ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១០៥ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១០១:១៧-៤២


មេរៀនទី ១០៥

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:១៧-៤២

សេចក្ដី​ផ្ដើម

នៅ​ថ្ងៃ​ទី ១៦ និង​១៧ ខែ ធ្នូ ឆ្នាំ ១៨៣៣ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ​មួយ​អំពី​ពួកបរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ដែល​បាន​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ ដើម្បី​គេច​ចេញ​ពី​ការបៀតបៀន​ដ៏​ឃោរឃៅ ។ ពួកបរិសុទ្ធ​ជា​ច្រើន ត្រូវ​បាន​បង្ខំ​ឲ្យ​រត់ចោល​ទ្រព្យ​សម្បត្តិរបស់​ពួកគេ។ វិវរណៈ​ដែល​ព្យាការី​បាន​ទទួល បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១ត្រូវ​លើកមកពិភាក្សាជាបីមេរៀន​នៅក្នុងសៀវភៅ​សិក្សានេះ ។ មេរៀន​ទី​ពីរ​នេះ រួម​មាន​ការពិពណ៌នា​របស់​ព្រះអម្ចាស់​ពី​លក្ខខណ្ឌ​មួយ​ចំនួន​នៃ​សហសវត្សន៍ ។ វា​ក៏​បញ្ចូល​ព្រះបន្ទូល​នៃ​ការ​លួងលោម​ចិត្ត និង​ការ​ទូន្មាន​ដល់​ពួកបរិសុទ្ធ​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:១៧-៣៤

ព្រះអម្ចាស់​ពិពណ៌នា​ពី​លក្ខខណ្ឌ​មួយ​ចំនួន​នៃ​សហសវត្សន៍

សូម​ឲ្យ​សិស្ស​រៀបរាប់​ឈ្មោះ​ព្រឹត្តិការណ៍​នាពេល​អនាគត ដែល​ពួកគេ​បាន​រៀបចំ​ខ្លួន​សម្រាប់ ។ សូម​សរសេរ​ព្រឹត្តិការណ៍​ទាំងនេះ​នៅ​លើ​ក្ដារខៀន ។ សូម​សួរ​សិស្ស​ថា តើ​ពួកគេ​កំពុង​ធ្វើ​អ្វី​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ទាំងនោះ ។

  • តើ​ហេតុអ្វី​បាន​ជា​អ្នក​ខិតខំ​ប្រឹងប្រែង ដើម្បី​រៀបចំ​ខ្លួន ?

សូម​ពន្យល់​ថា គោលលទ្ធិ និង សេចក្តីសញ្ញា ១០១ មាន​នូវ​ការ​បង្រៀន​ពី​ការ​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​ជា​លើកទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​សហសវត្សន៍ ។ សូម​សង្ខេប គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:១៧–២១ ដោយ​ពន្យល់​ថា ការសន្យា​របស់​ព្រះអម្ចាស់​ដើម្បី​ប្រមូលផ្ដុំ​ពួកបរិសុទ្ធ​នៅ​ក្នុង​ទីក្រុង​ស៊ីយ៉ូន​នៅ​ឃុំ ចាកសុន រដ្ឋ មិសសួរី « សូម​បន្ត​រង់ចាំ នៅពេល​ដែល​ប្រជាជន​ត្រូវ​បាន​ញែកចេញ​ជា​បរិសុទ្ធ សម្រាប់​អំណោយ​ទាន​ដ៏​អស្ចារ្យ និង​សម្រាប់​ទំនួល​ខុសត្រូវ​ដែល​មាន​មក​ជាមួយ​គ្នា​នោះ ។ នៅ​ចន្លោះ​ពេល​នោះ ពួក​អ្នក​មាន​ចិត្ត​ទៀងត្រង់​បាន​ប្រមូល​គ្នា​នៅ​ច្រក​ភ្នំ​រ៉ក់គី [ និង​នៅ​ស្តេក​ទូទាំង​ពិភពលោក ] ។… ព្រះវិហារបរិសុទ្ធ​ត្រូវបាន​កសាង​ឡើង ។… ប៉ុន្តែ ទីក្រុង​ស៊ីយ៉ូន​ពុំទាន់​ត្រូវ​បាន​ស្ថាបនា​នៅ​លើ​ទីតាំង​ដែល​បាន​ជ្រើស​នៅ​ឡើយ​ទេ ( ជេម អ៊ី ថាលម៉េហ្គ The Articles of Faith,ការបោះពុម្ព​លើក​ទី ១២ [ឆ្នាំ ១៩២៤],ទំព័រ ៣៥៣; សូមមើល​ផងដែរ Doctrine and Covenants Student Manual,ការបោះពុម្ព​លើក​ទី ២. [Church Educational System manual,ឆ្នាំ ២០០១],ទំព័រ ២៤០ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:២២-២៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​អ្វី​ដែលព្រះអម្ចាស់​មាន​បន្ទូល​ប្រាប់​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ ដើម្បី​រៀបចំ​ខ្លួន​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ ។

  • យោង​តាម ខ ២២ និង ២៣, តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​រៀបចំ​ខ្លួន សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ ? ( សិស្ស​គួរ​បង្ហាញ​ថា យើង​អាច​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គសង្គ្រោះ ដោយ​ស្រែកហៅ​ព្រះនាម​ទ្រង់ រស់នៅ​ស្របតាម​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ប្រមូលផ្ដុំ​គ្នា នឹង​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅ​លើ​ក្ដារ​ខៀន ) ។

  • តើការ​« ឈរ​នៅ​ក្នុង​ទីបរិសុទ្ធ » មាន​ន័យ​ដូចម្តេច​ចំពោះ​អ្នក ? តើ​នៅ​ពេល​ណា​ដែល​អ្នក​មានអារម្មណ៍​ថា អ្នក​កំពុង​នៅ​ក្នុង​ទីបរិសុទ្ធ ?

  • តើ​ការ​ប្រមូលផ្ដុំ​នៅ​ក្នុង​ទីបរិសុទ្ធ​ជាមួយ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដទៃទៀត ជួយ​អ្នក​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ការ​យាងមក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

ដើម្បី​រៀបចំ​សិស្សឲ្យ​យល់​ពី​ព្រះបន្ទូល​របស់​ព្រះ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:២៤–៣៤, សូម​ពន្យល់ថា ខគម្ពីរ​ទាំងនេះ សំដៅ​ទៅ​ការ​បំផ្លិចបំផ្លាញ​នៃ​ជន​ទុច្ចរិតនៅពេលនៅការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ហើយ​វា​ជា​លក្ខខណ្ឌដែលកើតមាននៅលើផែនដីក្នុងពេលសហសវត្សន៍ ។ សូម​បែងចែក​សិស្ស​ជា​គូៗ ។ សូម​អញ្ជើញ​ដៃគូ​ឲ្យសិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:២៤-៣៤រកមើល​លក្ខខណ្ឌ​ដែល​នឹង​កើត​មាន​នៅ​ក្នុង​សហសវត្សន៍ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូមសុំ​ឲ្យ​ពួកគេ​រាយការណ៍​ពីអ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្តារខៀន ។

  • តើ​លក្ខខណ្ឌ​នៅ​លើ​ក្ដារខៀន​មួយ​ណា ដែល​អ្នក​ចង់​ជួប​ប្រទះ​ជាង​គេ ? ហេតុអ្វី ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៣៥-៣៨

ព្រះអម្ចាស់​បាន​អះអាង​ជាមួយ​ពួកបរិសុទ្ធ​នៅ​ក្នុង​រដ្ឋ មិសសួរី ថា​បើ​ពួកគេ​ស៊ូទ្រាំ​ដោយ​សេចក្ដី​ជំនឿ នោះ​នៅទីបញ្ចប់ពួកគេ​នឹង​អាច​ទទួល​បាន​សិរីល្អ​របស់​ទ្រង់ ។

សូម​រំឭក​សិស្ស​ថា នៅពេល​ព្រះអម្ចាស់​ប្រទាន​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១ពួកបរិសុទ្ធ​នៅ​រដ្ឋ មិសសួរី បាន​ជួប​ប្រទះ​នូវទុក្ខ​លំបាក​យ៉ាងខ្លាំង ។ អ្នកអាច​ឲ្យ​សិស្ស​សង្ខេប ពី​ទុក្ខលំបាក​មួយ​ចំនួន​ដែល​ពួកគេ​បានរៀន​ក្នុង​មេរៀន​មុន ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:៣៥-៣៨ ឲ្យឮៗ ។ សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​សេចក្ដី​ពិត​ដែល​ព្រះអម្ចាស់​បាន​បង្រៀន និង​ការ​ទូន្មាន​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ ដើម្បី​លួងលោម​ចិត្ត និង​ពង្រឹង​ពួកបរិសុទ្ធ​នៅ​ក្នុង​ការ​សាកល្បង​របស់​ពួកគេ ។

  • តើ​សេចក្ដីពិត និង​ការ​ទូន្មាន​អ្វី​នៅ​ក្នុង ខ ៣៥-៣៨ ដែល​អាច​នាំ​ការ​លួងលោម​ចិត្ត​ដល់​ពួកបរិសុទ្ធ​ដែល​កំពុង​រងទុក្ខ​នៅ​រដ្ឋ មិសសួរី ? ( នៅពេល​សិស្ស​ឆ្លើយ សូម​សួរ​ពួកគេ​ពី​របៀប​ដែល​ការ​ពិត ឬ​ការ​ទូន្មាន​ដែល​ពួកគេ​បាន​លើកឡើង អាច​នាំមកនូវ​ការ​លួងលោម​ចិត្ត​ដល់​ពួកបរិសុទ្ធ ) ។

  • តើ​អ្នក​អាច​បង្ហាញ​ការសន្យា​របស់ព្រះអម្ចាស់​នៅក្នុង ខ ៣៥ ដោយ​ពាក្យ​សម្ដី​ផ្ទាល់​របស់​អ្នក​យ៉ាង​ដូចម្ដេច ? (សិស្ស​គួរ​តែ​ឆ្លើយតប​ដោយ​លើកឡើង​ពី​គោលការណ៍​ដូច​ខាង​ក្រោម​នេះ ៖ អ្នក​ដែល​រងទុក្ខ​ការ​បៀតបៀន​ព្រោះ​ព្រះនាម​របស់​ព្រះអង្គសង្ក្រោះ ហើយ​ស៊ូទ្រាំ​ដោយ​សេចក្ដី​ជំនឿ នោះ​នឹង​ទទួល​បាន​សិរីល្អ​របស់​ព្រះ ។ អ្នក​អាច​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​ពន្យល់​ថា សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ​តែង​តែ​ដើរ​តាម​ទ្រង់ទោះ​ជា​នៅពេល​ពួកគេ​ត្រូវ​បាន​បៀតបៀន​ដោយសារ​សេចក្ដី​ជំនឿ​របស់​ពួកគេ​ក៏ដោយ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន រឿង​ខាងក្រោម,ដែល​បាន​ប្រាប់​ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃ​គណៈប្រធាន​ទីមួយ​ឲ្យ​ឮៗ ។ មុន​ពេល​គេ​អាន សូម​ពន្យល់​ថា រឿង​នោះ​គឺ​អំពី រ៉ាហ្វាអែល ម៉ុនរ៉យ និង​ វិនសិន ម៉ូរ៉ាល ជា​ពួកបរិសុទ្ធ​ពីរនាក់​ដែល​រស់​នៅ​ក្នុង​ប្រទេស​ម៉ិកសិក នៅ​ដើម​ឆ្នាំ ១៩០០ ។ ក្នុង​ឆ្នាំ ១៩១៥ ពួកគេ​ត្រូវ​បាន​ចាប់ខ្លួន ដោយ​ក្រុម​ទាហាន​ហឹង្សា​មួយ​ក្រុម ។ សូម​ឲ្យ​សិស្ស​ស្ដាប់​រកមើល​របៀប​ដែល​បងប្រុស ម៉ុនរ៉យ និង​បងប្រុស ម៉ូរ៉ាល មាន​ភាព​ស្មោះត្រង់​នៅពេល​ពួកគេ​ស៊ូទ្រាំ​នឹង​ការ​បៀតបៀន ។

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« រ៉ាហ្វាអែល ម៉ុនរ៉យ គឺ​ជា​ប្រធាន​សាខា​នៃ​សាខា​តូច​មួយ​នៅ​ទីក្រុង សាន់ ម៉ាកុស ប្រទេស ម៉ិកស៊ិក និង វីសិនទែ ម៉ូរាឡែស គឺ​ជា​ទីប្រឹក្សា​ទីមួយ​របស់​គាត់ ។… គេ​បាន​ប្រាប់​ពួកគាត់​ថា ពួកគាត់​នឹង​រួច​ជីវិត​បើ​ពួកគាត់​ទម្លាក់​អាវុធ​ចុះ ហើយ​លះបង់​សាសនា​ដ៏​ចម្លែក​របស់​ពួកគេ​ចោល ។ បងប្រុស ម៉ុនរ៉យ បាន​ប្រាប់​អ្នក​ចាប់ខ្លួន​គាត់​ថា គាត់​ពុំ​មាន​អាវុធ​ណា​មួយ​ឡើយ ហើយ​បាន​ដក​យក​ព្រះគម្ពីរ​មរមន​ចេញ​ពី​ហៅប៉ៅ​របស់​គាត់​ដោយ​ធម្មតា ។ គាត់​បាន​ស្រដី​ថា ‹ លោក អាវុធ​តែ​មួយ​គត់ ដែល​ខ្ញុំ​មាន វា​គឺ​ជា​អាវុធ​នៃ​សេចក្ដីពិត​ដែល​ប្រឆាំង​នឹង​ភាពខុសឆ្គង​ទាំងឡាយ › ។

« នៅ​ពេល​គេ​ពុំ​ឃើញ​មាន​អាវុធ​ទេ នោះ​បងប្អូន​ប្រុស​ទាំង​ពីរ​នាក់​នេះ ត្រូវបាន​គេ​វាយ​ធ្វើបាប​យ៉ាង​ឃោរឃៅ ដើម្បី​ឲ្យ​ពួកគាត់​ប្រាប់​ពី​កន្លែង​ដែល​អាវុធ​ត្រូវបាន​លាក់​ទុក ។ ប៉ុន្តែ ពុំ​មាន​អាវុធ​ដែល​ត្រូវបាន​លាក់​ទុក​ឡើយ ។ ក្រោយ​មក ពួកគាត់​ត្រូវបាន​គេ​នាំ​យក​ទៅ​ឃុំឃាំង​នៅ​ជាយ​ក្រុង ជា​កន្លែង​ដែល​អ្នក​ចាប់​ខ្លួន​ពួកគាត់ ចាប់ចង​ផ្អោប​ពួកគាត់​ទៅ​នឹង​ដើម​ឈើ​ធំ​មួយ ដើម្បី​ធ្វើ​ការប្រហារ​ជីវិត​នៅ​មុខ​ពួក​ទាហាន ។ នាយ​ទាហាន​នោះ​ទទួល​បន្ទុក​ដោះលែង​ពួកគាត់ បើ​ពួកគាត់​លះបង់​ចោល​សាសនា​របស់​ខ្លួន ហើយ​ចូលរួម​ជាមួយ [ កងទាហាន ] ប៉ុន្តែ បងប្រុស ម៉ុនរ៉យ បាន​វាចា​តប​ថា ‹ ខ្ញុំ​ស្រឡាញ់​សាសនា​របស់​ខ្ញុំ​ជាង​ជីវិត​របស់​ខ្ញុំ​ទៅ​ទៀត ហើយ​ខ្ញុំ​មិន​អាច​លះបង់​វា​ចោល​បាន​ឡើយ › ។

« លំដាប់​នោះ គេ​បាន​ប្រាប់​ពួកគាត់​ថា ពួកគាត់​នឹង​ត្រូវ​គេ​បាញ់​ប្រហារ​ជីវិត ហើយ​បាន​សួរ​ថា​តើ​ពួកគាត់​មាន​សំណើ​អ្វី​ដែរ​ឬ​ទេ ។ បងប្រុស រ៉ាហ្វាអែល បាន​ស្នើ​សុំ​ឲ្យ​គាត់​អាច​អធិស្ឋាន ពីមុន​គាត់​ត្រូវបាន​ប្រហារ​ជីវិត ។ គាត់​បាន​លុតជង្គង់​ចុះ​នៅ​ទីនោះ ក្នុង​ចំណោម​ពួក​អ្នក​ប្រហារ​ជីវិត អធិស្ឋាន​ដោយ​បញ្ចេញ​សំឡេង​ឮៗ សូម​ឲ្យ​ព្រះ​ប្រទានពរ ហើយ​ថែរក្សា​មនុស្ស​ដ៏​ជា​ទីស្រឡាញ់​ទាំងឡាយ​របស់​គាត់ ថែមទាំង​ថែរក្សា​សាខា​ដ៏​តូច​ដែល​កំពុង​ពុះពារ ដែល​នឹង​ត្រូវ​បាត់បង់​អ្នក​ដឹកនាំ​នោះ ។ នៅ​ពេល​គាត់​បាន​បញ្ចប់​ការអធិស្ឋាន គាត់​បាន​ថ្លែង​ចេញ​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ កាល​ទ្រង់​ត្រូវបាន​ដំ​ដែកគោល​ភ្ជាប់​លើ​ឈើ​ឆ្កាង ហើយ​បាន​អធិស្ឋាន​សម្រាប់​ពួក​អ្នក​ប្រហារ​ជីវិត​ទ្រង់ ៖ ‹ ឱ​ព្រះវរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ › ។ [លូកា ២៣:៣៤] ។ ក្រុម​ពេជ្ឈឃាដ​បាន​បាញ់​សម្លាប់​បងប្រុស ម៉ុនរ៉យ និង​បងប្រុស ម៉ូរ៉ាល (« Discipleship » Ensignលីអាហូណា, ខែ វិច្ឆិកា ឆ្នាំ ២០០៦,ទំព័រ ២១–២២; យោង​តាម Rey L. Pratt, « A Latter-day Martyr » Improvement Era, ខែ មិថុនា ឆ្នាំ ១៩១៨,ទំព័រ ៧២០–២៦ ) ។

សូម​ឲ្យ​សិស្ស​គិត​អំពី​គ្រា​ដែលពួកគេ​ត្រូវ​បាន​បៀតបៀន ( ចំអក ឬ ប្រមាថ ) ដោយសារ​សេចក្ដី​ជំនឿ​របស់​ពួកគេ​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់ ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ពីរ​បី​នាក់ ចែកចាយ​បទពិសោធន៍​របស់​របស់​ពួកគេ ។

  • ពេល​អ្នក​ត្រូវ​បាន​បៀតបៀន​ដោយសារ​សេចក្ដី​ជំនឿ​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឆ្លើយ​តប​ដោយ​សេចក្ដី​ជំនឿ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៣៩-៤២

ព្រះអម្ចាស់​ប្រកាស​ថា ប្រជាជន​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ ជា​អំបិល​នៃ​ផែនដី

ដើម្បី​រៀបចំ​សិស្ស​ឲ្យ​យល់​ការ​បង្រៀន​របស់​ព្រះអម្ចាស់​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៣៩–៤២, សូម​បង្ហាញ​គំរូ​អំបិល​ពីរ​ប្រភេទ ៖ គំរូ​អំបិល​សុទ្ធ​មួយ ហើយ​មួយ​ទៀត​ជា​គំរូ​អំបិល​ដែល​បាន​លាយ​ជាមួយ​សារធាតុ​ផ្សេង​ទៀត ដូច​ជា​ដី ។

សូម​នាំ​ចំណាប់អារម្មណ៍​របស់​សិស្ស​ផ្ដោត​ទៅ​លើ​គំរូអំបិល​ទីមួយ ។

  • តើ​អំបិល​ត្រូវ​បាន​ប្រើ​ធ្វើ​អ្វី​ខ្លះ ? ( ចម្លើយ​អាច​រួម​មាន ថា​អំបិល​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ផ្ដល់​រស់ជាតិ និង​រក្សា​អាហារ និង​ព្យាបាល​របួស​ដូច​ជា​ថ្នាំ​លាង​របួស ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:៣៩ ឲ្យឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ រកមើល​មនុស្ស​ដែល​ព្រះអម្ចាស់​បាន​ប្រៀបធៀប​ទៅនឹង​អំបិល ។

  • តើ​នរណា​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​ថា​ជា « អំបិល​នៃ​ផែនដី ? »

សូម​ពន្យល់​ថា​ពាក្យ ជាតិប្រៃ សំដៅ​ទៅ​លើរស់ជាតិ ឬ​គុណសម្បត្តិ​ដែល​ប្លែក​ពី​គេ ។

  • តើ​អ្នក​គិតថា ជាតិប្រៃ​នៃ​មនុស្ស មានន័យ​ដូចម្តេច ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​អត្ថន័យ​នៃការ​ធ្វើ​ជា​ជាតិប្រៃ​នៃ​មនុស្ស សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ដោយ​អែលឌើរ ខាឡូស អ៊ី អាសេ នៃ​ក្រុម​ចិតសិប​នាក់ ៖

រូបភាព
អែលឌើរ ខាឡូស អ៊ី អេសេ

« នៅពេល​ព្រះអម្ចាស់​ប្រើ​ពាក្យ ‹ ជាតិប្រៃ​នៃ​មនុស្ស › ទ្រង់​មាន​បន្ទូល​ពី​អ្នក​ទាំងឡាយ​ដែល​តំណាង​ឲ្យ​ទ្រង់ ។ ទ្រង់​សំដៅ​ទៅ​មនុស្ស​ដែល​បាន​ប្រែចិត្ត ជា​អ្នក​ដែល​បាន​លាង​សម្អាត​នៅ​ក្នុង​ទឹក​នៃ​ការ​ជ្រមុជទឹក ហើយ​ជា​អ្នក​ដែល​បាន​ធ្វើ​សេចក្ដី​សញ្ញា​ថា​នឹង​លើក​ដាក់​លើ​ខ្លួន​ពួកគេ​នូវ​ព្រះនាម និង​បុព្វហេតុ​របស់​ទ្រង់ ។ មួយ​វិញ​ទៀត ទ្រង់​មាន​ព្រះបន្ទូល​អំពី​អ្នក​ទាំងឡាយ ដែល​រួមចំណែក​ក្នុង​អំណាច​បព្វជិតភាព​របស់​ខ្លួន តាម​រយៈ​សេចក្ដី​សញ្ញា ។ ទ្រង់​មាន​បន្ទូល​ពី​អ្នក និង​ខ្ញុំ » ( Salt of the Earth: Savor of Men and Saviors of Men » Ensign, ខែ ឧសភា ឆ្នាំ ១៩៨០ ទំព័រ ៤២ ) ។

  • តើ​ឃ្លា « អំបិល​នៃ​ផែនដី » និង « ជាតិ​ប្រៃ​នៃ​មនុស្ស » អាច​បង្រៀន​យើង​អំពី​ទំនួល​ខុសត្រូវ​របស់​យើង​ចំពោះ​អ្នក​ដទៃ​អ្វី​ខ្លះ ?

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា យើង​មាន​ទំនួល​ខុសត្រូវ​ជួយ​ដល់​មនុស្ស​ទាំងអស់​នៃ ផែនដី​ឲ្យ​ទទួល​បាន​ពរជ័យ​របស់​ទ្រង់ ដូច​ជា​ប្រជាជន​នៃ​សេចក្ដី​សញ្ញា​ដែរ ( សូមមើល អ័ប្រាហាំ ២:៨–១១ ) ។ សូម​សរសេរ​សេចក្ដីថ្លែងការណ៍ពុំ​ពេញលេញ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ដើម្បី​ជួយ​មនុស្ស​នៃ​ផែនដី​ឲ្យ​ទទួល​បាន​ពរជ័យ​នៃ​ព្រះ យើង​ត្រូវ …

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:៤០-៤២ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលការ​ព្រមាន និង​ការ​សន្យា​របស់​ព្រះអម្ចាស់ ។

សូម​ចង្អុល​បង្ហាញ​ថា ខ ៤០ រួម​មាន​ឃ្លា « បើសិន​ជា​អំបិល​នៃ​ផែនដី​បាត់​ជាតិ​ប្រៃ » ។ ដើម្បីជួយសិស្ស​យល់​អត្ថន័យ​នៃ​ឃ្លា​នេះ សូម​នាំ​ចំណាប់​អារម្មណ៍​របស់​ពួកគេ​ទៅ​គំរូ​អំបិល​ទីពីរ ។ សូម​ពន្យល់​ថា អំបិល​មិន​បាត់​បង់​រស់ជាតិ​របស់​វាទេ​នៅពេល​ទុកយូរ ។ វា​បាត់បង់​រស់ជាតិ នៅពេល​វា​លាយ​ជាមួយ​សារធាតុ​ផ្សេងទៀត ហើយ​បាន​ធ្វើ​ឲ្យ​កខ្វក់ ។

  • យោងតាម ខ ៤១តើ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​បាត់បង់​ជាតិ​ប្រៃ​របស់​យើង​ជា​អំបិល​នៃ​ផែនដី ? ( អំពើបាប ) ។ តើ​ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា អំពើបាប​របស់​យើង​ធ្វើ​ឲ្យ​ពិបាក​សម្រាប់​យើង​ដើម្បីជួយ​អ្នក​ឲ្យ​ទទួល​ពរជ័យ​របស់​ព្រះអម្ចាស់ ?

  • តើអ្នកអាច​និយាយ ខ ៤២ ឡើងវិញ​ជា​ពាក្យ​សម្ដី​ផ្ទាល់​របស់​អ្នក​យ៉ាង​ដូចម្ដេច ? ( ប្រសិន​បើ​សិស្ស​ត្រូវការ​ជំនួយ​ក្នុង​ការឆ្លើយ​សំណួរ​នេះ សូម​ពន្យល់ថា​នរណា​ម្នាក់​ដែល​បាន​តម្កើង​ខ្លួន​ជា​អ្នក​អំនួត ហើយ​នរណា​ដែល​ដាក់​ខ្លួន​នោះ​ជា​អ្នក​មាន​ភាព​រាបទាប​ចំពោះ​ព្រះអម្ចាស់​វិញ )។

  • យើង​តាម​ការ​ព្រមាន និង​ការ​សន្យា​របស់​ព្រះអម្ចាស់​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៤០-៤២តើ​អ្នក​នឹង​បំពេញ​គោលការណ៍​នៅ​លើ​ក្ដារខៀន​ដូចម្ដេច ? ( សូម​បំពេញ​គោលការណ៍​នៅលើ​ក្ដារខៀន ដោយ​ប្រើ​ចម្លើយ​របស់សិស្ស ។ ទោះ​ជា​សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេង​ពី​នេះ ពួកគេ​ប្រើ​គោលការណ៍​ដូច​ខាង​ក្រោម ៖ ដើម្បី​ជួយ​មនុស្ស​នៃ​ផែនដី​ឲ្យ​ទទួល​បាន​ពរជ័យ​របស់​ព្រះ យើង​ត្រូវ​ប្រែចិត្ត​ពី​អំពើបាប​យើង ហើយ​មាន​ការ​បន្ទាប​ខ្លួន) ។

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ជា​រៀង​រាល់​ថ្ងៃ ដែល​នឹង​ជួយ​យើង​ឲ្យ​ចៀសវាង​ពី​ការ​បំពុល​នៃ​អំពើបាប ?

សូម​ឲ្យ​សិស្ស​ពិចារណា​ដោយ​ស្ងៀមស្ងាត់​ថា តើ​អំពើបាប​ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​កខ្វក់​ឬ​អត់ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ប្រែចិត្ត​ពី​អំពើ​បាប​ទាំង​នោះ ដូច្នេះ​ពួកគេ​អាច​ក្លាយ​ជា​បរិសុទ្ធ​ចំពោះ​ព្រះភ័ក្រ​ព្រះអម្ចាស់ ហើយ​ពួកគេ​អាច​ជួយ​អ្នក​ដ៏ទៃ​ឲ្យ​ទទួល​បាន​ពរជ័យ​ទ្រង់​ដោយ​មាន​ប្រសិទ្ធភាព ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី​សញ្ញា ១០១:១៧-២១ ។ កសាង​ទីក្រុង​ស៊ីយ៉ូន

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​បាន​ប្រាប់​អំពី​គ្រា​ដែល​ព្រះអម្ចាស់​នឹង​បញ្ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ឲ្យ​កសាង​ទីក្រុង​ស៊ីយ៉ូន ៖

រូបភាព
អែលឌើរ​ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« គ្មាន​អ្វី​ដែល​មិន​ច្បាស់ ឬ​ការ​ច្រាសច្រាល​អំពី​ការ​សាងសង់​ទីក្រុង​ស៊ីយ៉ូន​ឡើយ—វា​មាន​ន័យ​ថា ទីក្រុង​យេរូសាឡឹម​ថ្មី—នៅ​ថ្ងៃ​ចុងក្រោយ ។ មាន​គ្រា​ម្ដង​នោះ ព្រះអម្ចាស់​បាន​ប្រទាន​ឱកាស​ដល់​ប្រជាជន​ទ្រង់​ឲ្យ​សាងសង់​ទីក្រុង​ស៊ីយ៉ូន ដែល​នាំ​ក្រឹត្យវិន័យ​ដល់​ទូទាំង​ពិភព​លោក ។ ពួកគេ​បាន​បរាជ័យ ។ ហេតុអ្វី ? ដោយ​សារ​ពួកគេ​មិន​បាន​រៀបចំ​ខ្លួន ហើយ​គ្មាន​ភាព​សក្ដិសម ក៏​ដូច​ជា​ពួកយើង​ដែល​ជា​ផ្នែក​នៃ​នគរ​របស់​ព្រះ​នាសព្វថ្ងៃ​នេះ​ដែរ ។ នៅ​ពេល​យើង​បាន​រៀបចំ​ខ្លួន និង​មាន​ភាព​សក្ដិសម ព្រះអម្ចាស់​នឹង​បញ្ជា​យើង​ម្ដងទៀត នោះ​កិច្ចការ​នឹង​បន្ត—មុនពេល​ការ​យាង​មក​ជា​លើក​ទីពីរ​ដែល​បាន​កំណត់ និង​តាម​ការ​ដឹកនាំ​របស់​ប្រធាន​សាសនាចក្រ ។ រហូត​ដល់​ពេល​នោះ យើង​មិន​ចាំបាច់​បោះជំហាន​ផ្ទាល់​ខ្លួន​ទៅ​កាន់​ការ​ប្រមូលផ្ដុំ​នៅ​រដ្ឋ មិសសួរី ឬ​រៀបចំ​ខ្លួន​ទទួល​មរតក​ដីធ្លី​នៅ​ទីនោះ​ឡើង ។ សូម​យើង​រៀន​ពី​ ទស្សនៈ​ដ៏​ល្អ​ដែល​មាន​ក្នុង​កិច្ចការ​នោះ ហើយ​ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​ភាព​សក្ដិសម​សម្រាប់​កិច្ចការ ដែល​ព្រះអម្ចាស់​អាច​ដាក់​ឲ្យ​យើង​ក្នុង​ជំនាន់​របស់​យើង​វិញ ។ អ្វី​មួយ​ចំនួន​មិន​បាន​កើត​ឡើង​ក្នុង​ការ​កសាង​ឃុំ ចាកសុន ទេ » ( A New Witness for the Articles of Faith [ ឆ្នាំ ១៩៨៥ ] ទំព័រ ៥៨៦ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១០១:23-25 ។ សញ្ញា និង​ព្រឹត្តិការណ៍​នៅជុំវិញ​ពិភព​លោក​ទាក់ទង​នឹង​ការ​យាង​មក​ជា​លើក​ទីពីរ

នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:២៣-២៥យើង​បាន​ឃើញ​សញ្ញា និង​ព្រឹត្តិការណ៍​បីនៅ​ទូទាំង​ពិភព​លោក ហើយ​សញ្ញា​ទាំង​នោះ​ទាក់ទង​នឹង​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គសង្គ្រោះ ។ នៅ​ក្នុង​សេចក្ដី​ដកស្រង់​ខាង​ក្រោម ពួក​សាវក​ថ្ងៃ​ចុងក្រោយ​ផ្ដល់​នូវ​ការ​យល់ដឹង​ដោយ​ការ​ព្យាករណ៍ អំពី​សញ្ញា និង​ព្រឹត្តិការណ៍​ទាំងនោះថា ៖

១. « អស់​ទាំងមនុស្ស​នឹង​បាន​ឃើញ [ ទ្រង់ ] គ្រប់​គ្នា » ( គ. និង ស. ១០១:២៣) ។ អែលឌើរ អួរសុន ប្រាត្ត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ថា ៖ « ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះបុត្រា​របស់​ព្រះ​គឺ​ជា​ព្រឹត្តិការណ៏​ដែល​ខុស​ពី​ការណ៍នានា ដែល​បាន​កើត​ឡើង​នៅ​លើ​ផ្ទៃ​ផែនដី​នេះ ដោយ​អម​មក​ជាមួយ​នូវ​ព្រះចេស្ដា និង​សិរីល្អ ជា​អ្វី​ដែល​មិន​ធ្លាប់​បាន​ធ្វើ​ឡើង​នៅ​ជ្រុង​ណាមួយ​នៃ​ផែនដី​ឡើយ … ហើយ​ត្រូវ​បាន​ឃើញ​តែ​មនុស្ស​មួយ​ចំនួន​ប៉ុណ្ណោះ ប៉ុន្តែ​វា​នឹង​ក្លាយជា​ព្រឹត្តិការណ៍​មួយ​ដែល​ត្រូវ​បាន​ឃើញ​ដោយ​មនុស្ស​ទាំងអស់ មនុស្ស​ដែល​មាន​ជីវិត​នឹង​ឃើញ​សិរីល្អ​នៃ​ព្រះអម្ចាស់ ពេល​ទ្រង់​បង្ហាញ​អង្គទ្រង់​នៅក្នុង​ការ​យាង​មក​ជា​លើក​ទីពីរ​ដល់​មនុស្ស​គ្រប់រូប មិន​ត្រឹមតែ​ដល់​មនុស្ស​ដែល​មាន​ជីវិត​រស់នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដល់មរណៈជនទាំងអស់ … ក៏នឹងឃើញទ្រង់នៅពេលនោះដែរ » ( នៅ​ក្នុង Deseret News: Semi-Weekly,ថ្ងៃ ទី ២៥ ខែ មេសា ឆ្នាំ ១៨៧៦,ទំព័រ ១ ) ។

២. « អ្វីៗ​ដែល​ពុករលួយ​គ្រប់យ៉ាង … នឹង​ត្រូវ​បាន​បំផ្លាញ​បង់ » (គ. និង ស. ១០១:២៤) ។ អែលឌើរ ប្រូស អរ ម៉ាក់ខនគី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ថា ៖ « ឧបទ្ទវហេតុ​នៃ​ការ​ចាប់ផ្ដើម​សម័យ​សហស្សវត្សរ៍ នោះ​ផែនដី ( ចម្ការ​ទំពាំងបាយជូរ​របស់​ព្រះអម្ចាស់ ) នឹង​ត្រូវ​ដុត​បំផ្លាញ ។ អ្វីៗ​ដែល​ពុករលួយ​គ្រប់យ៉ាង នឹង​ត្រូវ​បាន​បំផ្លាញបង់ ( គ. និង ស. ១០១:២៤ ); អស់​ពួក​អ្នក​ឆ្មើងឆ្មៃ ហើយ​នឹង​អស់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​នឹង​ដូច​ជា​ជញ្ជ្រាំង នឹង​ឆេះ​បន្សុស​គេ​ទាំង​អស់​ទៅ ( ម៉ាឡាគី ៤:១; គ. និង ស. ២៩:៩; ៦៤:២៣–២៥; ១៣៣:៦៣–៦៤ ); មនុស្ស​មាន​បាប នឹងត្រូវ​បំផ្លាញ​សូន្យ ( អេសាយ ១៣:៩–១៤ ); ហើយ​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​នឹង​ត្រូវ​បំបែក​ពីគ្នា​ទាំង​អស់ ។ ( គ. និង ស. ៦៣:៥៤ ) ។ មាន​តែ​អ្នក​ដែល​ស៊ូទ្រាំ​ដល់​ថ្ងៃ​នោះ​ទេ ដែល​អាច​មាន​ភាព​សក្ដិសម​រស់នៅ​ក្នុង​នគរ​ស្ថានសួគ៌ ឬ​នគរ​ទេរេទ្រាល » ( Mormon Doctrine, ការ​បោះពុម្ព​លើក​ទី ២. [ឆ្នាំ ១៩៦៦],ទំព័រ ៤៩៤ ) ។

៣. « គ្រប់​ទាំងអស់​នឹង​ត្រឡប់​ជា​ថ្មី » ( គ. និង ស. ១០១:២៥) ។ អែលឌើរ ប៉ាលី ភី ប្រាត្ត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​សរសេរ​ពី​ការ​ត្រឡប់​ជា​ថ្មី​នេះ​ថា ៖ « ស្ថានសួគ៌​ថ្មី និង​ផែនដី​ថ្មី ត្រូវ​បាន​សន្យា​ដោយ​កវី​ដ៏​ពិសិដ្ឋ ។ ឬ​ម្យ៉ាង​ទៀត​ថា ប្រព័ន្ធ​ផែនដី​នេះ​ត្រូវ​តែ​ផ្លាស់ប្ដូរ បន្សុទ្ធ សម្រាំង តម្កើងឡើង និងមាន​សិរីរុងរឿង នៅ​ក្នុង​ភាព​ដូច​គ្នា​នៃ​ការ​រស់ឡើង​វិញ ដែល​អំពើ​អាក្រក់​ខាង​រាងកាយ ឬ​ភាព​មិន​ល្អ​ឥតខ្ចោះ នឹង​ត្រូវ​បំផ្លាញ​ចោល » ( Key to the Science of Theology, ការបោះពុម្ព​លើក​ទី ១០ [ឆ្នាំ ១៩៦៥],ទំព័រ ៦១ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១០១:29-31 ។ សេចក្ដី​ស្លាប់​នៅ​ក្នុង​សហស្សវត្សរ៍

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​បង្រៀន​ថា ក្នុង​ពេល​សហស្សវត្សរ៍ « នឹង​គ្មាន​សេចក្ដី​ស្លាប់ លុះត្រា​តែ​មនុស្ស​ចាស់​ជរា ។ កូនក្មេង​នឹង​មិន​ស្លាប់ ប៉ុន្តែ​នឹង​រស់​នៅ​យូរ​ដូច​ជា​ដើម​ឈើ ។ អេសាយ បាននិយាយថា គឺរយៈពេល ១០០ ឆ្នាំ [សូមមើល អេសាយ ៦៥: ២០–២២]» (Doctrines of Salvation, comp. Bruce R. McConkie [ ១៩៥៤–៦៦ ] ទំព័រ ១:៨៦–៨៧)។

ប្រធាន ស្ម៊ីធ ក៏​ពន្យល់​ផងដែរ​ថា ការ​ស្លាប់​ក្នុង​សហស្សវត្សរ៍ នឹង​ជា​ដំណើរ​មួយ​ដ៏​សុខសាន្ត ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« ពេល​ព្រះគ្រីស្ទ​យាង​មក ពួកបរិសុទ្ធ​ដែល​នៅ​លើ​ផែនដី​នឹង​ប្រញាប់ប្រញាល់​មក​ជួប​ទ្រង់ ។ វា​មិន​មាន​ន័យ​ថា អ្នក​ដែល​រស់​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នៅ​ពេល​នោះ នឹង​ផ្លាស់ប្ដូរ ហើយ​ឆ្លងកាត់​ការ​រស់ឡើងវិញ​ទេ ដោយសារ​ជីវិត​រមែង​ស្លាប់​ត្រូវ​នៅ​លើ​ផែនដី​រហូត​ដល់​មួយ​ពាន់​ឆ្នាំ​ត្រូវ​បាន​បញ្ចប់ ។ ប៉ុន្តែ ការ​ផ្លាស់ប្ដូរ​នឹង​កើតមាន​ចំពោះ​អ្នក​ដែល​នៅ​លើ​ផែនដី ពួកគេ​នឹង​មាន​ជីវិត ដូច្នេះ​ពួកគេ​នឹង​មិន​ស្លាប់​ឡើយ រហូត​ដល់​ពួកគេ​ចាស់ ។ មនុស្ស​នឹង​ស្លាប់​នៅពេល​ពួក​គេ​មាន​អាយុ​មួយ​រយ​ឆ្នាំ ហើយ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ទៅ​ជា​សណ្ឋានអមតៈ​ភ្លាម ។ ផ្នូរ​នឹង​មិន​ត្រូវ​បាន​ធ្វើ​ក្នុង​ពេល​មួយ​ពាន់​ឆ្នាំ​នោះ​ទេ » ( The Way to Perfection [ ឆ្នាំ ១៩៣១ ],ទំព័រ ២៩៨–៩៩ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១០១:៣៥-៣៨ ។ ស៊ូទ្រាំ​នឹង​ការ​បៀតបៀន​ក្នុង​នាម​ព្រះយេស៊ូវគ្រីស្ទ

ព្យាការី យ៉ូសែប ស៊្មីធ បាន​លើក​ទឹកចិត្ត​ពួកបរិសុទ្ធ​ឲ្យ​អនុវត្ត​សេចក្ដី​ជំនឿ នៅ​ពេល​ពួកគេ​ស៊ូទ្រាំ​នឹង​ការ​សាកល្បង​ទាំងឡាយ​ថា ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« យើង​សញ្ជឹង​គិត​ពី​មនុស្ស​ដែល​បាន​ឱបក្រសោប​ប្រព័ន្ធ​សាសនា គ្មាន​ប្រជាប្រិយ និង​ស៊ូទ្រាំ​នឹង​ការបៀតបៀន ដែល​បាន​កើត​ឡើង​ចំពោះ​ពួកគេ​ម្ដង​ហើយ​ម្ដង​ទៀត ។ មនុស្ស​ដែល​បាន​រងទុក្ខពីការអត់ឃ្លាន ពីការអាក្រាត ពីគ្រោះថ្នាក់ និងស្ទើរ​តែ​គ្រប់​ការ​ខ្វះខាត​ទាំងអស់​ដើម្បី​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង​ផ្សារភ្ជាប់​ទៅ​នឹង​កិច្ច​ការ​របស់​ទ្រង់ ។ មនុស្ស​ដែល​បាន​កាន់ទុក្ខ​ការ​ស្លាប់​មុន​អាយុ​របស់​ឪពុកម្ដាយ ស្វាមី ភរិយា និង​កូនចៅ ដោយសារ​តែ​សាសនា​របស់​ពួកគេ ។ មនុស្ស​ដែល​សុខចិត្ត​ស្លាប់​ជាជាង​ជាប់​ក្នុង​ទាសភាព និង​ការ​លាក់ពុត ហើយ​ប្រកាន់​ខ្ជាប់​នឹង​អត្តចរិត​របស់​ពួកគេ​ដោយ​កិត្តិយស ហើយ​កាន់​យ៉ាង​ខ្ជាប់​ឥត​រង្គើ ក្នុង​គ្រា​សាកល្បង​ក្នុង​ជីវិត​របស់​ពួកគេ ។ សូម​ឈរ​យ៉ាង​រឹងប៉ឹង ឱ ពួកបរិសុទ្ធ​នៃ​ព្រះ ចូរ​ស៊ូទ្រាំ​បន្តិច​ទៀត ហើយ​ព្យុះ​ជីវិត​នឹង​កន្លង​ហួស​ទៅ ហើយ​អ្នក​នឹង​ទទួល​រង្វាន់​ពី​ព្រះ​ដែល​អ្នក​បាន​បម្រើ និង​ជា​អង្គ​ដែល​នឹង​ពិតជា​មាន​អំណរគុណ​ចំពោះ​សេចក្តីវេទនា និង​ការងទុក្ខ​របស់​អ្នក​ចំពោះ​ព្រះនាម​នៃ​គ្រីស្ទ និង​ចំពោះ​ដំណឹងល្អ ។ ឈ្មោះ​របស់​អ្នក​នឹង​ត្រូវ​បាន​បន្ត​ទៅពូជពង្សបន្តទៀតក្នុងនាម​ជា​ពួក​បរិសុទ្ធ​នៃ​ព្រះ និង​មនុស្ស​ដែល​មាន​គុណធម៌ » ( នៅក្នុង History of the Church, ៤:៣៣៧ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៤០ ។ « ពួកគេ​ត្រូវ​បាន​ហៅ​ឲ្យធ្វើ​ជាតិប្រៃ​នៃ​មនុស្ស » ។

អែលឌើរ ខាឡូស អ៊ី អាសេ នៃ​ក្រុម​ចិតសិប​នាក់ បាន​បង្រៀន​ថា ៖

រូបភាព
អែលឌើរ ខាឡូស អ៊ី អេសេ

« គីមីវិទូ​ដ៏​ល្បីល្បាញ​ក្នុង​ពិភព​លោក​មួយ​រូប​បាន​ប្រាប់​ខ្ញុំថា អំបិល​នឹង​មិន​បាត់បង់​រស់ជាតិ​របស់វា​ដោយសារ​អាយុកាល​នោះទេ ។ រស់ជាតិ​ប្រៃ​បាត់​បង់ តាមរយៈ​ការ​លាយផ្សំ និង​ការ​បំពុល ។…

« រសជាតិ និង​គុណភាព​បាត់ចេញ​ពី​មនុស្ស នៅពេល​គេ​បំពុល​គំនិតនូវ​គំនិត​មិន​ស្អាត​ស្អំ ដែល​បង្ខូច​ដល់​មាត់​របស់​គេ ដោយ​និយាយ​មិន​ពិត ហើយ​អនុវត្ត​កម្លាំង​ខ្លួន​ខុស​ក្នុង​ការ​ធ្វើ​អំពើ​អាក្រក់ » ( Salt of the Earth: Savor of Men and Saviors of Men » Ensign, ខែ ឧសភា ឆ្នាំ ១៩៨០,ទំព័រ ៤២ ) ។

បោះពុម្ព