មេរៀនទី ៧១
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៥
បុព្វកថា
នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ១៨៣១ យ៉ូសែប ស៊្មីធ និងគ្រួសាររបស់លោក បានផ្លាស់ពីខឺតឡង់មក រដ្ឋ អូហៃអូ ទៅ ហៃរុម រដ្ឋ អូហៃអូ មានចម្ងាយប្រហែលជា ៣០ ម៉ែលភាគអាគ្នេយ៍នៃទីក្រុងខឺតឡង់ ។ ពួកគេបានធ្វើការផ្លាស់លំនៅនេះ ក្នុងការឆ្លើយតបចំពោះការទូន្មានមកពីព្រះអម្ចាស់ ( សូមមើលគ. និង ស. ៦៣:៦៥) ។ ព្យាការី និងគ្រួសាររបស់លោក បានផ្លាស់ទៅរស់នៅជាមួយគ្រួសារ យ៉ូហាន និង អាលីស ចនសុន ដែលជាអ្នកផ្លាស់ប្រែចិត្តជឿសាសនាចក្រថ្មី ។ មូលហេតុចម្បងមួយនៃការផ្លាស់លំនៅពីទីក្រុងខឺតឡង់ គឺដើម្បីទៅធ្វើកិច្ចការការបកប្រែព្រះគម្ពីរប៊ីបដ៏បំផុសគំនិតបន្ត ។ ពេលនៅភូមិ ហៃរាំ យ៉ូសែប បានចាប់ផ្ដើមកិច្ចការនោះ ។ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ១៨៣១ យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈ ដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៥ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានបង្រៀនថា ដំណឹងល្អនឹងចេញទៅគ្រប់ជាតិសាសន៍ក្នុងការរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ហើយថាពួកបរិសុទ្ធគឺត្រូវអធិស្ឋានសុំឲ្យមានការរីកចម្រើនដល់នគររបស់ព្រះ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៥
ព្រះអម្ចាស់ប្រកាសថា ដំណឹងល្អនឹងបំពេញនៅលើផែនដីទាំងមូល
សូមអញ្ជើញសិស្សឲ្យសរសេរក្នុងសៀវភៅកំណត់ត្រាក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ នូវរឿងដែលពួកគេបានអធិស្ឋានសុំជាទៀងទាត់ ។ អ្នកអាចសុំដល់សិស្សពីរបីនាក់ឲ្យចែកចាយនូវអ្វីដែលពួកគេបានសរសេរទុក បើពួកគេមានអារម្មណ៍ថាចង់ចែកចាយវា។
សូមអញ្ជើញឲ្យសិស្សម្នាក់អាននូវការណែនាំ នៃក្បាលកណ្ឌគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៥ឲ្យឮៗ ។ សូមពន្យល់ថា នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានប្រាប់យើងពីអ្វីមួយដែលយើងគួរអធិស្ឋានសុំ--ជាពិសេស នៅពេលយើងធ្វើជាសាក្សីនៃការបំពេញព្រឹត្តការណ៍ដែលបានព្យាករថានឹងកើតឡើងនៅថ្ងៃចុងក្រោយ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៥:១-២ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលរបៀបដែលព្រះអម្ចាស់បានពិពណ៌នាអំពីការផ្សាយដំណឹងល្អ ។
-
តើដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទនឹងទៅដល់កន្លែងណាខ្លះ ? ( សិស្សគួរតែរកឃើញនូវគោលលទ្ធិខាងក្រោម ៖ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ នឹងចេញទៅដល់ចុងផែនដីនេះ ។ សូមសរសេរគោលលទ្ធិនេះនៅលើក្ដារខៀន ) ។
-
ស្របតាមខ ២ តើព្រះអម្ចាស់ « ផ្ទុកផ្ដាក់ដល់មនុស្ស » មានអ្វីខ្លះ ដើម្បីអាចឲ្យដំណឹងល្អបានមានពេញលើផែនដីទាំងមូល ? ( កូនសោនៃនគរនៃព្រះ ។ អ្នកអាចនឹងចាំបាច់ត្រូវរំឭកដល់សិស្សថា ឃ្លា « កូនសោនៃនគរ » សំដៅទៅលើសិទ្ធិអំណាចបព្វជិតភាព ដើម្បីធ្វើជាអធិបដីនៅក្នុងសាសនាចក្រ ។ ដោយកូនសោទាំងនេះ ប្រធាន នៃសាសនាចក្រដឹកនាំកិច្ចខិតខំរបស់យើងដើម្បីផ្សាយដំណឹងល្អ ។ ទ្រង់បានផ្ទេរកូនសោមួយចំនួនដល់អ្នកដឹកនាំទូទៅ និងអ្នកដឹកនាំបព្វជិតភាពក្នុងមូលដ្ឋាន ) ។
សូមដាក់បង្ហាញរូបភាពដានីយ៉ែល បកស្រាយសុបិនរបស់ នេប៊ូគ្នេសា(សៀវភៅសិល្បៈដំណឹងល្អ[ឆ្នាំ ២០០៩ ] ទំព័រ ២៤, សូមមើលផងដែរLDS.org) ។ សូមអញ្ជើញសិស្សឲ្យពន្យល់ពីអ្វីដែលពួកគេដឹងអំពីការបកស្រាយរបស់ ដានីយ៉ែល អំពីសុបិនរបស់ស្ដេច នេប៊ូគ្នេសា ។ ( អ្នកអាចពិចារណាធ្វើការអាន ឬសង្ខេបដានីយ៉ែល ២:៣១-៤៥។ សូមជួយសិស្សឲ្យយល់ថា ស្ដេចនេប៊ូគ្នេសា ត្រូវបានស្មុគស្មាញដោយសុបិនមួយ ហើយថាព្រះអម្ចាស់បានបើកបង្ហាញសុបិន និងអត្ថន័យរបស់វាដល់ដានីយ៉ែល ។ នៅក្នុងសុបិន មានរូបដ៏ធំមួយ ដែលតំណាងឲ្យនគរខាងនយោបាយផ្សេងៗគ្នា ត្រូវបានបំផ្លាញដោយថ្មមួយ ដែលបានកាត់ផ្ដាច់ពីភ្នំ ឥតដៃណាធ្វើ ។ ថ្មបានផ្ដើមរីកពីតូចទៅធំ រហូតដល់វាមានពេញផែនដីទាំងមូល ) ។
-
ស្របតាមគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៥:២ តើថ្មដែលកាត់ចេញពីភ្នំដោយឥតដៃណាធ្វើ នោះគឺជាអ្វី ? ( នគរនៃព្រះ ។ សូមពន្យល់ថា នៅក្នុងខគម្ពីរនេះ ឃ្លា « នគរនៃព្រះ » សំដៅទៅលើនគរនៃព្រះនៅលើផែនដី-- សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ អ្នកអាចផ្ដល់យោបល់ថា សិស្សសរសេរការពន្យល់នេះនៅក្នុងព្រះគម្ពីររបស់ពួកគេក្បែរ ខ ២ ) ។
បើអាចធ្វើទៅបាន សូមផ្ដល់ឲ្យសិស្សនូវសេចក្ដីថ្លែងការណ៍មួយច្បាប់ដូចខាងក្រោម ដើម្បីពួកគេអាចដាក់វានៅក្នុងគម្ពីររបស់ពួកគេ ។ បើនេះមិនអាចធ្វើបានទេ អ្នកអាចនឹងសរសេរសេចក្ដីថ្លែងការណ៍នៅលើក្ដារខៀន ពីមុនថ្នាក់រៀន ហើយអញ្ជើញសិស្សឲ្យសរសេរវានៅក្នុងសៀវភៅកំណត់ត្រាក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍នេះឲ្យឮៗ។
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានថ្លែងថា ៖
« យើងគឺជាពលរដ្ឋនៅក្នុងនគរដ៏ធំបំផុតនៅលើផែនដី--ជានគរមួយដែលពុំត្រូវបានដឹកនាំដោយប្រាជ្ញាមនុស្សឡើយ ប៉ុន្តែបានដឹកនាំដោយព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ វត្តមានរបស់នគរ គឺមានពិតមែន ។ ជោគវាសនារបស់នគរ គឺមានជាក់ ។ នេះគឺជានគរដែលព្យាការី ដានីយ៉ែល បានថ្លែង-- ថ្មមួយដុំ ដែលគួរតែត្រូវបានកាត់ផ្ដាច់ពីភ្នំដោយឥតដៃណាធ្វើ ហើយរមៀលចេញទៅ រហូតដល់បានពេញផែនដីទាំងមូល ។ ( សូមមើលដានី. ២:៣៤-៣៥) ។
« គ្មានមនុស្សរមែងស្លាប់ណាម្នាក់ បានបង្កើតនគរនេះឡើយ » (Pillars of Truth »Ensignខែ មករា ឆ្នាំ ១៩៩៤ ទំព័រ ៤ ) ។
-
តើមានភស្ដុតាងអ្វីខ្លះដែលអ្នកបានឃើញថា ការព្យាករណ៍របស់ដានីយ៉ែល ត្រូវបានបំពេញនៅសព្វថ្ងៃនេះ ?
-
តើភស្ដុតាងនេះ ជួយពង្រឹងដល់ទីបន្ទាល់របស់អ្នកអំពី សាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយយ៉ាងដូចម្ដេច ?
-
តើវាមានន័យយ៉ាងណា ដែលអ្នកត្រូវមានចំណែកនៃនគររបស់ព្រះនៅលើផែនដី ?
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមឲ្យឮៗ ដោយអែលឌើរ នែល អិល អាន់ឌើរសិន កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ពីមុនអ្នកអាន សូមប្រាប់ដល់សិស្សថា អ្នកនឹងបញ្ឈប់ការអាននៅពាក់កណ្ដាលនៃប្រយោគចុងក្រោយនៃសេចក្ដីថ្លែងការណ៍ ។ សូមពួកគេឲ្យស្ដាប់ដោយយកចិត្តទុកដាក់ ហើយគិតអំពីរបៀបដែលពួកគេអាចបញ្ចប់ប្រយោគចុងក្រោយ ។
« តើអ្នកធ្លាប់គិតអំពីមូលហេតុ ដែលអ្នកត្រូវបានបញ្ជូនឲ្យមកកើតនៅលើផែនដីនៅជំនាន់ដ៏ពិសេសនេះដែរឬទេ ? អ្នកពុំកើតមកអំឡុងជំនាន់របស់អ័ដាម និង អេវ៉ា ឬនៅពេលដែល ផារ៉ោន បានគ្រប់គ្រងលើប្រទេសអេស៊ីព្ទ ឬអំឡុងពេល រាជវង្ស មីងនោះទេ ។ អ្នកបានមកកាន់ផែនដីនៅគ្រានេះ ២០ សតវត្សរ៍ បន្ទាប់ពីការយាងមករបស់ព្រះគ្រីស្ទពីដំបូង ។ បព្វជិតភាពរបស់ព្រះ ត្រូវបានស្ដារឡើងវិញនៅលើផែនដី ហើយព្រះអម្ចាស់បានដាក់ព្រះហស្ថទ្រង់រៀបចំពិភពលោកសម្រាប់ការត្រឡប់មកវិញដ៏រុងរឿងរបស់ទ្រង់ ។ ទាំងនេះ គឺជាបណ្តាពេលវេលានៃឱកាស និងការទទួលខុសត្រូវទាំងឡាយដ៏សំខាន់ ។ ទាំងនេះ គឺជាពេលវេលារបស់អ្នក ។… ទំនួលខុសត្រូវសំខាន់មួយរបស់អ្នក គឺត្រូវ … » (Preparing the World for the Second Coming,» Ensign ឬ លីអាហូណា, ខែ ឧសភា ឆ្នាំ ២០១១, ទំព័រ ៤៩ ) ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យនិយាយអំពីរបៀបដែលពួកគេនឹងបំពេញប្រយោគចុងក្រោយនៃសេចក្ដីថ្លែងការណ៍របស់អែលឌើរ អាន់ឌើរសិន ។ បន្ទាប់មកសូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៥:៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលបញ្ជារបស់ព្រះអម្ចាស់ចំពោះយើង ក្នុងនាមជាសមាជិកនៃនគររបស់ទ្រង់ ។
-
តើវាមានន័យយ៉ាងណា ដែលយើងត្រូវរៀបចំផ្លូវទទួលព្រះអម្ចាស់ និងរៀបចំភោជនាអាហារទទួលកូនចៀម ហើយរៀបចំជាស្រេចចាំប្ដីថ្មោងថ្មីនោះ ? ( ឃ្លាទាំងនេះសំដៅទៅលើទំនួលខុសត្រូវដើម្បីរៀបចំពិភពលោកសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ) ។
សូមសរសេរសេចក្ដីពិតដូចខាងក្រោមនៅលើក្ដារខៀន ៖ យើងមានទំនួលខុសត្រូវមួយដើម្បីត្រៀមខ្លួនយើង និងអ្នកដទៃសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចនឹងចង់អញ្ជើញសិស្សឲ្យសរសេរសេចក្ដីពិតនេះនៅក្នុងគម្ពីររបស់ពួកគេជិត គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៥:៣) ។ សូមពន្យល់ថា អែលឌើរ នែល អិល អាន់ឌើរសិន ថ្លែងទីបន្ទាល់អំពីសេចក្ដីពិតនេះ ។ សូមអានការបំពេញប្រយោគចុងក្រោយចេញមកពីសេចក្ដីថ្លែងការណ៍របស់លោក ៖ « ការទទួលខុសត្រូវដ៏សំខាន់មួយរបស់អ្នក គឺត្រូវជួយរៀបចំពិភពលោកសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ » (Preparing the World, »ទំព័រ ៤៩ ។
-
នៅពេលអ្នកគិតអំពីទំនួលខុសត្រូវរបស់អ្នកដើម្បីរៀបចំខ្លួន និងអ្នកដទៃសម្រាប់ការយាងមកជាលើកទីពីរ តើអ្នកមានគំនិត និងអារម្មណ៍យ៉ាងណា ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៥:៤ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់រកមើលនូវអ្វីដែលយើងអាចធ្វើដើម្បីរៀបចំខ្លួនយើង និងអ្នកដទៃសម្រាប់ការយាងមកជាលើកទីពីរ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
-
តើយើងអាច «ប្រកាសប្រាប់ពីកិច្ចការដ៏អស្ចារ្យ [របស់ទ្រង់] នៅក្នុងចំណោមប្រជាជន » តាមវិធីណា ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៥:៥-៦ ឲ្យឮៗ ហើយសុំដល់សិស្សក្នុងថ្នាក់ឲ្យរកមើល នូវអ្វីដែលយើងគួរអធិស្ឋានសុំ ។
-
ស្របតាមខគម្ពីរទាំងនេះ តើយើងគួរអធិស្ឋានសម្រាប់អ្វីខ្លះ នៅពេលយើងរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីរ ? ( នៅពេលសិស្សឆ្លើយតបចំពោះសំណួរនេះ អ្នកអាចអញ្ជើញពួកគេឲ្យប្រៀបធៀបខ ៦ ជាមួយនឹងពាក្យនៃការអធិស្ឋានរបស់ព្រះអម្ចាស់នៅក្នុងម៉ាថាយ ៦:១០) ។
-
តើការអធិស្ឋានសម្រាប់រឿងទាំងនេះ ជួយយើងរៀបចំខ្លួនយើង និងអ្នកដទៃសម្រាប់ការយាងមកជាលើកទីពីរយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗ នូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយ ប្រធាន ថូម៉ាស អេស ម៉នសុន ហើយសុំឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកអ្វីមួយដែលយើងគួរតែដាក់បញ្ចូលទៅក្នុងការអធិស្ឋានរបស់យើង ។
« ខ្ញុំស្នើសុំឱ្យសេចក្តីជំនឿ និងការអធិស្ឋានរបស់អ្នកបន្តធ្វើឡើង ដល់គ្រប់តំបន់ទាំងឡាយ ដែលឥទ្ធិពលរបស់ យើងនៅមានកំណត់ ហើយនៅកន្លែងដែលយើងពុំត្រូវអនុញ្ញាត ឱ្យចែកចាយដំណឹងល្អដោយសេរីក្នុងពេលនេះ។ អព្ភូតហេតុទាំងឡាយនឹងកើតឡើងប្រសិនបើយើងធ្វើដូច្នេះ » (Welcome to Conference » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៩, ទំព័រ ៦ ) ។
-
ស្របតាមប្រធាន ម៉នសុន តើយើងគួរអធិស្ឋានសុំអ្វីខ្លះ ? តើការអធិស្ឋានទាំងនេះ ជួយរៀបចំផ្លូវសម្រាប់ការយាងមកជាលើកទីពីរយ៉ាងដូចម្ដេច ?
សូមឲ្យសិស្សក្នុងថ្នាក់ត្រឡប់ទៅគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៥:១-២ហើយសុំឲ្យសិស្សម្នាក់អានខគម្ពីរទាំងនេះឮៗ ។
-
តើយើងចូលរួមក្នុងកិច្ចការរបស់ព្រះអម្ចាស់ដើម្បីបំពេញផែនដីដោយដំណឹងល្អរបស់ទ្រង់តាមវិធីណា ? ( នៅពេលសិស្សឆ្លើយតបចំពោះសំណួរនេះ សូមជួយពួកគេឲ្យមើលឃើញថា ពួកគេអាចចូលរួមនៅក្នុងកិច្ចការនេះជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។ ក៏សូមជួយពួកគេឲ្យមើលឃើញថា ពួកគេចូលរួមក្នុងកិច្ចការនេះឥឡូវ តាមរយៈឥទ្ធិពលរបស់ពួកគេនៅក្នុងគេហដ្ឋាន វួដ និងសាខា សាលារៀន និងសហគមន៍របស់ពួកគេ ) ។
សូមលើកទឹកចិត្តសិស្សឲ្យត្រៀមខ្លួន និងអ្នកដទៃសម្រាប់ការយាងមកជាលើកទីពីរ ។