មេរៀនទី ២៨
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២២:៦៨-៨៤
បុព្វកថា
នៅក្នុងផ្នែកនៃកណ្ឌទី ២០ នេះ ព្រះអម្ចាស់ បានប្រទានការណែនាំអំពីការគ្រប់គ្រងសាសនាចក្ររបស់ទ្រង់ រួមមានទាំងការពន្យល់អំពីតម្រូវការសម្រាប់ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ហើយនឹងវិធីត្រឹមត្រូវដើម្បីបម្រើពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក ពិធីបញ្ជាក់ និង ពិធីសាក្រាម៉ង់ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧, ៦៨–៧៤
ព្រះអម្ចាស់ បើកសម្ដែងពីតម្រូវការសម្រាប់បុគ្គលម្នាក់ៗមាន មុនពេល និងក្រោយពេលពិធីបុណ្យជ្រមុជទឹក ។
សូមអញ្ជើញសិស្សឲ្យគិតអំពីអ្វីដែលពួកគេអាចនិយាយនៅក្នុងស្ថានភាពខាងក្រោមនេះ ៖
មិត្តម្នាក់ដែលនៅក្នុងព្រះវិហារផ្សេង ទទួលបានទីបន្ទាល់មួយអំពីដំណឹងល្អដែលបានស្ដារឡើងវិញ ។ នាងបានសួរមកកាន់អ្នកថា « តើខ្ញុំចាំបាច់ត្រូវធ្វើអ្វីខ្លះ ដើម្បីខ្ញុំអាចទទួលបានបុណ្យជ្រមុជទឹក ហើយក្លាយជាសមាជិកនៃសាសនាចក្ររបស់អ្នក ? »
សូមអញ្ជើញសិស្សពួកគេឲ្យសរសេរចម្លើយរបស់ពួកគេចំពោះសំណួរនេះចូលក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ ។ រួចអញ្ជើញពួកគេឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧រកមើលតម្រូវការសម្រាប់អ្នកទាំងឡាយណាដែលមានបំណងប្រាថ្នាដើម្បីបានជ្រមុជទឹក ។ អ្នកអាចឲ្យយោបល់ដល់សិស្សឲ្យគូសចំណាំនូវតម្រូវការនីមួយៗដែលពួកគេបានរកឃើញ ។ ដើម្បីជួយសិស្សយល់កាន់តែល្អប្រសើរអំពីអត្ថន័យនៃខគម្ពីរនេះ អ្នកអាចនឹងចង់ពន្យល់ថា មនុស្សដែលមាន « ចិត្តសង្រេង និងវិញ្ញាណទន់ទាប » គឺរាបសា ហើយទទួលយកព្រះឆន្ទៈរបស់ព្រះ ។ ពួកគេមានអារម្មណ៍សោកសា្ដយយ៉ាងខ្លាំងចំពោះអំពើបាប និង មានបំណងចង់ប្រែចិត្តដោយអស់ពីចិត្ត ។
សូមសរសេរសេចក្ដីថ្លែងការណ៍ពុំពេញលេញដូចខាងក្រោមនៅលើក្ដារខៀន ៖មុនពេលមនុស្សអាចទទួលបុណ្យជ្រមុជទឹក នោះពួកគេត្រូវតែ…
សូមអញ្ជើញសិស្សម្នាក់ឲ្យមកកាន់ក្ដារខៀន ហើយធ្វើជាស្មៀន ។ សូមសួរសិស្សក្នុងថ្នាក់នូវសំណួរខាងក្រោម ៖
-
យោងទៅតាម គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧ តើមនុស្សម្នាក់ត្រូវបង្ហាញថាធ្វើអ្វីខ្លះ មុនពេលពួកគេអាចទទួលបានជ្រមុជទឹក ? ( នៅពេលសិស្សឆ្លើយសំណួរនេះ សូមឲ្យអ្នកសរសេរបំពេញនូវសេចក្ដីថ្លែងការនៅលើក្ដារខៀន ។ អ្នកសរសេរអាចសរសេរនូវអ្វីដូចនេះថា ៖ មុនពេលមនុស្សអាចទទួលបុណ្យជ្រមុជទឹក នោះពួកគេត្រូវតែបន្ទាបខ្លួន ប្រែចិត្ត ស្ម័គ្រចិត្តដើម្បីលើកដាក់លើខ្លួនគេនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ហើយតាំងចិត្តដើម្បីបម្រើទ្រង់រហូតដល់ទីបំផុត) ។
-
ហេតុអ្វីក៏អ្នកគិតថាមនុស្សម្នាក់ចាំបាច់ត្រូវបំពេញតាមតម្រូវការទាំងនេះ មុនពេលទទួលបុណ្យជ្រមុជទឹក ?
សូមចង្អុលបង្ហាញថា គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧ក៏មានចែងអំពីសេចក្ដីសញ្ញាដែលយើងបានធ្វើ នៅពេលយើងទទួលបុណ្យជ្រមុជទឹកផងដែរ ។ សូមអញ្ជើញសិស្សឲ្យពិចារណានូវអ្វីដែលពួកគេកំពុងធ្វើនាពេលនេះ ដើម្បីរស់នៅស្របតាមសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ។
សូមអញ្ជើញសិស្សឲ្យស្រម៉ៃថា មិត្តដដែលនោះ បានសួរអំពីអ្វីដែលត្រូវធ្វើ នៅពេលនរណាម្នាក់បានទទួលបុណ្យជ្រមុជទឹក ។ បន្ទាប់ពីសិស្សពីរបីនាក់បានឆ្លើយតបហើយ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧២-៧៤ ឮៗ ។ អ្នកអាចនឹងចង់ផ្ដល់យោបល់ឲ្យសិស្សគូសចំណាំលក្ខណៈនៃពិធីបុណ្យជ្រមុជទឹកដែលបានពិពណ៌នាដោយព្រះអម្ចាស់ ។
-
យោងតាមខ ៧២–៧៤តើព្រះអម្ចាស់សព្វព្រះទ័យឲ្យពិធីបុណ្យជ្រមុជទឹកត្រូវបានធ្វើឡើងតាមរបៀបណា ? ( ចម្លើយរបស់សិស្ស គួរតែឆ្លុះបញ្ចាំងអំពីគោលការណ៍ដូចខាងក្រោម ៖ពិធីបុណ្យជ្រមុជទឹក ត្រូវតែធ្វើឡើងដោយការជ្រមុជ និងបានធ្វើឡើងដោយអ្នកកាន់សិទ្ធិអំណាចត្រឹមត្រូវម្នាក់ ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន នៅខាងក្រោមគោលការណ៍ដែលបានប្រាប់ពីមុន ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៦៨–៦៩ ដោយស្ងាត់ស្ងៀម ដោយប្រាប់អំពីការរំពឹងទុករបស់ព្រះអម្ចាស់ចំពោះយើងម្នាក់ៗ បន្ទាប់ពីយើងបានទទួលបុណ្យជ្រមុជទឹក ។ អ្នកអាចស្នើឲ្យសិស្សគូសចំណាំការរំពឹងទុកទាំងនេះ ។
-
តើរឿងមួយចំនួនណាខ្លះ ដែលអ្នកបានរកឃើញថា ព្រះអម្ចាស់រំពឹងទុកពីយើង បន្ទាប់ពីយើងបានទទួលបុណ្យជ្រមុជទឹក ?
កំណត់ចំណាំ ៖ សិស្សអាចនឹងសួរអំពីតម្រូវការនៅក្នុងខ ៦៨ ដែលសមាជិកបានទទួលបុណ្យជ្រមុជទឹកថ្មីៗ ត្រូវតែបានបង្រៀនដោយអែលឌើរ មុនពេលពួកគេអាចត្រូវបានទទួលពិធីបញ្ជាក់ ។ សូមពន្យល់ថា ការអនុវត្តបច្ចុប្បន្នក្នុងការបង្រៀនមេរៀនអ្នកផ្សាយសាសនាដល់អ្នករៀន មុនពេលពិធីបុណ្យជ្រមុជទឹក អនុញ្ញាតឲ្យមនុស្សត្រូវបានបញ្ជាក់ និងទទួលព្រះវិញ្ញាណបរិសុទ្ធភ្លាមបន្ទាប់ពីពួកគេបានទទួលបុណ្យជ្រមុជទឹក ។
-
ដកស្រង់មកពី ខ ៦៩ តើអ្នករៀនអ្វីខ្លះ អំពីរបៀបដែលយើងបង្ហាញដល់ព្រះអម្ចាស់ អំពីភាពសក្ដិសមរបស់យើង បន្ទាប់ពីយើងទទួលបុណ្យជ្រមុជទឹក ? ( ចម្លើយរបស់សិស្សអាចនឹងមានផ្សេងៗ ប៉ុន្ដែពួកគេគួរតែប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖ បន្ទាប់ពីពិធីបុណ្យជ្រមុជទឹក យើងបង្ហាញដល់ព្រះអម្ចាស់នូវភាពសក្ដិសមរបស់យើង តាមរយៈការដើរ និងវាចាដ៏សុចរិតរបស់យើង ។ សូមសរសេរគោលសេចក្ដីពិតនៅលើក្ដារខៀន នៅខាងក្រោមគោលការណ៍ពីរដែលប្រាប់ពីមុនមកហើយនោះ ។
-
តើអ្នកគិតថាវាមានន័យយ៉ាងណាដើម្បី « បង្ហាញពី… ការដើរ និងវាចាដ៏សុចរិត » នោះ ? ( អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា មនុស្សម្នាក់ បង្ហាញ ឬសម្ដែងចេញ « នូវដំណើរ និងវាចាដ៏សុចរិត » តាមរយៈសកម្មភាព អាកប្បកិរិយា និងការនិយាយ ដែលសុខុដុមនឹងព្រះ ) ។
ផ្អែកទៅលើតម្រូវការរបស់សិស្សអ្នក សូមពិចារណាដើម្បីសុំឲ្យពួកគេបើកទៅវគ្គមួយនៃកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជនសម្រាប់ការប្រឹក្សាកាន់តែជាក់លាក់បន្ថែមទៀត អំពីរបៀបដែលយុវវ័យម្នាក់ អាចបង្ហាញនូវ « ដំណើរ និងវាចាដ៏សុចរិត » ។
-
តើនៅពេលណាដែលអ្នកបានមើលឃើញអ្នកដទៃ « បង្ហាញនូវ…ការដើរ និងវាចាដ៏សុចរិត » ? តើអ្នកគិតថាសកម្មភាព និងអាកប្បកិរិយារបស់ពួកគេ មានឥទ្ធិពលដល់អ្នកដទៃដែលនៅជុំវិញខ្លួនពួកគេយ៉ាងដូចម្ដេច ?
ដើម្បីជួយសិស្សអនុវត្តគោលការណ៍នេះ សូមលើកទឹកចិត្តពួកគេឲ្យពិចារណាអំពីរបៀបដែលពួកគេអាចកាន់តែបង្ហាញដោយពេញលេញនូវ « ដំណើរ និងវាចាដ៏សុចរិត » នៅក្នុងពីរបីថ្ងៃខាងមុខ ។ បើសិស្សមានអារម្មណ៍ល្អក្នុងការចែកចាយអំពីរបៀបដែលពួកគេដាក់ផែនការធ្វើដូចនេះ សូមអញ្ជើញពួកគេឲ្យចែកចាយគំនិតរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។ អ្នកក៏អាចចង់ធ្វើដូចគ្នានេះ ដោយការចែកចាយទីបន្ទាល់របស់អ្នកអំពីពរជ័យទាំងឡាយ ដែលកើតមាន នៅពេលយើងគោរពតាមសេចក្ដីសញ្ញាបុណ្យជ្រមុជទឹករបស់យើង ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៥-៧៩
ព្រះអម្ចាស់ ប្រទានការណែនាំស្ដីអំពីការបម្រើពិធីសាក្រាម៉ង់
សូមអញ្ជើញសិស្សមួយគូរឲ្យឡើងមកខាងមុខថ្នាក់ ។ សូមឲ្យសិស្សម្នាក់តំណាងឲ្យមិត្តម្នាក់ ដែលមកចូលរួមការប្រជុំសាក្រាម៉ង់ ជាលើកទីមួយ ហើយចង់ដឹងពីមូលហេតុដែលគេចែកនំប៉័ង និងទឹកដល់ក្រុមជំនុំ ។ សូមសិស្សម្នាក់ទៀតឲ្យពន្យល់អំពីពិធីបរិសុទ្ធនៃសាក្រាម៉ង់ដល់មិត្តនោះ ។ បន្ទាប់ពីសិស្សបានចែកចាយគំនិតរបស់ពួកគេហើយ សូមលើកទឹកចិត្តសិស្សក្នុងថ្នាក់ឲ្យរកមើលបទគម្ពីរដែលគាំទ្រនូវអ្វីដែលសិស្សបានពន្យល់ ក៏ដូចជាគំនិតបន្ថែមផ្សេងទៀត ដែលពួកគេអាចប្រើដើម្បីពន្យល់អំពីពិធីសាក្រាម៉ង់ នៅពេលពួកគេសិក្សាខគម្ពីរជាច្រើនក្រោយមកទៀត ។
សូមសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៥ ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ។ ( អ្នកអាចនឹងចង់ចង្អុលបង្ហាញថា សព្វថ្ងៃនេះ យើងប្រើទឹកជំនួសឲ្យស្រានៅក្នុងពិធីសាក្រាម៉ង់ ។ សូមមើល គ. និង ស. ២៧:១-២) ។
-
ហេតុអ្វីក៏អ្នកគិតថា យើងត្រូវបានណែនាំឲ្យទទួលទានសាក្រាម៉ង់ជាមួយគ្នាញឹកញាប់ដូច្នេះ ?
ជាចំណែកនៃការពិភាក្សានេះ សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយអែលឌើរ មែលវិន ជេ បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ( អ្នកអាចនឹងចង់ពន្យល់ថា នៅពេលអែលឌើរ បាឡឺដ មានប្រសាសន៍អំពី « ការមាន[ មុខ ] នៅតុសាក្រាម៉ង់ » គឺលោកចង់សំដៅទៅលើការអនុវត្តនៃការទទួលទានសាក្រាម៉ង់ ) ។
« រឿងមួយដែលនឹងផ្ដល់សុវត្ថិភាពដល់បុរស និងស្ត្រីគ្រប់រូប នោះគឺជាការមានមុខនៅតុសាក្រាម៉ង់ជារៀងរាល់ថ្ងៃបរិសុទ្ធ ។ យើងនឹងមិននៅឆ្ងាយពីព្រះមួយសប្ដាហ៍—គឺមិននៅឆ្ងាយពេកឡើយ បើមិនតាមរយៈដំណើរការនៃការសង្កេតមើលខ្លួនឯងទេ នោះយើងពុំអាចនឹងកំហុសឆ្គងនានា ដែលយើងបានប្រព្រឹត្តឡើយ ។… ផ្លូវទៅកាន់តុសាក្រាម៉ង់ គឺជាផ្លូវនៃសុវត្ថិភាពសម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយ » ( នៅក្នុង Bryant S. Hinckley Sermons and Missionary Services of Melvin Joseph Ballard [ ឆ្នាំ ១៩៤៩ ], ទំព័រ ១៥១ ) ។
សូមសរសេរក្បាលរឿង ដូចខាងក្រោម នៅលើក្ដារខៀន ៖
សូមឲ្យសិស្សពាក់កណ្ដាលថ្នាក់អានគោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧–៧៩ រកមើលអ្វីដែលយើងសន្យា នៅពេលយើងទទួលទានសាក្រាម៉ង់ ។ សូមអញ្ជើញសិស្សពាក់កណ្ដាលថ្នាក់ទៀត ឲ្យអានខដូចគ្នា រកមើលអ្វីដែលព្រះអម្ចាស់សន្យា ។ បន្ទាប់ពីសិស្សមានពេលសរសេរគ្រប់គ្រាន់ ដើម្បីសិក្សាវគ្គគម្ពីរហើយ សូមពួកគេឲ្យរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀន ក្រោមក្បាលរឿងត្រឹមត្រូវ ។ ពេលសិស្សបានបញ្ចប់បញ្ជីទាំងនេះហើយ នោះពួកគេនឹងប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖
នៅពេលយើងទទួលទានសាក្រាម៉ង់ នោះយើងធ្វើជាសាក្សីថា យើងនឹងមានឆន្ទៈលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ថាយើងនឹងចងចាំទ្រង់ជានិច្ច ហើយថាយើងនឹងរក្សាបទបញ្ញត្តិរបស់ទ្រង់ ។
នៅពេលយើងស្មោះត្រង់ចំពោះការសន្យាទាំងឡាយ ដែលយើងបានធ្វើអំឡុងពេលពិធីសាក្រាម៉ង់ នោះយើងអាចមានព្រះវិញ្ញាណគង់នៅជាមួយយើងជានិច្ច ។
អ្នកអាចនឹងចង់ផ្ដល់យោបល់ឲ្យសិស្សគូសចំណាំសេចក្ដីពិតទាំងនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ។
-
សូមប្រៀបធៀបបញ្ជីនៅលើក្ដារខៀនជាមួយនឹង គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧ តើអ្នកឃើញមានភាពស្រដៀងគ្នាអ្វីខ្លះ នៅក្នុងការសន្យាដែលបានធ្វើឡើងអំឡុងពេលសាក្រាម៉ង់ និងសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ?
សូមពន្យល់ថា នៅពេលយើងទទួលទានសាក្រាម៉ង់ នោះយើងរំឭកសេចក្ដីសញ្ញា ដែលយើងធ្វើ ពេលយើងត្រូវបានជ្រមុជទឹក និងបញ្ជាក់ ។
-
តើយើង អាចបង្ហាញពីឆន្ទៈរបស់យើងដើម្បីលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ? ( ចម្លើយអាចរួមមាន ការឈរសម្រាប់អ្វីដែលត្រូវ ការប្រាប់អ្នកដទៃថា យើងគឺជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ការចែកចាយជំនឿរបស់យើងទៅលើទ្រង់ និងការចូលរួមក្នុងកិច្ចការរបស់ទ្រង់ ) ។
-
តើរឿងមួយចំនួនណាខ្លះ ដែលយើងអាចធ្វើដើម្បីចងចាំព្រះអង្គសង្គ្រោះជានិច្ច ?
-
តើការទទួលទានសាក្រាម៉ង់ ជួយយើង « បង្ហាញនូវ… ការដើរ និងវាចាដ៏សុចរិត » យ៉ាងដូចម្ដេច ?
ដើម្បីជួយសិស្សយល់អំពីតម្លៃនៃការមានព្រះវិញ្ញាណគង់នៅជាមួយយើង សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមមកពីកូនសៀវភៅពិតចំពោះសេចក្ដីជំនឿ ។ សូមសិស្សក្នុងថ្នាក់ស្ដាប់នូវពរជ័យទាំងឡាយ អំពីការរំឭកសេចក្ដីសញ្ញាបុណ្យជ្រមុជទឹករបស់យើង ។
« អ្នកបានទទួលពរជ័យដ៏មហិមា ពេលអ្នករក្សាសេចក្ដីសញ្ញាបុណ្យជ្រមុជទឹក ។ នៅពេលអ្នករំឭកវា នោះព្រះអម្ចាស់រំឭកការសន្យាដែលបានធ្វើដើម្បីផ្ដាច់បាបរបស់អ្នក ។ បានស្អាតពីអំពើបាប អ្នកអាច ‹ មានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយនឹង [ អ្នក ] ជាដរាប › ( គ. និង ស. ២០:៧៧ ) ។ ការមានភាពជាដៃគូនៃព្រះវិញ្ញាណដ៏ខ្ជាប់ខ្ជួន គឺជាអំណោយដ៏ធំបំផុតមួយ ដែលអ្នកអាចទទួលបានក្នុងជីវិតរមែងស្លាប់ ។ ព្រះវិញ្ញាណនឹងដឹកនាំអ្នកនៅលើផ្លូវនៃសេចក្ដីសុចរិត និងភាពសុខសាន្ដ ដែលដឹកនាំអ្នកទៅកាន់ជីវិតដ៏នៅអស់កល្ប ជាមួយនឹងព្រះវរបិតាសួគ៌របស់អ្នក និងព្រះយេស៊ូវគ្រីស្ទ » ( ពិតចំពោះសេចក្ដីជំនឿ ៖ ឯកសារយោងនៃដំណឹងល្អ [ ឆ្នាំ ២០០៤ ], ទំព័រ ១៤៨ ) ។
សូមអញ្ជើញសិស្សឲ្យពិចារណា ( ឬសរសេរ ) អំពីរបៀបដែលពួកគេនឹងរៀបចំខ្លួនដើម្បីទទួលទានសាក្រាម៉ង់ក្នុងសប្ដាហ៍នេះ ។ អ្នកអាចនឹងចង់ចែកចាយទីបន្ទាល់របស់អ្នកអំពីតម្លៃនៃការរំឭកសេចក្ដីសញ្ញាបុណ្យជ្រមុជទឹកប្រចាំសប្ដាហ៍របស់យើង ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៨០-៨៤
ព្រះអម្ចាស់ណែនាំដល់ថ្នាក់ដឹកនាំសាសនាចក្រឲ្យរក្សាកំណត់ត្រាសមាជិកភាពសាសនាចក្រត្រឹមត្រូវ
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៨១–៨៤ ដោយការជូនដំណឹងដល់សិស្សថា អ្នកកាន់បព្វជិតភាពនៅក្នុងសាសនាចក្រជំនាន់មុន ត្រូវបានណែនាំឲ្យកត់ត្រាឈ្មោះរបស់មនុស្សដែលបានចូលរួមក្នុងសាសនាចក្រ ។ ពួកគេរក្សាទុកឈ្មោះទាំងឡាយនៅក្នុងសៀវភៅមួយ ។ ឈ្មោះរបស់អ្នកទាំងឡាយដែលបានចាកចេញពីសាសនាចក្រ ត្រូវបានដកចេញពីសៀវភៅនោះ ។ បន្ថែមពីលើនោះ សមាជិកនៃសាសនាចក្រ ដែលបានផ្លាស់ពីទីតាំងមួយទៅទីតាំងមួយទៀត គឺត្រូវយកវិញ្ញាបនបត្រនៃសមាជិកភាពរបស់ពួកគេទៅជាមួយ ដើម្បីប្រគល់ទៅឲ្យអ្នកដឹកនាំបព្វជិតភាពថ្មីរបស់ពួកគេ ។ នៅជំនាន់របស់យើង អ្នកដឹកនាំសាសនាចក្រ បន្ដរក្សាកំណត់ត្រាសមាជិកភាពត្រឹមត្រូវ ប៉ុន្តែវិធីសាស្ត្រនៃការធ្វើវា គឺមានភាពងាយស្រួលច្រើន ។
អ្នកអាចបញ្ចប់ដោយការចែកចាយទីបន្ទាល់របស់អ្នកអំពីគោលលទ្ធិ និងគោលការណ៍ទាំងឡាយដែលបានពិភាក្សានៅក្នុងមេរៀន ។