មេរៀនទី១៩
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ១:៦៨-៧៥,គោលលទ្ធិ និង សេចក្ដីសញ្ញា១៣
បុព្វកថា
នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ១៨២៩ យ៉ូសែប ស៊្មីធ និងអូលីរើរ ខៅឌើរី បានទៅក្នុងព្រៃជិតចម្ការរបស់យ៉ូសែប នៅហាម៉ូនី រដ្ឋផែនសិលវេញ៉ា ដើម្បីទូលសូមសួរដល់ព្រះអម្ចាស់បន្ទាប់ពីការបកប្រែវគ្គគម្ពីរមួយ ក្នុងព្រះគម្ពីរមរមន ដែលគូសបញ្ជាក់ពីសារៈសំខាន់នៃពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក ។ ខណៈដែលកំពុងតែអធិស្ឋាន នោះយ៉ូហាន បាទីស្ទ បានលេចមកឯពួកលោក ក្នុងនាមជាតួអង្គដែលបានរស់ឡើងវិញ ។ លោកបានប្រទានបព្វជិតភាពអើរ៉ុនមកលើពួកលោក បានដឹកនាំពួកលោកឲ្យជ្រមុជទឹកគ្នាទៅវិញទៅមកក្នុងទន្លេ សុសគ្វីហាណា នៅជិតនោះ រួចហើយបានដឹកនាំពួកលោកឲ្យតែងតាំងអំណាចបព្វជិតភាពអើរ៉ុន ដល់គ្នាទៅវិញទៅមក ។ ពាក្យរបស់យ៉ូហានទៅកាន់យ៉ូសែប ស្ម៊ីធ និងអូលីវើរខៅឌើរី ត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា១៣ ។ បន្ទាប់ពីបុណ្យជ្រមុជទឹករបស់ពួកលោក យ៉ូសែប និង អូលីវើរ ត្រូវបានពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធ ហើយបានទទួលបទពិសោធន៍ពរជ័យដ៏មហិមា ។
យោបល់សម្រាប់ការបង្រៀន
យ៉ូសែប ស៊្មីធ --ប្រវត្តិ១:៦៨–៧២;គោលលទ្ធិ និង សេចក្ដីសញ្ញា១៣
យ៉ូហាន បាទីស្ទ ប្រគល់បព្វជិតភាពអើរ៉ុនមកឲ្យយ៉ូសែប ស៊្មីធ និង អូលីវើរខៅឌើរី
សូមសរសេរ សំណួរដូចខាងក្រោមនៅលើក្ដារខៀនមុនពេលរៀន ឬចែកក្រដាសសំណួរដល់សិស្សម្នាក់ៗ ( សូមកុំសរសេរចម្លើយឡើយ ) ។ នៅពេលសិស្សមកដល់ថ្នាក់រៀន សូមអញ្ជើញពួកគេឲ្យឆ្លើយសំណួរនៅលើក្រដាសមួយសន្លឹក ឬនៅលើក្រដាសដែលចែកឲ្យពួកគេនោះ ។ បើចាំបាច់ សូមឲ្យយោបល់ដល់ពួកគេឲ្យប្រើលិបិក្រមនៃបណ្ដុំព្រះគម្ពីរ ( សូមមើល « បព្វជិតភាព អើរ៉ុន » ) ឬ សេចក្ដីណែនាំដល់បទគម្ពីរ ( សូមមើល « បព្វជិតភាព អើរ៉ុន » ) ដើម្បីរកចម្លើយត្រឹមត្រូវ ។ អ្នកអាចនឹងចង់រង់ចាំរហូតដល់ សិស្សបានកត់ត្រាចម្លើយរបស់ពួកគេរួច មុនពេលអ្នកចាប់ផ្ដើមការប្រជុំធម្មនិដ្ឋាន ។
( ចម្លើយ ៖ (១)យ៉ូសែប ស្ម៊ីធ --ប្រវត្តិឬគោលលទ្ធិ និង សេចក្ដីសញ្ញា១៣, (២) ថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ១៨២៩ [ សូមមើល យ៉ូសែប ស្ម៊ីធ --ប្រវត្តិ១:៧២ ]; (៣) យ៉ូហាន បាទីស្ទ [ សូមមើល យ៉ូសែប ស្ម៊ីធ --ប្រវត្តិ១:៧២ ]; (៤) ដោយការដាក់ដៃលើ [ សូមមើល យ៉ូសែប ស្ម៊ីធ --ប្រវត្តិ១:៦៨, ៧១ ]; (៥) យ៉ូហាន បាទីស្ទ បានប្រាប់ពួកគាត់ថា ថ្ងៃក្រោយពួកគាត់នឹងទទួលបព្វជិតភាពមិលគីស្សាដែកមកពីសាវក ពេត្រុស យ៉ាកុប និងយ៉ូហាន [ សូមមើល យ៉ូសែប ស្ម៊ីធ --ប្រវត្តិ១:៧២ ] ) ។
បន្ទាប់ពីការប្រជុំធម្មនិដ្ឋាន សូមឲ្យសិស្សចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរទីមួយ ។ បន្ទាប់ពីពួកគេបានឆ្លើយសំណួរនេះដោយត្រឹមត្រូវ សូមចាត់តាំងសិស្សឲ្យធ្វើការជាគូៗ ហើយពិនិត្យចម្លើយរបស់ពួកគេជាមួយសំណួរទាំងឡាយដែលនៅសល់ ។ ណែនាំពួកគេឲ្យប្រើ យ៉ូសែប ស្ម៊ីធ --ប្រវត្តិ១:៦៨-៧២ និងការពិពណ៌នាដោយ អូលីវើរ ខៅឌើរី បន្ទាប់ពីយ៉ូសែប ស្ម៊ីធ --ប្រវត្តិ ។ អ្នកក៏អាចផ្លាស់វេនគ្នាទូទាំងថ្នាក់រៀន ដើម្បីជួយសិស្សស្វែរកចម្លើយត្រឹមត្រូវ ។
បន្ទាប់ពីមានពេលគ្រប់គ្រាន់ សូមរំឭកចម្លើយជាមួយគ្នាក្នុងថ្នាក់ ។ នៅពេលអ្នកមើលចម្លើយទាំងនោះជាមួយគ្នា សូមជួយសិស្សប្រាប់ និងយល់នូវគោលលទ្ធិដូចខាងក្រោម ៖ យ៉ូហាន បាទីស្ទ បានស្ដារបព្វជិតភាពអើរ៉ុនមកកាន់ផែនដីវិញ( សូមមើល យ៉ូសែប ស្ម៊ីធ —ប្រវត្តិ១:៧២ ) ។ បព្វជិតភាព គឺត្រូវបានប្រគល់ដោយការដាក់ដៃលើ( សូមមើល យ៉ូសែប ស្ម៊ីធ —ប្រវត្តិ១:៦៨, ៧១ ) ។ ផងដែរ នៅពេលអ្នកពិនិត្យមើលចម្លើយរបស់សិស្ស សូមពន្យល់ថា យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បានទទួលបព្វជិតភាពមិលគីស្សាដែកពី ពេត្រុស យ៉ាកុប និង យ៉ូហាន ក្រោយមកនៅខែ ឧសភា ឆ្នាំ១៨២៩ ( សូមមើល ឡារី ស៊ី ផតធើរ« The Restoration of the Aaronic and Melchizedek Priesthoods, » Ensign ខែ ធ្នូ ឆ្នាំ១៩៩៦, ទំព័រ ៣០–៤៧ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន យ៉ូសែប ស្ម៊ីធ —ប្រវត្តិ១:៦៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលយ៉ូសែប និងអូលីវើរ កំពុងធ្វើ ដែលដឹកនាំពួកលោកឲ្យទូលសួរដល់ព្រះអម្ចាស់ អំពីពិធីបុណ្យជ្រមុជទឹកសម្រាប់ការផ្ដាច់បាប ។
-
ស្របតាមខគម្ពីរនេះ តើអ្វីខ្លះដែលបាននាំឲ្យ យ៉ូសែប និង អូលីវើរ សួរអំពីពិធីបុណ្យជ្រមុជទឹកសម្រាប់ការផ្ដាច់បាប ? ( ពួកគេកំពុងបកប្រែព្រះគម្ពីរមរមន ហើយបានមកឃើញការបង្រៀនស្ដីអំពីពិធីបុណ្យជ្រមុជទឹក សម្រាប់ការផ្ដាច់បាប ) ។
សូមចង្អុលបង្ហាញថា ការស្ដារឡើងវិញនៃបព្វជិតភាពអើរ៉ុន គឺសំខាន់យ៉ាងខ្លាំង ដែលពាក្យរបស់យ៉ូហានបាទីស្ទ ត្រូវបានដាក់បញ្ចូលនៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ជាកណ្ឌទី១៣ ។ សូមអញ្ជើញសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់អំពីរបៀបដែលការស្ដារឡើងវិញនៃបព្វជិតភាពអើរ៉ុន បានឆ្លើយតបដល់ការអធិស្ឋានរបស់ យ៉ូសែប និង អូលីវើរ ដើម្បីដឹងច្រើនទៀតអំពីពិធីបុណ្យជ្រមុជទឹក សម្រាប់ការផ្ដាច់បាប ។
-
តើការស្ដារឡើងវិញនៃបព្វជិតភាពអើរ៉ុនឆ្លើយតបចំពោះការអធិស្ឋានរបស់យ៉ូសែប និង អូលីវើរ ដើម្បីដឹងច្រើនទៀតអំពីពិធីបុណ្យជ្រមុជទឹក សម្រាប់ការផ្ដាច់បាប យ៉ាងដូចម្តេចខ្លះណា ?
នៅលើក្ដារខៀន សូមគូររូបភាពទ្វារដែលមានរន្ធសោ ។
-
តើគោលបំណងនៃទ្វារមួយនេះជាអ្វី ? ( នៅពេលសិស្សពិភាក្សាអំពីសំណួរនេះ សូមជួយពួកគេមើលឃើញថា ទ្វារបានបើកឲ្យឃើញកន្លែងមួយទៀត ) ។ បន្ថែមពីលើនោះ ទ្វារអាចបិទឃាំងយើងឬបើកឲ្យយើងចូល ) ។
បង្ហាញសិស្សនូវកូនសោមួយ ( ឬគូររូប កូនសោដ៏សាមញ្ញមួយ នៅលើក្ដារខៀន) ហើយសួរសំណួរដូចខាងក្រោម ៖
-
តើកូនសោមួយទាក់ទងទៅនឹងដំណើរការរបស់ទ្វាយ៉ាងដូចម្ដេច ? ( ចាក់សោបិទ ឬចាក់សោបើកទ្វារ ។ នៅពេលយើងប្រើកូនសោមួយចាក់បើកទ្វារ នោះវាអាចឲ្យយើងដើរឆ្លងកាត់ ហើយជួបអ្វីដែលនៅឯម្ខាងទៀត ) ។
សូមពន្យល់ថា ព្រះអម្ចាស់ប្រើកូនសោជានិមិត្តរូបមួយ ដើម្បីតំណាងនូវសិទ្ធិអំណាចនៃបព្វជិតភាព ដែលចាក់បើកទ្វារសម្រាប់យើងទទួលនូវឱកាសនិងពរជ័យដ៏អស់កល្បជានិច្ច ។ សូមអញ្ជើញសិស្សឲ្យស្រាវជ្រាវ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣:១ រកមើលកូនសោដែលជាប់ទាក់ទងទៅនឹងបព្វជិតភាពអើរ៉ុន ។ អ្នកអាចនឹងចង់ស្នើឲ្យសិស្សគូសចំណាំកូនសោទាំងនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ពេលពួកគេស្វែងរកវា ។
-
តើយ៉ូហានបាទីស្ទ ប្រាប់ថាបព្វជិតភាពអើរ៉ុនកាន់កូនសោអ្វីខ្លះ ? ( បព្វជិតភាពអើរ៉ុន កាន់កូនសោនៃការបម្រើនៃពួកទេវតា និងនៃដំណឹងល្អនៃការប្រែចិត្ត និង នៃពិធីបុណ្យជ្រមុជទឹកដោយការពន្លិចសម្រាប់ការផ្ដាច់បាប ។ អ្នកអាចនឹងចង់អញ្ជើញសិស្សម្នាក់ឲ្យសរសេរសេចក្ដីថ្លែងការនេះនៅក្រោមរូបភាពនៃទ្វារនៅលើក្ដារខៀន ) ។
ដើម្បីជួយសិស្សយល់កាន់តែប្រសើរអំពីកូនសោនៃបព្វជិតភាពអើរ៉ុនទាំងនេះ និងពរជ័យទាំងឡាយ ដែលវាមានសម្រាប់សមាជិកនៃសាសនាចក្រ សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗ នូវការពន្យល់ដូចខាងក្រោម ដោយអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ( សូមពិចារណាធ្វើការថតចម្លងសេចក្ដីថ្លែងការណ៍នេះតូចៗសម្រាប់សិស្សម្នាក់ៗ ដើម្បីរក្សានៅក្នុងគម្ពីររបស់ពួកគេ ) ។
« តើបព្វជិតភាពអើរ៉ុនកាន់ [ កូនសោនៃ ] ‹ ដំណឹងល្អនៃការប្រែចិត្ត និងពិធីបុណ្យជ្រមុជទឹក និងការផ្ដាច់បាប › មានន័យយ៉ាងណាខ្លះ ? អត្ថន័យ គឺអាចរកបាននៅក្នុងពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក និងនៅក្នុងពិធីសាក្រាម៉ង់ ។ ពិធីបុណ្យជ្រមុជទឹក គឺសម្រាប់ការផ្ដាច់បាប ហើយពិធីសាក្រាម៉ង់ គឺរំឭកសេចក្ដីសញ្ញា និងពរជ័យទាំងឡាយនៃពិធីបុណ្យជ្រមុជទឹក ។ ទាំងពីរ គួរតែដើរឈានមុខដោយការប្រែចិត្ត ។
« គ្មាន [ យើង ] ណាម្នាក់ បានរស់នៅដោយគ្មានអំពើបាបសោះ ចាប់តាំងពីពិធីបុណ្យជ្រមុជទឹក [ របស់យើង ] ទៅនោះទេ ។ បើគ្មានការផ្ដល់នូវការលាងសម្អាតបន្ថែមខ្លះៗ ក្រោយពីពិធីបុណ្យជ្រមុជទឹកយើងទេ នោះយើងម្នាក់ៗនឹងត្រូវវង្វេងនូវរឿងខាងវិញ្ញាណមិនខាន ។
« យើងត្រូវបានបញ្ជាឲ្យប្រែចិត្តពីអំពើបាបរបស់យើង ហើយមករកព្រះអម្ចាស់ដោយដួងចិត្តសង្រេង និងវិញ្ញាណទន់ទាប ហើយទទួលទានសាក្រាម៉ង់ដោយការគោរពតាមសេចក្ដីសញ្ញានានានៃពិធីសាក្រាម៉ង់ ។ នៅពេលយើងរំឭកពីសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់យើងតាមវិធីនេះ នោះព្រះអម្ចាស់នឹងរំឭកឥទ្ធិពលនៃការលាងសម្អាតនៃពិធីបុណ្យជ្រមុជទឹករបស់យើង ។
« យើងពុំអាចថ្លែងបំផ្លើសពីសារៈសំខាន់នៃបព្វជិតភាពអើរ៉ុនក្នុងនេះនោះទេ ។ ជំហានសំខាន់ៗទាំងអស់នេះ មាននូវការផ្ដាច់បាប ដែលត្រូវធ្វើឡើងតាមរយៈពិធីបរិសុទ្ធនៃការសង្គ្រោះនៃពិធីបុណ្យជ្រមុជទឹក និងការរំឭកពិធីបរិសុទ្ធនៃពិធីសាក្រាម៉ង់ ។ ពិធីបរិសុទ្ធទាំងពីរនេះ គឺត្រូវបានធ្វើឡើងដោយអ្នកកាន់បព្វជិតភាពអើរ៉ុន ក្រោមការដឹកនាំរបស់គណៈប៊ីស្សព ដែលអនុវត្តកូនសោនៃដំណឹងល្អនៃការប្រែចិត្ត និងនៃពិធីបុណ្យជ្រមុជទឹក និងសម្រាប់ការផ្ដាច់បាប » ( « The Aaronic Priesthood and the Sacrament, »Ensignខែ វិច្ឆិកា ឆ្នាំ១៩៩៨, ទំព័រ ៣៧-៣៨ ) ។
-
តើកូនសោនៃបព្វជិតភាពអើរ៉ុន ជួយយើងឲ្យទទួលពរជ័យនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-
ស្របតាម អែលឌើរ អូក តើនរណាដឹកនាំកូនសោនៃដំណឹងល្អនៃការប្រែចិត្ត និងពិធីបុណ្យជ្រមុជទឹកនៅក្នុងវួដនីមួយៗ ?
ដើម្បីជួយសិស្សយល់កាន់តែច្បាស់អំពី កូនសោនៃការបម្រើនៃពួកទេវតា សូមអញ្ជើញសិស្សម្នាក់ឲ្យអាននូវការពន្យល់ដូចខាងក្រោម ដោយអែលឌើរ អូក ៖
« ក្នុងនាមជាអ្នកកាន់បព្វជិតភាពអើរ៉ុនវ័យក្មេង ខ្ញុំពុំដែលគិតថា ខ្ញុំនឹងឃើញទេវតាទេ ហើយខ្ញុំបានងឿងឆ្ងល់អំពីលក្ខណៈដូចនោះ មានទាក់ទងអ្វីនឹងបព្វជិតភាពអើរ៉ុន ។
« ប៉ុន្តែការបម្រើនៃពួកទេវតា ក៏អាចជារឿងអាថ៌កំបាំង ។ សារលិខិតរបស់ទេវតា អាចត្រូវបានផ្ដល់ឲ្យដោយសម្លេង ឬដោយគំនិត ឬអារម្មណ៍ទំនាក់ទំនងនៅក្នុងចិត្ត » ( « The Aaronic Priesthood and the Sacrament, » ៣៩ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យមកខាងមុខថ្នាក់ ហើយកាន់រូបភាព យុវជនកំពុងទទួលបុណ្យជ្រមុជទឹក( រូបភាពសិល្បៈដំណឹងល្អ [ ២០០៩ ] លេខ ១០៣ សូមមើលផងដែរ LDS.org) និងការប្រសិទ្ធពរនៃពិធីសាក្រាម៉ង់ ( លេខ ១០៧ ) បើមាន ។
-
តើការយល់ដឹងអំពីកូនសោបព្វជិតភាពអើរ៉ុន អាចមានឥទ្ធិពលលើគំនិតនិងសកម្មភាពរបស់អ្នក នៅពេលអ្នកត្រៀមខ្លួនបម្រើ និងទទួលទានសាក្រាម៉ង់រាល់សប្ដាហ៍យ៉ាងដូចម្ដេចខ្លះ ?
សូមអញ្ជើញយុវនារីម្នាក់ក្នុងថ្នាក់ឲ្យចែកចាយអារម្មណ៍របស់ពួកគេអំពីបព្វជិតភាពអើរ៉ុន និងពរជ័យដែលកើតមាននៅក្នុងជីវិតរបស់ពួកគេ ។ អ្នកក៏អាចចង់ចែកចាយពីមូលហេតុដែលអ្នកមានអំណរគុណចំពោះ ការស្ដារឡើងវិញនៃបព្វជិតភាពអើរ៉ុនផងដែរ ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ១:៧៣-៧៥
យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បានទទួលបទពិសោធន៍នៃពរជ័យដ៏មហិមា បន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់ពួកលោក
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន យ៉ូសែប ស្ម៊ីធ —ប្រវត្តិ១:៧៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់ពាក្យ ឬឃ្លាដែលពិពណ៌នាថា យ៉ូសែប និង អូលីវើរ បានទទួលបទពិសោធន៍អ្វី បន្ទាប់ពីពួកគាត់បានទទួលបុណ្យជ្រមុជទឹករួចហើយនោះ ។ អ្នកអាចស្នើឲ្យសិស្សគូសចំណាំពាក្យ និង ឃ្លាទាំងនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ។
-
តើមានអ្វីមកសណ្ឋិតលើយ៉ូសែប និងអូលីវើរ បន្ទាប់ពីពួកលោកបានទទួលបុណ្យជ្រមុជទឹក ?
ដោយសារយ៉ូសែប និង អូលីវើរ ពុំទាន់បានទទួលអំណោយទាន នៃព្រះវិញ្ញាណបរិសុទ្ធនៅឡើយ នោះអ្វីដែលពួកលោកបានជួបក្នុងស្ថានភាពនេះ គឺជា ព្រះចេស្ដារ នៃព្រះវិញ្ញាណបរិសុទ្ធ ។ យ៉ូសែប និង អូលីវើរ នឹងទទួលបព្វជិតភាពមិលគីស្សាដែកដើម្បីការប្រគល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ នៅថ្ងៃក្រោយ ( សូមមើល យ៉ូសែប ស្ម៊ីធ —ប្រវត្តិ១:៧០ សូមមើលផងដែរ Bible Dictionary ឬសេចក្ដីណែនាំដល់បទគម្ពីរ « ព្រះវិញ្ញាណបរិសុទ្ធ »scriptures.lds.org ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន យ៉ូសែប ស្ម៊ីធ —ប្រវត្តិ១:៧៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលពរជ័យជាក់លាក់មួយ ដែលយ៉ូសែប និងអូលីវើរ បានទទួលតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ បន្ទាប់ពីសិស្សបានរាយការណ៍នូវអ្វីដែលពួកគេបានរកឃើញហើយ សូមសរសេរគោលលទ្ធិដូចខាងក្រោមនៅលើក្ដារខៀន ៖ ព្រះវិញ្ញាណបរិសុទ្ធ ជួយយើងយល់អំពីអត្ថន័យ និងបំណងនៃព្រះគម្ពីរ ។
-
ហេតុអ្វីក៏អ្នកគិតថា យើងត្រូវការព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយយើងយល់បទគម្ពីរដូច្នេះ ?
-
តើពេលណា ដែលមានព្រះវិញ្ញាណបរិសុទ្ធបានជួយអ្នកឲ្យយល់ « អត្ថន័យនិងបំណងពិត » នៃបទគម្ពីរ ?
អញ្ជើញសិស្សឲ្យចំណាយពេលពីរបីនាទី សរសេរនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ អំពីអ្វីដែលពួកគេនឹងធ្វើ ដើម្បីអញ្ជើញឲ្យមានការជួយពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលពួកគេសិក្សាព្រះគម្ពីរ ។