មេរៀនទី១៥
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ១:៦៦-៦៧; គោលលទ្ធិ និង សេចក្ដីសញ្ញា ៦-៧
បុព្វកថា
នៅដើមនិទារឃរដូវ ឆ្នាំ១៨២៩ ព្យាការីយ៉ូសែប ស្ម៊ីធ បានទទួលអារម្មណ៍ជម្រុញមួយយ៉ាងខ្លាំងអំពីការបកប្រែនៃព្រះគម្ពីរមរមន ។ លោកបានឃើញថា ពេលវេលារបស់លោកដើម្បីធ្វើការបកប្រែគឺមានពេលកំណត់យ៉ាងខ្លាំង ដោយសារលោកចាំបាច់ត្រូវធ្វើការដើម្បីផ្គត់ផ្គង់ដល់គ្រួសាររបស់លោក ។ បងប្រុសរបស់ អិមម៉ា និង យ៉ូសែប ឈ្មោះ សាំយូអែល បានជួយធ្វើជាស្មៀនប៉ុន្តែពួកគេពុំអាចសរសេរឲ្យលោកពេញម៉ោងទេ ។ យ៉ូសែបបានមានផ្ទាំងចំណារអស់រយៈពេលច្រើនជាងមួយឆ្នាំកន្លះ ព្រមជាមួយនឹងការបាត់ឯកសារសរសេរដោយដៃចំនួន ១១៦ ទំព័រ នោះលោកមានតែពីរបីទំព័រប៉ុណ្ណោះនៃឯកសារដែលបានបកប្រែហើយនោះ ។ យ៉ូសែបបានអធិស្ឋានទូលសូមព្រះអម្ចាស់ឲ្យបញ្ជូននរណាម្នាក់ដែលអាចជួយលោកនៅក្នុងកិច្ចការបកប្រែ ។ ក្នុងការឆ្លើយតបចំពោះការអធិស្ឋានរបស់យ៉ូសែប នោះព្រះអម្ចាស់បានបញ្ជូនអូលីវើរ ខៅឌើរី ឲ្យមកធ្វើជាស្មៀន ។
វិវរណៈនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦ និង ៧ ត្រូវបានផ្ដល់ឲ្យមិនយូរប៉ុន្មានបន្ទាប់ពីការមកដល់របស់ អូលីវើរ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦ មាននូវការប្រឹក្សាដល់អូលីវើរ ស្ដីអំពីតួនាទីរបស់លោក នៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧ មាននូវកំណែថ្មីនៃការសរសេរមួយចំនួនដែលបានបកប្រែរួចដោយ យ៉ូហាន ដែលបង្រៀនថា ព្រះអម្ចាស់ បានប្រទានតាមបំណងរបស់ យ៉ូហាន ជាសិស្សដ៏ជាទីស្រឡាញ់ ដែលចង់នៅរស់ និងនាំព្រលឹងជាច្រើនមកកាន់ព្រះយេស៊ូវគ្រីស្ទ រហូតដល់ការយាងមកជាលើកទីពីរ ។
យោបល់សម្រាប់ការបង្រៀន
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ១:៦៦-៦៧; គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:១–៩ ។
អូលីវើរ ខៅឌើរី បានក្លាយជាស្មៀនរបស់ យ៉ូសែប ស៊្មីធ
សូមគូររូប អំពូលភ្លើង និង ព្រះអាទិត្យរះ នៅលើក្ដារខៀន ។
-
តើការបើកអំពូលភ្លើងឲ្យភ្លឺ ខុសគ្នាពីការមើលព្រះអាទិត្យរះយ៉ាងដូចម្ដេច ? ( សិស្សអាចនឹងផ្ដល់យោបល់ផ្សេងៗគ្នាជាច្រើន ប៉ុន្តែសូមចង្អុលបង្ហាញថា មួយ អ្នកមើលឃើញពន្លឺភ្លាមៗ ហើយមួយទៀត អ្នកមើលឃើញវាបន្ដិចម្ដងៗ ) ។
សូមពន្យល់ថា អែលឌើរ ដាវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានប្រើភាពស្រដៀងគ្នាដើម្បីបង្រៀនអំពីវិវរណៈផ្ទាល់ខ្លួន ។ លោកបានបង្រៀនថា ពេលខ្លះវិវរណៈកើតឡើង « ភ្លាមៗ ទាំងស្រុង និងតែម្ដងក្នុងពេលតែមួយ [ ដូចជាការបើកភ្លើងនៅក្នុងបន្ទប់ងងឹតដូច្នោះដែរ ] ។ …[ ប៉ុន្ដែ ] ជាញឹកញាប់បំផុត វិវរណៈកើតមានមកច្រើនឡើងៗតាមពេលវេលា » ( The Spirit of Revelation, » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១១,ទំព័រ ៨៨ ) ។ សូមអញ្ជើញសិស្សឲ្យពិចារណាអំពីគ្រានានាដែលព្រះអម្ចាស់បានឆ្លើយតបការអធិស្ឋានរបស់ពួកគេភ្លាមៗ និងគ្រាដែលទ្រង់បានឆ្លើយដោយសន្សឹមៗ ។ នៅពេលពួកគេសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៦ នៅថ្ងៃនេះ សូមលើកទឹកចិត្តពួកគេឲ្យរកមើលសេចក្ដីពិត ដែលនឹងជួយពួកគេឲ្យស្គាល់ថា ពេលណាព្រះកំពុងប្រទានវិវរណៈដល់ពួកគេ ។
ដើម្បីជួយសិស្សយល់អំពីបរិបទជាប្រវត្តិសាស្ត្រសម្រាប់វិវរណៈនេះ សូមអញ្ជើញសិស្សឲ្យអានឮៗនូវកថាកណ្ឌទីមួយនៃបុព្វកថាមេរៀននេះ ។ បន្ទាប់មកអញ្ជើញសិស្សទាំងអស់ឲ្យអាន យ៉ូសែប ស្ម៊ីធ --ប្រវត្តិ១:៦៦–៦៧ ដោយស្ងៀមស្ងាត់ ហើយប្រាប់ពីរបៀបដែលព្រះវរបិតាសួគ៌ បានជួយយ៉ូសែប នៅក្នុងកិច្ចខិតខំរបស់លោកដើម្បីបកប្រែកាន់តែឆាប់ដោយរបៀបណា ។
-
តើព្រះអម្ចាស់បានធ្វើអ្វីខ្លះ នៅក្នុងការឆ្លើយតបចំពោះការទូលអង្វររបស់ យ៉ូសែប សូមមនុស្សម្នាក់មកជួយដល់ការបកប្រែរបស់លោកនោះ ?
បន្ទាប់ពីសិស្សរាយការណ៍នូវអ្វីដែលពួកគេបានរកឃើញ សូមពន្យល់ថា អូលីវើរ ខៅឌើរី បានមកពី ប៉ាលម៉ៃរ៉ា រដ្ឋ នូវ យ៉ោក មានចម្ងាយជាង ២២៥ គីឡូម៉ែត្រ ដើម្បីមកជួបនឹងយ៉ូសែប នៅភូមិ ហាម៉ូនី រដ្ឋ ផែនសិលវេញ៉ា ( សូមមើល ផែនទីប្រវត្តិសាស្ត្រសាសនាចក្រ ផែនទី ទី១ « សហរដ្ឋប៉ែកឦសាន » ) ហើយថាលោកបានមកដល់នៅពីរបីថ្ងៃក្រោយពេល យ៉ូសែប បានអធិស្ឋានសុំជំនួយ ។
សូមពន្យល់ថា នៅមិនយូរប៉ុន្មានបន្ទាប់ពី អូលីវើរបានធ្វើជាស្មៀនរបស់យ៉ូសែប នោះយ៉ូសែប បានទទួលវវិរណៈមួយដែលព្រះអម្ចាស់មានបន្ទូលទៅអូលីវើរ ។ វិវរណៈនេះបានថ្លែងពីបំណងរបស់អូលីវើរ ហើយជាក់ស្ដែងបានឆ្លើយសំណួរ ដែលគាត់បានអធិស្ឋានប៉ុន្តែពុំបានបង្ហាញប្រាប់ដល់យ៉ូសែប ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:៥–៦, ៨ដោយស្ងៀមស្ងាត់ ហើយរកមើលការបង្ហាញដែលព្រះអម្ចាស់ បានដឹងពីបំណងប្រាថ្នារបស់អូលីវើរ ។
-
តើខគម្ពីរទាំងនេះ និងកិច្ចកិតខំរបស់អូលីវើរ ដើម្បីធ្វើដំណើរ ២២៥ គីឡូម៉ែត្រមកជួយយ៉ូសែប ស្ម៊ីធ ប្រាប់យើងអំពី អូលីវើរយ៉ាងណាខ្លះ ?
កំណត់ចំណាំ ៖ ខ១-៩ ត្រូវបានកើតមានម្ដងទៀតនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា១១ ជាវិវរណៈមួយដែលនិយាយចំៗទៅហៃរ៉ុម ស្ម៊ីធ ហើយនឹងពិភាក្សាបន្ថែមនៅក្នុងមេរៀននោះ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:១០–២៤
ព្រះអម្ចាស់ អះអាងដល់អូលីវើរ ខៅឌើរី អំពីសេចក្ដីពិតពេញលេញនៃកិច្ចការនោះ
សូមឲ្យសិស្សពិចារណាពីសំណួរខាងក្រោម ៖
-
តើអ្នកធ្លាប់បានទទួលចម្លើយមួយមកពីព្រះ ហើយក្រោយមកជួបនឹងកង្វល់ ឬការច្របូកច្របល់អំពីចម្លើយនោះឬទេ ? ( សូមឲ្យសិស្សពីរបីនាក់ចែកចាយបទពិសោធន៍របស់គេ ។ អ្នកក៏អាចចែកចាយពីបទពិសោធន៍មួយរបស់អ្នកផ្ទាល់ផងដែរ ។ សូមរំឮកសិស្សថា បទពិសោធន៍មួយចំនួន គឺពិសិដ្ឋ ឬផ្ទាល់ខ្លួនណាស់ ពុំគួរចែកចាយទេ ) ។
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:១០–១៣ ដោយការពន្យល់ថា ព្រះអម្ចាស់ បានប្រាប់ដល់អូលីវើរ ខៅឌើរី ថា អូលីវើរ មានអំណោយទានមួយនៃវិវរណៈ ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:១៤–១៧, ២០ដោយស្ងៀមស្ងាត់ រកមើលអ្វីដែលព្រះអម្ចាស់ បានបង្រៀនដល់អូលីវើរ អំពីការទទួល និងការស្គាល់វិវរណៈ ។
-
តើសេចក្ដីពិតអ្វី ដែលព្រះអម្ចាស់បង្រៀនដល់ អូលីវើរ អំពីការទទួល និងការស្គាល់វិវរណៈនោះ ?
សិស្សអាចប្រាប់នូវគោលការណ៍ដូចខាងក្រោម ។ អ្នកអាចសរសេរវានៅលើក្ដារខៀន នៅពេលសិស្សប្រាប់ ។ អ្នកក៏អាចឲ្យយោបល់ដល់សិស្សឲ្យគូសចំណាំឃ្លា ដែលមានអត្ថន័យចំពោះពួកគេនៅក្នុងខគម្ពីរទាំងនេះផងដែរ ។
នៅពេលយើងស្វែងរកចម្លើយមកពីព្រះវរបិតាសួគ៌ នោះទ្រង់នឹងប្រទានដល់យើងនូវការណែនាំ ។
ព្រះអម្ចាស់ នឹងបំភ្លឺគំនិតរបស់យើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
ព្រះដឹងពីគំនិត និងបំណងនៃដួងចិត្តរបស់យើង ។
នៅពេលយើងបានទទួលវិវរណៈ នោះយើងគួរតែរក្សាវាទុកនៅក្នុងដួងចិត្តរបស់យើង ។
-
ហេតុអ្វីក៏វាសំខាន់សម្រាប់យើង ដើម្បីដឹងថា ព្រះអម្ចាស់ស្ដាប់ឮ និងឆ្លើយតបចំពោះការអធិស្ឋានរបស់យើង ?
-
តើអ្នកគិតថា វាមានន័យយ៉ាងណា ដែលថា ព្រះអម្ចាស់ នឹង « បំភ្លឺ » ដល់គំនិតរបស់យើងនោះ ? ( អ្នកអាចពន្យល់ថា តាមរយៈព្រះវិញ្ញាណបរិសុទ្ធ នោះព្រះអម្ចាស់ នឹងប្រទានគំនិត និងការយល់ដឹងមកដល់យើង ) ។
-
ហេតុអ្វីក៏វាសំខាន់ដើម្បីដឹងថា មានតែព្រះប៉ុណ្ណោះដែលដឹងពីគំនិត និងបំណងប្រាថ្នានៃដួងចិត្តរបស់យើង ?
-
តើអ្នកគិតថា វាមានន័យយ៉ាងណា ដើម្បី « រក្សា » ព្រះបន្ទូលរបស់ព្រះអម្ចាស់នោះ ? ( ដើម្បីសិក្សា ពិចារណា និងធ្វើនូវរឿងទាំងឡាយដែលព្រះអម្ចាស់បើកសម្ដែង និងមានទំនុកចិត្តទៅលើវិវរណៈដែលយើងបានទទួល ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:២១–២៤ ឲ្យឮៗ ហើយសុំសិស្សឲ្យស្វែងរករបៀបផ្សេងទៀតដែលព្រះអម្ចាស់បានទំនាក់ទំនងនឹងយើង ។
-
តើយើងអាចរៀនមកពីខទាំងនេះអ្វីខ្លះ អំពីរបៀបផ្សេងទៀតដែលព្រះអម្ចាស់មានបន្ទូលមកកាន់យើងនោះ ? ( ព្រះអម្ចាស់ មានបន្ទូលនូវភាពសុខសាន្ដដល់គំនិតយើង ជាសាក្សីមួយអំពីសេចក្ដីពិត ។ អ្នកអាចនឹងចង់ឲ្យយោបល់សិស្សគូសចំណាំឃ្លា « ភាពសុខសាន្ដដល់គំនិតរបស់អ្នក » [ គ. និង ស. ៦:២៣ ] ) ។
-
ចេញមកពីបទពិសោធន៍របស់អ្នក តើអ្នកមានអារម្មណ៍យ៉ាងណា ដែលព្រះអម្ចាស់មានបន្ទូលពីសេចក្ដីសុខសាន្ដកើតមានក្នុងគំនិតយើងនោះ ?
ដើម្បីជួយសិស្សឲ្យកាន់តែយល់អំពីរបៀបដែលវិវរណៈមានមកកាន់ពួកគេ សូមចង្អុលបង្ហាញថា ការទទួលស្គាល់ពេលដែលព្រះអម្ចាស់កំពុងមានបន្ទូលមកកាន់យើង ពេលខ្លះអាចមានការលំបាក សូមពន្យល់ថា អែលឌើរ បែដណា បានប្រាប់ពីភាពស្រដៀងគ្នានៃព្រះអាទិត្យរះទៅដល់កម្រិតមួយទៀត ដើម្បីបញ្ជាក់បន្ថែមឲ្យច្បាស់ អំពីរបៀបទំនាក់ទំនងមកពីព្រះដែលកើតមានជាញឹកញាប់នោះ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមឲ្យឮៗ ៖
« ពេលខ្លះ ព្រះអាទិត្យរះនៅពេលព្រឹកមួយ ដែលមានពពកច្រើន ឬចុះអ័ព្ទ ។ ដោយសារតែអាកាសធាតុមិនល្អ ការទទួលបានពន្លឺគឺមានភាពលំបាកជាង ហើយការប្រាប់ដោយត្រឹមត្រូវអំពីពេលដែលព្រះអាទិត្យរះលើមេឃ គឺពុំអាចធ្វើទៅបានទេ ។
« ស្រដៀងគ្នានឹងនេះដែរ ភាគច្រើនយើងទទួលបានវិវរណៈដោយពុំបានដឹងពីរបៀប ឬ ពេលវេលាដែលយើងទទួលបានវិវរណៈនោះទេ » ( « The Spirit of Revelation, » ទំព័រ ៨៩ ) ។
-
តើពេលខ្លះយើងមើលរំលង ឬបដិសេធចម្លើយរបស់ព្រះអម្ចាស់ចំពោះការអធិស្ឋានរបស់យើងយ៉ាងដូចម្ដេច ?
-
តើអ្នកនឹងផ្ដល់ឱវាទអ្វីខ្លះ ដល់នរណាម្នាក់ដែលចង់រៀនឲ្យស្គាល់ថា ពេលណាព្រះអម្ចាស់កំពុងមានបន្ទូលទៅកាន់ពួកគេឲ្យបានកាន់តែប្រសើរនោះ ?
សូមពន្យល់ថា វាពុំមានទេ រហូតទាល់តែបន្ទាប់ពីវិវរណៈនេះ ត្រូវបានទទួល ដែលអូលីវើរ បានប្រាប់យ៉ូសែប អំពី « យប់ » ដែលព្រះអម្ចាស់បានសំដៅទៅ នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦:២២ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាននូវអ្វីដែលព្យាការី យ៉ូសែប បានរៀនបន្ទាប់ពីការទទួលវិវរណៈនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦ ៖
« បន្ទាប់ពីយើងបានទទួលវិវរណៈនេះ អូលីវើរ ខៅឌើរី បានថ្លែងមកកាន់ខ្ញុំថា បន្ទាប់ពីគាត់បានទៅរកឪពុកខ្ញុំដើម្បីរស់នៅក្នុងផ្ទះរបស់គាត់ បន្ទាប់មក គ្រួសារខ្ញុំ បានទំនាក់ទំនងនឹងគាត់អំពីខ្ញុំដែលមានផ្ទាំងចំណារ ហើយនៅយប់មួយបន្ទាប់ពីគាត់ចូលដេកនៅលើគ្រែ គាត់បានអធិស្ឋានទៅព្រះអម្ចាស់ដើម្បីដឹង បើរឿងទាំងនេះ គឺពិតដូច្នោះមែន រួចព្រះអម្ចាស់បានបង្ហាញដល់គាត់ថា វាពិតមែន ប៉ុន្តែគាត់បានទុករឿងនោះជាសម្ងាត់បំផុត ហើយពុំបា្រប់ទៅនរណាម្នាក់ទេ ដូច្នេះបន្ទាប់ពីវិវរណៈនេះត្រូវបានប្រទានឲ្យ នោះគាត់បានដឹងថា កិច្ចការនេះគឺពិតមែន ដោយសារគ្មានមនុស្សណា បានដឹងអំពីរឿងដែលបានប្រាប់នៅក្នុងវិវរណៈទេ ក្រៅពីព្រះ និងខ្លួនគាត់ផ្ទាល់ប៉ុណ្ណោះ » ( History of the Church១:៣៥ ) ។
ចួរអញ្ជើញសិស្សឲ្យនឹកគិតពីគ្រាដែលព្រះបានបំភ្លឺគំនិតរបស់ពួកគេ ឬផ្ដល់ភាពសុខសាន្ដដល់ពួកគេ ។ សូមពិចារណាពីការអញ្ជើញពួកគេឲ្យសរសេរទុកពីការចងចាំមួយចំនួនទាំងនេះ ។ សូមលើកទឹកចិត្តពួកគេឲ្យទុកចិត្តទៅលើវិវរណៈផ្ទាល់ខ្លួន កាលដែលពួកគេបានទទួលកាលពីអតីតកាលមកនោះ ។ សូមពន្យល់ថា នៅមេរៀនពីរក្រោយទៀត នឹងជួយពួកគេរៀនស្គាល់អំពីចម្លើយចំពោះការអធិស្ឋានរបស់ពួកគេ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:២៥–៣៧
ព្រះអម្ចាស់ បានប្រឹក្សាដល់យ៉ូសែប និងអូលីវើរ ឲ្យបកប្រែ ហើយកុំសង្ស័យ ឬខ្លាចឡើយ
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:២៥–៣១ ដោយពន្យល់ថា ព្រះអម្ចាស់ បានប្រាប់ដល់អូលីវើរថា បើលោកមានបំណង នោះលោកអាចមានអំណោយទាននៃការបកប្រែ ហើយឈរជាមួយយ៉ូសែប ធ្វើជាសាក្សីទីពីរអំពីព្រះគម្ពីរមរមន ។
-
បើអ្នកជាអូលីវើរវិញ តើអ្នកនឹងមានអារម្មណ៍យ៉ាងណា ពេលអ្នកបានឮពីការទទួលខុសត្រូវ ដែលព្រះអម្ចាស់ដាក់មកលើអ្នកដូច្នេះ ?
សូមឲ្យសិស្សគិតអំពីគ្រានានា ពេលពួកគេមានអារម្មណ៍សង្ស័យ ឬភ័យខ្លាចអំពីអ្វីដែលព្រះអម្ចាស់ចង់ឲ្យពួកគេធ្វើ ។ សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:៣២–៣៧ ដោយស្ងៀមស្ងាត់ ហើយរកមើលរបៀបដែលព្រះអម្ចាស់បានទូន្មានដល់យ៉ូសែប និងអូលីវើរ ឲ្យយកឈ្នះលើការសង្ស័យ និងការភ័យខ្លាច ពេលពួកលោកបន្តធ្វើកិច្ចការរបស់ទ្រង់ ។
-
តើសេចក្ដីពិត ឬគោលការណ៍អ្វីខ្លះ ចេញមកពីការប្រឹក្សានេះ ដែលយើងអាចអនុវត្តនៅក្នុងជីវិតបាន ? ( សិស្សអាចផ្ដល់យោបល់អំពីគោលការណ៍ផ្សេងៗ ប៉ុន្តែត្រូវប្រាកដគូសចំណាំថា នៅពេលយើងមើលទៅព្រះយេស៊ូវគ្រីស្ទ នោះយើងអាចយកឈ្នះលើការសង្ស័យ និងភាពភ័យខ្លាច ) ។
-
តើគំរូមួយចំនួនអំពីរបៀបដែលមនុស្សម្នាក់ អាចមើលទៅព្រះគ្រីស្ទនៅគ្រប់គំនិតមានអ្វីខ្លះ ?
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយបទពិសោធន៍ដែលពួកគេមាន នៅពេលចំណេះដឹងរបស់ពួកគេអំពីព្រះអង្គសង្គ្រោះ បានជួយពួកគេយកឈ្នះលើការសង្ស័យ ឬភាពភ័យខ្លាច ។ អ្នកក៏អាចចង់ចែកចាយពីបទពិសោធន៍មួយរបស់អ្នកដែរ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៧
យ៉ូហានជាទីស្រឡាញ់ ត្រូវបានសន្យាថា លោកនឹងរស់នៅ ហើយនាំព្រលឹងជាច្រើនមកកាន់ព្រះគ្រីស្ទ រហូតដល់ការយាងមកជាលើកទីពីរ
កំណត់ចំណាំ ៖ គ្មានអ្វីត្រូវបានបើកបង្ហាញអំពីកិច្ចការបម្រើដ៏ជាក់លាក់របស់យ៉ូហាន ជាតួអង្គប្រែរូបនោះទេ ។ សូមកុំប៉ាន់ស្មានអំពីកន្លែង ឬកិច្ចការសម្រេចរបស់យ៉ូហាននោះឡើយ ។
សូមពន្យល់ថា ពេលមួយ នៅអំឡុងខែមេសា ឆ្នាំ១៨២៩ ខណៈដែល អូលីវើរ កំពុងជួយយ៉ូសែប ជាមួយនឹងការបកប្រែ នោះលោក និងយ៉ូសែប បានមាន « គំនិតផ្សេងមួយ… អំពីដំណើររឿងរបស់យ៉ូហាន ជាសាវក ដែលបានប្រាប់នៅក្នុងគម្ពីរសញ្ញាថ្មី [ សូមមើល យ៉ូហាន ២១:២០–២៣ ]… ថាតើលោកស្លាប់ ឬលោកបន្ដ [ នៅរស់ ] » ( Histories, Volume១:១៨៣២–១៨៤៤,វ៉ុលទី១ នៃ the Histories series ofThe Joseph Smith Papers[ ឆ្នាំ ២០១២ ], ទំព័រ ២៨៤ ) ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧:១–៣ដើម្បីរកមើលចម្លើយចំពោះសំណួរបស់ យ៉ូសែប និង អូលីវើរ ។ ( បើសិស្សមានការពិបាកក្នុងការប្រាប់ចម្លើយ អ្នកអាចផ្ដល់យោបល់ថា ពួកគេអានកណ្ឌសង្ខេបសម្រាប់ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧:១–៣ ) ។