មេរៀនទី ៥៨
គោលលទ្ធិ និង សេចក្តីសញ្ញា ៥១-៥២
បុព្វកថា
នៅពេលពួកបរិសុទ្ធមួយចំនួនធ្វើអន្ដោប្រវេសន្ដ៍មកពីរដ្ឋនៅប៉ែកខាងកើតបានចាប់ផ្ដើមមកដល់រដ្ឋ អូហៃអូ នៅក្នុងខែ ឧសភា ឆ្នាំ ១៨៣១ ព្រះអម្ចាស់បានបើកសម្ដែង គោលលទ្ធិ និង សេចក្ដីសញ្ញា ៥១ ដល់ យ៉ូសែប ស៊្មីធ សម្រាប់ប៊ីស្សព អេតវឹត ប៉ាទ្រិច ។ ក្រុមដែលមកដល់ ខូស្វិល រដ្ឋ នូវ យ៉ោក ត្រូវបានដឹកនាំឲ្យទៅ ថមសុន រដ្ឋ អូហៃអូ ជាកន្លែងដែលពួកគេនឹងរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ ។ នៅចុងបញ្ចប់នៃសន្និសីទសាសនាចក្រលើកទី បួន ដែលបានធ្វើឡើងនៅថ្ងៃទី ៣-៦ ខែ មិថុនា ឆ្នាំ ១៨៣១ នៅទីក្រុងខឺតឡង់ នោះព្រះអម្ចាស់បានបញ្ជាឲ្យយ៉ូសែប ស៊្មីធ និងពួកអែលឌើរដទៃទៀត ធ្វើដំណើរជាគូៗទៅរដ្ឋ មិសសួរី ផ្សាយដំណឹងល្អនៅតាមផ្លូវ ។ វិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៥២ព្រះអម្ចាស់បានហៅដៃគូនិមួយៗ ហើយប្រទានឲ្យនូវគំរូមួយដើម្បីជួយពួកគេឲ្យចៀសវាងពីការបោកបញ្ឆោត ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥១:១-២០
ព្រះអម្ចាស់ដឹកនាំប៊ីស្សព អែតវឹត ប៉ាទ្រិច ឲ្យថ្លែងអំពីតម្រូវការខាងសាច់ឈាមរបស់ពួកបរិសុទ្ធ ។
ដើម្បីជួយសិស្សចាប់ផ្ដើមគិតអំពីលទ្ធផលមួយនៃការរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ សូមអញ្ជើញសិស្សឲ្យឆ្លើយសំណួរដូចខាងក្រោមជាគូៗ ឬក្រុមតូចៗ ឬជាថ្នាក់រៀនទាំងមូល ។
-
តើក្រុមដែលមានសាមគ្គីភាពបំផុតដែលអ្នកចូលរួមគឺជាក្រុមអ្វី ? តើអ្នកដឹងថា ក្រុមមួយមានសាមគ្គីភាពដោយរបៀបណា ? តើការអនុវត្ត ឬព្រឹត្តការណ៍ប្រភេទណា ដែលជួយក្រុមមួយឲ្យមានសាមគ្គីភាពនោះ ?
សូមពន្យល់ថា ពួកបរិសុទ្ធដែលផ្លាស់ពីរដ្ឋ នូវ យ៉ោក បានចាប់ផ្ដើមមកដល់រដ្ឋ អូហៃអូ នៅដើមនិទារឃរដូវឆ្នាំ ១៨៣១ ។ ក្រុមមួយបានចេញមកពី ខូលស្វិល រដ្ឋ នូវ យ៉ោក ដោយមានការលះបង់យ៉ាងខ្លាំង ។ ក្រុមនេះត្រូវបានណែនាំឲ្យបោះទីតាំងនៅ ថមសុន រដ្ឋ អូហៃអូ ហើយរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ ។ សូមអញ្ជើញសិស្សឲ្យនឹកស្រមៃអំពីសាមគ្គីភាពដែលជាលទ្ធផលបានមកពីក្រុមមួយ ដែលបានលះបង់ជាមួយគ្នា ដើម្បីធ្វើតាមព្រះឆន្ទៈរបស់ព្រះអម្ចាស់ ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥១:១-៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលទំនួលខុសត្រូវរបស់ប៊ីស្សព អែតវឹត ប៉ាទ្រិច ។
-
តើទំនួលខុសត្រូវមួយចំនួនរបស់ ប៊ីស្សព ប៉ាទ្រិច មានអ្វីខ្លះ ? ( អ្នកអាចនឹងចង់ចង្អុលបង្ហាញថា នៅក្នុង ខ ៣ ឃ្លា « ត្រូវបានដូចគ្នាតាមគ្រួសាររបស់ខ្លួន » ពុំមានន័យថា ពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវទទួលជំនួយដូចគ្នានោះទេ ។ ប៊ីស្សពត្រូវគិតអំពីស្ថានភាពរបស់គ្រួសារនិមួយៗផ្សេងៗគ្នា ហើយ « ផ្ដល់ឲ្យ » ពួកគេនូវអ្វីដែលពួកគេត្រូវការ ។ ពួកគេត្រូវបានស្មើគ្នា ដោយសារប៊ីស្សព បានគិត ហើយមើលថែគ្រួសារនីមួយៗដូចៗគ្នា ) ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥១:៩ ដោយស្ងាត់ស្ងៀម រកមើលនូវអ្វីដែលព្រះអម្ចាស់បានពន្យល់ដែលជាលទ្ធផលពីរយ៉ាងនៃការរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ ។
-
តើព្រះអម្ចាស់រំពឹងអ្វីខ្លះពីរាស្ត្ររបស់ទ្រង់ ? ( សិស្សគួរតែបង្ហាញនូវគោលការណ៍ដូចខាងក្រោម ៖ ព្រះអម្ចាស់រំពឹងឲ្យរាស្ត្ររបស់ទ្រង់ ប្រាស្រ័យទាក់ទងគ្នាដោយស្មោះត្រង់ ហើយត្រូវមានសាមគ្គីភាព ) ។
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ៥១:១០-២០ ដោយពន្យល់ថា ព្រះអម្ចាស់បានណែនាំប៊ីស្សព ប៉ាទ្រិច ឲ្យបង្កើតឃ្លាំងមួយ សម្រាប់ផ្ទុកផលិតផលដែលនៅសល់ ។ ទ្រង់បានពន្យល់ថា ទ្រង់បានតាំងដែនដីនេះដល់ពួកបរិសុទ្ធ « សម្រាប់មួយរដូវតូច » (គ. និង ស. ៥១:១៦ ) ។ ទោះបីជាពួកគេពុំដឹងថាពួកគេស្នាក់នៅបានរយៈពេលយូរប៉ុណ្ណាក្ដី ក៏ពួកគេត្រូវ « ប្រព្រឹត្តនៅលើដែនដីនេះហាក់ដូចជានៅច្រើនឆ្នាំ » (គ. និង ស. ៥១:១៧) ដោយធ្វើជាបាវស្មោះត្រង់ ឈ្លាសវៃ និងយុត្តិធម៌ នូវអ្វីដែលពួកគេត្រូវបានប្រទានឲ្យ ។ អ្នកក៏អាចនឹងចង់ចង្អុលបង្ហាញថា នៅក្នុង ខ ១០ ពាក្យ ព្រះវិហារ សំដៅទៅលើសាខាមួយរបស់សាសនាចក្រ ( សូមមើល គ. និង ស. ៥១:១០ លេខយោង កសូមមើលផងដែរ គ. និង ស. ២០:៨១, ៤៥:៦៤) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៥២:១-១៣, ២២-៣៦ ។
ព្រះអម្ចាស់បានបញ្ជាព្យាការី និងពួកអែលឌើរដទៃទៀត ឲ្យធ្វើដំណើរទៅរដ្ឋ មិសសួរី ហើយផ្សាយដំណឹងល្អអំឡុងពេលនៃការធ្វើដំណើររបស់ពួកគេ
ពីមុនថ្នាក់ចាប់ផ្ដើមសូមរៀបចំតម្រុយចំនួនបី ដែលតម្រុយនិមួយៗនាំទៅរកតម្រុយមួយទៀត ។ ឧទាហរណ៍ តម្រុយទីមួយ អាចនឹងនាំសិស្សឲ្យរកមើលតម្រុយទីពីរ នៅក្រោម ឬនៅក្នុងវត្ថុមួយ នៅកន្លែងណាមួយក្នុងថ្នាក់រៀន ។ តម្រុយទីពីរអាចនឹងនាំពួកគេឲ្យស្វែងរកតម្រុយទីបីនៅកន្លែងផ្សេងក្នុងថ្នាក់រៀន ។ តម្រុយទីបីគួរតែនិយាយថា « អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:១-៦ ។ សូមរកគោលការណ៍មួយដែលស្រដៀងគ្នាទៅនឹងសកម្មភាពនេះ » ។
សូមបិទតម្រុយទីមួយនៅលើក្ដារខៀន ហើយសរសេរការណែនាំដូចខាងក្រោមនៅជិតវា ៖ ធ្វើតាមតម្រុយនេះ ដើម្បីរៀនអំពីរបៀបទទួលបានការណែនាំជាបន្ដបន្ទាប់មកពីព្រះអម្ចាស់ ។
បន្ទាប់ពីសិស្សអានតម្រុយទីមួយ សូមអញ្ជើញពួកគេឲ្យធ្វើតាមការណែនាំដើម្បីរកតម្រុយទីពីរ ។ បន្ទាប់មកអញ្ជើញពួកគេឲ្យអានការណែនាំនៅតម្រុយទីពីរ ហើយស្វែងរកតម្រុយទីបី ។
ពីមុនសិស្សធ្វើតាមការដឹកនាំទៅតម្រុយទីបី សូមពន្យល់ថា វគ្គបទគម្ពីរ ដែលពួកគេនឹងស្វែងរក គឺមានការណែនាំដែលបានប្រទានឲ្យយ៉ូសែប ស្ម៊ីធ និងអ្នកដឹកនាំបព្វជិតភាពដទៃទៀត នៅក្នុងសន្និសីទមួយរបស់សាសនាចក្រ ដែលបានធ្វើឡើងនៅក្នុងទីក្រុងខឺតឡង់ រដ្ឋ អូហៃអូ ក្នុងខែមិថុនា ឆ្នាំ ១៨៣១ ។ សូមរំឭកសិស្សថា ព្រះអម្ចាស់ បានបើកសម្ដែងពីមុនមកថា ពួកបរិសុទ្ធនឹងបង្កើតទីក្រុងមួយ ហៅថា ស៊ីយ៉ូន ( សូមមើល គ. និង ស. ២៨:៩) ប៉ុន្តែទ្រង់ពុំទាន់បានបើកសម្ដែងពីទីតាំងនោះទេ ។
សូមអញ្ជើញសិស្សឲ្យធ្វើតាមការណែនាំនៅក្នុងតម្រុយទីបី ។ សូមអញ្ជើញសិស្សពីរបីនាក់ឆ្លាស់វេនគ្នាអានចេញពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:១-៦ឲ្យឮៗ ។ សូមអញ្ជើញសិស្សឲ្យផ្ទៀងតាម រកមើលគោលការណ៍មួយដែលស្រដៀងគ្នាទៅនឹងសកម្មភាព ដែលពួកគេទើបតែបានបំពេញ ។
-
យោងតាម ខ ៤-៥, តើអ្វីខ្លះអាចកើតឡើង នៅពេលយើងស្មោះត្រង់ចំពោះការណែនាំរបស់ព្រះ ? (នៅពេលយើងធ្វើតាមការណែនាំរបស់ព្រះដោយស្មោះត្រង់ នោះទ្រង់នឹងបើកសម្ដែងព្រះទ័យទ្រង់កាន់តែច្រើនដល់យើង ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
-
តើសកម្មភាពនេះស្រដៀងគ្នានឹងគោលការណ៍នេះយ៉ាងដូចម្ដេច ? ( នៅពេលសិស្សធ្វើតាមការណែនាំនីមួយៗ នោះពួកគេបានទទួលការដឹកនាំបន្ថែម ដែលទីបំផុតនាំពួកគេទៅរកចម្លើយ ដែលពួកគេកំពុងស្វែងរក ) ។
-
តើអ្នកមានអារម្មណ៍យ៉ាងណា ដែលមនុស្សមួយចំនួនទទួលបានការណែនាំ និងសេចក្ដីពិតរបស់ព្រះអម្ចាស់បន្ដិចម្ដងៗ ជាជាងបានទទួលម្ដងទាំងអស់នោះ ?
សូមអញ្ជើញសិស្សដែលមានបទពិសោធន៍មួយជាមួយនឹងគោលការណ៍នេះ ឲ្យចែកចាយបទពិសោធន៍របស់ពួកគេ ឬថ្លែងទីបន្ទាល់អំពីសេចក្ដីពិតពេញលេញ ។ អ្នកក៏អាចចែកចាយពីបទពិសោធន៍មួយ ឬទីបន្ទាល់របស់អ្នកផងដែរ ។ សូមលើកទឹកចិត្តសិស្សឲ្យសរសេរសំណួរ កង្វល់ ឬការសម្រេចចិត្តមួយ ដែលពួកគេកំពុងជួប ដែលពួកគេចង់ទទួលបានជំនួយ និងការដឹកនាំរបស់ព្រះអម្ចាស់ ។ បន្ទាប់មក អញ្ជើញពួកគេឲ្យពិចារណា និងសរសេរនូវការណែនាំនានា ដែលព្រះអម្ចាស់បានប្រទានដល់ពួកគេ ដែលពួកគេអាចនឹងប្រុងស្ដាប់កាន់តែច្រើន ដើម្បីអញ្ជើញឲ្យមានការដឹកនាំបន្ថែមមកពីទ្រង់ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:៧-១០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការណែនាំដែលព្រះអម្ចាស់បានប្រទានដល់អ្នកកាន់បព្វជិតភាពមួយចំនួន ពីមុនពួកគេបានធ្វើដំណើរទៅរដ្ឋ មិសសួរី ។
-
តើអ្នកកាន់បព្វជិតភាពទាំងនេះ បានណែនាំឲ្យធ្វើអ្វីខ្លះ នៅពេលពួកគេបានធ្វើដំណើរ ?
គោលលទ្ធិ និង សេចក្តីសញ្ញា ៥២:១៤-២១, ៣៦
ព្រះអម្ចាស់បើកសម្ដែងគំរូមួយដើម្បីជួយយើងចៀសវាងពីការត្រូវបញ្ឆោតដោយសាតាំង
សូមរំឭកសិស្សថា នៅក្នុងវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០ព្រះអម្ចាស់បានព្រមានដល់ពួកអែលឌើរនៃសាសនាចក្រអំពីវិញ្ញាណក្លែងក្លាយ ហើយប្រទានការណែនាំដែលនឹងជួយពួកបរិសុទ្ធស្អាងគ្នាទៅវិញទៅមក នៅពេលពួកគេបានបង្រៀន និងរៀនសេចក្ដីពិតនៃដំណឹងល្អ ។
សូមពន្យល់ថានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:១៤-២១ព្រះអម្ចាស់បានបើកសម្ដែងការណែនាំបន្ថែមដើម្បីជួយពង្រឹងដល់សមាជិកសាសនាចក្រ ជាពិសេសអ្នកទាំងឡាយដែលទ្រង់បានហៅឲ្យផ្សាយដំណឹងល្អ នៅពេលពួកគេបានធ្វើដំណើរទៅរដ្ឋ មិសសួរី ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:១៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់ឃ្លាដែលព្រះអម្ចាស់បានប្រើដើម្បីពិពណ៌នាអំពីអ្វីដែលទ្រង់ហៀបនឹងបង្រៀន ។ ( « គំរូនៃរឿងគ្រប់យ៉ាង » ) ។
-
តើគំរូជាអ្វី ? ( គំរូមួយដែលយើងអាចធ្វើតាម ដើម្បីសម្រេចលទ្ធផលជាក់លាក់មួយ ) ។
-
តើព្រះអម្ចាស់បានផ្ដល់មូលហេតុអ្វីខ្លះ ចំពោះការផ្ដល់គំរូនេះ ?
សូមបំបែកសិស្សឲ្យធ្វើការជាដៃគូ ។ សូមអញ្ជើញសិស្សបួនប្រាំនាក់ឲ្យឆ្លាស់វេនគ្នាអានឲ្យឮៗដកស្រង់ចេញពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:១៥-១៩។ សូមឲ្យពួកគេរកមើលសកម្មភាព និងអាកប្បកិរិយាដែលព្រះអម្ចាស់បានមានបន្ទូលថានឹងជួយរាស្ត្រទ្រង់ចៀសវាងពីការត្រូវបញ្ឆោតដោយសាតាំង ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យពួកគេរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យធ្វើជាស្មៀន ហើយសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀន ។
នៅពេលសិស្សឆ្លើយតប អ្នកអាចនឹងចង់ពន្យល់ ឬសុំឲ្យពួកគេពន្យល់អំពីអត្ថន័យនៃឃ្លាដូចខាងក្រោម ៖ « ដែលមានវិញ្ញាណទន់ទាប » (គ. និង ស. ៥២:១៥) សំដៅទៅលើមនុស្សម្នាក់ ដែលមានឥរិយាបទប្រែចិត្ត « គោរពតាមពិធីបរិសុទ្ធទាំងឡាយរបស់យើង » (គ. និង ស. ៥២:១៥) សំដៅទៅលើមនុស្សដែលទទួលពិធីបរិសុទ្ធរបស់ព្រះអម្ចាស់ ហើយរក្សានូវសេចក្ដីសញ្ញាទាំងឡាយដែលជាប់ទាក់ទង « ដែលប្រើពាក្យសម្ដីសុភាពហើយស្អាងឡើង » (គ. និង ស. ៥២:១៦) សំដៅទៅលើមនុស្សដែលនិយាយរាបសារ ហើយលើកតម្កើង និងស្ថាបនាអ្នកដទៃ « ដែលញ័ររន្ធត់នៅក្រោមព្រះចេស្ដារបស់យើង » (គ. និង ស. ៥២:១៧) ពិពណ៌នាអំពីមនុស្សដែលមានអារម្មណ៍គារវភាពចំពោះព្រះចេស្ដានៃព្រះ « នឹងនាំផល » (គ. និង ស. ៥២:១៧) សំដៅទៅលើមនុស្សដែលបង្កើតសេចក្ដីល្អ ( ដូចជា « ការសរសើរ និងប្រាជ្ញា » ) ដោយធ្វើតាមវិវរណៈដែលព្រះបានប្រទានឲ្យ ។
សូមទុកពេលឲ្យសិស្សដែលជាដៃគូ ពិភាក្សាអំពីរបៀបដែលពួកគេនឹងសង្ខេបអំពីសេចក្ដីពិត ដែលបានបង្រៀននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:១៤-១៩ ។ បន្ទាប់ពីផ្ដល់ពេលវេលាគ្រប់គ្រាន់ហើយ សូមអញ្ជើញពួកគេឲ្យចែកចាយសេចក្ដីពិតដែលពួកគេបានពិពណ៌នា ។ សិស្សអាចនឹងផ្ដល់ចម្លើយផ្សេងៗគ្នា ប៉ុន្តែអ្នកអាចនឹងចង់គូសបញ្ជាក់គោលការណ៍ដូចខាងក្រោម ៖ ដើម្បីចៀសវាងពីការត្រូវបញ្ឆោតដោយសាតាំង មនុស្សម្នាក់នោះត្រូវតែគោរពតាមពិធីបរិសុទ្ធរបស់ព្រះអម្ចាស់ ហើយរស់នៅស្របតាមវិវរណៈទាំងឡាយដែលទ្រង់បានប្រទានឲ្យ ។
សូមរំឭកសិស្សថា នៅពេលព្រះអម្ចាស់បើកសម្ដែងគំរូនេះដើម្បីចៀសវាងពីការបោកបញ្ឆោត នោះទ្រង់កំពុងមានបន្ទូលទៅក្រុមអ្នកកាន់បព្វជិតភាពមួយក្រុម ដែលនឹងផ្សាយដំណឹងល្អដល់អ្នកដទៃ ។
-
ហេតុអ្វីអ្នកគិតថា វាសំខាន់ចំពោះអ្នកទាំងឡាយដែលបង្រៀនដំណឹងល្អដល់អ្នកដទៃ ដើម្បីធ្វើតាមគំរូដែលព្រះអម្ចាស់បានបើកសម្ដែងនៅក្នុងខគម្ពីរទាំងនេះ ? ( ដូច្នេះពួកគេអាចបង្រៀនដោយព្រះវិញ្ញាណ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:៣៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការណែនាំបន្ថែម ដែលព្រះអម្ចាស់បានប្រទានឲ្យនៅក្នុងវិវរណៈនេះ ។ សូមអញ្ជើញពួកគេឲ្យរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
-
តើព្រះអម្ចាស់ណែនាំពួកអែលឌើរនៃសាសនាចក្រឲ្យប្រកាសអ្វីខ្លះ ?
-
ហេតុអ្វីក៏យើងអាចមានទំនុកចិត្តទៅលើអ្នកដឹកនាំ ឬគ្រូបង្រៀនម្នាក់ដែលរស់នៅស្របតាមគំរូដែលព្រះអម្ចាស់បានចែងនៅក្នុង ខ ១៤-១៩ ហើយបង្រៀនតែអ្វីដែលពួកព្យាការី និងពួកសាវកបានបង្រៀនដូច្នេះ ?
អ្នកអាចនឹងផ្ដល់យោបល់ថា សិស្សពិចារណាអំពីរបៀបដែលសមាជិកនៃគណៈប្រធានទីមួយ ឬកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បង្ហាញពីគំរូនេះ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:៣៧-៤៤
ព្រះអម្ចាស់ប្រទានដំបូន្មានដល់ពួកអ្នកដឹកនាំដែលនឹងបន្ដនៅក្នុងរដ្ឋ អូហៃអូ
សូមពន្យល់ថា ខណៈដែលព្រះអម្ចាស់បានហៅពួកអ្នកកាន់បព្វជិតភាពពីជំនាន់មុនជាច្រើនឲ្យផ្សាយនៅតាមផ្លូវរបស់ពួកគេទៅរដ្ឋ មិសសួរី នោះមានពួកអែលឌើរខ្លះទៀតគឺត្រូវនៅក្នុងរដ្ឋ អូហៃអូ ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:៣៩-៤០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវការណែនាំ ដែលព្រះអម្ចាស់បានប្រទានដល់ពួកអែលឌើរ ដែលបន្ដរស់នៅក្នុងរដ្ឋ អូហៃអូ ។
-
តើទំនួលខុសត្រូវអ្វីខ្លះ ដែលព្រះអម្ចាស់បានប្រទានដល់ពួកអែលឌើរ ដែលបន្ដនៅក្នុងរដ្ឋ អូហៃអូ ?
-
តើអ្នកគិតថា « …នឹកដល់មនុស្សទាល់ក្រ និងទុគត៌ » មានន័យយ៉ាងណា ? ហេតុអ្វីក៏ការគ្រាន់តែគិតអំពីនរណាម្នាក់ដែលមានការខ្វះខាត វាពុំល្មមគ្រប់គ្រាន់ក្នុងការបំពេញតាមដំបូន្មានមកពីព្រះអម្ចាស់ដូច្នេះ ?
-
តើព្រះអម្ចាស់មានបន្ទូលអ្វីខ្លះ អំពីអ្នកទាំងឡាយដែលនឹងមិនបំពេញតាមទំនួលខុសត្រូវរបស់ពួកគេ ?
-
តើគោលការណ៍អ្វីខ្លះ ដែលយើងអាចរៀនមកពីខគម្ពីរទាំងនេះ អំពីការធ្វើជាសិស្សពិតរបស់ព្រះអម្ចាស់ ? ( ទោះជាសិស្សប្រើពាក្យផ្សេងៗ ក៏ពួកគេគួរប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖ ពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ មើលថែ និងថែទាំ ដល់អ្នកទាំងឡាយដែលក្រីក្រ ខ្វះខាត ឈឺ និងរងទុក្ខ ) ។
សូមឲ្យសិស្សគិតអំពីមនុស្សដែលពួកគេស្គាល់ ដែលពួកគេចាត់ទុកថាជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទនោះ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយអំពីរបៀបដែលមនុស្សម្នាក់ ដែលពួកគេបានគិត ចំពោះការមើលថែ និងថែទាំដល់អ្នកទាំងឡាយដែលខ្វះខាត ។ អ្នកអាចនឹងចង់សម្ដែងនូវការដឹងគុណ ដែលអ្នកមានចំពោះអ្នកទាំងឡាយដែលបានមើលថែ និងបានជួយអ្នកនៅក្នុងគ្រាខ្វះខាត ។