មេរៀនទី ១១៩
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១១
បុព្វកថា
ក្នុងឆ្នាំ ១៨៣៦ សាសនាចក្របានជំពាក់បំណុលយ៉ាងច្រើន ។ ព្យាការី យ៉ូសែប ស៊្មីធ និងអ្នកដឹកនាំសាសនាចក្រដទៃទៀត បានធ្វើដំណើរទៅទីក្រុង សាឡិម រដ្ឋម៉ាស្សាជូសសែត្ស ជាកន្លែងដែលពួកលោកមានសង្ឃឹមថានឹងអាចរកបានថវិកា ដើម្បីសងបំណុលដែលសាសនាចក្រជំពាក់ ។ នៅថ្ងៃទី ៦ ខែ សីហា ឆ្នាំ ១៨៣៦ ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១១១ក្នុងនោះ ព្រះអម្ចាស់បានលួងលោមលោកអំពីការព្រួយបារម្មណ៏របស់លោក ចំពោះបំណុល និងសុខុមាលភាពរបស់ទីក្រុងស៊ីយ៉ូន ។ ព្រះអម្ចាស់ក៏បានប្រទានការណែនាំទាក់ទងនឹងការស្នាក់នៅរបស់សាសនាចក្រក្នុងទីក្រុង សាឡិម ដល់ព្យាការីផងដែរ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១១
ព្រះអម្ចាស់ប្រទានការលួងលោម និងការដឹកនាំសម្រាប់ យ៉ូសែប ស៊្មីធ និងពួកអ្នកដឹកនាំសាសនាចក្រផ្សេងៗទៀត ។
សូមចាប់ផ្ដើមមេរៀនដោយសូមឲ្យសិស្សសរសេរនូវចម្លើយ ទៅនឹងសំណួរដូចខាងក្រោមនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ ៖
-
តើអ្វីខ្លះ ដែលនាំឲ្យមានភាពតានតឹង ឬការថប់អារម្មណ៍នៅក្នុងជីវិតរបស់អ្នក ?
អ្នកអាចអញ្ជើញសិស្សពីរបីនាក់ឲ្យ ចែកចាយគំនិតរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។ ( សូមរំឭកសិស្សថា គំនិត និងបទពិសោធន៍មួយចំនួន មានភាពផ្ទាល់ខ្លួនពេកដែលពុំគួរចែកចាយឡើយ ) ។
សូមពន្យល់ថា នៅរដូវក្ដៅក្នុងឆ្នាំ ១៨៣៦ យ៉ូសែប ស៊្មីធ និងអ្នកដឹកនាំសាសនាចក្រផ្សេងទៀត បានជួបប្រទះការព្រួយបារម្ភពីហិរញ្ញវត្ថុរបស់សាសនាចក្រ ។ នៅឆ្នាំមុនៗ សាសនាចក្របានជាប់ជំពាក់បំណុលយ៉ាងច្រើន ដោយសារអ្នកដឹកនាំសាសនាចក្របានធ្វើតាមការបញ្ជារបស់ព្រះអម្ចាស់ ដើម្បីសាងសង់ព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ ទិញដីនៅរដ្ឋ អូហៃអូ និងរដ្ឋ មិសសួរី និងជួយឧបត្ថម្ភជំរុំស៊ីយ៉ូន ។ សាសនាចក្រក៏ត្រូវការថវិការ ដើម្បីទិញដីសម្រាប់ពួកបរិសុទ្ធនៅរដ្ឋ មិសសួរី ដែលត្រូវបានបង្ខំឲ្យចេញពីផ្ទះសម្បែងរបស់ខ្លួន ។ ក្នុងឆ្នាំ ១៨៣៤ ព្រះអម្ចាស់បានណែនាំ យ៉ូសែប ស៊្មីធ និងអ្នកដឹកនាំសាសនាចក្រដទៃទៀតឲ្យ « បង់បំណុល [របស់ពួកគេ]ឲ្យអស់ » ( គ. និង ស. ១០៤:៧៨ ) ។ ប៉ុន្តែ ការខិតខំរបស់ពួកគេដើម្បីសងបំណុលនោះ ត្រូវបានរាំងស្ទះដោយសារការបាត់បង់ចំណូលផ្នែកពាណិជ្ជកម្មនៅរដ្ឋ មិសសួរី ។ ដូច្នោះហើយ អ្នកដឹកនាំសាសនាចក្រពុំមានថវិការគ្រប់គ្រាន់ ដើម្បីបំពេញតាមតម្រូវការរបស់ម្ចាស់បំណុលឡើយ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:៨០ ឲ្យឮៗ ។ សូមឲ្យសមាជិកក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលព្រះអម្ចាស់បានសន្យាថាធ្វើ ដើម្បីជួយអ្នកដឹកនាំសាសនាចក្រដោះស្រាយបញ្ហាបំណុលរបស់ពួកគេ ។ សូមអញ្ជើញសិស្សឲ្យរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញ ។
សូមពន្យល់ថា ក្នុងឆ្នាំ ១៨៣៦ សមាជិកសាសនាចក្រម្នាក់ ដែលមានឈ្មោះថា វិល្លាម ប៊ឺហ្គេស បានមកដល់ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ហើយបានប្រាប់ដល់អ្នកដឹកនាំសាសនាចក្រពីចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលមាននៅក្នុងក្រុងសាឡិម រដ្ឋ ម៉ាស្សាជូសសែត្ស ។ លោកបាននិយាយថា លុយត្រូវបានលាក់នៅលើដំបូលផ្ទះមួយ ហើយលោកគឺជាបុគ្គលតែម្នាក់ដែលនៅរស់ ដែលដឹងពីទីតាំងរបស់លុយនោះ ។
សូមប្រាប់សិស្សថា យ៉ូសែប ស៊្មីធ ស៊ីឌនី រិកដុន អូលីវើ ខៅឌើរី និង ហៃរ៉ុម ស្ម៊ីធ បានចាកចេញពីទីក្រុងខឺតឡង់នៅថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ១៨៣៦ ដើម្បីជួបនឹងម្ចាស់បំណុលនៅរដ្ឋ ញូវយ៉ោក ។ បន្ទាប់ពីស្នាក់នៅរដ្ឋ នូវ យ៉ោក បានពីរបីថ្ងៃ ពួកលោកបាន ធ្វើដំណើរទៅសាឡិម ។ បងប្រុស ប៊ឺហ្គេស បានជួបពួកលោកនៅទីនោះ ប៉ុន្តែលោកបាននិយាយថា ទីក្រុងនោះមានការផ្លាស់ប្ដូរយ៉ាងខ្លាំង ចាប់តាំងពីលោកបានចេញទៅ ហើយលោកមិនអាចចាំទីតាំងផ្ទះដែលមានលុយនោះទេ ។ បងប្រុស ប៊ឺហ្គេសបានចាកចេញយ៉ាងឆាប់រហ័សបន្ទាប់ពីនោះ ។
-
តើអ្នកគិតថាអ្នកមានអារម្មណ៍យ៉ាងណា បន្ទាប់ពីធ្វើដំណើរទៅទីក្រុង សាឡិម ដោយសង្ឃឹមថានឹងរកឃើញមធ្យោបាយដើម្បីជួយសងបំណុលរបស់សាសនាចក្រ ហើយបែរជារកមិនឃើញអ្វីដែលអ្នកបានរំពឹងទុកទៅវិញនោះ ? តើអ្នកនឹងធ្វើអ្វីខ្លះ ?
សូមពន្យល់ថា ពួកអ្នកដឹកនាំសាសនាចក្របានចំណាយពេលរកមើលផ្ទះដែលបានរាយការណ៍ថាមានលុយនោះ ។ នៅថ្ងៃទី ៦ ខែ សីហា ឆ្នាំ ១៨៣៦ ពេលកំពុងនៅក្នុងទីក្រុង សាឡិមនៅឡើយនោះ យ៉ូសែប ស៊្មីធ បានទទួលវិវរណៈមួយដែលបានបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១១ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១១: ១១ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអារម្មណ៍របស់ព្រះអម្ចាស់អំពីដំណើររបស់បុរសទាំងនេះទៅទីក្រុង សាឡិម ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។ ( នៅពេលដែលសិស្សឆ្លើយ អ្នកអាចពន្យល់ថាពាក្យ ចំកួត អាចមានន័យថា « ទន់ខ្សោយ ឬទង្វើមិនទំនងដែលមិនមែនបទឧក្រិដ្ឋធ្ងន់ធ្ងរ ជាទង្វើមិនជាប់លាប់ ដែលមិនសមហេតុផល ឬខ្វះការពិចារណាដិតដល់ » [ Noah Webster, An American Dictionary of the English Language, facsimile of the first edition (១៨២៨; repr., ១៩៦៧), “Folly”] ) ។
-
តើការធ្វើដំណើរទៅទីក្រុង សាឡិម អាចចាត់ទុកថាជាទង្វើចំកួតដែរឬទេ ?
សូមប្រាប់សិស្សថា ទោះជាការស្វែងរកលុយក្នុងទីក្រុង សាឡិម គ្មានជោគជ័យក៏ដោយ ព្រះអម្ចាស់បានបញ្ជាក់ថា ដំណើរនេះនៅតែអាចមានប្រយោជន៍ដល់នគររបស់ព្រះ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១១:២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ រកមើលអ្វីដែលព្រះអម្ចាស់បានបន្ទូលនៅក្នុងទីក្រុង សាឡិម ។
-
តើព្រះអម្ចាស់មានបន្ទូលថា ទ្រង់មានអ្វីនៅទីក្រុងសាឡិម ? ( សម្បត្តិ និងមនុស្សជាច្រើន ) ។
-
តើព្រះអម្ចាស់មានបន្ទូលថាទ្រង់នឹងប្រមូលផ្ដុំប្រជានជនទ្រង់មកក្នុងទីក្រុង សាឡិម នៅពេលណា ? ( នៅពេលកំណត់ ) ។
សូមប្រាប់សិស្សថា យ៉ូសែប ស៊្មីធ និងអ្នកដែលធ្វើដំណើរជាមួយលោក បានចំណាយពេលបីបួនសប្ដាហ៍នៅទីក្រុង សាឡិម ហើយពួកគេបានបង្រៀនដំណឹងល្អពេលពួកគេនៅទីនោះ ។ ប្រាំឆ្នាំក្រោយមក អ៊ីរ៉ាស្ទុស ស្នូ ត្រូវបានហៅឲ្យបម្រើបេសកកម្មនៅទីក្រុង សាឡិម ជាកន្លែងដែលគាត់បានរៀបចំសាខាមួយដែលមានសមាជិក ១២០នាក់ឡើង ( សូមមើល Church History in the Fulness of Times Student Manual, ការបោះពុម្ពលើកទីពីរ [Church Educational System manual, ឆ្នាំ ២០០៣],ទំព័រ ១៧០–៧១ ) ។
-
តើយើងអាចរៀនអ្វីពីបទពិសោធន៍របស់ យ៉ូសែប ស៊្មីធ នៅទីក្រុង សាឡិម និងការបង្រៀនរបស់ព្រះអម្ចាស់ នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១១:១-២ ? ( សិស្សអាចផ្ដល់ចម្លើយល្អផ្សេងៗគ្នា ។ ជាផ្នែកមួយក្នុងការពិភាក្សានេះ សូមសរសេរគោលការណ៍ខាងក្រោម នៅលើក្ដារខៀន ៖ ព្រះអម្ចាស់អាចនាំមកនូវសេចក្ដីល្អពីការខិតខំដ៏ស្មោះត្រង់របស់យើង) ។
-
តើព្រះអម្ចាស់អាចនាំមកនូវសេចក្ដីល្អពីការខិតខំរបស់យើង ទោះដើមឡើយជាកំហុស ដោយរបៀបណា ? ( ចម្លើយមួយអាចនិយាយបានថា ទ្រង់អាចជួយយើងឲ្យរៀនពីបទពិសោធន៍របស់យើង ) ។
-
តើវាមានឥទ្ធិពលធ្វើឲ្យអ្នកដឹងថា ព្រះអម្ចាស់អាចនាំមកនូវសេចក្ដីល្អពីការខិតខំដ៏ស្មោះត្រង់របស់អ្នក ដោយរបៀបណា ?
សូមពន្យល់ថា ព្រះអម្ចាស់បានផ្ដល់សេចក្ដីណែនាំដល់ យ៉ូសែប ស៊្មីធ និងក្រុមរបស់លោក ដើម្បីជួយពួកលោកឲ្យសម្រេចបាននូវសេចក្ដីល្អពេលពួកគេនៅក្នុងទីក្រុង សាឡិម ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១១:៥-៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលអ្វី ដែលព្រះអម្ចាស់មានព្រះទ័យចង់ឲ្យ យ៉ូសែប ស៊្មីធ និងដៃគូររបស់លោកធ្វើ ។
-
តើព្រះអម្ចាស់បានលួងលោម យ៉ូសែប ស៊្មីធ និងក្រុមរបស់លោកទាក់ទងនឹងបំណុលរបស់សាសនាចក្រ និងស្ថានភាពរបស់ទីក្រុងស៊ីយ៉ូន យ៉ាងដូចម្តេច ?
-
ស្របតាម ខ ៨តើ យ៉ូសែប ស៊្មីធ និងអ្នកដឹកនាំសាសនាចក្រដទៃទៀតដឹងពីកន្លែងដែលត្រូវនៅ កាលពួកគេនៅក្នុងទីក្រុង សាឡិម យ៉ាងដូចម្ដេច ?
-
តើសេចក្ដីពិតអ្វីខ្លះដែលយើងអាចរៀន ពីការបង្រៀនរបស់ព្រះអម្ចាស់នៅក្នុង ខ ៨ ? ( នៅពេលសិស្សឆ្លើយហើយ សូមសរសេរគោលការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ យើងអាចទទួលបានការដឹកនាំរបស់ព្រះអម្ចាស់តាមរយៈសេចក្ដីសុខសាន្ត និងព្រះចេស្ដានៃព្រះវិញ្ញាណរបស់ទ្រង់) ។
-
តើគោលការណ៍នេះ ជួយអ្នកឲ្យប្រឈមមុខនឹងការព្រួយបារម្ភ និងបញ្ហាដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១១:៩-១០ ដោយស្ងាត់ស្ងៀម ហើយរកមើលកិច្ចការបន្ថែមដែលព្រះអម្ចាស់បានបញ្ជាឲ្យ យ៉ូសែប ស៊្មីធ និងក្រុមរបស់លោកបំពេញពេលពួកគេនៅក្នុងទីក្រុង សាឡិម ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរៀន ។
សូមប្រាប់សិស្សថា យ៉ូសែប ស៊្មីធ និងបុរសដទៃទៀត បានធ្វើតាមការទូន្មានរបស់ព្រះអម្ចាស់ ឲ្យ « ខំសាកសួរពីបណ្ដាជនពីបុរាណកាល និងពួកអ្នកដែលរកឃើញទីក្រុងនេះ » ( គ. និង ស. ១១១:៩ ) ។ ពួកគេបានទស្សនកិច្ចទីតាំងប្រវត្តិសាស្ត្រ ពេលពួកគេនៅក្នុងទីក្រុង សាឡិម ។ ពីការទស្សនកិច្ចនេះ ពួកគេបានរៀនថា ប្រជាជនមួយចំនួននៅទីក្រុងសាឡិម រដ្ឋម៉ាស្សាជូសសែត្ស និងនៅជុំវិញតំបន់ នូវ អ៊ីងលែន ត្រូវបានប្រហារ និងសម្លាប់ចោលដោយសារតែការមិនអត់ឱនខាងសាសនា និងការចង្អៀតចង្អល់ ។ ( សូមមើល History of the Church ២:៤៦៤-៦៥ ) ។ ព្រឹត្តិការណ៍ទាំងនេះ បាននាំឲ្យ យ៉ូសែប ស៊្មីធ សរសេរនៅក្នុងប្រវត្តិថា « តើពេលណាទៅ ដែលមនុស្សឈប់ធ្វើសង្គ្រាមនឹងគ្នា ហើយអនុវត្តសិទ្ធិសេរីភាពដ៏ពិសិដ្ឋ ដើម្បីថ្វាយបង្គំព្រះរបស់ខ្លួន ស្របតាមសតិសម្បជញ្ញៈវិញ ? » ( នៅក្នុង History of the Church ២:៤៦៥ ) ។ ក្រោយមក ព្យាការីបានរំឭកឡើងវិញនូវសារៈសំខាន់នៃការអនុញ្ញាតឲ្យមនុស្សទាំងអស់អនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនខាងសាសនា ( សូមមើល មាត្រានៃសេចក្ដីជំនឿ ១:១១ ) ។ ទោះជា យ៉ូសែប ស៊្មីធ និងក្រុមរបស់លោកមិនទទួលបានលុយដែលពួកលោកបានគិតថា ពួកគេអាចរកឃើញនៅក្នុងទីក្រុង សាឡិមក៏ ពួកលោកទទួលបានសម្បត្តិផ្សេងទៀតពីដំណើរនេះ រួមទាំងសម្បត្តិនៃចំណេះដឹងផងដែរ ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១១:១១ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការការទូន្មានចុងក្រោយរបស់ព្រះអម្ចាស់នៅក្នុងវិវរណៈនេះ ។ សូមពន្យល់ថា ពាក្យ រៀបចំ ដែលប្រើនៅក្នុង ខ ១១ មានន័យថាការចាត់ចែង ។
-
តើអ្នកអាចនិយាយឡើងវិញនូវការទូន្មានរបស់ព្រះអម្ចាស់នៅក្នុង ខ ១១យ៉ាងដូចម្ដេច ? ( ទោះជាសិស្សអាចនឹងប្រើពាក្យផ្សេងៗ ប៉ុន្តែត្រូវប្រាកដថា ពួកគេយល់ពីគោលការណ៍ដូចខាងក្រោម ៖ បើយើងឆ្លាតវៃ ហើយចៀសវាងអំពើបាប នោះព្រះអម្ចាស់នឹងរៀបចំអ្វីគ្រប់យ៉ាង សម្រាប់សេចក្ដីល្អរបស់យើង ។ អ្នកអាចពន្យល់ថា ទោះជាពេលដែលមនុស្សសុចរិតជួបប្រទះការសាកល្បង ព្រះអម្ចាស់ « រៀបចំអ្វីៗ [ទាំងនេះ] សម្រាប់សេចក្ដីល្អ [របស់ពួកគេ] » ) ។
-
តើជម្រើសឆ្លាតវៃអ្វីខ្លះ ដែលយើងអាចធ្វើបាន ? ( សិស្សអាចឆ្លើយនូវចម្លើយផ្សេងៗ រួមទាំងការព្យាយាមធ្វើតាមព្រះបញ្ញត្តិទាំងឡាយ ) ។
-
តើអ្នកគិតថា ព្រះអម្ចាស់ « នឹងរៀបចំអ្វីៗទាំងអស់ សម្រាប់សេចក្ដីល្អ [របស់យើង] » មានន័យយ៉ាងណា ?
-
តើអ្នកបានឃើញគំរូនៃគោលការណ៍នេះនៅពេលណា ?
សូមអញ្ជើញសិស្សឲ្យពិនិត្យមើលចម្លើយដែលពួកគេបានសរសេរ ឆ្លើយតបទៅនឹងចម្លើយដែលអ្នកបានសួរនៅពេលចាប់ផ្ដើមរៀន ។ សូមឲ្យពួកគេ គិតពីអ្វីដែលពួកគេបានរៀនពីការសិក្សាខគម្ពីររបស់ពួកគេនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១១ ដែលអាចជួយពួកគេជាមួយនឹងបញ្ហាដែលពួកគេបានជួបប្រទះ ។ សូមអញ្ជើញពួកគេឲ្យកត់ត្រាគំនិតរបស់ពួកគេចូលក្នុងសៀវភៅសរសេរ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ ។
សូមបញ្ចប់ដោយការចែកចាយទីបន្ទាល់របស់អ្នកពីគោលការណ៍ ដែលអ្នកបានពិភាក្សា ។ សូមលើកទឹកចិត្តសិស្សឲ្យធ្វើតាមគោលការណ៍ទាំងនេះ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១១:៩ ។ « នៅកន្លែងនេះអ្នកអាចបានដោយជួល »
បន្ទាប់ពី យ៉ូសែប ស៊្មីធ និងក្រុមរបស់លោកបានមកដល់ទីក្រុង សាឡិម រដ្ឋ ម៉ាស្សាជូសសែត្ស ពួកគេបានជួលផ្ទះមួយខ្នង ។ វាមិនមែនផ្ទះដែលស្មានថាមានលុយនៅលើដំបូលនោះទេ ។ ផ្ទះជួលនេះហើយ ដែលព្រះអម្ចាស់បានមានព្រះបន្ទូលថា « នៅកន្លែងនេះអ្នកអាចបានដោយជួល » ( គ. និង ស. ១១១:៩ ) ។