាថា « នៅជាប់នឹងសេចក្ដីសញ្ញា » មានន័យថា គោរពតាមយ៉ាងដិតដល់ ឬកាន់ខ្ជាប់ទៅនឹងការសន្យា ដែលយើងបានធ្វើជាមួយនឹងព្រះ ។
សូមគិតអំពី នរណាម្នាក់ដែលអ្នកស្គាល់ ដែលបានបន្ដនៅស្មោះត្រង់ចំពោះសេចក្ដីសញ្ញារបស់ពួកគេ ទោះជាអំឡុងពេលមានគ្រាលំបាកក្ដី ។
-
តើភាពស្មោះត្រង់គឺជាពរជ័យមួយចំពោះគាត់យ៉ាងដូចម្ដេច ?
-
តើអ្នកបានទទួលពរជ័យនៅពេលណា ដោយសារតែអ្នកនៅស្មោះត្រង់ចំពោះសេចក្ដីសញ្ញា ដែលអ្នកបានធ្វើនោះ ?
សូមអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលពួកគេអាចនឹងលើកដួងចិត្តឡើង ហើយនៅពិតស្មោះចំពោះសេចក្ដីសញ្ញារបស់ពួកគេ ។
បើយើងនឹងរក្សាបទបញ្ញត្តិរបស់ព្រះជាបន្ដបន្ទាប់ នោះយើងនឹងទទួលបានមកុដនៃសេចក្ដីសុចរិត( សូមមើលគ និង ស ២៥:១៥ ) ។
សូមពន្យល់ថា ឃ្លា « មកុដនៃសេចក្ដីសុចរិត នោះអ្នកនឹងបានទទួល » សំដៅទៅលើការទទួលបានការលើកតម្កើងនៅក្នុងនគរសេឡេស្ទាល ( សូមមើលផងដែរគ និង ស ២៩:១៣ ) ។
-
តើការសន្យានេះ អាចជួយដល់នរណាម្នាក់ ដែលបានឆ្លងកាត់ ឬកំពុងដើរឆ្លងកាត់គ្រាលំបាកយ៉ាងដូចម្ដេច ?
-
ហេតុអ្វីក៏វាសំខាន់ដើម្បីគោរពប្រតិបត្តិជាបន្ដបន្ទាប់ ហើយពុំមែនម្ដងម្កាលនោះ ?
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលពួកគេអាចកែលម្អនៅក្នុងការគោរពប្រតិបត្តិជាបន្ដបន្ទាប់ ។ អ្នកអាចនឹងចង់សុំឲ្យពួកគេសរសេរគំនិតរបស់ពួកគេទុកនៅក្នុងសៀវភៅកត់ចំណាំការរៀនសូត្ររបស់ពួកគេ ឬសៀវភៅកត់ត្រាការសិក្សាព្រះគម្ពីរ ។
បន្ទាប់ពីអ្នកបានពិភាក្សារឿងទាំងនេះ ដកស្រង់ចេញពីគោលលទ្ធិ និង សេចក្ដីសញ្ញា ២៥ជាមួយសិស្សក្នុងថ្នាក់ហើយ សូមអញ្ជើញសិស្សឲ្យគិតប្រកបដោយអធិស្ឋាន រួចសរសេរនូវអ្វីដែលពួកគេទទួលអារម្មណ៍មកពីព្រះអម្ចាស់ ដើម្បីឲ្យពួកគេធ្វើផ្អែកទៅលើអ្វីដែលបានរៀនមកពីក្នុងថ្នាក់នេះ ។ សូមលើកទឹកចិត្តពួគេឲ្យធ្វើតាមការដឹកនាំទាំងនេះ ។