មេរៀនទី ៣
ការក្បត់សាសនាដ៏ធំ
បុព្វកថា
ព្រះយេស៊ូវគ្រីស្ទ បានស្ថាបនាសាសនាចក្ររបស់ទ្រង់ អំឡុងការបម្រើនៅលើផែនដីរបស់ទ្រង់ ។ « បន្ទាប់ពីការយាងឡើងទៅរបស់ព្រះគ្រីស្ទ ពួកសាវក បានបន្ដអនុវត្តកូនសោទាំងឡាយដែលទ្រង់បានបន្សល់ទុកនឹងពួកគេ ។ ប៉ុន្តែ ដោយសារការមិនគោរពប្រតិបត្តិ និងការបាត់បង់សេចក្ដីជំនឿរបស់សមាជិក នោះពួកសាវកបានស្លាប់ដោយមិនបានប្រគល់កូនសោឲ្យអ្នកស្នងនោះទេ ។ យើងហៅហេតុការណ៏នោះថាជាសោកនាដកម្ម ‹ ការក្បត់សាសនា › » ( ហិនរី ប៊ី អាវរិង« សាសនាចក្រពិត ហើយសកម្ម » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ២១ ) ។ ដោយសារតែការក្បត់សាសនានេះបានរីកសាយភាយ នោះព្រះអម្ចាស់បានដកសិទ្ធិអំណាចបព្វជិតភាពចេញពីមនុស្ស ។ ការយល់ដឹងអំពីការក្បត់សាសនាដ៏ធំ ជួយយើងយល់កាន់តែច្រើនអំពីតម្រូវការដើម្បីមានការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ នៅក្នុងថ្ងៃចុងក្រោយ ។
យោបល់សម្រាប់ការបង្រៀន
កំណត់ចំណាំ៖ ដោយសារមេរៀននេះ ផ្ដល់យោបល់ឲ្យប្រើវត្ថុ និងរូបភាពច្រើន ជាជំនួយក្នុងការបង្រៀន នោះអ្នកអាចនឹងចង់ប្រមូលវត្ថុមួយចំនួនមកទុកជាមុន ។ ទាំងនេះ រួមមាន វត្ថុខាងមេកានិចមួយចំនួន និងរូបភាពដូចខាងក្រោម ៖ព្រះគ្រីស្ទកំពុងតែងតាំងពួកសាវក (សៀវភៅសិល្បៈដំណឹងល្អ[ ឆ្នាំ ២០០៩ ] ទំព័រ ៣៨ សូមមើលផងដែរ LDS.org) យុវជនកំពុងទទួលបុណ្យជ្រមុជទឹក( លេខ ១០៣ )អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ( លេខ ១០៥ )ការប្រសិទ្ធពរនំបុ័ង និងទឹក ( លេខ ១០៧ ) និង គូស្វាមីភរិយាវ័យក្មេងទៅព្រះវិហារបរិសុទ្ធ( លេខ ១២០ ) ។
ព្រះយេស៊ូវគ្រីស្ទ បានស្ថាបនាសាសនាចក្ររបស់ទ្រង់ អំឡុងការបម្រើនៅលើផែនដីរបស់ទ្រង់
សូមនាំយកផ្នែកគ្រឿងម៉ាស៊ីន ដែលចាំបាច់សម្រាប់ម៉ាស៊ីនមួយ ឬជាចំណែកនៃឧបករណ៍ដើម្បីធ្វើការ ( ដូចជាខ្សែភ្លើងពីឧបករណ៍ប្រើប្រាស់ ឬកុំព្យូទ័រ ច្រវ៉ាក់ ឬសំបកកង់ ឬក្បាលប៊ុយស៊ីឡាន) ។ សូមបង្ហាញផ្នែកទាំងនោះដល់សិស្ស ហើយសួរពួកគេថា តើវាត្រូវនឹងផ្នែកណា ហើយវាមានមុខងារធ្វើអ្វី ។ ( បើអ្នកពុំមានគ្រឿងមេកានិចមួយទេ សូមគូសរូបនៅលើក្ដារខៀន ) ។
-
តើមានអ្វីកើតឡើង នៅពេលរបស់នេះបានបាត់ពីឧបករណ៍ ?
-
តើឧទាហរណ៍នេះអាចប្រៀបប្រដូចទៅនឹងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ? ( សាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ មានសមាសភាគសំខាន់ៗ បើគ្មាន សមាសភាគសំខាន់ៗទាំងនេះទេ វាពុំអាចដំណើរការ ឬមានវានោះឡើយ ) ។
សូមសិស្សឲ្យគិតអំពីផ្នែកនានាក្នុងសាសនាចក្រដែលសំខាន់ ដើម្បីឲ្យសាសនាចក្រមានដំណើរការនៃការផ្ដល់សេចក្ដីសង្គ្រោះដល់ពិភពលោក ។ សូមសរសេរក្បាលរឿង ធាតុសំខាន់ៗនៃសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ នៅលើក្ដារខៀន ។
សូមអញ្ជើញសិស្សឲ្យអាន អេភេសូរ ២:១៩-២២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម និងប្រាប់អំពីគ្រឹះដែលព្រះយេស៊ូវគ្រីស្ទបានស្ថាបនាសាសនាចក្ររបស់ទ្រង់ អំឡុងការបម្រើក្នុងជីវិតរមែងស្លាប់របស់ទ្រង់ ។ ( អ្នកអាចឲ្យលេខទំព័រដល់សិស្ស ដើម្បីជួយពួកគេរកខគម្ពីរក្នុងគម្ពីរសញ្ញាចាស់ ដែលពួកគេនឹងអានក្នុងមេរៀននេះ) ។ នៅពេលពួកគេរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញ សូមសរសេរសេចក្ដីពិតដូចខាងក្រោម នៅពីក្រោមក្បាលរឿង នៅលើក្ដារខៀន ៖ ពួកសាវក និងពួកព្យាការី ជាគ្រឹះនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យយោបល់ដល់សិស្សឲ្យគូសចំណាំឃ្លានៅក្នុងអេភេសូរ ២:២០ ដែលបង្រៀនពីសេចក្ដីពិតនេះ ។
-
តើហេតុអ្វីបានជាអ្នកគិតថា ពួកសាវក និងពួកព្យាការី ត្រូវបានចាត់ទុកជា « គ្រឹះ » នៃសាសនាចក្រដូច្នេះ ?
ដើម្បីជួយសិស្សស្គាល់ធាតុសំខាន់ដទៃទៀតនៃសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ សូមដាក់បង្ហាញរូបភាពព្រះគ្រីស្ទ កំពុងតែងតាំងពួកសាវក(សៀវភៅសិល្បៈដំណឹងល្អលេខ ៣៨ ) ។ សូមឲ្យសិស្សពិពណ៌នាអ្វីដែលបានកើតឡើងនៅក្នុងរូបភាពនោះ ។ បន្ទាប់មកអញ្ជើញសិស្សម្នាក់ឲ្យអាន ម៉ាកុស ៣:១៣-១៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់ធាតុនៃសាសនាចក្រដទៃទៀត ដែលវាសំខាន់ចំពោះសេចក្ដីសង្គ្រោះរបស់កូនចៅព្រះ ។ បន្ទាប់ពីសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ សូមសរសេរសេចក្ដីពិតដូចខាងក្រោមនៅលើក្ដារខៀន ៖ សិទ្ធិអំណាចបព្វជិតភាព គឺចាំបាច់ដើម្បីទទួលបានពិធីបរិសុទ្ធ និងសេចក្ដីសញ្ញានៃសេចក្ដីសង្គ្រោះ ។
សូមពន្យល់ថា មុនពេលព្រះអង្គសង្គ្រោះចាកចេញពីផែនដី នោះទ្រង់បានប្រទានដល់ពួកសាវករបស់ទ្រង់នូវសិទ្ធិអំណាចដើម្បីដឹកនាំសាសនាចក្រ និងធ្វើកិច្ចការក្នុងព្រះនាមរបស់ព្រះសម្រាប់សេចក្ដីសង្គ្រោះនៃកូនចៅរបស់ទ្រង់ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមឲ្យសិស្សក្នុងថ្នាក់ប្រាប់ពីធាតុសំខាន់ដទៃទៀតនៃសាសនាចក្រពិត ៖
« សេចក្ដីពិត និងគោលលទ្ធិ ដែលយើងបានទទួល បានមក ហើយនឹងបន្ដមានមក តាមរយៈវិវរណៈរបស់ព្រះ ។ នៅក្នុងទំនៀមទំលាប់ជំនឿមួយចំនួន…បញ្ហាខាងគោលលទ្ធិ អាចក្លាយជាការខ្វែងមតិយោបល់គ្នា ។ …ប៉ុន្តែ នៅក្នុងសាសនាចក្រសព្វថ្ងៃ ក៏ដូចជាជំនាន់បុរាណ ការស្ថាបនាគោលលទ្ធិនៃព្រះគ្រីស្ទ ឬការកែគំនិតភ័ន្ដច្រឡំខាងគោលលទ្ធិ គឺជារឿងមួយនៃវិវរណៈរបស់ព្រះចំពោះអ្នកទាំងឡាយណាដែលព្រះអម្ចាស់ បានប្រគល់ឲ្យនូវសិទ្ធិអំណាចជាសាវក» ( គោលលទ្ធិនៃព្រះគ្រីស្ទ »Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៨៦ ) ។
-
យោងតាមអែលឌើរ គ្រីស្តូហ្វឺសិន តើតួនាទីសំខាន់មួយរបស់ព្យាការី និងពួកសាវកគឺជាអ្វី ? ( សិស្សអាចប្រើពាក្យផ្សេងពីគ្នា ប៉ុន្តែត្រូវប្រាកដថា ពួកគេប្រាប់អំពីសេចក្ដីពិតដូចខាងក្រោម ៖ ពួកសាវក និងពួកព្យាការី ស្ថាបនាគោលលទ្ធិត្រឹមត្រូវតាមរយៈវិវរណៈរបស់ព្រះ ។ អ្នកអាចនឹងត្រូវការរំឭកដល់សិស្សថាគោលលទ្ធិ សំដៅទៅលើសេចក្ដីពិតជាគ្រឹះ និងអស់កល្បនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ សូមបន្ថែមសេចក្ដីពិតនេះទៅលើបញ្ជីនៅលើក្ដារខៀន ) ។
សូមបង្ហាញសិស្សនូវបញ្ជីគោលលទ្ធិគ្រឹះ ដែលបានរកឃើញនៅក្នុងសេចក្ដីបន្ថែមនៃសៀវភៅសិក្សានេះ ឬនៅក្នុងសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីរ ។ សូមពន្យល់ថាសិស្សថ្នាក់សិក្ខាសាលា ត្រូវបានលើកទឹកចិត្តដើម្បីទទួលបាននូវការយល់ដឹងកាន់តែជ្រៅជ្រះអំពីគោលលទ្ធិគ្រឹះ ក្នុងពេលសិក្សាថ្នាក់សិក្ខាសាលារបស់ពួកគេទាំងមូល ។ ការធ្វើដូច្នេះ នឹងជួយពួកគេពង្រឹងទីបន្ទាល់របស់ពួកគេ ហើយរៀបចំពួកគេដើម្បីបង្រៀនដំណឹងល្អដល់អ្នកដទៃ ។ សូមអញ្ជើញសិស្សឲ្យមើលគោលលទ្ធិទាំងនេះ អំឡុងពេលនៃការសិក្សារបស់ពួកគេអំពី គោលលទ្ធិ និង សេចក្ដីសញ្ញានាឆ្នាំនេះ ។
សូមអញ្ជើញសិស្សឲ្យជ្រើសរើសគោលលទ្ធិគ្រឹះមួយ ដែលមានអត្ថន័យចំពោះពួកគេ ហើយសួរពួកគេមួយចំនួនឲ្យពន្យល់ដោយសង្ខេបអំពីមូលហេតុដែលពួកគេជ្រើសរើសវា ។
-
ហេតុអ្វីក៏វាសំខាន់ថា គោលលទ្ធិពិត ត្រូវបានបង្រៀន ហើយត្រូវយល់ដឹងឲ្យបានត្រឹមត្រូវនៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ដូច្នេះ ? ( ពេលសិស្សឆ្លើយតប នោះអ្នកអាចចែកចាយសេចក្ដីថ្លែងដូចខាងក្រោមដោយប្រធាន ប៊យដ៍ ឃេ ផាកកឺ ជាប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់៖ « ពេលយល់គោលលទ្ធិពិត នោះវាផ្លាស់ប្ដូរអាកប្បកិរិយា និងអត្តចរិក » [« Little Children »Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ១៧ ) ។
ដើម្បីជួយសិស្សគិតអំពីធាតុសំខាន់ៗដទៃទៀតនៃសាសនាចក្ររបស់ព្រះអម្ចាស់ សូមបង្ហាញរូបភាព យុវជនកំពុងទទួលបុណ្យជ្រមុជទឹក(សៀវភៅសិល្បៈដំណឹងល្អលេខ ១០៣ )អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ( លេខ ១០៥ )ការប្រសិទ្ធពរនំបុ័ង និងទឹក ( លេខ ១០៧ ) និង គូស្វាមីភរិយាវ័យក្មេងកំពុងទៅព្រះវិហារបរិសុទ្ធ( លេខ ១២០ ) ។ សូមសួរសិស្សអំពីបុណ្យជ្រមុជទឹក ពិធីបញ្ជាក់ ពិធីប្រសិទ្ធពរនំបុ័ង និងទឹក និងការផ្សារភ្ជាប់ជាទូទៅ ។ ( ទាំងអស់នេះជាពិធីបរិសុទ្ធ ) ។
-
តើពិធីបរិសុទ្ធជាអ្វី ? ( ជាកិច្ចការដ៏ពិសិដ្ឋ និងជាផ្លូវការមួយ ដែលបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាព ) ។
-
ហេតុអ្វីក៏អ្នកគិតថា ពិធីបរិសុទ្ធនានា គឺជាផ្នែកសំខាន់មួយនៃសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ ? ( ដើម្បីជួយសិស្សឆ្លើយសំណួរនេះ អ្នកអាចអញ្ជើញពួកគេឲ្យអាន យ៉ូហាន ៣:៥ រួចហើយសួរពួកគេថាតើអ្វីនឹងកើតឡើង បើពួកគេគ្មានវិធីណាអាចជ្រមុជទឹកបាននោះ ។ សូមគូសបញ្ជាក់ថា រាល់ពិធីបរិសុទ្ធនៃការសង្គ្រោះទាំងអស់នៃបព្វជិតភាព គឺមានអមជាមួយនឹងសេចក្ដីសញ្ញា ដែលជាការព្រមព្រៀងដ៏ពិសិដ្ឋជាមួយព្រះ ) ។
សូមថ្លែងទីបន្ទាល់ថា នៅក្នុងសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ យើងអាចទទួលបានពិធីបរិសុទ្ធនានា ដែលចាំបាច់សម្រាប់សេចក្ដីសង្គ្រោះរបស់យើង ។ សូមបន្ថែមសេចក្ដីពិតនេះទៅលើបញ្ជីនៅលើក្ដារខៀន ) ។
សូមពន្យល់ថា បន្ទាប់ពីព្រះយេស៊ូវគ្រីស្ទសុគត នោះទ្រង់បានរស់ឡើងវិញ ហើយទ្រង់បានយាងឡើងទៅស្ថានសួគ៌ ។ ទ្រង់ឈប់មានវត្តមានជារូបកាយសាច់ឈាម ដើម្បីដឹកនាំសាសនាចក្រនៅលើផែនដីទៀតហើយ ។ ទោះជាទ្រង់ពុំមានវត្តមានជារូបកាយសាច់ឈាមនៅលើផែនដីក្ដី ក៏ព្រះយេស៊ូវគ្រីស្ទ ដឹកនាំ និងណែនាំដល់ពួកសាវករបស់ទ្រង់ តាមរយៈវិវរណដែរ ។ នៅក្រោមការដឹកនាំរបស់ពួកសាវកទ្រង់ នោះសាសនាចក្រពីបុរាណ បានរីកសាយយ៉ាងឆាប់ ហើយមានមនុស្សរាប់ពាន់នាក់បានទទួលបុណ្យជ្រមុជទឹក ។ ក្រុមជំនុំពួកបរិសុទ្ធ ភាគច្រើនត្រូវបានបង្កើតឡើងនៅអណាចក្ររ៉ូម ។ អែលឌើរ ប៊ីស្សព ឌីកុន សង្ឃ គ្រូ និងគ្រូផ្សាយដំណឹងល្អ ( អយ្យកោ ) ត្រូវបានហៅ និងផ្ដល់សិទ្ធិអំណាចបព្វជិតភាពដោយពួកសាវក ។
ការក្បត់សាសនាដ៏ធំ បានកើតឡើង អំឡុងជាច្រើនសតវត្សន៍ បន្ទាប់ពីការបម្រើក្នុងជីវិតរមែងស្លាប់របស់ព្រះអម្ចាស់
សូមសរសេរសេចក្ដីពិតដូចខាងក្រោមនៅលើក្ដារខៀន ៖ ការក្បត់សាសនា កើតឡើងនៅពេលមនុស្សងាកចេញពីគោលលទ្ធិពិតនៃដំណឹងល្អ ហើយបដិសេធពួកអ្នកបម្រើដែលមានសិទ្ធិអំណាចរបស់ព្រះអម្ចាស់ ។
សូមពន្យល់ថា គ្រានៃការក្បត់សាសនាទូទៅ បានកើតឡើងនៅពេញទាំងប្រវត្តិសាសនានៃពិភពលោក ។ ឧទាហរណ៍មួយនៃការក្បត់សាសនាដ៏ធំ ដែលបានកើតឡើងបន្ទាប់ពីព្រះអង្គសង្គ្រោះបានស្ថាបនាសាសនាចក្ររបស់ទ្រង់ (សូមមើល ថែស្សាឡូនិចទី ២ ២:១–៣) ។ បន្ទាប់ពីការស្លាប់នៃពួកសាវករបស់ព្រះអង្គសង្រ្គោះ នោះគោលការណ៍ទាំងឡាយនៃដំណឹងល្អត្រូវបានខូចបង់ ហើយនឹងមានការផ្លាស់ប្តូរដែលមិនមានការអនុញ្ញាតកើតឡើងនៅក្នុងអង្គការសាសនាចក្រ និង ពិធីបរិសុទ្ធទាំងឡាយនៃបព្វជិតភាព ។ ( សូមមើល ពិតចំពោះសេចក្ដីជំនឿ៖ ឯកសារយោងនៃដំណឹងល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ១៣-១៤ ) ។
សូមសរសេរសេចក្ដីយោងបទគម្ពីរដូចខាងក្រោមនៅលើក្ដារខៀន ៖ កិច្ចការ ១២:១-៣;ធីម៉ូថេទី ២ ៤:៣-៤;ពេត្រុសទី ២ ២:១-២។
សូមពន្យល់ថា ក្រៅពីកិច្ចខិតខំរបស់ពួកសាវក នោះសាសនាចក្រជំនាន់មុន បានជួបនឹងការគំរាមគំហែង ។ សូមបែងចែកសិស្សក្នុងថ្នាក់ជាបីក្រុម ។ សូមអញ្ជើញក្រុមនីមួយៗឲ្យសិក្សាវគ្គបទគម្ពីរមួយនៅលើក្ដារខៀន ដោយស្វែងរកអ្វីមួយ ដែលបានគំរាមគំហែងសាសនាចក្រ ។ ( សម្រាប់អ្នកទាំងឡាយដែលកំពុងអានកិច្ចការ ១២:១-៣ នោះអ្នកអាចចាំបាច់ត្រូវបញ្ជាក់ថា យ៉ាកុប និង ពេត្រុស គឺជាពួកសាវក ) ។ បន្ទាប់ពីផ្តល់ពេលឲ្យគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សម្នាក់មកពីក្រុមនីមួយៗ រាយការណ៍នូវអ្វីដែលក្រុមបានរកឃើញ ។
-
ហេតុអ្វីអ្នកគិតថា ការគំរាមគំហែងទាំងនេះ គ្រោះថ្នាក់ខ្លាំងចំពោះសាសនាចក្រ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងដូចខាងក្រោម ដោយប្រធាន ប៊យដ៍ ឃេ ផាកកឺ ជាប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលថ្លែងអំពីការបាត់បង់ដ៏ធំនូវសក្ខីបទថ្មី ដែលសាសនាចក្របានជួបអំឡុងគ្រានេះថា ៖
« យ៉ាកុបត្រូវបានសម្លាប់នៅក្រុងយេរ៉ូសាឡិមដោយស្ដេចហេរ៉ូឌ ។ ពេត្រុស និង ប៉ុល ស្លាប់នៅក្រុងរ៉ូម ។ ទំនៀមទំលាប់បានប្រាប់ថា ភីលីព បានចេញទៅភាគខាងកើត ។ មានរឿងជាច្រើនទៀតដែលយើងពុំដឹង ។
« ពួកលោកបានបំបែកគ្នា ពួកលោកបានបង្រៀន ថ្លែងទីបន្ទាល់ ហើយបានស្ថាបនាសាសនាចក្រឡើង ។ ហើយពួកគេបានស្លាប់ដើម្បីជំនឿរបស់ពួកគេ ហើយដោយការស្លាប់របស់ពួកគេ នោះកើតមាននូវភាពងងឹតនៃការក្បត់សាសនាជាច្រើនសតវត្សន៍ » (ពួកដប់ពីរនាក់ » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៨៤ ) ។
សូមអញ្ជើញសិស្សម្នាក់ទៀតឲ្យបន្ដអានការពន្យល់របស់ប្រធានផាកកឺ អំពីការបាត់បង់ដ៏ធំបំផុត នាំឲ្យមានការក្បត់សាសនាដ៏ធំ ៖
« របស់ដ៏មានតម្លៃបំផុតដែលបានបាត់បង់នៅក្នុងការក្បត់សាសនា គឺសិទ្ធិអំណាចដែលពួកសាវកកាន់--គឺកូនសោបព្វជិតភាព ។ ដើម្បីឲ្យសាសនាចក្រនេះ ជាសាសនាចក្ររបស់ទ្រង់ សាសនាចក្រនេះត្រូវតែមានកូរ៉ូមមួយនៃពួកសាវកដប់ពីរនាក់ ដែលកាន់កូនសោទាំងឡាយនៃបព្វជិតភាព ហើយប្រគល់វាទៅដល់មនុស្សដទៃទៀត » (« The Twelves » ទំព័រ ៨៤ ) ។
-
តើការបាត់បង់សិទ្ធិអំណាចបព្វជិតភាព នឹងជះឥទ្ធិពលដល់ធាតុសំខាន់ៗដទៃទៀតនៃសាសនាចក្រយ៉ាងដូចម្ដេច ?
-
តើមានវិធីណា ដែលមនុស្សអាចជួសជុលសាសនាចក្រ ដោយគ្មានពួកសាវក និងពួកព្យាការី សិទ្ធិអំណាចបព្វជិតភាព ឬចំណេះដឹងត្រឹមត្រូវអំពីគោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទឬទេ ? ហេតុអ្វីយល់ស្រប ឬ ហេតុអ្វីមិនយល់ស្រប ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ផាកកឺ ៖
« នៅពេលជាច្រើនសតវត្សន៍បានកន្លងផុតទៅ នោះអណ្ដាតភ្លើងនៃគោលលទ្ធិ បានភ្លឺព្រឹមៗ ហើយស្រអាប់ងងឹតទៅ ។ ពិធីបរិសុទ្ធនានា ត្រូវបានផ្លាស់ប្ដូរ ឬបោះបង់ចោល ។ ខ្សែតំណត្រូវបានផ្ដាច់ ហើយសិទ្ធិអំណាចដើម្បីប្រគល់ព្រះវិញ្ញាណបរិសុទ្ធ ដែលជាអំណោយទានមួយត្រូវបានបាត់ ។ យុគសម័យដ៏ខ្មៅងងឹតនៃការក្បត់សាសនា បានរីកសាយពេញលើពិភពលោក » (« The Cloven Tongues of Fire » Ensign ខែ ឧសភា ឆ្នាំ ២០០២,ទំព័រ ៨ ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដើម្បីយល់អំពី ការក្បត់សាសនាដ៏ធំ និងផលវិបាករបស់វាដូច្នេះ ? (ទោះជាសិស្សអាចប្រាប់ពីមូលហេតុផ្សេងៗក្ដី សូមគូសបញ្ជាក់ថា ការយល់ដឹងអំពី ការធ្លាក់ចុះដ៏ធំនេះ ជួយយើងដឹងថា ការស្ដារឡើងវិញនៃគោលលទ្ធិ និងសិទ្ធិអំណាចរបស់ព្រះយេស៊ូវគ្រីស្ទ គឺចាំបាច់ដើម្បីយកឈ្នះលើឥទ្ធិពលនៃការក្បត់សាសនាដ៏ធំ ) ។
សូមពន្យល់ថា ទោះជាវានឹងពុំមានការក្បត់សាសនាពីសេចក្ដីពិតជាទូទៅមួយទៀតក្ដី ក៏យើងម្នាក់ៗ ត្រូវតែការពារទប់ទល់នឹងការក្បត់សាសនាផ្ទាល់ខ្លួន តាមរយៈការរក្សាសេចក្ដីសញ្ញា ការគោរពព្រះបញ្ញត្តិ ការធ្វើតាមអ្នកដឹកនាំសាសនាចក្រ ការទទួលទានសាក្រាម៉ង់ និងការពង្រឹងទីបន្ទាល់របស់យើងដោយខ្ជាប់ខ្ជួន តាមរយៈការសិក្សាព្រះគម្ពីរ ការអធិស្ឋាន និងការបម្រើ ( សូមមើល ពិតចំពោះសេចក្ដីជំនឿទំព័រ ១៣-១៤) ។ សូមបញ្ចប់ដោយការថ្លែងទីបន្ទាល់អំពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ចំពោះ កូនចៅរបស់ទ្រង់ ភាពពិតនៃការក្បត់សាសនាដ៏ធំ និងអំណោយទានដ៏មហិមានៃការស្ដារឡើងវិញនៃដំណឹងល្អ ។