មេរៀនសិក្សានៅផ្ទះ
គោលលទ្ធិ និង សេចក្តីសញ្ញា ៧២-៧៦:៨០ ( មេរៀនទី ១៦ )
សេចក្តីផ្ដើម
មេរៀននេះផ្តោតលើអ្វីដែលយ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុនបានរៀនអំពីព្រះអង្គសង្គ្រោះ និង នគរសេឡេស្ទាល និង នគរទេរេសទ្រាលតាមរយៈការនិមិត្តដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦ ។
យោបល់សម្រាប់ការបង្រៀន
កំណត់ចំណាំ ៖ ដើម្បីជួយសិស្សក្នុងកិច្ចខិតខំរបស់ពួកគេដើម្បីទន្ទេញវគ្គចំណេះចំណានខគម្ពីរនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៤០–៤១, អ្នកអាចសូត្រវាជាមួយពួកគេនៅពេលចាប់ផ្តើម ឬ ពេលចប់ថ្នាក់នេះ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២០-២៤
យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានមើលឃើញការនិមិត្តមួយអំពីព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ
សម្រាប់ទំនុកដម្កើងធម្មានិដ្ឋាន សូមអញ្ជើញសិស្សក្នុងថ្នាក់ច្រៀងបទ « ខ្ញុំដឹងថា ព្រះប្រោសលោះខ្ញុំនៅរស់ » (ទំនុកតម្កើង ទំព័រ ៧៦ ) ។ ពាក្យពេចន៏នៃទំនុកតម្កើងនេះ អាចជួយសិស្សឲ្យមានអារម្មណ៍ពីព្រះចេស្ដានៃគោលការណ៍ទាំងឡាយដែលពួកគេនឹងរៀននៅថ្ងៃនេះ ។
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីស្ថានភាពដូចខាងក្រោម ៖ អំឡុងពេលកំពុងអង្គុយនៅក្នុងថ្នាក់រៀនមួយនៅសាលារៀន គ្រូបង្រៀនរបស់អ្នកចាប់ផ្ដើមពិភាក្សាអំពីសាសនាក្នុងពិភពលោក ។ នៅពេលនិយាយពីគ្រិស្តសាសនា គ្រូបង្រៀនសួរបើមាននរណាជាគ្រិស្តសាសនិកក្នុងថ្នាក់នេះ ដែលស្ម័គ្រចិត្តចែកចាយអំពីជំនឿរបស់ខ្លួនអំពីព្រះយេស៊ូវគ្រីស្ទ ។
-
ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពនេះ តើអ្នកនឹងនិយាយថាអ្នកជឿ ហើយស្គាល់អ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?
សូមចង្អុលបង្ហាញថាយើងអាចរៀនសេចក្តីពិតជាច្រើនអំពីព្រះយេស៊ូវគ្រីស្ទនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦ ។ សូមជួយសិស្សឲ្យរំឭកបរិបទនៃវិវរណៈនេះឡើងវិញដោយសួរសំណួរខាងក្រោម ៖
-
តើព្យាការីយ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុនបានធ្វើអ្វីខ្លះពីមុនពួកលោកបានទទួលការនិមិត្ត ដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦? ( ប្រសិនបើចាំបាច់ សូមលើកទឹកចិត្តសិស្សឲ្យមើលការណែនាំកណ្ឌនេះឡើងវិញ ) ។
-
តើយ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុនបានឃើញនរណាមុនគេនៅក្នុងការនិមិត្តនោះ ? ( ប្រសិនបើសិស្សពុំអាចចាំទេ សូមអញ្ជើញពួកគេឲ្យមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២០-២៤ ដើម្បីស្វែងរកចម្លើយ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២០-២៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្អៀងតាម រកមើលសេចក្តីពិតដែលយ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុនបានរៀនអំពីព្រះយេស៊ូវគ្រីស្ទ ។
-
តើមានសេចក្តីពិតអ្វីខ្លះដែលយ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុនបានរៀនអំពីព្រះយេស៊ូវគ្រីស្ទតាមរយៈការនិមិត្តនេះ ? ( សូមអញ្ជើញសិស្សម្នាក់ឲ្យសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ) ។
សិស្សអាចនឹងរកឃើញគោលលទ្ធិផ្សេងៗ រួមមានដូចខាងក្រោម ៖ ព្រះយេស៊ូវគ្រីស្ទជាតួអង្គមានព្រះជន្មរស់ មានព្រះកាយសិរីរុងរឿង ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ គឺជាតួអង្គផ្សេងពីគ្នា ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះរាជបុត្រាសំណព្វតែមួយគត់របស់ព្រះវរបិតា ព្រះយេស៊ូវគ្រីស្ទ គឺជាអង្គបង្កបង្កើតនៃពិភពលោកនេះ និងពិភពដទៃទៀតហើយ យើងគឺជាបុត្រាបុត្រីសំណព្វរបស់ព្រះ ។ ( ដើម្បីជួយសិស្សឲ្យយល់កាន់តែប្រសើរឡើងនូវគោលការណ៍ចុងក្រោយនេះ នោះអ្នកអាចអញ្ជើញពួកគេឲ្យអាន ម៉ូសាយ ៥:៧) ។
-
តើសេចក្តីពិតណាមួយដែលបានសរសេរនៅលើក្តារខៀន ដែលអ្នកអាចថ្លែងទីបន្ទាល់អំពីវាបាន ? តើអ្នកដឹងថាវាជាការពិតដោយរបៀបណា ?
សូមគិតពីការចែកចាយទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះអង្គសង្គ្រោះ ។
សូមរំឭកសិស្សថា គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:២២-២៤ គឺជាវគ្គចំណេះចំណានខគម្ពីរមួយ ។ សូមឲ្យពួកគេប្រាប់ឈ្មោះពីមនុស្សដទៃទៀតដែលព្រះយេស៊ូវគ្រីស្ទ បានបង្ហាញព្រះកាយទ្រង់ដល់ពួកគេក្រៅពីព្យាការីយ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន ។ ( នៅក្នុងមេរៀនសិក្សានៅផ្ទះរបស់ពួកគេសម្រាប់ថ្ងៃទី ៣ សិស្សត្រូវបានចាត់ឲ្យស្វែងរកបទគម្ពីរយោង ទៅនឹងដំណើររឿងផ្សេងទៀតនៅក្នុងព្រះគម្ពីរ ដែលព្យាការីបានថ្លែងទីបន្ទាល់អំពីការឃើញព្រះអង្គសង្គ្រោះ ។ ឧទាហរណ៍សូមមើល និក្ខមនំ ៣៣:១១; ពង្សាវតារក្សត្រទី ១ ១១:៩; និង អេសាយ ៦:៥; សូមមើលផងដែរ ម៉ាថាយ ៥:៨) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥០-៨០
យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុនឃើញនរគសេឡេស្ទាល និង នគរទេរេសទ្រាលនៅក្នុងការនិមិត្ត
សូមឲ្យសិស្សប្រាប់ពីឈ្មោះទីកន្លែងមួយចំនួនដែលពួកគេចង់ទៅពេលវិស្សមកាល ឬ នៅថ្ងៃបុណ្យជាតិ ។ ( សូមសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀន ) ។ សូមគូសរង្វង់លើទិសដៅមួយដែលបានសរសេរនៅលើក្ដារខៀន ។ សូមឲ្យសិស្សពិពណ៌នាពីផ្លូវដែលពួកគេនឹងត្រូវតែធ្វើដំណើរ ដើម្បីទៅដល់ទិសដៅដែលពួកគេបានជ្រើសរើស ។ សូមជ្រើសរើសយកទិសដៅមួយទៀតចេញពីបញ្ជីទាំងនោះដែលសរសេរនៅលើក្តារខៀន ដែលមានចំណុចពិសេសខុសៗគ្នាពីទិសដៅទីមួយដែលអ្នកបានគូសរង្វង់ ។
-
ប្រសិនបើអ្នកធ្វើដំណើរតាមផ្លូវនៃទិសដៅទីមួយដែលអ្នកបានពិពណ៌នា តើវានឹងនាំអ្នកទៅកាន់ទិសដៅផ្សេងទៀតឬទេ ?
-
តើទិសដៅដែលអ្នកជ្រើសរើសមានឥទ្ធិពលលើផ្លូវ ដែលអ្នកត្រូវតែធ្វើដំណើរដើម្បីទៅដល់ទីនោះយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យបើកសៀវភៅមគ្គុទេសន៍ការសិក្សារបស់ពួកគេទៅ «គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦៖ ចំណុចសំខាន់ៗនៃការនិមិត្ត » រូបនៅក្នុងមេរៀនសម្រាប់ថ្ងៃទី ៣ ។
-
តើការពិភាក្សារបស់យើងអំពីផ្លូវ និង ទិសដៅនានាទាក់ទងនឹងការនិមិត្តដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦យ៉ាងដូចម្តេច ? ( ចេញពីការនិមិត្តនេះយើងរៀនអំពីផ្លូវ ឬ ជម្រើសនានាដែលនាំទៅរកទិសដៅដ៏អស់កល្បជានិច្ចដែលអាចមានដល់យើងម្នាក់ៗ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥១-៥៣ ឲ្យឮៗ ដែលពិពណ៌នាអំពីផ្លូវឆ្ពោះទៅកាន់ភាពតម្កើងឡើង នៅក្នុងនគរសេឡេស្ទាល ។ សូមអញ្ជើញសិស្សម្នាក់ទៀតឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៧២-៧៩ ឲ្យឮៗដែល ពិពណ៌នាអំពីផ្លូវដែលនាំទៅរកនគរទេរេសទ្រាល ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលផ្លូវដែលនាំឆ្ពោះទៅកាន់នគរសេឡេស្ទាល ខុសពីផ្លូវដែលនាំទៅកាន់នគរទេរេសទ្រាលយ៉ាងដូចម្តេច ។
-
តើអ្នកបានសម្គាល់ឃើញភាពខុសគ្នាអ្វីខ្លះ រវាងអ្នកដែលគ្រងមរតកនៃភាពតម្កើងឡើងនៅក្នុងនគរសេឡេស្ទាល និង អស់អ្នកដែលគ្រងមរតកនៃនគរទេរេសទ្រាល ? ( ភាពខុសគ្នាមួយសំខាន់ ដែលសិស្សអាចសម្គាល់ឃើញនោះគឺថា អស់អ្នកដែលគ្រងនគរទេរេសទ្រាល « ពុំក្លាហានក្នុងទីបន្ទាល់ពីព្រះយេស៊ូវ » ឡើយ (គ. និង ស. ៧៦:៧៩ ) ។
សូមឲ្យសិស្សរំឭក គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥១-៥៣ដោយរកមើលគោលការណ៍មួយដែលបានបង្រៀននៅក្នុងខគម្ពីរទាំងនោះ ។
សូមសរសេរគោលការណ៍ពុំពេញលេញខាងក្រោមនៅលើក្ដារខៀន ៖ ប្រសិនបើយើងក្លាហានក្នុងទីបន្ទាល់ពីព្រះយេស៊ូវ នោះ…
-
ចេញពីអ្វីដែលអ្នកបានរៀននៅក្នុង ខ ៥១-៥៣តើអ្នកនឹងបំពេញគោលការណ៍នេះយ៉ាងដូចម្ដេច ? ( ពួកគេអាចប្រើពាក្យផ្សេងៗគ្នា ប៉ុន្តែសិស្សគួរតែរកឃើញគោលការណ៍ខាងក្រោមនេះ ៖ ប្រសិនបើយើងក្លាហាននៅក្នុងទីបន្ទាល់ពីព្រះយេស៊ូវ នោះយើងអាចទទួលបានភាពតម្កើងឡើងនៅក្នុងនគរសេឡេស្ទាលនៃព្រះ) ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែប្រសើរឡើងអំពីគោលការណ៍នេះ សូមពិភាក្សាសំណួរខាងក្រោមនេះ ៖
-
តើអ្នកគិតថាអ្វីខ្លះជាភាពខុសគ្នារវាងការមានទីបន្ទាល់ពីព្រះអង្គសង្គ្រោះ និង ការមានភាពក្លាហាននៅក្នុងទីបន្ទាល់នោះ ?
-
តើទង្វើ និង ឥរិយាបទមួយចំនួនណាខ្លះ ដែលអ្នកបានឃើញនៅក្នុងខ្លួននៃអស់អ្នកដែលក្លាហានក្នុងទីបន្ទាល់របស់ខ្លួនពីព្រះអង្គសង្គ្រោះ ?
-
តើមានអ្វីខ្លះដែលបានជួយអ្នកឲ្យក្លាហាននៅក្នុងទីបន្ទាល់របស់ខ្លួនពីព្រះយេស៊ូវគ្រីស្ទ ?
សូមចែកចាយទីបន្ទាល់របស់អ្នកថា ពួកគេម្នាក់ៗមានសក្ដានុពល ដើម្បីទទួលភាពតម្តើងឡើងនៅក្នុងនគរសេឡេស្ទាល ។ សូមអញ្ជើញពួកគេឲ្យពិចារណាថា តើជម្រើសដែលពួកគេកំពុងធ្វើ នាំពួកគេទៅកាន់ទិសដៅអស់កល្បជានិច្ច ដែលនឹងនាំពួកគេទៅកាន់សុភមង្គលដ៏មហិមាបំផុតឬទេ ។ សូមលើកទឹកចិត្តពួកគេឲ្យក្លាហាននៅក្នុងទីបន្ទាល់របស់ខ្លួនពីព្រះយេស៊ូវគ្រីស្ទ ។
មេរៀនបន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៨១-១១៩; ៧៧-៨៣)
ដើម្បីរៀបចំសិស្សសម្រាប់ការសិក្សារបស់ខ្លួន អំឡុងពេលនៃសប្តាហ៍ក្រោយនេះ អ្នកក៏អាចអញ្ជើញពួកគេឲ្យពិចារណាពីសំណួរខាងក្រោម ៖ ហេតុអ្វីបានជាព្រះអម្ចាស់រំពឹងកាន់តែខ្លាំងពីអស់អ្នកដែលបានទទួលពន្លឺ និង ចំណេះដឹងកាន់តែច្រើនយ៉ាងដូច្នេះ ? ក្រៅពីបញ្ចប់ការសិក្សារបស់ពួកគេអំពីការនិមិត្តដែលបានប្រទានឲ្យព្យាការីយ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុនដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦, នោះនៅក្នុងមេរៀនបន្ទាប់សិស្សនឹងរៀនពីអ្វី ដែលព្រះអម្ចាស់រំពឹងចង់បានពីអស់អ្នកដែលទ្រង់បានប្រទានឲ្យនូវអ្វីៗជាច្រើន ។ សិស្សក៏នឹងអានផងដែរអំពីការពន្យល់នៃពាក្យ « តួមានជីវិតបួន » ដែលមាននៅក្នុង វិវរណៈ ៤:៦–៩។