មេរៀនទី ២៧
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៨–៦៧
បុព្វកថា
នៅក្នុងវិវរណៈទៅកាន់ព្យាការី យ៉ូសែប ស៊្មីធ ដែលមាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២០ ព្រះអម្ចាស់បានបញ្ជាថា សាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់ គឺត្រូវរៀបចំឡើងនៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៨៣០ ។ ទ្រង់ក៏ប្រទានការណែនាំអំពីការគ្រប់គ្រងសាសនាចក្ររបស់ទ្រង់ផងដែរ រួមមាននូវការពន្យល់មួយអំពីតំណែងបព្វជិតភាពផ្សេងៗ និងកាតព្វកិច្ចនៃអ្នកទាំងឡាយដែលនឹងកាន់តំណែងទាំងនេះ ។ ដោយមានតំណែងទាំងនេះ កូនៗរបស់ព្រះវរបិតាសួគ៌ អាចទទួលបានពិធីបរិសុទ្ធបព្វជិតភាព ហើយធ្វើសេចក្ដីសញ្ញានានា ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៨-៥៩
កាតព្វកិច្ចនៃតំណែងបព្វជិតភាព ត្រូវបានតាំងឡើង
សូមសេរសេរពាក្យដូចខាងក្រោម នៅលើក្ដារខៀនក្នុងថ្នាក់ ៖ ផ្សាយ បង្រៀន ពន្យល់ ដាស់តឿន ព្រមាន អញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះគ្រីស្ទ
នៅពេលចាប់ផ្ដើមថ្នាក់រៀនដំបូង សូមយោងទៅពាក្យនៅលើក្ដារខៀន ហើយសួរសំណួរដូចខាងក្រោម៖
-
តើនរណាមានទំនួលខុសត្រូវទាំងនេះ ? ( អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា ពាក្យពន្យល់មានន័យថា បង្រៀនអ្វីមួយដោយមានភាពលម្អិតយ៉ាងខ្លាំង ហើយថាពាក្យដាស់តឿនមានន័យថាជាការលើកទឹកចិត្តយ៉ាងខ្លាំងដល់នរណាម្នាក់ឲ្យធ្វើអ្វីមួយ ។
សិស្សអាចចង្អុលបង្ហាញថា ពួកព្យាការី ពួកសាវក អ្នកដឹកនាំសាសនាចក្រផ្សេងទៀត និងពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង មានទំនួលខុសត្រូវទាំងនេះ ។ ពួកគេក៏អាចចង្អុលបង្ហាញផងដែរថា ទាំងនេះជាកាតព្វកិច្ចដែលអ្នកកាន់បព្វជិតភាពទាំងអស់មាន រួមទាំងអ្នកកាន់បព្វជិតភាពអើរ៉ុន ដែលអាចអនុវត្ត ។ បើពួកគេពុំបានប្រាប់អំពីអ្នកកាន់បព្វជិតភាពអើរ៉ុនទេ នោះវានឹងប្រាប់ពីសេចក្ដីពិតដោយខ្លួនឯង ។ សូមគូសបញ្ជាក់ថា អ្នកកាន់បព្វជិតភាពអើរ៉ុន នៅក្នុងថ្នាក់របស់អ្នក ត្រូវបានទុកចិត្តជាមួយនឹងឱកាសសំខាន់ដើម្បីបម្រើ ។
សូមបែងចែកសិស្សក្នុងថ្នាក់ជាបីក្រុម ។ សូមពន្យល់ថា នៅក្នុងទំនាក់ទំនងជាមួយនឹងអង្គភាពនៃសាសនាចក្រ នោះព្រះអម្ចាស់បានបើកសម្ដែងដល់យ៉ូសែប ស៊្មីធ នូវកាតព្វកិច្ចជាច្រើនអំពីអ្នកកាន់បព្វជិតភាព ។ សូមឲ្យក្រុមមួយសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៨–៤៥រកមើលកាតព្វកិច្ចរបស់ពួកអែលឌើរ ។ សូមអញ្ជើញក្រុមទីពីរឲ្យសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៤៦–៥២ រកមើលកាតព្វកិច្ចរបស់ពួកសង្ឃ ។ សូមអញ្ជើញក្រុមទីបីឲ្យសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៥៣–៥៩ រកមើលកាតព្វកិច្ចរបស់គ្រូបង្រៀន និងឌីកុន ។ នៅពេលពួកគេសិក្សា សូមសរសេរពាក្យដូចខាងក្រោមនៅផ្នែកខាងលើនៃក្ដារខៀន ៖
អែលឌើរ |
ពួកសង្ឃ |
គ្រូបង្រៀន និងឌីកុន |
---|---|---|
បន្ទាប់ពីផ្ដល់ពេលវេលាគ្រប់គ្រាន់ហើយ សូមអញ្ជើញអ្នកតំណាងម្នាក់ ឬពីរនាក់មកពីក្រុមនីមួយៗមកលើក្ដារខៀន ហើយសរសេរកាតព្វកិច្ចនៃតំណែង ឬតំណែងនានា ដែលពួកគេបានសិក្សា ។
-
តើអ្នកកត់សម្គាល់ឃើញភាពខុសគ្នាអ្វីខ្លះរវាង កាតព្វកិច្ចនៃពួកអែលឌើរ ពួកសង្ឃ ពួកគ្រូ និងពួកឌីកុន ? តើអ្នកមើលឃើញមានភាពស្រដៀងគ្នាអ្វីខ្លះ ?
-
តើតំណែងណាមួយ ដែលមានសិទ្ធិដើម្បីប្រគល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ? ( អែលឌើរ សូមមើល ខ ៤១ ) ។ តើតំណែងណាមួយ ដែលមានសិទ្ធិអំណាចដើម្បីបម្រើសាក្រាម៉ង់ ? ( អែលឌើរ និងសង្ឃ សូមមើល ខ ៤០ និង ៤៦ ) ។ តើតំណែងណាមួយ ដែលមានសិទ្ធិអំណាចដើម្បីតែងតាំងសង្ឃ គ្រូ និងឌីកុន ? ( អែលឌើរ និង សង្ឃ សូមមើល ខ ៣៩ និង ៤៨ ) ។ តើតំណែងណាមួយ ដែលមានសិទ្ធិអំណាចដើម្បីពន្យល់ ដាស់តឿន និងបង្រៀន ? ( អែលឌើរ សង្ឃ គ្រូ និង ឌីកុន សូមមើល ខ ៤២, ៤៦ និង ៥៩ ) ។
-
តើសេចក្ដីពិតណាខ្លះ ដែលយើងអាចរៀនអំពីតំណែងបព្វជិតភាព តាមរយៈការប្រៀបធៀប និងការដាក់ភាពផ្ទុយគ្នានៃកាតព្វកិច្ចរបស់ពួកគេ ?
សិស្សអាចនឹងប្រាប់គោលការណ៍ផ្សេងៗ ប៉ុន្តែត្រូវប្រាកដថា អ្នកគូសបញ្ជាក់ដូចខាងក្រោម ៖
នៅពេលកូនប្រុសទាំងឡាយរបស់ព្រះវរបិតាសួគ៌ ទទួលតំណែងនៃបព្វជិតភាពកាន់តែខ្ពស់ នោះពួកគេទទួលបាននូវទំនួលខុសត្រូវ និងឱកាសកាន់តែច្រើនដើម្បីបម្រើអ្នកដទៃ ។
នៅពេលអ្នកកាន់បព្វជិតភាពម្នាក់ត្រូវបានតែងតាំងតំណែងនៃបព្វជិតភាពបន្ថែម នោះគាត់រក្សានូវតំណែងដែលទាបជាង និងទំនួលខុសត្រូវដែលជាប់ទាក់ទងរបស់ពួកគេដដែល ។
អ្នកកាន់បព្វជិតភាពទាំងអស់ មានទំនួលខុសត្រូវដើម្បីធ្វើពិធីបរិសុទ្ធ និងមើលការខុសត្រូវទៅលើសមាជិកនៃសាសនាចក្រ ហើយបម្រើដល់ពួកគេ ។
បន្ទាប់ពីអ្នកជួយដល់សិស្សឲ្យប្រាប់សេចក្ដីពិតចុងក្រោយនៅលើបញ្ជី សូមសរសេរវានៅលើក្ដារខៀន ក្រោមបញ្ជីទំនួលខុសត្រូវនៃបព្វជិតភាព ។ អ្នកអាចនឹងចាំបាច់ត្រូវចង្អុលបង្ហាញថា ពាក្យ បម្រើមានន័យថា ផ្ដល់ការបម្រើ ។
ដើម្បីជួយសិស្សយល់អំពីទំនួលខុសត្រូវរបស់អ្នកកាន់បព្វជិតភាព សូមនាំចំណាប់អារម្មណ៍របស់ពួកគេផ្ដោតទៅលើបញ្ជីនៅលើក្ដារខៀន ហើយសួរសំណួរដូចខាងក្រោម៖
-
តើវិធីមួយចំនួនណាខ្លះ ដែលអ្នកកាន់បព្វជិតភាពអើរ៉ុន អាច « មើលការខុសត្រូវលើព្រះវិហារ » និង « នៅជាមួយ ហើយពង្រឹងដល់ពួកគេ » ? ( ឧទាហរណ៍ អាចរួមមាន ការបង្រៀនតាមផ្ទះ ការមើលថែដល់អ្នកក្រីក្រ និងអ្នកខ្វះខាត ការមើលថែសាលាប្រជុំ និងបរិវេណ និងការបំពេញតាមការចាត់តាំងផ្សេងទៀតមកពីប៊ីស្សព និងកូរ៉ុមអែលឌើរ ) ។
-
តើវិធីមួយចំនួនណាខ្លះ ដែលអ្នកកាន់បព្វជិតភាពអើរ៉ុនអាច « អញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះគ្រីស្ទ » បាន ?
នៅពេលសិស្សក្នុងថ្នាក់ពិភាក្សាអំពីសំណួរនេះ អ្នកអាចនឹងចង់សុំឲ្យសិស្សម្នាក់អាននូវការប្រឹក្សាដូចខាងក្រោម៖
« ប្រសិនបើអ្នកជាអ្នកកាន់បព្វជិតភាព សូមចងចាំថា បព្វជិតភាពគួរជាផ្នែកមួយរបស់អ្នកគ្រប់ពេល និងគ្រប់កាលៈទេសៈទាំងអស់ ។ វាមិនដូចជាអាវពាក់ដណ្ដប់ ដែលអ្នកអាចពាក់ ហើយដោះចេញតាមចិត្តបាននោះទេ ។ រាល់ការតែងតាំងណាមួយចំពោះតំណែងបព្វជិតភាព ជាការហៅឲ្យបម្រើមួយដើម្បីបម្រើពេញមួយជីវិតជាមួយនឹងសេចក្ដីសន្យាថា ព្រះអម្ចាស់នឹងបញ្ជាក់ថា អ្នកមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការរបស់ទ្រង់ស្របតាមភាពស្មោះត្រង់របស់អ្នក ។
« អ្នកត្រូវមានភាពសក្ដិសមដើម្បីទទួល និងអនុវត្តអំណាចបព្វជិតភាព ។ ពាក្យសម្ដីដែលអ្នកនិយាយ និងឥរិយាបទរាល់ថ្ងៃរបស់អ្នក ជះឥទ្ធិពលដល់សមត្ថភាពរបស់អ្នកដើម្បីបម្រើ ។ ឥរិយាបទរបស់អ្នកជាសាធារណៈ ត្រូវតែមានកម្រិតខ្ពស់ ។ ឥរិយាបទរបស់អ្នកនៅទីកំបាំងក៏រឹតតែសំខាន់ខ្លាំងផងដែរ » ( ពិតចំពោះសេចក្ដីជំនឿ ៖ ឯកសារយោងនៃដំណឹងល្អឆ្នាំ ២០០៤ ], ទំព័រ ១២៧ ) ។
សូមសរសេរនៅលើក្ដារខៀននូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយអែលឌើរ រីឆាដ ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយអញ្ជើញសិស្សឲ្យអានវាឮៗ ។ ( សេចក្ដីថ្លែងការនេះ គឺមាននៅក្នុង«Honor the Priesthood and Use It Well, »Ensignឬលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០០៨, ៤៦ ) ។ អ្នកអាចនឹងចង់ផ្ដល់យោបល់ដល់សិស្សឲ្យសរសេរវានៅគែមទំព័រព្រះគម្ពីររបស់ពួកគេនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ២០ឬ នៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬកំណត់ហេតុការសិក្សាព្រះគម្ពីរ ។
សូមឲ្យសិស្សប្រាប់អំពីពេលវេលាដែលពួកគេបានមើលឃើញអ្នកកាន់បព្វជិតភាពផ្ដល់ឲ្យ បម្រើ លើកតម្កើង និងបំផុសគំនិត ។ អ្នកអាចនឹងបន្ថែមនូវការសង្កេតឃើញផ្ទាល់ខ្លួនរបស់អ្នកផងដែរ ។
ជាចំណែកនៃការពិភាក្សានេះ សូមចង្អុលបង្ហាញថា ខណៈដែលវិវរណៈនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ២០ គឺនិយាយអំពីអ្នកកាន់បព្វជិតភាព នោះសមាជិកទាំងអស់នៃសាសនាចក្រ មានទំនួលខុសត្រូវ និងឯកសិទ្ធិដើម្បីបម្រើដល់អ្នកដទៃ ។ យុវនារីម្នាក់មានឱកាសជាច្រើនដើម្បីបម្រើ ។ មនុស្សមួយចំនួនអាចជ្រើសរើសបម្រើបេសកកម្ម ហើយថ្ងៃណាមួយពួកគេនឹងមានឱកាសធ្វើជាសមាជិកក្នុងសមាគមសង្គ្រោះ « ធ្វើ [ ការ ] ព្រមគ្នាជាមួយនឹងបុរសដែលកាន់បព្វជិតភាព ដើម្បីបង្កើនសេចក្ដីជំនឿ និងសេចក្ដីសុចរិតផ្ទាល់ខ្លួន ពង្រឹងដល់ក្រុមគ្រួសារ និងគេហដ្ឋាន ហើយស្វែងរក និងជួយដល់អ្នកទាំងឡាយដែលខ្វះខាត » ( Daughters in My Kingdom: The History and Work of Relief Societyឆ្នាំ២០១១ ], ទំព័រ ៧ ) ។
សូមផ្ដល់ឱកាសដល់សិស្សពីរបីនាទី ដើម្បីសរសេរអំពីអ្វីដែលពួកគេបានរៀន ចេញមកពីគោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៨–៥៩ ។ សូមលើកទឹកចិត្តយុវជនម្នាក់ឲ្យគិត ហើយសរសេរគោលដៅមួយ ដែលនឹងជួយពួកគេមើលថែ និងពង្រឹងដល់សមាជិកនៃសាសនាចក្រដោយស្មោះត្រង់ ។ ការណ៍នេះអាចនឹងត្រូវធ្វើឡើង ជាផ្នែកនៃកិច្ចខិតខំរបស់ពួកគេក្នុងការធ្វើសៀវភៅ កាតព្វកិច្ចចំពោះព្រះ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៦០-៦៧
សេចក្ដីណែនាំអំពីការតែងតាំងបព្វជិតភាព ត្រូវបានផ្ដល់ឲ្យ
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៦០ ឮៗ ហើយសុំឲ្យសមាជិកក្នុងថ្នាក់រកមើលតួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធ ពេលនរណាម្នាក់ ត្រូវបានតែងតាំងនូវតំណែងបព្វជិតភាពមួយ ។
សូមឲ្យសិស្សលើកដៃឡើង បើពួកគេបានធ្វើជាសាក្សីក្នុងការតែងតាំងបព្វជិតភាពមួយ ឬត្រូវបានតែងតាំងនូវតំណែងមួយក្នុងបព្វជិតភាព ។ សូមអញ្ជើញមនុស្សមួយចំនួនឲ្យលើកដៃរបស់ពួកគេដើម្បីចែកចាយបទពិសោធន៍របស់ពួកគេ និងអារម្មណ៍ដែលពួកគេមាន អំឡុងពេលតែងតាំង ។ អ្នកក៏អាចនឹងសួរសំណួរដូចខាងក្រោម៖
-
តើព្រះវិញ្ញាណបរិសុទ្ធមានចំណែកនៃការតែងតាំងយ៉ាងដូចម្ដេច ?
សូមសរសេរនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖ អ្នកកាន់បព្វជិតភាព ត្រូវការព្រះចេស្ដារនៃព្រះវិញ្ញាណបរិសុទ្ធនៅជាមួយពួកគេ ពេលពួកគេបំពេញកាតព្វកិច្ចរបស់ពួកគេ ។
ដើម្បីជួយដល់យុវជនឲ្យគិតអំពីភាពសក្ដិសមរបស់ពួកគេ នៅពេលធ្វើពិធីបរិសុទ្ធនៃបព្វជិតភាព សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃពួកសាវកដប់ពីរនាក់៖
« សិទ្ធិអំណាចរបស់អ្នក បានមកតាមរយៈការតែងតំាងរបស់អ្នក អំណាចរបស់អ្នក បានមកតាមរយៈការគោរពប្រតិបត្តិ និង ភាពសក្តិសម ។…
« អំណាចនៅក្នុងបព្វជិតភាព កើតមកពីការអនុវត្តកាតព្វកិច្ចរបស់អ្នក នៅក្នុងកិច្ចការសាមញ្ញទាំងឡាយដូចជា ៖ ការចូលរួមការប្រជុំនានា ការទទួលយកការចាត់តាំង ការអានព្រះគម្ពីរ ការគោរពពាក្យនៃប្រាជ្ញាវាងវៃ » ( «The Aaronic Priesthood, » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨១, ៣២–៣៣ ) ។
សូមអញ្ជើញយុវជនឲ្យពិចារណាប្រកបដោយការអធិស្ឋាននូវអ្វីដែលព្រះអម្ចាស់នឹងឲ្យពួកគេធ្វើ ដើម្បីអញ្ជើញអំណាចនៃព្រះវិញ្ញាណបរិសុទ្ធឲ្យមាននៅជាមួយពួកគេ ពេលពួកគេធ្វើតាមកាតព្វកិច្ចបព្វជិតភាពនាពេលបច្ចុប្បន្ន ឬនាពេលអនាគតរបស់ពួកគេ ។ សូមគូសបញ្ជាក់ថា យុវនារី ក៏មានទំនួលខុសត្រូវសំខាន់ផងដែរក្នុងសាសនាចក្រ ។ សូមអញ្ជើញពួកគេឲ្យពិចារណានូវអ្វីដែលព្រះអម្ចាស់ នឹងឲ្យពួកគេធ្វើ ដើម្បីអញ្ជើញឲ្យមានអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ពេលពួកគេបំពេញតួនាទីទាំងឡាយនោះ ។
អ្នកអាចនឹងពន្យល់ថា គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៦១–៦៣ប្រាប់អំពីគោលបំណងមួយចំនួននៃការធ្វើសន្និសីទសាសនាចក្រ ដូចជាការដឹកនាំកិច្ចការសាសនាចក្រដោយបើកចំហរ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៦៥ ឮៗ ។ សូមពន្យល់ថា នៅក្នុងខនេះ ពាក្យ គាំទ្រ សំដៅទៅលើការគាំទ្រនរណាម្នាក់ឲ្យទទួលតំណែងមួយក្នុងបព្វជិតភាព ពីមុនពេលត្រូវបានតែងតាំងក្នុងតំណែងនោះ ។ សូមឲ្យយុវជននៅក្នុងថ្នាក់នឹកគិតពីគ្រាមុន ដែលពួកគេត្រូវបានគាំទ្រដោយសមាជិកនៃវួដ ឬសាខារបស់ពួកគេ ដើម្បីត្រូវបានតែងតាំងក្នុងតំណែងបព្វជិតភាពមួយ ។
-
តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលអ្នកបានឃើញថា សមាជិកនៃវួដ ( ឬសាខា) របស់អ្នក បានគាំទ្រដល់ការតែងតាំងរបស់អ្នក ? តើការចងចាំពីការលើកដៃគាំទ្ររបស់ពួកគេ អាចជួយអ្នកនៅក្នុងការបម្រើបព្វជិតភាពរបស់អ្នកយ៉ាងដូចម្ដេច ? ( ចម្លើយអាចរួមមានដូចជា ពួកគេនឹងមានអារម្មណ៍ល្អចំពោះសមាជិកក្នុងវួដ ដើម្បីធ្វើការបម្រើក្នុងវួដ និងថាពួកគេនឹងមានអារម្មណ៍គាំទ្រពីសមាជិកក្នុងវួដ ) ។
អ្នកអាចអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីមូលហេតុដែលពួកគេ មានអំណរគុណចំពោះសិទ្ធិអំណាចបព្វជិតភាព ។ សូមចែកចាយទីបន្ទាល់របស់អ្នក អំពីសេចក្ដីពិតទាំងឡាយដែលបានពិភាក្សានៅក្នុងមេរៀននេះផងដែរ ។